គង់ សុឋានរិទ្ធ
17 ធ្នូ 2013
វីអូអេខ្មែរ

ប្រជាពលរដ្ឋតវ៉ាអំពីរឿងជម្លោះដីធ្លីនៅមុខរដ្ឋសភាជាតិ។ យោងតាមរបាយការណ៍នានារបស់អង្គការក្រៅរដ្ឋាភិបាលបង្ហាញថាមានប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន១៥០.០០០នាក់បានទទួលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដោយសារតែការអភិវឌ្ឍក្រុងភ្នំពេញ។
ភ្នំពេញ — ប្រជាពលរដ្ឋក្រុងភ្នំពេញចំនួន២៥០នាក់មកពីសហគមន៍ក្រីក្រចំនួន៤១សហគមន៍បានជួបប្រជុំពិភាក្សាគ្នានៅថ្ងៃច័ន្ទនេះសម្រាប់រយៈពេលពីរថ្ងៃដើម្បីរៀបចំយុទ្ធសាស្ដ្រទប់ទល់នឹងការប្រឈមនានាដោយការបណ្តេញចេញ។
សហគមន៍ទាំងនេះរួមមានសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនិងត្រូវបានបណ្តេញចេញរួចហើយ ប៉ុន្តែស្ថិតក្នុងការប្រឈមជាច្រើនទាំងផ្នែកអប់រំ ហេដ្ឋារចនាសម្ព័ន្ធនិងផាសុកភាពក្នុងការរស់នៅជាដើម។ ក្នុងនោះមានដូចជាសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ដែលមានទំនាស់យ៉ាងល្បីល្បាញ សហគមន៍បឹងទំពុន ត្នោតជ្រុំ ជាដើម។
លោកអ៊ី សារ៉ុម ប្រធានសមាគមធាងត្នោតដែលជាអ្នករៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃរបស់សហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញមានប្រសាសន៍ថាសិក្ខាសាលានេះក្នុងគោលដៅប្រមូលនូវគំនិតរបស់តំណាងសហគមន៍នីមួយៗដើម្បីធ្វើយុទ្ធសាស្ដ្រសម្រាប់ធ្វើការតស៊ូមតិចំពោះការបណ្តេញចេញដោយបង្ខំ។
«សិក្ខាសាលានេះដើម្បីលើកឡើងពីបញ្ហាប្រឈមនានារបស់សហគមន៍រស់នៅទីក្រុង ការបណ្តេញចេញ ក្រោយការបណ្តេញចេញ ការដែលមិនបានទទួលប្លង់កម្មសិទ្ធិ ក៏ដូចជាការប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់នូវមុខរបរជាដើមនិងលើកទិសដៅជាផែនការសម្រាប់ធ្វើការតស៊ូមតិក្នុងពេលខាងមុខ»។
យោងតាមរបាយការណ៍នានារបស់អង្គការក្រៅរដ្ឋាភិបាលបង្ហាញថាមានប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន១៥០.០០០នាក់បានទទួលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដោយសារតែការអភិវឌ្ឍក្រុងភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួនត្រូវបានចាប់ខ្លួន ចោទប្រកាន់តាមផ្លូវតុលាការនិងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្រោយពីពួកគេធ្វើការប្រឆាំងនឹងការបណ្តេញចេញរយៈពេលចុងក្រោយនេះ។
ក្រុមអ្នកចូលរួមសិក្ខាសិលាបានលើកពីបញ្ហាប្រឈមដូចធ្លាប់បានលើកឡើងនាពេលកន្លងមកនោះគឺបញ្ហាខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក ភ្លើង អនាម័យ ការបាត់បង់ការងារ ការប្រឈមផ្នែកអប់រំជាដើម។
អ្នកស្រីយ៉ោម បុបា្ផ ជាសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដែលទើបតែត្រូវបានដោះលែងជាបណ្តោះអាសន្នពីមន្ទីរឃុំឃាំងដែលទាក់ទងនឹងឧប្បត្តិហេតុក្រោយពីការតវ៉ាទាមទារដីធ្លីក្នុងសហគមន៍របស់អ្នកស្រី។
អ្នកស្រីយ៉ោម បុប្ផា បានចូលរួមក្នុងសិក្ខាសាលានេះដែរ។ អ្នកស្រីជំរុញឲ្យគណបក្សជាប់ឆ្នោតនិងសហគមន៍អន្តរជាតិចូលរួមដោះស្រាយវិបត្តិដីធ្លីនេះជាពិសេសការដោះស្រាយដោយមានតម្លាភាពនិងការជជែកដោយផ្ទាល់ជាមួយក្រុមប្រជាពលរដ្ឋដែលរងការបណ្តេញចេញនិងការផ្តល់សំណងសមស្រប។
«ការបណ្តេញចេញនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈកាន់តែធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ន។ពួកយើងនឹងចងក្រងគ្នាគ្រប់សហគមន៍ដោយលើកយកបញ្ហាដែលពួកគាត់ជួបប្រទះដើម្បីពិភាក្សាគ្នាដើម្បីរកយុទ្ធសាស្ដ្រយ៉ាងម៉េចដើម្បីតស៊ូមតិដើម្បីឲ្យមានសាមគ្គីភាពដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបណ្ដេញចេញនៅក្នុងប្រទេសកម្ពុជា»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមានប្រសាសន៍ថាសាលារាជធានីភ្នំពេញមានផែនការដោះស្រាយវិបត្តិដីធ្លីនៅក្នុងសហគមន៍ក្រីក្រ។
«ផែនការអាទិភាពរបស់យើងសម្រាប់ឆ្នាំ២០១៤ដើម្បីឲ្យមានការកែប្រែនិងមានការប្រសើរឡើងដូចជាការកែសម្រួលបញ្ហាចរាចរណ៍ បញ្ហាសំរាមនិងការលិចទឹក។ ដោយឡែកសហគមន៍បឹងកក់គឺត្រូវដើម្បីបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសហគមន៍ក្រីក្រនេះ»។
ការប្រមូលផ្តុំគ្នារបស់សហគមន៍ក្រីក្រកាលពីព្រឹកមិញនេះត្រូវបានរារាំងដោយអាជ្ញាធរប៉ុន្តែមិនបានសម្រេច។ទោះជាបែបនេះក្តីម្ចាស់ទីតាំងជួលបានសម្រេចបញ្ឈប់ការជួលដល់ក្រុមសហគមន៍អ្នកក្រីក្រសម្រាប់សិក្ខាសាលានៅថ្ងៃទី២នៅថ្ងៃស្អែកនេះ៕
អត្ថបទព័ត៌មានទាក់ទង
- សកម្មជនដីធ្លី មានសេរីភាពតែខ្វះយុត្តិធម៌
- រដ្ឋាភិបាលប្តេជ្ញាពង្រឹងសិទ្ធិមនុស្ស សង្គមស៊ីវិលអបអរ
- ជនជាតិភាគតិចបន្តដោះស្រាយទំនាស់តាមប្រពៃណី ជាជាងតាមផ្លូវតុលាការ
- សកម្មជនការពារសិទ្ធិលំនៅដ្ឋានកា្លយជាតារាភាពយន្តឯកសារ Cyberwar in Cambodia
- ជនរងគ្រោះទំនាស់ដីធ្លីមានសង្ឃឹមលើរដ្ឋាភិបាលថ្មី


HUN SEN GOV IS GOING TO WARE WHIT PPLE.WHY EVERY THING HAPPENING AT THE SAME TIME.FOR LONG TIME I NEVER KNEW ALL THIS BROBLEM HAD HAPPEN IN CAMBODIA.BUT RIGHT NOW PPLE ARE STANDING UP EVERY WHER. IT’S SHOWING ME ALL OF THAT EVIDENCE ARE IMPACT TO HUN SEN GOV.THIS CONFLICT CAUSE RETALIATION AND AGER SUFFERING YOU NAME IT.IT SHOW ME Mr HUN SEN HAVE NO ABILITY TO LEADING THIS COUNTRY.EVERY THING ARE WRONG HUN SEN YOU SHOULT GE DOWN.LIFE IS TOO SHORT TIME FOR YOU TO STAY OUT FROM POLITIC.GO TO TEMPLE OR DOING SOME ELSE INJOY THE LAST LIVE ON ART. PEACE CAMBODIA