សុគន្ធ និសា ប្រកាស​ជំហរ​ ២០១៤​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

កញ្ញា សុគន្ធ និសា តារាចម្រៀងប្រចាំ​ផលិតកម្មថោន កាលពីកន្លងទៅ

កញ្ញា សុគន្ធ និសា តារាចម្រៀងប្រចាំ​ផលិតកម្មថោន កាលពីកន្លងទៅ

​គ្រាន់តែ​ចប់​ការសម្ដែង​ក្នុង​រឿង​«​ចងចាំ​» ដែល​ជា​ខ្សែ​រឿង​បើកឆាក​របស់​ផលិតកម្ម​ថោ​ន និង​ជា​រឿង​លើកដំបូង​របស់​ខ្លួន​ភ្លាម តារា​ចម្រៀង​​ល្បី​ឈ្មោះ​នាង​សុគន្ធ និសា បាន​បង្ហាញ​ពី​ឆន្ទៈ​ត្រៀម​ទុក​ក្នុង​ឆ្នាំ​២០១៤​តែម្ដង​។ បន្ថែម​ពីលើ​ការប្រកាស​នេះ នាង​ក៏​សម្ញែង​ឲ្យដឹង​ពី​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ត្រឡប់​មក​កាន់​ភាព​ល្បី​ខ្លាំង ក្នុង​ពិភព​ចម្រៀង​នោះ​ថែមទៀត​ផង​។

​សុគន្ធ និសា និយាយថា ក្នុង​ឆ្នាំ​២០១៤​ខាងមុខ នាង​បាន​សម្រេចចិត្ត​ប្រកាន់​ជំហរ​ចំនួន​២ ដើម្បី​លើកទឹកចិត្ត​អ្នកគាំទ្រ ក៏ដូចជា​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ឲ្យបាន​ល្អ​ឡើង​វិញ​។ ជំហរ​ដែល​នាង​បញ្ចេញ​ក្នុង​ជំហាន​ដំបូង​នោះ គឺ​មិន​ទទួល​សំណើ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុង​ឆ្នាំ​២០១៤​ខាងមុខ បើទោះជា​មាន​ស្ពុនស័​ររាប់មិនអស់ ទទូច​ឲ្យ​នាង​ចេញ​ទៅ​ច្រៀង នៅលើ​ទឹកដី​ឆ្លង​ប្រទេស ដោយ​សូម្បី​តែ​នៅ​អំឡុង​ចុងឆ្នាំ​២០១៣​ក៏​មាន​ស្ទើរ​រើខ្លួន​មិន​រួច​។ ការតាំង​ចិត្ត​នេះ ហាក់​ស្រប​នឹង​ការចង់បាន​របស់​អ្នកគាំទ្រ​ភាគច្រើន ដែល​​ចង់​ឲ្យ​នាង​ត្រាំ​ត្រែង​ឲ្យបាន​ពេញលេញ ក្នុង​កាលៈទេសៈ​ដែល​នៅ​កម្ពុជា ចាប់ផ្ដើម​មាន​ការប្រគំ​តន្ត្រី​គគ្រឹកគគ្រេង​ឡើងវិញ នៅ​អំឡុង​ខែប្រាំង​នេះ​។ ជំហរ​របស់​នាង ក៏​ស្រប​តាម​ការចង់បានរ​បស់​នាង​ខ្លួនឯង​ផងដែរ ដែល​ចង់បាន​ពេល​គ្រប់គ្រាន់ ក្នុង​ការមើល​ខុសត្រូវ​មុខ​ជំនួញ​ទាំងពីរ គឺ​ហាង​ផឹកស៊ី​មួយកន្លែង និង​ហាង​ថ្មី​មួយ​កន្លែង​ទៀត​នៅ​សាលា​៨​មិនា ដែល​ទើប​ដំណើរការ​។ សុគន្ធ និសា ប្រាប់ថា ក្នុង​ប្រវត្តិ​សិល្បៈ ស្ទើរតែ​គ្មាន​ប្រទេស​ណាមួយ ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ ហើយ​នាង​មិន​បាន​ទៅ​នោះ​ទេ​។ ទោះយ៉ាងណា នោះ​មិនមែន​ជា​ហេតុផល ដែល​ធ្វើឲ្យ​នាង​លែង​ចង់​ចាកចេញ​ទៅ​ក្រៅប្រទេស​នោះឡើយ ដោយ គ្រាន់តែ​នាង​ខ្លួនឯង​មាន​បំណង​ចង់​ពង្រឹង​ការងារ​សិល្បៈ ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ  ឲ្យបាន​រលូន​ជាង​មុន ក្នុង​ពិភព​ចម្រៀង​តែប៉ុណ្ណោះ​។

បន្ថែម​លើ​ជំហរ​ត្រាំត្រែង​ក្នុងស្រុក នាង​ក៏​មាន​ជំហរ មិន​ពង្រីក​រឿង​អា​វិជ្ជមាន ដែល​ជា​ក្ដីបារម្ភ​របស់​អ្នកគាំទ្រ​នាគ្រា​មុន​នោះ​ផងដែរ​។ ក្រោយ​បញ្ចប់​ឆ្នាំ​២០១៣ នាង​អះអាង​ថា រឿង​មិនល្អ​ទាំងអស់ ក៏​នឹង​រំលត់​ទៅ​ដែរ ដើម្បី​ឲ្យ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ ក្លាយ​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ជីវិត​របស់​នាង ទាំង​រឿង​សិល្បៈ រឿង​មុខ​ជំនួញ និង​រឿង​ផ្ទាល់ខ្លួន​។ ជំហរ​របស់​នាង បាន​ក្លាយ​ជា​ដំណឹង​គួរឲ្យ​ចាប់អារម្មណ៍ ក្នុង​ចង្កោម​អ្នក​ចូលចិត្ត​គ្រប់​ស្នាដៃ​របស់​តារា​ចម្រៀង​រូប​នេះ​។

(សុគន្ធ និសា និងលោក ទេព រិនដារ៉ូ កាលពីកន្លងទៅ)

​យោង​តាម​ការបញ្ជាក់​នៅ​អំឡុង​ដើមឆ្នាំ​ខាងមុខ សុគន្ធ និសា នឹង​បញ្ចេញ​ខ្សែ​រឿង​«​ចងចាំ​» ដែល​នាង​បាន​សម្ដែង​ជា​តួឯក ដើម្បី​ស្ទាបស្ទង់​ទីផ្សារ ក្នុងពេល​ខ្សែ​រឿង​ទាំងមូល​ដាក់​បញ្ចាំង​។ ទាំង​រូប​នាង​ផ្ទាល់ និង​ផលិតកម្ម​ថោ​ន បាន​រំពឹង​យ៉ាងខ្លាំង​ថា​ខ្សែ​រឿងនេះ ទទួលជោគជ័យ ប៉ុន្តែ​គេ​មិនដឹងថា តើ​វា​ជោគជ័យ​បែប​ពេញទំហឹង ឬ​បាន​ត្រឹម​មួយ​ឆាវ​ដូច​ខ្សែ​រឿង​ដែល​ធ្លាប់​រំពឹង​ខ្ពស់ មួយចំនួន​នោះ​ទេ​។ សុគន្ធ និសា ប្រាប់ថា ការបញ្ចេញ​ខ្សែ​រឿង គឺ​យុទ្ធសាស្ត្រ​ធំ​មួយ សម្រាប់​ឆ្នាំ​២០១៤ ខណៈ​ដែល​យុទ្ធសាស្ត្រ​នេះ គឺ​នៅ​មាន​ទម្រង់​ជាច្រើន​ទៀត ដើម្បី​ប្រទាញ​ឲ្យបាន​ច្រើន​នូវ​ប្រជាប្រិយភាព​បន្ថែម​។ ក្នុងនោះ ការ​រំលេច​ក្បាច់​រាំ​ប្លែកៗ និង​ការចេញ​ច្រៀង​បទ​បែប​ក្រ​ម៉ិច​ក្រ​ម៉ើម គឺជា​អ្វី​ដែល​នាង​បន្ត​ដើរ នៅលើ​មាគគ៌ា​សិល្បៈ​។​

​សុគន្ធ និសា កំពុង​ទទួល​កុងត្រា​ចេញ​ច្រៀង​ខេត្ត​ក្រុង បណ្ដាក់​គ្នា ប្រជែង​នឹង​ឱក សុគន្ធ​កញ្ញា សុខ ពិសី និង​មាស សុខ​សោភា ដែល​មិន​ទំនេរ​ទាល់តែសោះ ចាប់តាំងពី​ដើមរដូវ​ប្រាំង​នេះ​។​ពាក់ព័ន្ធ​នឹង​ការសម្ដែង​ក្នុង​រឿង​«​ចងចាំ​» នាង​អះអាង​ថា VOD បាន​ដឹង​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ចំពោះ​នាង​សុំ​មិន​បញ្ជាក់បន្ថែម ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ក្នុង​ការសម្ដែង​រឿង​នេះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​នាង​បញ្ជាក់បាន គឺ​ជំហរ​មិន​ទទួល​ចេញ​សម្ដែង​ក្រៅ​ស្រុក យុទ្ធសាស្ត្រ​មិន​រំលេច​ដំណឹង​ស្នេហា​ថ្មីៗ និង​ផែនការ​ផលិត​ស្ទីល​ប្លែកៗ ក្នុង​ពិភព​ចម្រៀង​ក្នុង​ឆ្នាំ​២០១៤​ខាងមុខ​។ ក្រុម​អ្នកគាំទ្រ ព្យាករណ៍​ថា សុគន្ធ និសា នឹង​ក្លាយ​ជា​តារា​លេចធ្លោ​ជាថ្មី ប្រសិនបើ​យុទ្ធសាស្ត្រ​ដែល​នាង​លើកឡើង ទទួល​ផ្លែផ្កា​ជាទី​ពេញចិត្ត​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

2 Responses to "សុគន្ធ និសា ប្រកាស​ជំហរ​ ២០១៤​"

  1. Anonymous says:

    General stars and Tycoon happy when they hear she said.

  2. Pa Yem says:

    Don’t say yet, Prove it Girl!!!!!!!!!!!!!!!!!!!!