CITA​ ស្នើ​ម្តង​ទៀត​ដល់​ក្រសួង​អប់រំ​ដំឡើង​បៀវត្សរ៍​គ្រូបង្រៀន​១​លាន​រៀល ពី​ដើម​ឆ្នាំ​២០១៤​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ (CITA) (រូបថតដោយ ជន ស្រីណុច)

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​(CITA) នៅ​ថ្ងៃ​ពុធ​នេះ ស្នើ​ម្តង​ទៀត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​គ្រូ​បង្រៀន​ជា​អប្ប​បរិ​មារ​ក្នុង​មួយខែ​១​លាន​រៀល ចាប់ពី​ដើម​ឆ្នាំ​២០១៤​ខាងមុខនេះ ដើម្បី​បង្កើន​បរិមាណ​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពប្រសើ​ឡើង​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​គោលន​យោបា​យ​អប់រំ និង​ចក្ខុវិស័យ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នា​រាជធានី​ភ្នំពេញ​។ ប្រធាន​CITA លោក រ៉ុង ឈុន មានប្រសាសន៍ថា ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​ការអប់រំ​ធ្លាក់ចុះ គឺ​ប្រាក់ខែ​របស់​គ្រូបង្រៀន​តិច  មិន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់ ហើយ​ធ្វើឲ្យ​ពួកគាត់​រក​មុខរប​រពីរ​។ លោក​បន្តថា បច្ចុប្បន្ន​ស្ទើរ​១០០​ភាគរយ​គ្រូបង្រៀន​នៅ​កម្ពុជា​ក្នុងមា្ន​ក់មាន​មុខរប​រ​ពីរ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ ។​

​លោក រ៉ុង ឈុន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពិនិត្យ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ទៅ​តាម​ការ​កើន​ទ្បើង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ ៖ “​ដើមឆ្នាំ​២០១៤​នេះ ឲ្យបាន​មួយ​លាន​រៀល ជូន​ពួកគាត់​ប្រសិន​ថា ប៉ុណ្ណឹង​មិន​ត្រូវបាន​ដោះស្រាយ​ទេ នេះ​មិន​អាច​ទទួលបាន​នូវ​ការអប់រំ​ល្អ សម្រាប់​កូន​ខ្មែរ​យើង ហើយ​មួយ​លាន​ក៏​មិន​គ្រប់​ដែរ ប៉ុន្តែ​វា​ប្រសើរ​ជាង​បច្ចុប្បន្ន ហើយ​បើ​មួយ​លាន​នេះ​ឡើង​ឲ្យ ទីផ្សារ​ឡើង​ហួស​ហ្នឹង​ទៀត វា​នៅ​ស្ថានភាព​នៅ​អាក្រក់​ដដែល ដូច​ករណី​រឿង​កម្មករ​អញ្ជឹង បើ​កម្មករ​ឡើង​ទៅ​ដល់ ១៥០$ ឬ​១៥៤$ ហើយ​បើ​យើង​មិន​បាន​ទប់ស្កាត់ អំពី​ទីផ្សារ នោះ​វា​ដដែល អញ្ជឹង​បាន​គេ​ប្រើ​ពាក្យ​មួយ​ថា ប្រាក់ខែ​គ្រូបង្រៀន​ស្ទើរ​មួយ​ជី​(​មាស​)​ជា​រឿង​រហូត តាំងពី​ឆ្នាំ​១៩៧៩​មក​”​។​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន បដិសេធ​ឆ្លើយតប​ទៅ​នឹង​ការស្នើ​សុំ​នេះ​ទេ ព្រោះ​លោក​មិនទាន់​ទទួលបាន​លិខិត​ជា​ផ្លូវការ​របស់ ​CITA ៖​ “​ខ្ញុំ​មិន​ទាន់​មាន​អ្វី​ឆ្លើយតប​ទេ សូម​អរគុណ​ច្រើន​មិន​ទាន់​បាន​ធ្វើលិខិត​ផង ចាំ​ទទួល​បាន​សិន ខ្ញុំ​មិន​ទាន់​មាន​ជំហរ​អ្វី​ទេ​”​។​

​ជាមួយគ្នានេះដែរ សមាគម​គ្រូបង្រៀន​ត្រៀម​នឹងដាក់​គោលនយោបាយ​ធំ​ចំនួន​៤ ទៅ​ក្រសួង​អប់រំ​ គឺ ដើម្បី​កែលម្អ​ការរៀន ការបង្រៀន និង​បរិស្ថាន​អប់រំ  ដើម្បី​បង្កើន​មូលនិធិ ក្នុង​ការ​​លែ​លម្អ​គុណភាព​អប់រំ ជាដើម​។​

CITA ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា​មាន​គ្រូបង្រៀន​សរុប​ប្រមាណ​ជា ១១​ម៉ឺន​នាក់ ដោយ​គ្រូ​បឋមសិក្សា​ទទួលបាន​ប្រាក់ខែ​៣២០ ០០០​រៀល គ្រូ​វិទ្យាល័យ​ទទួលបាន​១៣០​ដុល្លារ​អាមេ​រិក​​គ្រប់​កម្រិត​៕

សូមសរសេរមកកាន់ កញ្ញា ​ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "CITA​ ស្នើ​ម្តង​ទៀត​ដល់​ក្រសួង​អប់រំ​ដំឡើង​បៀវត្សរ៍​គ្រូបង្រៀន​១​លាន​រៀល ពី​ដើម​ឆ្នាំ​២០១៤​"

  1. បើរដ្ឋមិនតម្លើងប្រាក់ខែគ្រូបង្រៀន យ៉ាងតិច ១លានរៀល នោះទេ សូមសើរើទៅវិញថា

    ថវិកាជាតិខ្មែរ ជាង ៣៥០០ លានដុល្លា US ដែលរដ្ឋសភាឯកបក្សអនុម័តសម្រាប់តែឆ្នាំ

    ខាងមុខ ថាតើទុកធ្វើអី តម្លើងប្រាក់ខែឱ្យច្រើនៗ ដល់ចំនួនក្របខណ្ឌរដ្ឋទាំងអស់ផង។

    បើមិនអាច ធ្វើបាន មានន័យថា ជាង ៣៥០០ លានដុល្លា US មានតែ ខ្យល់។ មិនដឹងថា

    លុយនៅឯណា ? ត្រូវតែប្រកាសម្តងទៀតថា ជាង ៣៥០០ លានដុង VN ទើបត្រូវជាង។

  2. ។។ says:

    មុននឹងឡើងប្រាក់ខែ ត្រូវលុបឈ្មោះគ្រូៗដែលចាំស៊ីតែ
    ប្រាក់ខែ ហើយឡែៗអត់ប្រយោជន៍នេះសិន ទើបរដ្ឋមិនខ្ជះខ្ជាយលុយឥតប្រយោជន៍។