អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ​និង​ដី​ព្រៃ​សហគមន៍

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ និង​ដី​ព្រៃ​សហគមន៍ បន្ទាប់​ពី​មាន​ក្រុម​អ្នក​កួកជេ​ដី ដើរ​ចែក​លុយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ។ ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​ដី​ព្រៃ​សហគមន៍​គីឡូ ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​នោះ ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​ហិកតារ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ នឹង​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ។

ដោយ ជិន ជេដ្ឋា
2013-12-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ខ្នារកណ្ដាល និង​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ក្រុមហ៊ុន​មួយ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់ មក​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដី​ព្រៃ​សហគមន៍​របស់​ខ្លួន ហើយ​ថា អាជ្ញាធរ​ភូមិ​ឃុំ​ហាក់​ត្រូវរ៉ូវ​គ្នា​ចំពោះ​សកម្មភាព​នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា មេ​ខ្យល់​បាន​ប្រគល់​ប្រាក់​ចំនួន ២០០​ដុល្លារ​ក្នុង​១​គ្រួសារ ទៅ​ឲ្យ​អ្នក​ភូមិ​ត្រដក់ពង ជា​ថ្នូរ​ទៅ​នឹង​ការ​យល់​ព្រម​លក់​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ៧០​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន។

អ្នក​ភូមិ​ត្រដក់ពង ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កាល​ពី​ពេល​កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​ច្រើន​នាក់ បាន​ប្រតិកម្ម​ចំពោះ​អ្នក​រក​ស៊ី​កួកជេ​ដី​ឈ្មោះ កុល សារឿន និង​ឈ្មោះ ប្រាក់ អ៊ីត ដែល​អះអាង​ថា ខ្លួន​បាន​ទិញ​ដី​នៅ​តំបន់​ព្រៃ​សហគមន៍​គីឡូ​ក្នុង​ទំហំ​ដី​សរុប ៤៤៦​ហិកតារ ដែល​ការ​អះអាង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ៖ «ដី​នេះ គឺ​ជា​ដី​គ្រប់គ្រង​ដោយ​ភូមិ​ត្រដក់ពង ទាំង​មូល​នៅ​ក្នុង​ចំណុះ​ភូមិ​ខ្នារឆ្មារ ហ្នឹង។ បាទ! ប្រសិន​បើ​បាត់​បង់​ព្រៃ​នេះ​ទៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ឧស​ដុត ការ​គង្វាល​គោ ម្យ៉ាង​ទៀត​ដូច​ជា​អ្នក​បាយ​ហូប​អី​ហ្នឹង អាច​ទៅ​ជីក​ដំឡូង​អី​ពី​កន្លែង​ហ្នឹង គ្រាន់​ដោះស្រាយ​ពេល​ទ័ល​មួយ​គ្រាៗ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ខ្នារកណ្ដាល បាន​បញ្ជាក់​ថា ដី​ស្រែ និង​ចម្ការ​របស់​អ្នក​ភូមិ​លោក​ភាគ​ច្រើន គឺ​មាន​នៅ​ជាប់ ឬ​ក្បែរ​ដី​ព្រៃ​សហគមន៍​នោះ ដូច​នេះ​វិបត្តិ​ដីធ្លី​នឹង​អាច​កើត​មាន ប្រសិន​បើ​ឈ្មួញ​ពិត​ជា​ត្រូវ​ការ​ផ្ទៃ​ដី​ជាង ៤០០​ហិកតារ ដូច​ការ​អះអាង​កាល​ពី​ពេល​កន្លង​ទៅ​មែន​នោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ ឬ​ចុះ​មក​ពន្យល់​អ្នក​ភូមិ​មួយ​ចំនួន​កុំ​ឲ្យ​ទទួល​យក​ប្រាក់​ពី​ឈ្មួញ ដើម្បី​ថែ​រក្សា​ដី​ព្រៃ​សហគមន៍ និង​មិន​ចង់​ឲ្យ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​នៅ​ក្បែរ​នោះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដីធ្លី​ដូច​នៅ​ភូមិ​ឡពាង ឃុំ​តាជេស នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ឈ្មួញ ឬ​អ្នក​កួកជេ​ដី និង​មេ​ឃុំ​ខ្នារឆ្មារ លោក ទា កុំ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ភូមិ​ត្រដក់ពង លោក អ៊ុង ស៊ីណុន មាន​ប្រសាសន៍​ថា ការ​លក់​ដូរ​ដី​ព្រៃ​សហគមន៍​នេះ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​រង់ចាំ​តែ​ដើរ​តាម​ក្រោយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ភូមិ​ត្រដក់ពង មាន​គ្រួសារ​សរុប​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ២១៥​គ្រួសារ​ហើយ​ដែល​បាន​ទទួល​ប្រាក់ និង​យល់​ព្រម​លក់​ដី​នោះ៖ «អា​រឿង​ដី​នេះ​វា​ច្រើន​លើក​ច្រើន​សា​ហើយ ព្រោះ​ខ្ញុំ​សម្រេច​នៅ​លើ​ប្រជាពលរដ្ឋ​ធំ​ទេ បើ​សិន​ប្រជាពលរដ្ឋ​គាត់​គិត​ថា​ទេ ដី​ហ្នឹង​ទុក​ទៅ​អត់​ប្រយោជន៍ អា​ហ្នឹង​ជា​រឿង​របស់​គាត់»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ធ្វើ​កិច្ច​សន្យា និង​ទទួល​ប្រាក់​ពី​ឈ្មោះ កុល សារឿន ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា ក្រុមហ៊ុន​ដែល​ទិញ​ដី​នោះ​មាន​ប្រភព​ចេញ​មក​ពី​ណា និង​មាន​ឈ្មោះ​អ្វី​នោះ​ទេ។

នាយិកា​នៃ​អង្គការ​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ អ្នកស្រី សរ សាត មាន​ប្រសាសន៍​ថា ភាព​ឆក់​ល្វែង​នៃ​ការ​គិត​របស់​ប្រជាពលរដ្ឋ​មួយ​គ្រា ទាក់ទង​នឹង​រឿង​ដី​ព្រៃ​សហគមន៍​នេះ វា​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ផល​ប៉ះពាល់​ដល់​កូន​ចៅ និង​ខ្លួន​គាត់​ផ្ទាល់​នា​ថ្ងៃ​អនាគត៖ «ជួន​កាល​អាច​ថា​គាត់​ចាញ់​បោក​គេ​ក៏​មាន ព្រោះ​អី​គ្រាន់​តែ​ថា​គេ​ឲ្យ ២០០​ដុល្លារ​អ៊ីចឹង​មក ហើយ​ពេល​ក្រោយ​ទៀត​ហ្នឹង ក៏​គាត់​អត់​មាន​ដី​អី​ហ្នឹង​បង្កបង្កើន​ផល ឬ​មួយ​សម្រាប់​ប្រមូល​អនុផល​ចេញ​ពី​ព្រៃ​ហ្នឹង​បាន»

ប្រភព​ព័ត៌មាន​ពី​ជំទប់​ទី​១ នៃ​ឃុំ​ខ្នារឆ្មារ មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង ៧​ភូមិ នៅ​ឃុំ​ខ្នារឆ្មារ ភាគ​ច្រើន​ចង់​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រក្សា​ទុក​ដី​ព្រៃ​សហគមន៍​នោះ​ឲ្យ​បាន​គង់វង្ស ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល ដូច​ជា កាប់​ឧស ជីក​ដំឡូង និង​ជា​ទីធ្លា​សម្រាប់​គង្វាល​គោ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ​និង​ដី​ព្រៃ​សហគមន៍"

  1. pingpong says:

    ១. ចាប់ថ្ងៃទី១៧ មក អាកាសធាតុត្រជាក់ខ្លាំង ហើយអាកាសធាតុនេះបន្តធ្លាក់ចុះត្រជាក់បន្តទៀត និងមានរយៈពេលជិត១ខែ!!
    ២. បាតុករនៅទីលានប្រជាធិតបតេយ្យ គឺស្ថិតនៅមុខខ្យល់ និងល្ហល្ហេវ អាចនាំអោយរងនូវភាពត្រជាក់និងរងាវ អាចនាំអោយប៉ះពាល់ដល់សុខភាពបើនៅរយៈពេលយូរ!!!
    ៣. ដូច្នេះ បាតុករគណៈបក្សសង្រ្គោះជាតិគួរប្តូរទីតាំងមកស្តាតអូឡាំពិកវិញ ពីព្រោះទីនោះមានដំបូល ជញ្ជាំង និងកន្លែងដេកសមរម្យ!!!!
    ៤. តើការផ្លាស់ប្តូរទីតាំងមកស្តាតអូឡាំពិកខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនឬទេ???? ប្រហែលជាខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនហើយ ប៉ុន្តែត្រឹមត្រូវច្បាប់របស់ប្រជារាស្រ្ត !! ស្តាតអូឡាំពិសង់ដោយលុយប្រជារាស្រ្ត និងនៅពេលនេះប្រជារាស្រ្តអាចសុំជ្រកកោនបាន!!!!
    ៥. អោយប្រជារាស្រ្តជ្រកកោណ វាគ្រាន់បើជាងអោយគ្រួសារហ៊ុនសែនព័ទ្ធស្តាតយកលុយផ្ញើម៉ូតូឡាន!! និងប្រសើរជាងហ៊ុនសែនលក់ស្តាតដែរ!!!
    ៦. បើមិនប្រញាប់ប្រញាល់ផ្លាស់ប្តូរទីតាំងទេ!! ទាំងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងហ៊ុន សែនមហាសែនខូចត្រូវទទួលខុសត្រូវចំពោះសុខភាពរបស់រាស្រ្តបាតុករទាំងស្រុង!!!