​ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មីបិទផ្លូវ​៩២​កែង​ផ្លូវ​ហាណូយមិនឲ្យ​រថយន្ត​ធុន​ធំធ្វើ​ចរាចរណ៍​ឆ្លងកាត់​​

ដោយ៖​ ឡាយ សា​មាន និង​ ស៊ុន ណារិន​​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋធ្វើការបិទផ្លូវលេខ៩២ មិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍ (រូបថតដោយ ឡាយ សាមាន)

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០​នាក់ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រា​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍​នេះ បាន​នាំគ្នា​បិទ​ផ្លូវ​លេខ​៩២ កែង​នឹង​ផ្លូវ​ហាណូយ មិនឲ្យ​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍ ដោយសារ​ហេតុផល​ណ្តា​ល​ឲ្យ​ខូចខាត​ផ្លូវ​ប៉េតុង និង​ប៉ះពាល់​ដល់​ការរកស៊ី។​

​ប្រជាពលរដ្ឋ​រងគ្រោះ អ្នកស្រី ស៊ឹម សុភាព អាយុ៤៨ ប្រាប់​VOD​ថា ជា​រៀងរាល់ថ្ងៃ រថយន្ត​ធុន​ធំ​ដឹក​ស្ករស ដឹង​ដី និង​ដឹក​ជ្រូក ទម្ងន់​ប្រហែល​៣០​តោន បើកបរ​លើ​ផ្លូវ​នោះ ហើយ​ពេល​ខ្លះ​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​ទៀតផង​។ អ្នកស្រី​បន្ត​ថា ការបិទផ្លូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​មិនឲ្យ​រថយន្ត​ធុន​ធំ​ ធ្វើចរាចរណ៍​ឆ្លងកាត់ និង​ជា​ការស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួសជុល​ឡើង​វិញ​ ៖ “​ប្រជាពលរដ្ឋ​ទ្រាំ​យូរហើយ កាល​ពី​ផ្លូវ​នេះ​នៅ​ស្អាត​ទាំងអស់ ហើយ​ឡាន​គ្រប់​ចម្រុះ​ទាំងអស់ ដឹក​ដី ដី​ទៅ​ផ្លូវ​នេះ អញ្ជឹង​ដល់​ពេល​ថ្ងៃ​ទី​១​នេះ ពូ​នេះ​គាត់​រងគ្រោះ គាត់​អង្គុយ​លើ​កៅអី ដុំថ្ម​ឡាន​ដឹក​ដី​មក ខ្ទាត​មក​ផាំង ដាច់​កៅអី ដាច់​ធ្មិ​ល​តែម្តង ហើយ​ខ្ទាត​រហូតដល់​បុក​នឹង​ជញ្ជាំង ទ្វារ​នេះ​កំប៉ិត អញ្ជឹង​ប្រជាពលរដ្ឋ​មាន​កំហឹ​ង បើ​មាន​សហគមន៍​គាត់​ចូលរួម​ទាំងអស់គ្នា ទៅ​ជា​បិទផ្លូវ​”​។​

​ពលរដ្ឋ​ម្នាក់ទៀត លោក វ៉ាត សិទ្ធ អាយុ២៤ឆ្នាំ មានប្រសាសន៍ថា ពីមុន​ផ្លូវ​លេខ​៩២​នេះ មិន​មាន​ខូចខាត​ទេ តែ​លុះដល់​ឆ្នាំ​២០១៣​នេះ រថយន្ត​ធំៗ​មួយចំនួន បាន​បើក​ចូល​ជា​រៀងរាល់ថ្ងៃ​ បណ្តាលឲ្យ​ខូចខាត​ផ្លូវ​ទាំង​ស្រុង និង​មិន​មាន​ការជួសជុល​ឡើងវិញ​។  លោក​បន្តថា ប្រសិនបើ​អាជ្ញាធរ ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ​មិនមាន​ដំណោះស្រាយ​ទេ​នោះ ពួកគាត់​នឹង​បន្ត​តវ៉ា​បិទ​ផ្លូវ​រហូត​មាន​ដំណោះស្រាយ​ ​៖ "​ផ្លូវ​បាន​ខូច​អស់ហើយ ផ្លូវ​នេះ​ជា​ផ្លូវ​បេតុង ផ្លូវលំ​បេតុង សហគមន៍​៩២ ឥឡូវ​បែរជា​មិនមែន​ជា​ផ្លូវ​សហគមន៍​បេតុង​ទេ ក្លាយ​ជា​ផ្លូវលំ​សហគមន៍ ដែល​ពេល​ភ្លៀង​ម្តងៗ​វា​រអិល ហើយ​វា​ហុយ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវការ​ឲ្យ​ថ្នាក់​ដឹង​នាំ ឬក៏​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ឡានធំៗ​ដែល​ឆ្លងកាត់​នេះ ជួយ​ជួសជុល​ផ្លូវ​ឡើង​វិញ បើ​គ្មាន​ការជួសជុល​ផ្លូវ​ឡើង​វិញ​ទេ ប្រជាពលរដ្ឋ​គឺ​មិន​សុខចិត្ត​ទេ​”​។​

​ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​បិទផ្លូវ​ ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​១០​ព្រឹក​។ អ្នកបើកប​រថយន្ត​ធំៗ បាន​បើក​ត្រឡប់​ទៅ​វិញ នៅពេល​ឃើញ​ពលរដ្ឋ​បិទផ្លូវ​បែបនេះ​។​

​ប្រធាន​ភូមិ​ត្រពាំង​ស្វាយ លោក ជា អៀង មានប្រសាសន៍ថា កន្លងមក​លោក បាន​ចុះ​អនុវត្ត​មិនឲ្យ​រថយន្ត​ធុន​ធំៗ បើក​ចូល​ផ្លូវ​៩២​នេះ ព្រោះ​អាច​ប៉ះពាល់​ដល់​ប្រជាជន​រស់នៅ​ទីនោះ ដោយសារ​ដី​ហុយ និង​ខ្លាច​ខូច​ផ្លូវ​។ លោក​បន្តថា លោកមិនមាន​វិធានការ​លើ​បញ្ហា​នេះ​ទេ អាស្រ័យ​ថ្នាក់លើ សង្កាត់ ​ឬខណ្ឌ​ជាអ្នកដោះស្រាយ​។

​អភិបាល​ខណ្ឌ​សែន​សុខ លោក លី សា​វ៉េ​ត មានប្រសាសន៍ថា ខណ្ឌ​នឹង​មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​ដី​ធំៗ ដែល​បើកបរ​លើ​ផ្លូវ​នេះ​។ លោក​បន្តថា នឹង​មាន​ការជួសជុល​ផ្លូវ​នេះ​នៅ​ខែ​មករា ឆ្នាំ​២០១៤​ ​៖ “​នយោបាយ​របស់​សាលាក្រុង​គឺ​សូម​ឲ្យ​ឃ្លាំង​មក​នៅ​ជាយក្រុង ដល់​ពេល​គេ​មាន​ឃ្លាំង​មក​នៅ​កន្លែង​ហ្នឹងហើយ បើ​យើង​ហាម​មិនឲ្យ​គេ​ចូល​ទៀត គឹ​វា​មិន​ត្រូវ​ទេ យ៉ាង​ច្រើន​យើង​គ្រាន់តែ​ឲ្យគេ​ចូលទៅ ហើយ​គាត់​ធានា​នូវ​ការជួយ​ជាមួយនឹង ខណ្ឌ ជាមួយនឹង​ក្រុង​នេះ​ជួយ ដើម្បី​ធ្វើ​ការជួសជុល​ថែទាំ​ផ្លូវ​នេះ​ទៅ វា​ចប់​ហើយ ព្រោះ​កាលណា​ពួក​ឡាន​ដឹក​ដី កាលណា​គាត់​ដឹក​ទៅ​ផុត​ហើយ គឺ​ផុត​ហើយ បើសិន​ជា​ម្ចាស់​ឃ្លាំង​គឺ​គាត់​ជា​អ្នកទទួលខុសត្រូវ ជាមួយ​យើង​នៅ​ទីនោះ នេះ​គឺ​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ឃ្លាំង​នៅ​ជាយក្រុង​ផង យើង​ត្រូវតែ​សម្រួល​គាត់ ហើយ​ជា​ជំហរ​របស់​សាលាខណ្ឌ ទោះបី​ម្ចាស់​ឃ្លាំង​គាត់​មិន​ជួយ​យើង ក៏​ចាំបាច់​យើង​ត្រូវតែ​ជួសជុល​ផ្លូវ​នេះដែរ​”​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា លោក មិនទាន់​ដឹង​ពី​បញ្ហា​នេះ​នៅឡើយ​ទេ តែ​លោក​ថា សាលា​រាជធានី នឹង​ត្រួតពិនិត្យ​ផ្លូវ​នេះ​។​

​ផ្លូវ​លេខ​៩២​នេះ មាន​ទទឹង​ប្រវែង​៩​ម៉ែត្រ ហើយ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ បាន​សាងសង់​កាលពី​ឆ្នាំ​២០០៨ ដើម្បី​ទុកឲ្យ​ប្រជាពលរដ្ឋ​ធ្វើចរចរណ៍​។ កន្លង​ទៅ​ផ្លូវ​ហាណូយ​ក្នុង​តំបន់​ផ្សារ​ដី​ហុយ រង​ការរិះគន់​ជា​បន្តបន្ទាប់​ពី​ពលរដ្ឋ​ថា ​មិន​មាន​ការជួសជុល​ឡើងវិញ ផ្លូវ​រលាក់ ដី​ហ៊ុយ ធ្វើឲ្យប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​។ ពលរដ្ឋ​លើកឡើងថា ផ្លូវ​ហាណូយ​នេះ រង​ការខូចខាត​ច្រើន ដោយសារ​ការបើកបរ​របស់​រថយន្ត​ធំៗ​៕

សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

 

What Next?

Recent Articles

One Response to "​ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មីបិទផ្លូវ​៩២​កែង​ផ្លូវ​ហាណូយមិនឲ្យ​រថយន្ត​ធុន​ធំធ្វើ​ចរាចរណ៍​ឆ្លងកាត់​​"

  1. pingpong says:

    ១. តើផ្លូវខូចដោយសាររថយន្តធំឆ្លងកាត់???? ដូចមិនគួរអោយជឿទេ!!!
    ២. តើផ្លូវខូចដោយសារ រដ្ឋាភិបាលធ្វើផ្លូវមិនមានគុណភាព???? នេះគួរអោយជឿជាង!!!!
    ៣. ធ្វើផ្លូវគឺដើម្បីអោយយាន្តយន្តទាំងអស់ធ្វើដំណើរឆ្លងកាត់!!! ហេតុអ្វីមានផ្លូវមិនអោយរថយន្តដឹកទំនិញធំៗឆ្លងកាត់ អញ្ចឹងធ្វើផ្លូវធ្វើអ្វី??? តើទំនិញដឹកជញ្ជូនតាមរបៀបណា???
    ៤. ផ្លូវចេះតែខូច ធ្វើហើយធ្វើទឿត ប្រជារាស្រ្តគួរប្តឹងសាលាក្រុងភ្នំពេញ អំពីបទពុករលួយ!!!!! កុំមកឈ្លោះគ្នាឯង!!!