ព្រះសង្ឃកម្ពុជាមួយអង្គបានសុគតនៅក្នុងរបបអាណានិគមបារាំងនាឆ្នេរសមុទ្រវៀតណាមអស់រយៈពេល៧០ឆ្នាំហើយគិតមកដល់ខែនេះ។ ប្រសិនបើព្រះអង្គនៅមានព្រះជន្ម ព្រះអង្គនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់នៅក្នុងចលនាទាមទារឯករាជ្យរបស់កម្ពុជា។
ក្នុងឋានៈជានិមិត្តរូបអមតៈនៃការតស៊ូរើបម្រះ ការសុគតនៃព្រះសង្ឃព្រះនាម ហែម ចៀវ ក្នុងខែធ្នូ ឆ្នាំ១៩៤៣ដោយសាររោគរាគមួល និងអាសន្នរោគនៅលើកោះអាណានិគម ពូឡូ កុងដូរេ (Poulo Condore) នៅតែស្ថិតក្នុងការចងចាំរបស់មនុស្សគ្រប់រូបរហូតមកដល់បច្ចុប្បន្ននេះ។ ប្រវត្តិវិទូលោក ដេវីដ ឆានដ្លឺ (David Chandler) បាននិយាយថា ការចាប់ខ្លួនលោកគ្រូ ហែម ចៀវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២ បានធ្វើឲ្យមានបាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំងនៅក្នុងប្រទេសកម្ពុជា ហើយគឺជា “ព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រឆាំងបារាំងរបស់កម្ពុជា”។
ប្រវត្តិវិទូបារាំង ហង់រី ឡូកាដ (Henri Locard) បាននិយាយថា “អ្វី ដែលសំខាន់” នៅក្នុងបាតុកម្មនោះគឺការ “បង្ហាញពីដំណើររបស់កម្ពុជាឆ្ពោះទៅរកភាពទាន់សម័យ”។
លោក ប៉ាច ឈឿន ដែលដឹកនាំកម្លាំងបាតុកម្មទាមទារឲ្យដោះលែងព្រះសង្ឃ ហែម ចៀវ គឺជានិពន្ធនាយកកាសែតគាំទ្រឯករាជ្យនគរវត្តនាសម័យនោះ។
តុលាការយោធាបារាំងនៅទីក្រុងហូជីមិញបានដាក់បន្ទុកទោសទណ្ឌ និងកាត់ទោសប្រហារជីវិតលើលោកគ្រូ ហែម ចៀវ និងលោក ប៉ាច ឈឿន។ ក្រោយមកទោសប្រហារជីវិតនេះត្រូវបានប្តូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ។ នៅខណៈលោកគ្រូហែម ចៀវ មិននិមន្តចេញពីកោះពូឡូ កុងដូរេ លោក ប៉ាច ឈឿន បានគេចផុតពីពន្ធនាគារ ហើយទទួលបានសេរីភាពនៅក្នុងឆ្នាំ១៩៤៥។
ដោយប្រសូតនៅក្នុងឆ្នាំ១៨៩៨ លោកគ្រូ ហែម ចៀវជាកូនប្រុសរបស់ចៅហ្វាយស្រុកពញាឮក្នុងខេត្តកណ្តាល។ ដោយត្រូវបានញ៉ូមប្រុសបញ្ជូនឲ្យទៅសិក្សាជាមួយសម្តេចព្រះសង្ឃ ជួន ណាត នៅឯទីក្រុងភ្នំពេញ ព្រះអង្គបានបួសនៅព្រះជន្ម២០វស្សានៅវត្តលង្ការ ហើយបានបញ្ចប់ការសិក្សាពីសាលាបាលីជាន់ខ្ពស់នៅក្នុងឆ្នាំ១៩២១។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ក្រុមអាជ្ញាធរបារាំង ដែលគ្រប់គ្រងប្រទេសនេះក្រោមសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ បានបង្កើតវិទ្យាស្ថានព្រះពុទ្ធសាសនា ហើយឧបត្ថម្ភគាំទ្រសាលាបាលី ដើម្បីជាមធ្យោបាយដឹកនាំអាចារ្យ និងដូនជីឲ្យចៀសផុតពីឥទ្ធិពលរបស់ថៃ និងសាបព្រោះអត្តសញ្ញាណព្រះពុទ្ធសាសនាដ៏មានឥទ្ធិពលនៅឥណ្ឌូចិន។
ប្រទេសថៃបានកាន់កាប់ខេត្តជាច្រើននាភាគខាងជើងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនសតវត្សរ៍ ហើយឥទ្ធិពលរបស់ថៃលើភាពជាអាណានិគមរបស់ខ្លួន គឺជាប្រភពនៃភាពក្តៅក្រហាយរបស់បារាំង។ ផ្នែកមួយនៃយុទ្ធសាស្ត្ររបស់បារាំងរួមមានការបញ្ជូនព្រះសង្ឃទៅធ្វើធម្មទេសនាដល់ទាហាន នគរ បាល និងសាធារណជនខ្មែរ។
លោកគ្រូ ហែម ចៀវ ដែលមុននេះបានចូលរួមនៅក្នុងការប្រឹងប្រែងពង្រីកសាលានៅតាមវត្តអារាមនានានៅក្នុងតំបន់មួយនាខេត្តកំពត គឺជាព្រះសង្ឃមួយអង្គនៅក្នុងចំណោមព្រះសង្ឃ ដែលត្រូវបានបញ្ជូនទៅធ្វើធម្មទេសនានោះ។ លោកឡូកាដ បាននិយាយថា ស្របពេលជាមួយគ្នានោះដែរ មានវិវាទកើតឡើងក្នុងចំណោមអាចារ្យដូនជីរវាងអ្នកប្រពៃណីនិយម និងអ្នកទំនើបនិយម។
ក្រុមអ្នកទំនើបនិយមគិតថា ព្រះមហាក្សត្រ និងមេដឹកនាំនយោបាយមិនគួរប្រើអំណាចលើស្ថាប័នសាសនាទេ ចំណែកឯអ្នកប្រពៃណីនិយមវិញ គិតថាព្រះមហាក្សត្រគឺជាមេដឹកនាំសាសនា រហូតដល់ព្រះមហាក្សត្រចាំបាច់ត្រូវជ្រើសរើសធម៌ ដើម្បីទេសនានៅវត្តអារាមទៀតផង។ របបបារាំង ដែលគ្រប់គ្រងព្រះមហាក្សត្រ និងព្រះបរមរាជវាំង បានគាំទ្រអ្នកប្រពៃណីនិយម និងទស្សនៈរបស់ពួកគេ។ ព្រះសង្ឃ ហែម ចៀវ បានគិតអំពីការបំបែកតំបន់ និងរដ្ឋ និងសិទ្ធិរបស់កម្ពុជានៅក្នុងការដឹកនាំប្រទេសរបស់ខ្លួន។
លោកឡូកាដ បាននិយាយថា “លោកគ្រូហែម ចៀវគឺជា អ្នកធ្វើកំណែទម្រង់ និងជាមនុស្សជឿនលឿននៅក្នុងស្ថាប័នសាសនា និងមានគំនិតជឿនលឿនផ្នែកនយោបាយ ហើយគាត់យកចំណុចវិជ្ជមានទាំងពីរនេះមកបញ្ចូលគ្នា”។ លោកឡូកាដ បាននិយាយថា លោកគ្រូ ហែម ចៀវ ជាមនុស្សពូកែវោហារសាស្ត្រ ដែលទេសនាមិនចាំបាច់មានសៀវភៅធម៌ “នៅពេលនោះគាត់ជាមនោគមន៍វិទូ ដែលដាស់តឿនសតិអារម្មណ៍ប្រជាជនថា ភ្ញាក់ខ្លួនឡើង យើងមិនមែនកូនក្មេងទេ។ ចូរកំណត់តស៊ូ និងមានគំនិតជឿនលឿនឡើង”។
នៅពេលសួរថា តើប្រជាជនកម្ពុជាអាចយកឈ្នះលើអំណាចអាណានិគមបារាំងបានយ៉ាងណានោះ លោកគ្រូ ហែម ចៀវ បានលើកយកពុទ្ធឱវាទមកសម្តែង ដោយមានសង្ឃដិកាថា ការរួបរួមសាមគ្គីគ្នាធ្វើឲ្យយើងទទួលបានឯករាជ្យ។ ក្រុមអ្នក “ទំនើបនិយម” ដែលមានទំនាក់ទំនងជាមួយវិទ្យាស្ថានព្រះពុទ្ធសាសនា ក៏មានទំនាក់ទំនងជាមួយសមាគមសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ និងជាមួយលោកប៉ាច ឈឿន កាសែតនគរវត្តរបស់លោក និងលោក សឺង ង៉ុកថាញ់។
លោក ឡូកាដ បាននិយាយថា ជាមេធាវីមួយរូប ដែលមានតួនាទីជាអនុប្រធានវិទ្យាស្ថានពុទ្ធសាសនា លោក សឺង ង៉ុកថាញ់ ហាក់ដូចជាមនុស្សតែម្នាក់ ដែលគាំទ្រឲ្យមានការប្រើអំពើហិង្សាប្រឆាំងបារាំង ដោយមានគំនិតយកឃាតករស៊ីឈ្នួលមកធ្វើការជាមួយពួកគេ។ លោកគ្រូ ហែម ចៀវ ប្រកាន់យកគោលការណ៍អហិង្សាយ៉ាងដាច់ខាត។
ជាអកុសល ចលនាទាមទារឯករាជ្យនេះ បានធ្វើឡើងស្របពេលមានភ្លើងសង្គ្រាមលោកលើកទី២ ដែលនៅពេលនោះបារាំងត្រូវបានដឹកនាំដោយរបបមួយ ដែលគាំទ្រណាហ្ស៉ីអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តជប៉ុន។ នៅខណៈសង្គ្រាមបានផ្ទុះឡើងនៅអឺរ៉ុប របបនេះ បានតែងតាំងមន្ត្រីរបស់ខ្លួនឲ្យប្រចាំនៅឥណ្ឌូចិន នោះគឺទេសាភិបាល ហ្សង់ ដេកុក (Jean Decoux)។
ដូចលោកឡូកាដ បានដឹងក្នុងពេលស្រាវជ្រាវនៅប័ណ្ណសារដ្ឋានយោធាបារាំងដែរ តុលាការយោធាបារាំងបានចោទប្រកាន់លោកគ្រូ ហែម ចៀវ និងលោកប៉ាច ឈឿន ពីបទបំផុសបំផុលប្រឆាំងបារាំង និងរៀបចំផែនការបះបោរ ដើម្បីកម្ចាត់អាណានិគមបារាំងចេញពីកម្ពុជា។ លោកគ្រូ ហែម ចៀវ និងលោក ប៉ាច ឈឿន ក៏ត្រូវបានចោទប្រកាន់ពីបទប្រើមន្តអាគម ដើម្បីបំបាំងកាយកងទ័ពកម្ពុជាផងដែរ។
លោកឡូកាដ បាននិយាយថា លោកគ្រូហែម ចៀវ បានស្មានទុកជាមុនអំពីការចាប់ខ្លួនព្រះអង្គនៅក្នុងឆ្នាំ១៩៤២ និងបានសរសេរផែនការលម្អិតសម្រាប់មហាបាតុកម្ម ដែលត្រូវធ្វើឡើងភ្លាមនៅពេលមានការចាប់ខ្លួនព្រះសង្ឃ។ បណ្តាំដំបូន្មានរបស់លោកគ្រូ ហែម ចៀវ មានខ្លឹមសារថា “ប្រសិនបើមានព្រះសង្ឃអង្គណាម្នាក់ត្រូវចាប់ខ្លួន យើងត្រូវតែផ្សព្វផ្សាយព័ត៌មាននេះភ្លាមទៅដល់គ្រប់វត្តអារាមទាំងអស់ ដើម្បីចេញមកប្រឆាំងនៅចំពោះមុខអាជ្ញាធរពាក់ព័ន្ធ…សូមបង្ហាញពីសាមគ្គីភាព និងប្រកាសថា យើងមិនអាចឲ្យមានការធ្វើបាបព្រះសង្ឃអង្គណាឡើយ។ ប៉ុន្តែនៅពេលធ្វើមហាបាតុកម្ម សូមកុំប្រើអាវុធឲ្យសោះ”។
នៅពេលបារាំងដឹងថា ចលនាប្រឆាំងអាណានិគមកំពុងរៀបចំផែនការសកម្មភាព លោកគ្រូ ហែម ចៀវ ត្រូវបានចាប់ខ្លួននៅវត្តរបស់ព្រះអង្គដោយមន្ត្រីបារាំងមួយរូប និងលោក ទា សាន ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធម្មការ។
លោកគ្រូ ហែម ចៀវ ត្រូវបានបារាំងបង្ខំដោះស្បង់ចីពរចេញ និងឲ្យស្លៀកសម្លៀកបំពាក់គ្រហស្ថ ដើម្បីចៀសវាងពីច្បាប់ហាមមិនឲ្យចាប់ខ្លួនព្រះសង្ឃ។
ដោយបានឮដំណឹងនេះ និងអនុវត្តតាមផែនការមហាបាតុកម្មរបស់លោកគ្រូ ហែម ចៀវ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ព្រះសង្ឃប្រហែល៥០០អង្គ និងឧបាសកឧបាសិកាជាច្រើននាក់ផ្សេងទៀត បាននិមន្ត និងដើរដង្ហែក្បួននៅតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញសំដៅទៅវិមានទេសាភិបាលបារាំងនៅក្បែរវត្តភ្នំ។ គោលដៅរបស់ពួកគេគឺទាមទារឲ្យមានការដោះលែងលោកគ្រូហែម ចៀវ។
លោក ប៉ាច ឈឿន ដែលដឹកនាំការដង្ហែក្បួននេះ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណវិមាននេះ ប៉ុន្តែត្រូវចាប់ខ្លួនភ្លាមៗ។ ការប៉ះទង្គិចគ្នាបានកើតឡើងរវាងក្រុមអាជ្ញាធរ និងបាតុករ ហើយក្រុមនគរបាលបានប្រើដំបងឆក់។ ដោយសារតែព្រះសង្ឃរាប់រយនាក់ ដែលបាននិមន្តចូលរួមក្នុងក្បួនដង្ហែនេះ កាន់តាំងយូរនោះ មហាព្រឹត្តិការណ៍ប៉ះទង្គិចគ្នានេះត្រូវបានគេហៅថា “សង្គ្រាមឆត្រ”។
លោក ប៉ាច ឈឿន និងលោក នួន ដួង ជាអតីតព្រះសង្ឃ ដែលបើកហាងលក់កង់មួយកន្លែង ហើយក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំក្បួនមហាបាតុកម្មនេះ ត្រូវបានបញ្ជូនទៅតុលាការបារាំងជាមួយលោកគ្រូ ហែម ចៀវ។ពួកគេប្រហែលជាត្រូវដោះលែងវិញនៅក្នុងឆ្នាំ១៩៤៥។ លោក សឺង ង៉ុកថាញ់ ដែលបានជួយរៀបចំបាតុកម្មនេះ មិនបានចូលរួមឡើយ។ ក្រោយពីលាក់ខ្លួនក្នុងបរិវេណប៉ុស្ត៍នគរបាលរបស់ជប៉ុន គាត់បានលួចគេចចេញពីប្រទេស។
លោកឡូកាដ បាននិយាយថា ក្នុងក្រសែភ្នែកក្រុមអាជ្ញាធរបារាំង “លោកគ្រូ ហែម ចៀវ បានប្រព្រឹត្តបទល្មើសធ្ងន់នោះគឺការរំលោភលើអធិបតេយ្យភាព និងអំណាចរបស់បារាំង។ “ ការកាត់ទោសមិនសមហេតុផលរបស់តុលាការយោធាបារាំងលើក្រុមអ្នកស្នេហាជាតិខ្មែរនេះ គឺជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់អាណានិគមរបស់បារាំងនៅក្នុងប្រទេសកម្ពុជា” ប៉ុន្តែជាទម្លាប់ដ៏អាក្រក់នៃរបបបារាំង ដែលពោរពេញទៅដោយការសង្កត់សង្កិននោះ។ មរណភាពរបស់លោកគ្រូ ហែម ចៀវ គឺជាការបាត់វីរបុរសដ៏ឆ្នើម ដែលបានត្រួសត្រាយអនាគតរបស់ប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមក៕ សាវតា
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
បើព្រះបាទជ័យវរ្ម័នទី៧នៅរស់ កាន់តែខ្លាំងជាងអាចារ្យហែម ចៀវនេះទៅទៀត។តែទាស់ត្រង់ស្លាប់អស់នឹងឯង។បើគាត់នៅដល់សព្វថ្ងៃ
ច្បាស់ជាអាគង់ ហ៊ាន មិនហ៊ានអើតក្បាលមកសាងគ្រោឲ្យជាតិនោះទេ។
the stupid guy is អ្នកមែន! only. He did not know the Cambodia government can not prevent the natural resources and also the Buddha’s relics. អ្នកមែន! was very stupid and low educated.
នៅពេលដែលក្រុមមួយមានគោលដៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយការកៀរគរកម្លាំងមហាជនមកប្រើជាឧបករណ៍ សំរេចជោគជ័យ ក្រុមនោះចេះតែខិតខំលើកយកនូវប្រវត្តិអ្នកនេះ អ្នកនោះ ដែលបានស្លាប់ទៅបាត់ហើយ មកនិយាយ ដើម្បីដាស់ស្មារតីខ្មែរ។ អ្នកស្លាប់ដែលគេនិយាយនោះ គឺជាអ្នក ដែលក្រុមនេះដឹងថា សង្គមខ្មែរពិតជាបានស្គាល់ ហើយប្រហែលជាខ្មែរទាំងអស់ ពិតជាបានចាត់ទុកថា អ្នកនោះជា«វិរជនរបស់ជាតិ»។ ដូចជាអត្ថបទនេះជាដើម គេបានព្យាយាម លើកយកប្រវត្តិរបស់លោកអាចារ្យហែម ចៀវ មកនិយាយ។ គ្រាន់តែលើកមកប៉ុណ្ណេះ យើងពិតជាសន្និដ្ឋានបានថា អត្ថបទនេះ មានបំណង ប្រុងគាស់ផ្នូរលោកអាចារ្យហែម ចៀវ រួច អញ្ជើញវិញ្ញាណក្ខ័ន្ធលោកអាចារ្យមកជួយដាក់ស្នេហ៍ពង្វក់ចិត្តប្រជាជនខ្មែរ ឲ្យឈ្លក់វង្វេងចិត្តស្នេហាជាតិងប់ងល់ជ្រុលនិយម ដើម្បីគេប្រើប្រាស់ ជាអ្នកដើរជួរមុខឲ្យប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ តើចលនានេះ នឹងនាំប្រយោជន៍ដល់ជាតិ ឬទេ??
ខ្មែរអើយ ចូរចាំជាក់ថា គ្រប់រូបអ្នកដែលបានស្លាប់ទៅពីជំនាន់មុន ដោយការកាន់អាវុធ ប្រយុទ្ធយ៉ាងអង់អាច ដោយក្នុងចិត្តបានគិតថា ខ្លួនតស៊ូដើម្បីសេរីភាពយុត្តិធម៌សំរាប់ជាតិ មាតុភូមិ ទោះជាស្លាប់ក៏មិនស្តាយ គឺមិនសុទ្ធតែថ្ងៃនេះ ជាតិបានចាត់ទុកថា «អ្នកទាំងនោះ សុទ្ធតែជាបុព្វបុរសជាតិ វិរជនរបស់ជាតិទាំងអស់ ឡើយ»។
យើងមិនបាច់បកស្រាយ ទេ តែសូមមើលគម្រូជាក់ស្តែងទៅចុះ។ លោកសេនាប្រមុខលន់ នល់ ជាអ្នកណា ? កាលដែលគាត់ដឹកនាំចលនារំលំព្រះមហាក្សត្រនោះ គាត់គិតថា គាត់ជាអ្វី គាត់នឹងធ្វើអ្វីសំរាប់ជាតិ? មួយចំនួន ថាគាត់ជាអ្នកស្នេហាជាតិ តែប្រវត្តិសាស្ត្របានកត់ត្រា ថាគាត់ជា «មេរដ្ឋប្រហារ» ។ ចុះក្រុមមេដឹកនាំខ្មែរក្រហម ប៉ុលពត អៀងសារី តើអ្នកណាខ្លះ នៅពេលនេះបានចាត់ទុកថា គាត់ជាក្រុមអ្វី? តើ គួរគេគោរព ឬគួរគេជេរ?? ចុះលោក ឡេនីន ដែលជាវិរជន នៃមហាអតីតសហភាពសូវៀត តើពេលនេះ លោកជាអ្វី? ហើយរូបសំណាកលោកឡេនីន នៅពេញបណ្តារដ្ឋអតីតសហភាពសូវៀត ត្រូវគេគាស់រំលើង និងជាចុងក្រោយនេះ គឺនៅប្រទេសអ៊ូក្រែន ដែលក្រុមបាតុករជ្រុលនិយមបានកំទេច តើវាយ៉ាងណា។ ហើយយើងឃើញយ៉ាងណាដែរពីរុស្ស៊ីថ្ងៃនេះ?? មហាអតីតសហភាពសូវៀត ដែលធ្លាប់ជាមហាអំណាចពិភពលោក បានរលាយជាបំណែកៗ។ លោក ម៉ៅសេទុង មហាបុរសចិន ជាអ្នកណា? លោកគឺជាកំពូលមហាបុរសជាទីគោរពរបស់ចិនទាំងមូលឬទេ ឬអ្វី?? មិនទាំងមូលទេ ព្រោះនៅមានតៃវ៉ាន់មួយទៀត។ តែថ្ងៃនេះ ចិនបានធ្វើរូបសំណាកលោកក្នុងតម្លៃ ១៦ លាន ដុល្លា សំរាប់ជាទីសក្ការៈ ។ លោក ហូជីមិញ គឺជាមហាបុរសជាតិ របស់វៀតណាម ។ លោក ក៏ពុំមែនជាទីស្រឡាញរបស់វៀតណាមទាំងមូលដែរ តែរដ្ឋវៀតណាមទាំងមូល លើកតំកើងលោកហូជីមិញ និងដឹងគុណរបស់លោក។ នេះហើយដែលប្រជាជាតិវៀតណាម និង ចិន នៅរក្សាបាននូវឯកភាពជាតិ និងភាពរុងរឿងនៃប្រទេស រហូតដល់ថ្ងៃនេះ។
ចុះចំណែកកម្ពុជាវិញ មាននរណាជានិមិត្តិរូបជាតិ សំរាប់ពេលនេះ?? មកដល់ថ្ងៃនេះ យើងទាំងអស់គ្នា បានលើកអតីតព្រះមហាក្សត្រនរោត្តម សីហនុ ជាព្រះមហាវិរក្សត្រ សំរាប់ជាតំណាងជាតិខ្មែរតែមួយគត់ ។ ក្នុងប្រវត្តិរបស់ខ្មែរ គឺមានមហាបុរសច្រើនណាស់ដែលនាំជាតិបានរុងរឿង ។ តែខ្មែរក៏មានមហាបុរស ដែលនាំជាតិរលាយដែរ។ យើងបានចងចាំគ្រប់ៗគ្នាថា យើងមានព្រះបាទជ័យវរ្មនទី ៧ ជាមហាបុរស នៃមហានគរខ្មែរ យើងមានមែទ័ពមឿង ក្នុងសម័យព្រះអង្គច័ន្ទទី ១ ដែលលោកតស៊ូប្រយុទ្ធនឹងទ័ពសៀមនៅតំបន់ខេត្តពោធិសាត់។
ក្នុងប្រត្តិសាស្ត្ររៀងមក យើងមានរឿងអាក្រក់ និងល្អ ដែលយើងកើតមិនទាន់ ក៏យើងមិនដឹងដឹងថា អ្នកណាអាក្រក់អ្នកណាល្អខ្លះទេ។ មនុស្ស ដែលត្រូវកត់ត្រាទុកក្នុងប្រវត្តិខ្មែរ ដែលយើងគួរចងចាំសំរាប់ពេលនេះ ក្នុងអារម្មណ៍ខ្ញុំផ្ទាល់ គឺគុណបុណ្យនៃព្រះបាទអង្គឌួង ដែលជាក្សត្របាន រក្សាដីខ្មែរឲ្យសល់ប៉ុននេះ និងឲ្យព្រលឹងជាតិខ្មែរ។
ក្នុងប្រវត្តិសាស្ត្រ មានអ្នកតស៊ូច្រើនណាស់ ក្នុងចលនាបណ្តេញបារំាង។ ក្នុងនោះ ចាប់ផ្តើមតាំងពីព្រះរាជបុត្ររបស់ព្រះបាទអង្គឌួងតែម្តង គឺព្រអង្គម្ចាស់ ស៊ីវត្ថា ។ យើងមានអាចារ្យពោធិ៍កំបោរ អាចារ្យស្វា ជាដើម។ ចំពោះអ្នកទាំងនោះ ក៏មានអ្នកនិយាយថា មានប្រវត្តិមិនល្អដែរ។
យើងមិនអាចយល់បានទេ បើយើងមិនបានអានសៀវភៅប្រវត្តិខ្មែរជាពិសេសក្នុងតំណាក់កាលជំនាន់ក្រោយឆ្នាំ ១៨៦៣។ ហើយដូចជា យើងលើកពី អាចារ្យហែ
អ្នកតស៊ូមានច្រើន តែក្នុងនិន្នាកា មិនគួរយើចេះតែលើកយកមកលើកតំកើង ឬប្រមាថទេ ។ ការលើកតំកើងពេក វានឹងក្លាយជាឈ្នួនបំបាក់បំបាក់ តែការប្រមាថខ្លាំងពេកក៏វាជាឈ្នួនធ្វើឲ្យខ្មែរមើលមុខគ្នាមិនត្រង់ដែរ។ និយាយឲ្យចំ គឺយើងត្រូវការការបង្រួមបង្រួមជាតិ ដូចនេះឧទាហរណ៍ យើងទៅអង្គុយលេងនៅក្នុងក្រុមគ្រសារណាមួយនៃប្រជាជនស្រុកសំឡូត ដែលគាត់ជាប្រជាជនអាតីតទាហានខ្មែរក្រហម។ សួរថា តើយើងត្រូវជេរ លោក ប៉ុលពត ឬ សុន សេន ឬទេ? សូមឆ្លើយ។
ដូចនេះ សូម្បីតែ ដូចលោក សម រង្ស៊ី ថាមានអ្នកដែលគាំទ្រគាត់ តែក៏មានប្រជាជនស្អប់គាត់នោះ គឺស្អប់ជាទីបំផុត។ តែគេត្រូវបង្ហាញទស្សនៈយ៉ាងណាចំពោះគាត់? គេគ្រាន់តែថា បើលោក សម រង្ស៊ី ជាមនុស្សល្អ ស្រឡាញ់ជាតិពិតប្រាកដ សូមលោកទៅធ្វើការក្នុងសភា មិនត្រូវនាំសង្គមខ្មែរបះបោរដូចនេះទេ។ លោកមិនគួរចាត់ទុកថា លោកអាចារ្យហែម ចៀវ ពោធិ៍កំបោរ ឬអាចារ្យ ស្វា ជាគម្រូល្អនោះទេ។
សរុបមកវិញ អ្នកដែលគួរតែត្រូវបានកត់ត្រាទុកក្នុងសាស្ត្រារបស់ជាតិឲ្យកូនខ្មែរយកគម្រូ គឺ អ្នកដែលបានធ្វើខ្មែរបានរស់ ខ្មែរមានសន្តិភាព ខ្មែរមានឯកភាពជាតិ ខ្មែរមានឯករាជ្យ ខ្មែរចំរើនរុងរឿង។ ដូចនេះ សំរាប់ពេលនេះ យើងមិនគួរលើកបុព្វបុរសណាឲ្យល្អជាង ព្រះអាតីតព្រះមហាក្សត្រនរោត្តម សីហនុ ទេ។ អ្នកដែលនៅរស់ សូមខិតខំ កសាងស្នាដៃទៅ ដើម្បី ទុកកេរ្ត៍ឈ្មោះ ពេលយើងស្លាប់ កុំឲ្យអាសោចន៍ដូច សេនាប្រមុខ លន់ នល់ និង ប៉ុល ពត ( ឬសាគឡិត ស)៕