អាជ្ញាធរ ឃុំស្រែណូយ ខេត្តសៀមរាប បានរារាំងដំណើរប្រជាពលរដ្ឋប្រមាណ ៨០នាក់ មិនឱ្យបន្តឡើងទៅតវ៉ារឿងដីធ្លី នៅទីក្រុងភ្នំពេញ បានទេ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែធ្នូ។ ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងទាហាននៃវរសេនាតូចលេខ ២៥៤ បានកើតមានរយៈពេលជិត ១ឆ្នាំមកហើយ ដោយមិនទាន់មានដំណោះស្រាយណាមួយសមរម្យទេ។
ដោយ ហង្ស សាវយុត
2013-12-16
RFA

ភូមិត្រពាំងក្រសាំង មានទំនាស់ដីជាមួយទាហាននៃវរសេនាតូចលេខ ២៥៤ នាំគ្នាឈរនៅសាលាឃុំស្រែណូយ ខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរកាក់មិនឱ្យបន្តដំណើរទៅតវ៉ានៅភ្នំពេញ នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៣។ RFA/Hang Savyouthn>
អ្នកភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ប្រមាណ ៨០នាក់ បានធ្វើដំណើរតាមគោយន្តចំនួន ១០គ្រឿង កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែធ្នូ បំណងឆ្ពោះទៅសាលាខេត្តសៀមរាប និងបន្តទៅទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យមន្ត្រីរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនាស់ដីស្រែចម្ការជាង ៣០០ហិកតារ ដោយសារទាហានបានហាមឃាត់មិនឱ្យចូលទៅដាំដុះ ១រដូវមកហើយ។ ក៏ប៉ុន្តែការធ្វើដំណើររបស់ពួកគេត្រូវបានអាក់ខានទៅវិញ នៅពេលដែលអាជ្ញាធរបានរារាំងមិនឱ្យបន្តដំណើរទៅមុខ ដោយសន្យាថា នឹងជួយដោះស្រាយរឿងនោះ។
តំណាងប្រជាពលរដ្ឋនៅភូមិត្រពាំងក្រសាំង គឺលោក ភួង សុរិយា។ លោកបានមានប្រសាសន៍ថា រូបលោកនិងអ្នកភូមិជាច្រើនទៀត មិនអាចទ្រាំរស់នៅដោយគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិតដូចពេលនេះទេ។ បុរសដដែលបានបញ្ជាក់ថា អ្នកភូមិរបស់លោកកំពុងមានទំនាស់ដីជាង ៣២០ហិកតារជាមួយទាហាននៃកងវរសេនាតូចលេខ ២៥៤ ចំណុះឱ្យកងពលតូចលេខ៥។ កងទាហានបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅដាំដុះ ១រដូវមកហើយ។
លោក ភួង សូរិយា៖ «ដីដែលទាហានបានរំលោភយកកន្លងមកនៅចំណុចវាលសង្កែធំហ្នឹង ចំនួន ៣២០ហិកតារ ហើយប្រជាជនមានចំនួន ៩៥គ្រួសារ ហើយនៅអូរផ្អាវ ប្រជាជនមាន ១១២គ្រួសារ ឯដីមាន ២៥៥ហិកតារ។ អ៊ីចឹងបងប្អូនសុំយកដីហ្នឹងមកវិញ ហើយចំណុចទី២ហ្នឹង សុំឱ្យរដ្ឋអំណាចហ្នឹងចេញប័ណ្ណកម្មសិទ្ធិឱ្យបងប្អូនស្របច្បាប់ ហើយដីនៅកន្លែងណា គឺយកកន្លែងហ្នឹងវិញ»។
ស្របពេលដែលក្រុមអ្នកភូមិកំពុងនាំគ្នាធ្វើដំណើរតាមគោយន្ត ដើម្បីលើកគ្នាទៅតវ៉ារឿងដីធ្លីនោះ អាជ្ញាធរបានចេញមុខកាក់ពួកគេឱ្យចូលទៅសាលាឃុំស្រែណូយ និងជជែករកដំណោះស្រាយ ដើម្បីបង្អាក់កុំឱ្យបន្តដំណើរទៅមុខទៀត។
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឫទ្ធិ ដែលជាអ្នកទៅជួបចរចាជាមួយអ្នកភូមិទាំងនោះ បានសរសេរជាលាយលក្ខណ៍អក្សរដោយសន្យាថា នៅសប្ដាហ៍ខាងមុខ អភិបាលខេត្តសៀមរាប នឹងចាប់ផ្ដើមជួបពិភាក្សារកដំណោះស្រាយ។
លោក ប៊ុន ថាឫទ្ធិ បានមានប្រសាសន៍ថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងកងទាហាននោះ បានអូសបន្លាយជាច្រើនខែមកមែន ក៏ប៉ុន្តែវាបានអាក់ខានដោះស្រាយដោយសារតែជាប់រវល់ការបោះឆ្នោតកាលពីអំឡុងខែកក្កដា កន្លងទៅ ព្រមទាំងមានការដោះដូរអភិបាលខេត្តថ្មីផង៖ «ឥឡូវនេះ ឯកឧត្ដមអភិបាលខេត្តលោកសន្យាថា នឹងកោះអញ្ជើញអង្គភាពពាក់ព័ន្ធដើម្បីពិភាក្សាដោះស្រាយនៅក្នុងសប្ដាហ៍នេះឯង»។
ចាប់តាំងតែពីអំឡុងខែមីនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋចំនួន ៩៥គ្រួសារ នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ បានកើតមានទំនាស់ដីធ្លីជាមួយទាហាននៃកងវរសេនាតូចលេខ២៥៤។ ដោយកាលណោះក្រុមទាហានបានហាមឃាត់អ្នកភូមិយ៉ាងតឹងតែង មិនឱ្យចូលទៅដាំដុះលើដីរបស់ពួកគេទេ ព្រមទាំងបាញ់គំរាមសម្លុតទៅលើអ្នកភូមិផង។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ គណៈកម្មការជាតិដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលដែលធ្វើការរួមគ្នាជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុក បានចុះទៅពិនិត្យ និងរកដំណោះស្រាយរឿងជម្លោះដីធ្លីនោះម្ដងមកហើយ ក៏ប៉ុន្តែមិនទាន់មានផលវិជ្ជមានទេ។
កំណត់ហេតុចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ របស់សាលាខេត្តសៀមរាប ដែលកាលណោះ លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្ត បានសន្យាថា នឹងធ្វើការចុះពិនិត្យមើលឱ្យបានច្បាស់លាស់ ហើយចំពោះប្រជាពលរដ្ឋណាដែលបានកាន់កាប់ដីនៅមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ គឺនឹងត្រូវឆ្វៀលចេញពីតំបន់គ្រប់គ្រងដោយទាហាន ព្រមទាំងប្រគល់ទៅឱ្យប្រជាពលរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅមណ្ឌលគិរីធ្វើញត្តិទាមទារឲ្យអាជ្ញាធរប្ដូរភូមិ
- ពលរដ្ឋមានទំនាស់ដីនៅពោធិ៍សាត់ប៉ះទង្គិចជាមួយសមត្ថកិច្ច
- សាលាក្រុងហាមពលរដ្ឋសាងសង់និងទិញលក់ដីក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ
- ពលរដ្ឋជិត១០០នាក់លើកគ្នាតវ៉ាមុខការិយាល័យខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ
- បញ្ហាជម្លោះដីនៅតំបន់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបទំនើបខណ្ឌឫស្សីកែវ
- ពលរដ្ឋជំរុញឲ្យអាជ្ញាធរចាត់វិធានការលើមេភូមិដែលរំលោភយកដីរួម
- អ្នកមានបញ្ហាដីជួបពិភាក្សាគ្នាអំពីជម្លោះដីនិងដំណោះស្រាយ
- អ្នកភូមិ៣០នាក់ត្រូវតុលាការខេត្តកំពង់ស្ពឺកោះហៅឲ្យចូលបំភ្លឺរឿងទំនាស់ដីធ្លី
- ពលរដ្ឋ២៩គ្រួសារនៅពោធិ៍សាត់ប្រឈមនឹងការបាត់បង់ដីធ្លី
មិនត្រូវរារាំងពួកគាត់ទេនេះជាសិទ្វរបស់ពូកគាត់បើសិនមានការរារាំងមែននោះបាននយ័ថាអាជ្ញាធរផ្តាច់ការទៅហើយ។
I think we shall set the DEADLINE for Siem Reap Governor to settle the issue, 1 week or 2weeks. If there is no any progress or actual result. Please come to Phnom Penh to seek for an other alternative mechanism solution from another Ministry, NGOs, party, Embassy whom involved to ensure the transparency, fair and human right based has in Cambodia under the development project/plan.
If we stay silent, nothing will happen.
Justice is not something that will occur by doing nothing. All justice in the world is coming from demanding, and people power seeking for it only, a world history revealed.