ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃអាទិត្យនេះ ចេញមុខតវ៉ាជាថ្មីទៀត ជួយរកយុត្តិធម៌ជូនអតីតសហគមន៍បុរីកីឡា ដែលកំពុងប្រឈមនឹងការបណ្តេញចេញជាលើកទីពីរ បន្ទាប់ពីអ្នកស្រី ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកស្រី យ៉ោម បុប្ផា រស់នៅក្នុងពន្ធនាគារ ជាងមួយឆ្នាំ ចាប់ពីដើមឆ្នាំ២០១២មក ដោយសារប្រឆាំងនិងការបណ្តេញចេញ ប៉ុន្តែត្រូវបានតុលាការកំពូល សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
អ្នកស្រី យ៉ោម បុប្ផា ប្រាប់VODឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះថា អតីតអ្នកបុរីកីឡា ប្រមាណជា១០គ្រួសារ កំពុងរស់នៅក្រោមតង់ លើគំណរសំរាម ក្នុងអតីតសហគមន៍របស់ខ្លួន ដែលក្រុមហ៊ុន ផានអ៊ីម៉ិច បានបណ្តេញចេញទាំងហិង្សា កាលពីជាងមួយឆ្នាំមុន។
អ្នកស្រីបន្តថា ពេលនេះអ្នករងគ្រោះទាំងនោះ គ្មានលទ្ធភាពសាងសង់លំនៅឋានឡើងវិញ ទើបពួកគាត់សម្រេចចិត្តឡើងទៅស្នាក់នៅ លើអាគារចាស់ៗ របស់ក្រុមហ៊ុននៅក្បែរនោះ បណ្តោះអាសន្ន តែត្រូវបានអាជ្ញាធររារាំង។
អ្នកស្រី យ៉ោម បុប្ផា បន្តថា ការដែលតុលាការ សម្រេចឲ្យអ្នកស្រីនៅក្រៅឃុំបណ្តោះអាសន្ននៅពេលនេះ ក៏ដោយសាតែមានប្រជាសហគមន៍រងគ្រោះទាំងនោះ ចេញតវ៉ាស្ទើររាល់ថ្ងៃ ជួយអ្នកស្រីដែរ ដូច្នេះអ្នកស្រី ត្រូវតែចេញមុខតវ៉ាបន្តទៀត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
អ្នកភូមិបុរីកីឡា អះអាងថា ពួកគេជាង៣០០គ្រួសារ ត្រូវបានក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន បណ្តេញចេញទាំងបង្ខំ កាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០១២ ឲ្យទៅនៅជាយក្រុង ហើយបច្ចុប្បន្ននេះនៅជាង១០០គ្រួសារ ទៀត កំពុងតវ៉ាទាមទារសំណង៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
យីអើ! អត់រៀង នាងនេះវើយ។ កុំភ្លេចថា សាលដឺការពីតុលាការកំពូលនៅជាធរមាននៅឡើយនាង!
តុលាការឡប់ យកលុយនឹងបក្សពួកជាធំ ច្បាប់វានៅនឹងអណ្តាតព្រូសដូចសុនក នរណាក៏គេដឹងដែរ។