ព័ត៌មានស៊ើប​អង្កេត៖ ការដឹកជញ្ជូនជនប្លែកមុខ និងជនបរទេស ទៅបោះឆ្នោត​

ដោយ៖​ ណាត សុភាព, សំពៅ ពិសិទ្ធិ និង អ៊ឹង ប៊ុន​ថន​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ ​បាន​កន្លងផុតទៅ ដោយ​បន្សល់ទុក​​នៅ​ភាពមិនប្រក្រតី​មួយ​ចំនួន​​ ដែល​កើតឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត នៅ​តាម​​បណ្តា​​ខេត្ត​មួយចំនួន​។

​ករណី​ដែល​ត្រូវបាន​រកឃើញ   នៅ​ឃុំ​ចំនួន​​ពីរ  ក្នុង​ខេត្ត​ព្រៃវែង គឺ​ឃុំ​ពាម​រក៍ និង​ឃុំ​ក្តឿង​​រាយ ដែល​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ករណី​ស្រដៀង​គ្នា​នេះ​​ជា​ច្រើន នៅតាម​ខេត្ត​មួយចំនួនទៀត​។ ​ប្រជាពលរដ្ឋ ​ឲ្យដឹងថា មាន​ភាពមិនប្រក្រតី​មាន ដូចជា ការដឹកជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មក​ពី​​បណ្តា​ខេត្ត​ផ្សេងៗ មក​បោះឆ្នោត​នៅក្នុង​ភូមិ​-​ឃុំ​មួយ​ចំនួន​​ក្នុង​ខេត្ត​ព្រៃវែង​។ ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិន​ឲ្យ​បោះឆ្នោត​។ ការ​ប្រើ​​ហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត និង​មន្ត្រី​ក្នុង​ការិយាល័យ​​បោះឆ្នោត​មួយចំនួន​លំអៀង​ទៅ​បក្ស​កាន់​អំណាច​ ជា​ដើម​។​

ការដឹកជញ្ជូន​ជន​មិន​ស្គាល់​មុខ​មក​ពី​តំបន់​មួយ​ទៅ​ បោះឆ្នោត​​នៅក្នុង​តំបន់​មួយទៀត គឺជា​ភាពមិនប្រក្រតី​មួយ​ក្នុងចំណោម​ភាពមិនប្រក្រតី​ជាច្រើន ដែល​​​​​​នាំ​​ឲ្យ​មាន​បណ្តឹង​ចំនួន​ជាង​មួយ​ម៉ឺន ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បាន​បន្ទាប់ពី​ការបោះឆ្នោត​។ របាយការណ៍​ស៊ើបអង្កេត​ខាងក្រោម​នេះ​នឹង​​បង្ហាញ​អំពី​ថា​តើ ជន​មិន​ស្គាល់​មុខ​ពី​តំបន់​ផ្សេង​អាច​បោះឆ្នោត​បាន​ដោយ​របៀប​ណា​? ហើយ​ថា​តើ​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​បាន​ស្នើឲ្យ​ទៅ​បោះ​ឆ្នោត​​នៅក្នុង​ តំបន់​នោះ​?

​ការដឹកជញ្ជូន​ជន​ប្លែក​មុខ​និង​ជនជាតិ​វៀតណាម ទៅ​បោះឆ្នោត​ក្នុង​ការិយាល័យ​ដែល​ពួកគេ​មិន​បាន​ចុះ​ឈ្មោះ​ជា​មុន​

ការដឹកជញ្ជូន​​អ្នកបោះឆ្នោត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ លើកឡើងថា ក្រុមមនុស្ស​ដែល​គេ ដឹក​យក​មក​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ មាន​ប្រមាណ​ជា​៩៥​​ភាគរយ​។ បន្ទាប់​ពី​បោះឆ្នោត​រួចហើយ គេ​សង្កេតឃើញថា ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ទាំង​នោះ ក៏​ប្រញាប់ប្រញាល់​នាំគ្នា​ចាកចេញ​ទៅ​វិញ​​ភ្លាមៗ ដោយ​មាន​រថយន្ត​រង់​ចាំ​ដឹក​ត្រឡប់​ទៅ​វិញ​រួចជាស្រេច​។

​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់ រស់នៅ​ភូមិ​ក្រូច ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ពួកគាត់​ឃើញ​ឡាន​ឈ្នួល និង​ឡាន​សេរី​ទំនើប ជាច្រើន​គ្រឿង ដឹក​ជន​ប្លែក​មុខ និង​ជនជាតិ​វៀត​ណាម​រាប់រយ​នាក់ ឲ្យមក​បោះឆ្នោត នៅ​ការិយាល័យ​ភូមិ​ក្រូច ភូមិ​តា​ណា​ល និង​ការិយាល័យ​ភូមិ​ក្តឿង​រាយ​ជាដើម៖ "((ឡានតូចៗ​ពេញ នឹង​ទាំង​អស់ អា​ឡាន​​ធំ​នឹង​បី ឡាន​តូ​រី​សនឹង )) រាល់​ឆ្នាំ​អត់​មាន​ក្រុម​ការងារ​ផង​អាណត្តិ មុនៗ​អត់​មាន​មនុស្ស​បោះ​ផង​នឹង ដល់​ពេល​អាណត្តិ​ហ្នឹង​សុទ្ធ​តាម​នុស្ស​ហ្ម​ង សុទ្ធ​តា​ក្រុមការងារ​មែន​តែ​មាន​យួន​មក​ទៀត ក្រុម​ការងារ​នៅ​ហ្នឹង​គេ​ដឹង​ទាំងអស់​នឹង សុទ្ធ​តា​យួន​ច្រើន​ជិះ​ម៉ូតូ​ផង ឡាន​ផង ចូល​មក​បោះ​អាណា​ចូល​បាន​ចូល អាណា​ចូល​មិន​បាន​នៅ​ក្រៅ នឹង​ទៅ ស្មាន​ទៅ​ប្រហែល​៣០-៤០​សិប​នាក់​ដែរ អា​នឹង​គ្រាន់តែ​អ្នកឃើញ​ទេ​ណា ប៉ិន​តា​អ្នក មិន​បាន​ឃើញ​មិនដឹង​ប៉ុន្មាន​នាក់​ទៀត ខ្ញុំ​ឮ​តាម​គេ គេ​ថា​ម៉ា​ឃុំ​ក្តឿង​រាយ​ប្រមាណ​៧០០​នាក់​តាម​គេ​និយាយ គេ​ថា​គេ​អោយ​យួន​ចូលមក​ហ្នឹង ))​"។​

ស្រី្ត​ម្នាក់ទៀត  ដែល​នៅក្នុង​ហេតុការណ៍​ផ្ទាល់ សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ថែមថា ​៖ “​ដល់​ពេល​ខ្ញុំ​ចូល​ទៅ មិនទាន់​បាន​ចូល​ផង​ស្រាប់​វា​គៀង​ចូល​ទៅ​មុន​ខ្ញុំ ចូល​មុន​ខ្ញុំ ខ្ញុំ​ថា ពូ​ឯង​មក​ក្រោយ​គេ​ថី​បាន​ពូ​ឯង​ចូល​មុន​ខ្ញុំ។ ខ្ញុំ​ចូល​ស្មើ​ណា​ក៏​បាន​ដែរ​ស្រេច​តែ​ខ្ញុំ ខ្ញុំ​ប្រញាប់​ទៅ​បោះ​នៅ​ឧដុង្គ​ទៀត។ ទៅ​បោះ​ឧត្តុង្គ​ទៀត​​ប្រាប់ចឹង​ហ្មង ខ្ញុំ​ប្រញាប់​​ទៅ​បោះ​នៅ​ឧត្តុង្គ​ទៀត​ខ្ញុំ​បោះ​អោយ​ហើយ​”​។​

​ អ្នកសង្កេតការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​តា​ណា សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា នៅក្នុង​ការិយាល័យ​​របស់គាត់ មិន​មាន​ជនជាតិ​វៀតណាម​បោះ​ឆ្នោត​ទេ​។ លោក​ថា ជន​ប្លែក​មុខ ដែល​​មក​បោះឆ្នោត​ទាំង​នោះ គឺជា​ជនជាតិ​ខ្មែរ នឹង​​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មកពី​បណ្តា​ខេត្ត​ផ្សេងៗ ប្រមាណ​ជាង​១០​នាក់ ចូល​មក​បោះឆ្នោត​នៅក្នុង​ការិយាល័យ ក្នុង​ឃុំ​ក្តឿង​រាយ ​៖ "និយាយ​ទៅ​ធូរ​តា​​ការិយាល័យ​​ខ្ញុំ​មួយគត់ ដែល​មិន​ញ៉េញ៉ៃ​អី មាន​​តា​ក្រុម​ការ​ងារ​​ចុះ​ពង្រឹង​តាម​ភូមិ​ហ្នឹង​មាន ភូមិ​ខ្ញុំ​នឹង​វា​១៦​នាក់ ប៉ុន្តែ​តាបោះ​បាន​ប៉ុន្មាន​ទេ បោះ​បាន​១១​នាក់ ។ នៅក្នុង​សាលា​ជាប់ៗ​គ្នា​ចឹង វា​មាន​ហើយ វា​ឮថា​មិនបាច់​ដើរចេញ​បាន​ណាស់ ខ្ញុំ​វា​នៅ​តា​ក្នុង"។​

​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ សន៌ នៅ​ច្រកទ្វា​អន្តរជាតិ​​ព្រៃ​វល៌្ល ខេត្ត​ស្វាយរៀង​ លោក ប៉ាង ឡេង ព្រមទាំង​ក្រុម​ការងារ​ជាច្រើន​នាក់​ទៀត បាន​បដិសេធ​​​​មិន​ព្រម​ផ្តល់​បទ​សម្ភាសន៌ ជុំវិញ​មូលហេតុ​ដែល រូបលោក​និង​ក្រុមការងារ ដែល​ត្រូវ​គេ​បញ្ជូន​អោយទៅ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​នោះ​ទេ​។ លោក​បញ្ជាក់ថា ពាក់​ពន្ធ័​បញ្ហា​នេះ​ថ្នាក់លើ បាន​ធ្វើរ​បាយ​ការណ៌ និង​ផ្តល់​ពត៌មាន​ទៅ​ក្រសួង​រួចរាល់​អស់ហើយ​។ ម្យ៉ាង​ទៀត​ថ្នាក់លើ​មិន​​អនុញ្ញាត​​ឲ្យ​គាត់​ផ្តល់​ការសម្ភាសន៍​ដល់​អ្នក​ សារព័ត៌​មាន​ទៀតផង​។​

​មេឃុំ​ក្តឿង​រាយ លោក ប៉ែន ថុន បដិសេធ​ការលើកឡើង​ដែល​ថា​មាន​ឡាន​ដឹក​ជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម ​ឲ្យទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័​យ​​មួយចំនួន ក្នុង​ឃុំ​នេះ​។ លោក​​បញ្ជាក់ថា អ្នក​ទាំងនោះ ជា​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មក​ពង្រឹង នឹង​ធ្វើ​ការអភិវឌ្ឍ​​​នៅ​ឃុំ​​នោះ​ ៖ "សុទ្ធ​តា​យួន សុទ្ធ​តា​អី មិន​មែន​ទេ​ជា​ក្រុមការងារ លោក​​ចុះ​មក​បេសកកម្ម ឲ្យ​​តា​ជា​ប្រជាពលរដ្ឋ ឲ្យ​តា​មាន​អត្តសញ្ញាណ​បណ្ណ័​ជា​សញ្ជាតិ​ខ្មែរ គឺ​​មាន​សាក្សី​២​នាក់​គឺ ខ្ញុំ​ជា​អាជ្ញាធរ​ឃុំ​នឹង គឺ​ខ្ញុំ​ចុះបញ្ជី​ស្នាក់នៅ​អោយ​គាត់​បាន ចឹង​គាត់​មាន​សិទ្ធិ​បោះឆ្នោត​កន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​យើង​បាន​ចុះ​អោយ​គាត់​រួច​ស្រេច​ហើយ បើ​៧-៨​​ខែ​កន្លង​មក​ហើយ ហើយ​យើង​ធ្វើការ​ជាមួយ​គ្នា ជាមួយនឹង​គណ​បក្ស​​សិទ្ធិមនុស្ស គណបក្ស​​សម​រង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជនកម្ពុជា​ យើង​ចុះ​ឈ្មោះ​អោយ​គាត់ មិនមែន​ដូច​ជន​មួយចំនួន​មក​​ចោទប្រកាន់ថា សុទ្ធ​តា​អ្នក​ប្លែក​មុខ​ប្លែក​មាត់​អី សុទ្ធ​​តា​យួន​សុទ្ធ​តា​អី​មិនមែន​ទេ​នែ នេះ​គឺជា​ក្រុម​ការងារ​ហើយ​ខ្មែរ​សុទ្ធសាធ ដែល​លោក​មក​បោះឆ្នោត​ទី​នេះ"។​

ឆ្លើយតប​នឹង​ករណី​នេះ​ដែរ ពលរដ្ឋ​នៅ​ឃុំ​ក្តឿង​រាយ​និយាយថា ៖ "ខ្ញុំ​អត់​យល់​​ស្រប ខ្ញុំ​ជា​ប្រជាពលរដ្ឋ ហើយ​​បើ​ថា​អ្នកឯង ឧទាហរណ៌​អាឡូវ​ក្រុមការងា​រណា៎ ក្រុម​​ការងារ​ប៉ុន្មាន​​​រូប ដែល​ចុះ​មក​បេសកកម្ម​នៅក្នុង​ឃុំ​ខ្ញុំ​​ណា៎ ឲ្យ​ដឹង​ចំនួន​ហើយ​បោះ​ការិយាល័យ​ណា ឲ្យ​​ប្រជាពលរដ្ឋ​គេ​ដឹង ចំនួន​ប៉ុន្មាន​នាក់ ប្រជុំ​​តា​១​ថ្ងៃ​ទៅ​គេ​ដឹង​បាត់​ទៅហើយ ​ប្រជាពលរដ្ឋ​គេ​គាំទ្រ ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ហើយ​ចុះ​ការិយាល័យ​ណា គេ​មិន​ធ្វើ​អន្តរាគមន៍​ទេ ប៉ិន​តា​ឯង​មក​មិន​ដឹង ពី​ណា​​ពីណី​ផង ប្រជាពលរដ្ឋ​គេ​មិន​ដឹង​ផង គេ​មិន​​ឆោឡោ គេ​ចង់​ដឹង​សន្លឹកឆ្នោត​គេ​ដែរ"។

ពលរដ្ឋ ​នៅ​ឃុំ​ក្តឿង​រាយ សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ក្រោយពី​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ ពុំ​ឃើញ​មាន​ជន​​ប្លែក​​មុខ និង​ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​នោះ​ទៀត​ទេ​ ​៖ "ហឺ​មិន​សម បើ​មិន​ដែល​ឃើញ បោះ​ហើយ​ទៅ​បាត់​សូន្យ តាំង​ពី​ហ្នឹង​មក​មិន​ដែល​ឃើញ មុខ​ម៉េច​ផង​ពួក​នេះ​។ មក​តា​មេ​ធំ​ធ្លាប់​ទិញ​ដី​នៅ​នឹង​ផង​មេ​ធំ កូនចៅ​អត់​ដែល​ឃើញ​មក​ទេ។ ​ស្ងាត់​សូន្យ​ដល់​ឥឡូវ បើ​តាម​គេ​អ្នក​អង្កេត​ការណ៏​កត់​ត្រួ​សៗ​​ដែរ​​បាន​​នឹង​​១០០​ជាង អ្នក​បាន​​បោះ​​ហើយ បើ​មិន​ទាន់​បាន​បោះ​តាម​ស្តាប់​ទៅ​ប្រហែល​ចូល​២០០​​អី​នឹង​យ៉ាង​"។

ដើម្បី ​បញ្ជាក់​ពី​បញ្ហា​នេះ​អ្នក​ព័ត៌មាន​បាន​ចុះ​ទៅ​ផ្ទាល់ ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់រោរ៍ ខេត្ត​ស្វាយរៀង ដែល​សាក្សី អះ​អាង​ថា នគរបាល​មួយ​ចំនួន​នៅ​តំបន់​នោះ បាន​មក​បោះឆ្នោត​នៅ​ខេត្ត​ព្រៃវែង​។​

បុរស ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែល​មានផ្ទះ​នៅ​ជាប់​នឹង​មាត់​ច្រក​ ព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍​នេះ បានអោយដឹងថា នៅ ក្នុង​ថ្ងៃ​បោះ ឆ្នោត គាត់​បាន​ឃើញ​​នគរបាល​អន្តោ​ប្រវេ​សន៌​ច្រក​ព្រៃវ​ល៌្ល​មួយចំនួន {​មិន​ចាំ​ពី​ចំនួន​}​មិនឃើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ជា​មួយ គាត់​ទេ ៖ "ថ្ងៃ​បោះឆ្នោត​ខ្ញុំ​ទៅ​បោះ​ឆ្នោត ខ្ញុំ​ឃើញ​តែ​អ្នក​ដែល​ប៉ូលិស​ដែល​គេ​នៅ​ក្នុងស្រុក​ហ្នឹង គេ​មក​​បោះ​ឆ្នោត តែ​អ្នក​គេ​ផ្សេងៗ​មិន​ដឹង​ថា ​ស្រុក​​គេ​នៅ​ណា ខ្ញុំ​អត់​ឃើញ​មាន​មក​បោះ​ឆ្នោត​នៅ​នឹង​ទេ​បង) VOD​[​ហើយ​អ្នក​ដែល​ផ្ទះ​​គេ​នៅ​ស្រុក​នឹង គឺ​ផ្ទះ​គាត់​នៅក្នុង​ឃុំ​នឹង​តែម្តង​]( បាទ បាទ នៅក្នុង​ឃុំ​នឹង​តែម្តង)"។​

​ចំណែក​បុរស​ម្នាក់​ទៀត​ដែល​សុំ​មិន ​បញ្ចេញ​ឈ្មោះ​ដែរ តែ​រស់នៅ​ក្បែ រ​ច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃ​វ​ល៌្ល ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា នគរបាល​​អន្តោ​ប្រវេសន៍​​ព្រៃ​វ​ល៌្ល ដែល​​មាន​ទីលំនៅ​ឯ​​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ពិតជា​មិន​បាន​នៅ​បោះឆ្នោត​ជាមួយនឹង​អ្នកស្រុក​ដែល​ជា​កន្លែង​ធ្វើការ​ របស់គេ នៅ​ច្រក​ទ្វារ​​ព្រំ​ដែន​ព្រៃ​វល៌្ល​នេះ​នោះ​ទេ​ ៖ "អើ​ខ្ញុំ​សង្កេតឃើញថា ក្នុង​ថ្ងៃ​បោះឆ្នោត​ហ្នឹង ឃើញ​ប៉ូលិស​អន្តោ​ប្រវេ​សន៍​​ដែល​មាន​ទីលំនៅ នៅ​ក្បែរ​ភូមិ​ឃុំ​នឹង​គឺថា​មក​​បោះ​ឆ្នោត ប៉ុន្តែ​បើ​អើ​ខាង​ប៉ូលិស​​អន្តោ​ប្រវេ​សន៍ដែល​នៅ នៅក្នុង​អើ​ឃុំ​ស្រុក ឬ​ក៏​នៅ​តាម​ភ្នំពេញ​ខ្ញុំ​មិន​​បានដឹងថា គាត់​ទៅ​បោះ​នៅ​អើ​កន្លែង​ណា​នោះ​ទេ ព្រោះ​ថា​ថ្ងៃ​បោះឆ្នោត ខ្ញុំ​មិន​បាន​ឃើញ​គាត់​​មក​បោះ​ឆ្នោត​នៅក្នុង​ភូមិ​ឃុំ​នឹង​នោះទេ) VOD [​ចុះ​ដឹងថា​គាត់​ទៅ បោះ​នៅ កន្លែង​ណា​ទេ​?] ( អើ​ខ្ញុំ​មិន​ដឹង​ដែរ មិនដឹងថា​គាត់​ទៅ​បោះ នៅ​កន្លែង​ណា​អាច​គាត់​បោះ​នៅក្នុង​ទីកន្លែង ឬ​ក៏​ស្រុក កំណើត របស់​គាត់​នៅ)"។

​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​​ព្រំដែន​អន្តរ​ជាតិ​ព្រៃ​ វល៌្ល បានទទួល​ស្គាល់​ថា កូនចៅ​របស់​លោក​មួ​យ​ចំនួន​ពិតជា​បាន​ទៅ​​បោះ​ឆ្នោត នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ​ពិតមែន ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​​ព័ត៌មាន​បន្ថែម​លើសពីនេះ​នោះទេ ដោយ​លោក បញ្ជាក់​ថា ថ្នាក់លើ​ហាម​មិន​អោយ​និយាយ​អ្វី​​ទាំងអស់​។​

​មន្ត្រី​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជៀ​ច លោក លុន សុវណ្ណ បានបញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ជាច្រើន​ពាក់​ពន្ធ័​នឹង​ករណី​ការដឹកជញ្ជូន​ជន​ ប្លែក​មុខ​អោយ​មក​បោះឆ្នោត​នេះ ហើយ​ក៏​ធ្លាប់​ត្រូវបាន​គេ​ហៅ​ទៅ​ដោះស្រាយ​ចំនួន​២​ដង​ផងដែរ ( ពាក្យបណ្តឹង​នឹងដាក់​ទៅ​ច្រើន​​ដែរ ហៅ​ទៅ​ដោះស្រាយ​ប្រមាណ​២​ដង​។

យោង ​តាម​ខ្លឹមសារ​នៃ​ច្បាប់​បោះឆ្នោត គឺ​ជនបរទេស​មិន​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខ្មែរ​ឡើយ​។ ចំណែក​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះ​ឆ្នោត​​ក៏​​បាន​​កំណត់​​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​កន្លែង​ណា​ត្រូវតែ​បោះឆ្នោត​​នៅ​កន្លែង​នោះ ប៉ុន្តែ​ផ្ទេរ​ឈ្មោះ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ផ្សេង​បាន ប្រសិន​បើ​មាន​ការឯកភាព​ពី​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​អនុវត្ត​កិច្ចការ​ នេះ​។​

​ករណី​ដឹក​ដឹកជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​​ទៅ​បោះឆ្នោត​នេះ ​មិនមែន​មាន​តែ​ឃុំ​ក្តឿង​រាយ​មួយ​​ទេ​។ នៅ​ឃុំ​ពាមរក៌ ស្រុក​ពាម​រក៌ ឯណោះ​វិញ ក៏​មាន​មណ្ឌលបោះឆ្នោត​ចំនួន​៥ មាន​​ការិយាល័យ​​បោះឆ្នោត​ចំនួន​​៩ ត្រូវបាន​ពលរដ្ឋ​នៅក្នុង​​ភូមិ សង្កេត​ឃើញ​​មាន​​សកម្ម​ភាព​​ដឹក​ជញ្ជូន​​អ្នក​​បោះ​ឆ្នោត​​ពី​តាម​ផ្ទះ យក​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​​បោះឆ្នោត ស្ទើរតែ​គ្រប់​ភូមិ​ទាំងអស់​ក្នុង​ឃុំ​ពាមរក៌​។

​ថ្វី​បើ​ ការដឹកជញ្ជូន​មនុស្ស​យក​ទៅ​បោះឆ្នោត​ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​​ផ្សេងៗ​ទៀត ដែល​ច្បាប់​បោះឆ្នោត បាន​ហាមឃាត់ ប៉ុន្តែ​ក្នុង​ថៃ្ង​​បោះ​ឆ្នោត​ជាក់ស្តែង គេ​ពុំ​ឃើញ​​មាន​មន្ត្រី គ​.​ជ​.​ប ណា​​ម្នាក់ ប្រតិកម្ម ឬ​ហាមឃាត់​សកម្មភាព​ទាំងនោះ​ទេ​។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាទី ឃុំ​ពាម​រក៌ ខេត្ត​ព្រៃវែង លោក ចាន់ តុលា អាយុ​៣១​ឆ្នាំ និយាយថា មាន​ម៉ូតូ​កង់​៣ ដើរ​ដឹក​មនុស្ស​នៅ​តាម​ភូមិ​មួយ​ចំនួន ក្នុង​​ឃុំ​ពាមរក៌ យក​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​មួយចំនួន​ក្នុង​ឃុំ​របស់​គាត់ ហើយ​សកម្មភាព​ដឹកជញ្ជូន​នេះ គឺ​រៀបចំឡើង​ក្រោម​ការបញ្ជា​របស់​មេភូមិ​ ​៖ "ឃើញ​មាន​គេ​អើ​… មេភូមិ​អី​នឹង​គេ​អោយ​រឺ​ម៉កក​ង់​៣​នឹង អោយ​ដឹក​សមាជិក​ដូច​ជនជាតិ​វៀតណាម ខ្មែរ​យើង​អី​នឹង មក​បោះឆ្នោត​…មើល​ទៅ​វា​​មិន​​ច្រើន​ប៉ុន្មាន​អី​ទេ ប្រហែល​១០ ទៅ​២០​នាក់​​អីអញ្ចឹង មាន​ជនជាតិ​វៀតណាម មាន​ខ្មែរ​យើង​ដែរ​… ដឹក​ម្តង​៣-៤-៥ នាក់​អី​នឹង ពេលព្រឹក ពេល​ម៉ោង​បាយ ម៉ោង​​អី​នឹង"។

ពលរដ្ឋ ​ម្នាក់ទៀត​នៅ​ឃុំ​ពាមរក៌ ខេត្ត​ព្រៃវែង លោក ផាត់ ឈុំ ដែល​បាន​តាមដាន​ពី​ដំណើរការ​បោះឆ្នោត​នៅក្នុង​ឃុំ​នេះ បាន​លើកឡើង​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​​សកម្មជន​​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​​ដឹក​ជញ្ជូន​មនុស្ស​នៅក្នុង​ភូមិ​បាទី និង​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៌ យក​ទៅ​បោះឆ្នោត​នៅក្នុង​ឃុំ​មួយ​នេះ​ពិតមែន​ ៖ "នៅក្នុង​ឃុំ​របស់​ខ្ញុំ គឺ​ដឹក​តាម​ភូមិ​ហ្មង មេភូមិ​​គេ​មាន​គណៈកម្មការ​របស់​​គេ នៅ​មេភូមិ​គណបក្ស​ប្រជាជន​នឹង គេ​ដឹក​តាម​ភូមិ​ហ្មង មក​បោះ​​ដោយ​មាន មិនមែន​មេភូមិ​ទេ​គឺ​សមាជិក សកម្មជន​របស់​គេ​គ្រប់​ភូមិ នៅក្នុង​ឃុំ​ពាម​រក៌​របស់​យើងខ្ញុំ​ទាំង​៥​ភូមិ​នឹង មាន​សកម្មជន​របស់​គេ​ដឹក​ទាំង​៥​ភូមិ​ហ្មង ដឹក​ដើម្បី​យក មក​ទាំង​អ្នក​ចាស់ជរា ជួល​កាល​មិន​មាន​ទាំង​ឯកសារ​ពិតប្រាកដ​ក៏​គេ​ដឹក​យក​មក​ដែរ ក្នុង​ឃុំ របស់​យើងខ្ញុំ​មាន​ការដឹកជញ្ជូន​ភាគ​ច្រើន​នឹង​គ្រប់​អាណត្តិ"។

​ មេឃុំ​ពាមរក៌ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក អឿ លុច ទទួលស្គាល់​ដែរ​ថា គឺ​ពិតជា​មាន​សកម្មភាព​ដឹកជញ្ជូន មនុស្ស​ទៅ​បោះឆ្នោត​មែន ប៉ុន្តែ​លោក​​​អះអាងថា គឺ​គេ​ដឹក​តែ​ជន​ចាស់​ជរា​ដែល​ធ្វើដំណើរ​​ទៅ​ដោយ​ខ្លួនឯង​មិនកើត​តែប៉ុណ្ណោះ ​ ៖ "មិន​ជា​ច្រើន​ប៉ុន្មាន​ទេ​ដឹក​នឹង បាទ​តិច​ទេ បើ​និយាយ​វា​​ភាគរយ វា​តិច​បំផុត ក្នុង​១​ភូមិ​ចាស់ជរា​ប្រហែល​៤-៥​នាក់​ប៉ុណ្នឹង"។

លោក អឿ លុច បានបញ្ជាក់​ថា ការដឹកជញ្ជូន​នោះ​គឺ​មិនមែន​គណបក្ស​ជា​អ្នក​ដឹក​នោះទេ គឺ​ខាង​អាជ្ញាធរ​ជា​អ្នករៀបចំ ដែល​ក្នុង​១​ភូមិ​មាន​ម៉ូតូ​២​គ្រឿង​ប៉ុណ្ណោះ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចាស់ជរា ឬ​អ្នក​មាន​ជំងឺ​​ពិបាក​ធ្វើ​ដំណើរ​ទៅ​បោះ​។ លោក​ថា ការដឹក​នោះ​មិន​ប្រកាន់​និន្នា​ការ​​គណបក្ស​នោះ​ទេ​។​

ប្រធាន​ គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ឃុំ​ពាមរក៌ លោក អ៊ុង ឆ​វីរៈ ទទួលស្គាល់​ដែរ​ថា ពិតជា​មាន​ការដឹកជញ្ជូន​មនុស្ស​យក​ទៅ​បោះឆ្នោត​ពិតមែន នៅក្នុង​ឃុំ​នេះ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា ក្រុម​អ្នក​ដឹក​ទាំង​នោះ​ជា​មនុស្ស​ខាង​ណា​នោះទេ គឺ​លោក​គ្រាន់តែ​ដឹងថា ការដឹក​នោះ​គឺ​គេ​ដឹក​តែ​ជន​ចាស់​ជរា ដែល​មិនអាច​ធ្វើដំណើរ​ទៅ​បោះឆ្នោត​បាន ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​រូបភាព​នៃ​ការដឹក​ក៏​មិន​មាន​ច្រើន​នោះដែរ​ ៖ "ខ្ញុំ​យល់ឃើញថា ការ​ដឹក​ជញ្ជូន​​ហ្នឹង​​ គឺ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ជន​ចាស់ជរា ដែល​គាត់​មិន​អាច​ទៅ​បោះ​បានចឹង អញ្ចឹង​​​មានការ​ដឹក​ទៅអោយ​គាត់​បោះ​ បើ​តាម​ខ្ញុំ​ដឹង តែ​ប៉ុណ្នឹង​ទេ​! អើ​ជា​លក្ខណៈ​តិចតួច​ទេ អា​នេះ​បើ​ខ្ញុំ​ស្តាប់​មើល​ទៅ​ដូច​ជា​គ្រួសារ អីចឹង​ណាស់  ហើយ​ខ្ញុំ​មិន​អាច​ដឹង​ថា​ខាង​ណា​គេ​ដឹក​ទេ ព្រោះ​ខ្ញុំ​អត់​ស្គាល់​ដែរ"។

​ អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា ការដឹកជញ្ជូន​ជន​ប្លែក​មុខ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ដឹក​អ្នក​នៅ​ក្នុង​ភូមិ​-​ឃុំ មួយ ទៅ​ភូមិ ឃុំ​មួយ​ទៀត ក៏ដោយ បើ​ការ​ដឹកជញ្ជូន​នោះ មាន​ការរៀបចំ​ទុក​របស់​គណបក្ស​ណាមួយ​គឺ​ខុសច្បាប់  ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ពិន័យ​ជា​ប្រាក់ ឬ​ដក​សិទ្ធិ​បុគ្គល​​នោះ​មិន​ឲ្យ​បោះឆ្នោត ​៖ "ឧបមា​ថា យើង​ផ្ទះ​នៅ​ជិត​​គ្នា យើង​ទៅ​បោះឆ្នោត​ជិះឡាន​ទៅ​ជាមួយ​គ្នា​អត់​អី​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ប្រមូលប្តុំ មួយ​ដុំ​គ្នា ២០-៣០​នាក់ ហើយ​ដឹក​គេ​មក អាហ្នឹង​​ខុស​ហើយ​បាទ បើ​យើង​ឃើញ​ទៅ​ទាន់​កំពុងតែ​ដឹកជញ្ជូន​យើង​ហាមឃាត់ បាទ​ហើយ​ក្នុងករណី​គាត់​នៅ​តែ​បំពាន​​នៅ​ថ្ងៃ​ហ្នឹង​ទៀត គឺ​យើង​អាច​ពិន័យ​ជា​ប្រាក់ ឬ​ក៏​ដកហូត​សិទ្ធិ​បោះឆ្នោត​អីចឹង​"​។​

​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា ​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា តាម​ច្បាប់​បោះឆ្នោត មិន​អនុញ្ញាត​ឲ្យ​មាន​ការដឹ​ក​ជញ្ជូន​ជន​ណាមួយ​ទៅ​បោះឆ្នោត​ទេ​។ លោក​ថា បើ​មាន​ករណី​នេះ​មែន​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាម​ច្បាប់​ ៖ "ខុស ខុសច្បាប់ ច្បាប់​គេ​ហាម​​មិនឲ្យ​​មាន​ការដឹកជញ្ជូន​ទេ​ណា៎ គ​.​ជ​.​ប គេ​​អាច​ដាក់​ទោសពិន័យ​ទៅលើ​អ្នក គណបក្ស​នៅ​ពីក្រោយ​ខ្នង ហើយ​ក្នុង​ការដឹកជញ្ជូន​អ្នកបោះឆ្នោត គេ​អាច​​ដាក់ទោស ទោស​នោះគេ​អាច​ដក​សិទ្ធិ​បោះ​ឆ្នោត ដកសិទ្ធិ​ឈរឈ្មោះ ឬក៏​ផាកពិន័យ"​។​

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ត្រូវបាន​គេ​ដឹកយក​ទៅ​បោះឆ្នោត​នៅ​តំបន់​នោះ​?

មេឃុំ ​ក្តឿង​រាយ​លោក ប៉ែន ថុន បានបញ្ជាក់​ថា ជន​ប្លែក​មុខ​ដែល​ចូល​ទៅ​បោះឆ្នោត​នៅក្នុង​ឃុំ​ក្តឿង​រាយ គឺ​សុទ្ធតែ​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​បេសកកម្ម​ចុះមក​ជួយ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ពេល​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​នេះ ហើយ​ដោយសារ​តែ​មិន​អាច​វិលត្រឡប់​ទៅ​បោះឆ្នោត​នៅ​ភូមិ​-​ឃុំ​របស់​ខ្លួន​វិញ ​បាន ទើប​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​នេះ​តែម្តងទៅ​ ៖ "ក្រុមការងារ​គាត់​ចុះមក​ការពារ​សន្តិសុខ ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នៅពេល​ដែល​បោះឆ្នោត ក្រុម​ការងារ​គឺ​គាត់​ចុះ​មក​ពី​ក្រសួង គាត់​ចុះមក​ការពារ​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​ឃុំ ហើយ​ទើប​គាត់ កាលណា​ដែល​គាត់​ចុះមក គឺ​គាត់​មិន​អាច​ត្រឡប់​ទៅវិញ ទៅ​បោះឆ្នោត​នៅ​នុង​បានទេ ចឹង​គាត់​ចុះ​បេសកកម្ម​នៅ​ទីនេះ គឺ​គាត់​ចុះ​ឈ្មោះ​នៅ​ទីនេះ បោះ​ឆ្នោត​នៅ​ទីនេះ"។​

​ទាក់ទង​នឹង​ ករណី​នេះ ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភូមិ​ចា​ជ្រំ ឃុំ​ក្តឿង​រាយ អះអាងថា ការដឹកជញ្ជូន​ជន​ប្លែក​មុខ​អោយ​មក​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​​រាយ ដោយសារ​គេ​ដឹងថា ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​នេះ​ភាគច្រើន ចង់​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ថ្មី ៖ "​គេ​ដឹងថា​នៅ​ភូមិ​ខ្ញុំ​នឹង គ្មាន​គេ​ចង់​បាន​ក្បាលម៉ាស៊ីន​ថ្មី អញ្ចឹង​​គេ​អត់​ពេញចិត្ត​នឹង​ក្បាលម៉ាស៊ីន​នឹង ចឹងគេ​ដឹងថា​ក្នុងភូមិ​ខ្ញុំ​ចង់បាន​ក្បាលម៉ាស៊ីន​ថ្មី គេ​យក​សំឡេង​មក​ដើម្បី​លុប​លំ​ឡេង​ពួក​ខ្ញុំ​ហ្នឹង"។

តំណាង​ គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ាន់ ហ៊​ន់ មានប្រសាសន៍ថា មាន​ជន​ប្លែក​មុខ​ជាច្រើន​នាក់ បាន​ចូល​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​នានា ក្នុង​ឃុំ​ក្តឿង​រាយ​។  ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​ឃុំ​ក្តឿង​រាយ​ទាំងមូល​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤៤០៣​សំឡេង គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​២៥៨៦​សំឡេង ប៉ុណ្ណោះ​។​

ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិន​ឲ្យ​បោះឆ្នោត

​ ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ណា​ល និង​ភូមិ​ក្តឿង​រាយ​​ បាន​អះអាង​ដូច​គ្នា​ថា សកម្មភាព​រារាំង​មិនឲ្យ​​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ចូល​បោះឆ្នោត ចាប់​ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​បិទ​ការិយាល័យ​​តែម្តង​។ ប៉ុន្តែ​ក្នុង​ចំណោម​ការិយាល័យ​ទាំងនោះ មានតែ​ការិយាល័យ​ចំនួន​៣​ប៉ុណ្ណោះ ដែល​មាន​ភាព​មិន​ប្រក្រី​តី​​ច្រើនជាងគេ គឺ​ការិយាល័យ​លេខ​១១៥៨ នៅក្នុង​ឃុំ​ក្តឿង​រាយ ការិយាល័យ​លេខ​០៣១៧ និង​ការិយាល័យ​លេខ​០៣១១ នៅក្នុង​ភូមិ​តា​ណា​ល​។​

អង្គុយ​ក្រោយ​សំ​យ៉ាប​ផ្ទះ ក្រោម​ដំបូង​ប្រកស័​ង្កី នៅ​ឃុំ​ក្តឿង​រាយ លោក ប៊ឿ ស៊ី​ណាត ជា​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​ផ្ទាល់​ក្នុងនាម​ជា​ពលរដ្ឋ​។ លោក​អះ​អាង​ថា នៅ​ថ្ងៃ​បោះឆ្នោត ពិតជា​មាន​ជន​ប្លែក​មុខ​ចូលទៅ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​​មែន​។ តែ​លោក​ថា ពលរដ្ឋ​នៅក្នុង​ភូមិ បាន​រារាំង​ជន​ប្លែក​មុខ​ទាំង​នោះ មិនឲ្យ​ចូល​ទៅ​បោះ​បាន​មួយ​ចំនួ​ន ដោយ​អ្នកខ្លះ​បាន​បោះ និង​អ្នកខ្លះ​ទៀត​មិន​បាន​បោះ​ទេ​ ៖ "ខ្ញុំ​មក ខ្ញុំ​ដើរ​ទៅ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ ការិយា​ល័យ​​០៣១០ ដល់​​ទៅ​ខ្ញុំ​ឈរ​ត្រង់​​នុង អត់​ហ៊ាន​ចូល​មក​មើល​ទេ​ដើរ​ទៅ​វិញ ដល់​ដើរ​ទៅ​វិញ​មួយស្របក់​មក បាន​ដើរ​ទៅ​បន្ទប់​ការិយាល័យ​០៣១០​មក ហើយ​បាន​គេ​ឃាត់​មិន​ឲ្យ​​បោះ​ទេ ព្រោះ​គាត់ គេ​ឃាត់​ចឹងគេ​សួរ​តា តើ​ជា​ខ្មែរ​ឬ​យួន គាត់​ថា​នៅ​ភូមិ​ក្រូ​ចចឹង ភូមិ​ក្រូច​ឲ្យ​​គាត់​និយាយ​ក្រូច ហៅ​ប្រជាជន​ភូមិ​ក្រូ​ច​មក គាត់​ថា​អត់​ស្គាល់​ផង​ម្នាក់​ហ្នឹង ហើយ​អក្សរ​គាត់​អាន​មិន​ដាច់​ទេ ឲ្យ​​អាន​ល​មើល​មិនដឹង​អាន​ថា​ម៉េច​ផង ងោកៗ​ចេញ​ទៅ​វិញ​ហ្មង គេ​ដេញ​ចេញ​​ទៅ​វិញ ខ្ញុំ​ទៅ​ទាន់​ប្រហែលជា​៥-៦​នាក់ ប៉ិន​កាលពីមុន​មក ខ្ញុំ​មក​អត់​ទាន់​ការិយាល័យ​០៣១០​នឹង គេ​ថា​ជន​ចំឡែក​បោះ​បាន​១៣​នាក់​ហើយ"។

ពលរដ្ឋ​ម្នាក់ទៀត​សុំ​ មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា នៅ​​ម៉ោង​ប្រហែល ៨ ទៅ​៩​ព្រឹក មាន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មកពី​ខេត្ត​ស្វាយរៀង និង​បណ្តា​​ខេត្ត​ផ្សេងៗ​ទៀត​ជា​ដើម ដោយ​អ្នកខ្លះ ជិះឡាន ម៉ូតូ មក​បោះឆ្នោត​នៅ​ភូមិ​ក្តឿង​រាយ ភូមិ​ក្រូច ភូមិ​តា​ណា​ល នឹង​ភូមិ​ចា​ជ្រុំ ខេត្ត​ព្រៃវែង ។ ដោយ​ឃើញ​​ហេតុការណ៍​ចំឡែក​បែបនេះ ពលរដ្ឋ​ប្រមាណ​៣០០​ទៅ​៤០០​នាក់​នៅក្នុង​ភូមិ បាន​រារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​នោះ មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​ទេ ដោយ​ពួកគេ​អះអាងថា ជន​ទាំងនោះ​មិន​មាន​លំនៅដ្ឋាន​ពិតប្រាកដ ​៖ "បោះ​បាន​ច្រើន​ហើយ​បាន​ប្រជាជន​នាំគ្នា​បះបោ​កុំឲ្យ​​ចូល មក​ដល់​ឈរ​​តម្រង់​​ជួរ​ហ្ម​ង មក​ម្តង​ម៉ា​ឡានៗ បោះ​ហើយ​ទៅៗ ម្តង​២​ឡាន​៣​ឡាន​បោះ​ហើយ​ទៅ​នឹង នុង​ហើយ​ច្រើន​៦-៧​ឡាន គេ​ថា​២០០ សួរ​ទៅ​ថា​នៅ​ចារ​ជ្រំ ហើយ​អ្នក​ចារ​ជ្រំ​គេ​ថា នែ​ថា​អ្នក​ចារ​ជ្រំ​ណា គេ​អ្នក ចារ​ជ្រំ​គេ​មិន​ស្គាល់​ផង អ្នក​ចារ​ជ្រំ​ខ្មៅៗ​ច្រូតស្រូវ​ទាល់​ល្ងាច​នឹង ហើយ​នុង​សស្គុះ​ដល់​ពេល​ចឹង​លែង ហ៊ាន​នាំគ្នា​ទៅផ្ទះ ហើយ​អា​មួយទៀត​មាឌធំ​ចូល​បោះ​ទៀត​គេ​អត់​អោយចូល​ទេ នាំគ្នា​ដេញ​ចេញ ស្ទាក់​វ៉ូង គេ​ស្រែក​ថា​កុំអោយ​បោះៗ លើកដៃ​ច្រូង​ឡើង​លើ​ហ្មង"។

អនុប្រធាន ​ភូមិ​ក្រូច តំណាង​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ស្រុក​កញ្ជ្រៀច ខេត្ត​​ព្រៃវែង លោក ឌិន សឿន បាន​រិះគន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នៅ​ពីក្រោយ នៃ​ការរារាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មិនឲ្យ​ចូល​បោះឆ្នោត ​៖ "បើ​តាម​ខ្ញុំ​សង្កេត​ទៅ វា​មាន​អី​ណា​មាន​យួន​អី​ណា​​មក មាន​តា​ក្រុមការងារ​ចុះ​មក​តាម​ភូមិ​-​ឃុំ​នឹង វា​មាន​តា​ចឹង​មានមែន អា​នឹង​ហើយ​ដែល​គណបក្ស​ម្ខាង​គេ​ថា​យើង​យួន​នឹង ចំណុច​គឺ​វា​ចុច​ត្រង់​នឹង ព្រោះ​​ខាង​ខ្ញុំ​នឹង តា​បោះឆ្នោត​ហើយ​គឺ​ខ្ញុំ​ថយ​ចេញ​អស់​ហើយ ខាង​គណបក្ស​ប្រជាជន​នឹង អត់​មាន​នរណា​នៅ​មួយ​ទេ អញ្ចឹង​​បានន័យថា​ក្នុង​ការិយា​ល័យ កន្លែង​ដែល​បោះឆ្នោត​នេះ​គឺ​មាន​តា​ខាង​សង្គ្រោះ​ជាតិ​ទេ​គាត់​នៅក្នុង​ណុង អុកឡុក​ក្នុង​ណុង​ហ្មង បា​អុកឡុក​នឹង អាណឹង​វា​ស្រែក​ថា​យួនៗ មក​បោះ​ឆ្នោត​នឹង ហើយ​យើង​មាន​យួន​ឯ​ណា​មក​បោះ"។​

​តំណាង​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ចា​ជ្រុំ  ស្រុក​កញ្ជ្រៀច លោក លួ​ន សា​វ៉ាន់ ឲ្យដឹងថា ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិនឲ្យ​ចូល​ទៅ​​បោះឆ្នោត មិន​ជាប់​ពាក់ព័ន្ធ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ៖ "​ធ្វើ​តែ​ប្រជាពលរដ្ឋ​ហ្មង អត់​មាន​អ្នក​នេះ​ទេ ប្រជា​ពលរដ្ឋ​នឹង​គាត់​ការពារ​សន្លឹកឆ្នោត​របស់​គាត់​ហ្មង បា​កើតមាន​ជាងគេ មណ្ឌល​តា​ណា​ល​នឹង​ហ្ម​ង ព្រោះ​ប្រជាពលរដ្ឋ​គេ​ស្រុះគ្នា មុន​នឹង​ក្តឿង​រាយ ទៀត"។​

​លោក លួ​ន សា​វ៉ាន់ បញ្ជាក់ថា បន្ទាប់​ពី​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ជា​ច្រើន ដែល​ឡើង​នៅតាម​ការិយាល័យ​មួយចំនួន​ក្នុង​ឃុំ​ក្តឿង​រាយ រយៈ​ពេល​​មួយ​​ថ្ងៃ​​ក្រោយ​​ពី​ការបោះឆ្នោត​ត្រូវ​បាន​បញ្ចប់ រូប​លោក​​បាន​ដាក់ពាក្យ​បណ្តឹង​ជាច្រើន ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ប៉ុន្តែ​រាល់​ពាក្យ​បណ្តឹង​របស់​​គាត់ មិន​មាន​ការឆ្លើយតប ឬ​ដោះស្រាយ​នោះទេ​ ៖ “​បាទ​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​ច្រើន​ដែរ តែ​សព្វថ្ងៃ​អត់​ទាន់​មាន​ដោះស្រាយ​បញ្ហា​អី​ផង​… ខ្ញុំ​មិន​បាន​ចាំ​ដែរ ពាក្យបណ្តឹង​គឺ​ដាក់​ច្រើន​ដែរ​”​។

នៅ​ឯ​ឃុំ​ពាមរក៌ ស្រុក​ពាម​រក៌ ឯណោះ​វិញ ពលរដ្ឋ​បាន​អះអាង​ដូចៗ​គ្នា​ថា មាន​ជនជាតិ​វៀតណាម​ចូល​ទៅ​បោះឆ្នោត​ច្រើន នៅក្នុង​មណ្ឌល​១ ក្នុង​ចំណោម​​មណ្ឌល​​ទាំង​៥​​នៃ​​ឃុំ​​ពាមរក៌ គឺ​មណ្ឌល​បាទី ប៉ុន្តែ​ជនជាតិ​ទាំងនោះ ក៏​ត្រូវ​បាន​ពលរដ្ឋ​រារាំង​មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​ដែរ ដោយ​អ្នកខ្លះ​បាន​បោះ និង​អ្នកខ្លះ​ទៀត​មិន​បាន​បោះ​ទេ​។​

​ ពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ពាម​រក៍ បានឲ្យដឹងថា នៅក្នុង​ថ្ងៃ​បោះឆ្នោត មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ចូល​ទៅ​បោះឆ្នោត​នៅក្នុង​ការិយាល័យ​ចំនួន​២ គឺ ការិយាល័យ​លេខ​១០៧៦ និង​ការិយាល័យ​លេខ​០៥៥៧ ដែល​ស្ថិត​នៅក្នុង​មណ្ឌល​បោះ ឆ្នោត​បាទី ប៉ុន្តែ​ក៏​ត្រូវបាន​អ្នក​អង្កេត​ការណ៏​បោះ​ឆ្នោត​​របស់​​គណបក្ស​​សង្គ្រោះ​ ​ជាតិ​​រារាំង​​មិនឲ្យ​​បោះ ដោយសារ​តែ​ជនជាតិ​វៀតណាម​ទាំង​នោះ មានតែ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ទំរង់​១០/១៨១​សន្លឹក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវបាន​ប្រធាន SEC ប្រកាស​អនុញ្ញាតិ​អោយ​ចូល​បោះ​បាន​វិញ​ ៖ "អរ​ខ្ញុំ​ឃើញ​មាន​អា​ទំរង់​១០/១៨​ចាស់ អើ​ដូច​ប្រធាន​ការិយា​ល័យ​​អី​នឹង​គេ​ឲ្យ​​ចូល​បោះ​ដែរ​តើ ដូច​​ប្រធាន​SEC​​អី​នឹង​​ទម្រង់​​​ចាស់​នឹង ឲ្យ​​បោះ​ភាគច្រើន​ជនជាតិ​វៀតណាម អើ​ទម្រង់​១០/១៨ អើ​មាន​ពួក​អ្នក​អង្កេត​​ការណ៍​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ គេ​មិន​ឲ្យ​​​​អា​ទម្រង់​​នឹង​ចូល​បោះ ចឹង​មក​មាន​ពួក SEC នឹង​គេ​ឲ្យ​​ចូល​បោះ ថា​តេ​មក​ពី​ភ្នំពេញ​ពួក គ​.​ជ​.​ប គេ​ឲ្យ​​បោះអញ្ចឹង គ្នា​ឲ្យ​​ចូល​បោះ​ទៅ ម៉ា​ម៉ោង​៨ ម៉ោង​​៩​នឹង​គេ​មិនឲ្យ​​ចូល​បោះ​ដែរ គេ​ពន្យា​​ប្រហែល​ជា​កន្លះ​ម៉ោង"។

ចំពោះ​ករណី​នេះ​ត្រូវបាន​ អ្នក​ស្រី ម៉ៅ សា​មន អ្នក​អង្កេត​ការណ៏​គណបក្ស​សង្គ្រោះ​ជាតិ អះ​អាង​ថា ដោយសារ​ឃើញ​មាន​ជនជាតិ​វៀតណាម​ចូល​មក​បោះ​ឆ្នោត​ច្រើន ហើយ​ម្នាក់ៗ​ពុំ មាន​ឯកសារ​គ្រប់គ្រាន់ គឺមាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​១​ប៉ុណ្ណោះ ទើប​រូបគាត់​ធ្វើការ​រារាំង​មិនឲ្យ​​បោះ ប៉ុន្តែ​ក្រោយ​​មក​ជនជាតិ​វៀតណាម​ទាំង​នោះ នៅតែ​អាច​បោះ​បាន​ដដែល​ដោយសារ​តែ​ប្រធាន SEC គេ​អនុញ្ញាត​​ ៖ "ថ្ងៃ​២៨​ហ្នឹង​ មាន​ជនជាតិ​វៀតណាម​គេ​មក​​ចូល​បោះឆ្នោត ប៉ិន​តា​ពួក​ខ្ញុំ​ពួក​សង្កេត​ការ​នឹង​ខ្ញុំ​ហាមឃាត់ ខ្ញុំ​ថា​អា​ទំរង់​១០/១៨ ឆ្នាំ​២០១២​នឹង​មិន​អាច​បោះ​បានទេ ស្រាប់​ដល់​ពេល​នឹង​វា​ស្ទះ​ការិយាល័យ​ខ្ញុំ​នឹង …. ស្រាប់តែ​ប្រធាន SEC នឹង​គេ​មក​ប្រកាស គេ​ថា​២០១២​នឹង​ឲ្យ​​បោះ​ទៅ​កុំឲ្យ​​នៅ​ស្ទះ​ចឹង ហើយ​ខ្ញុំ​ថា បោះ​ធើ​អី​ជនជាតិខ្មែរ​មិន​ទាន់​​បាន​បោះ​ផង យួន​អី​មក​បោះ​មុន​ខ្មែរ ចឹងឲ្យ​​ផ្អាក​សិន គេ​អត់​ព្រម SEC នឹង​គេ​មក​ប្រកាស​កន្លែង​នឹង​ហ្មង ថា​ឲ្យ​​បោះ​ទៅ ២០១២​នឹង ទម្រង់​​នឹង​ចេញ​សុទ្ធតែ​យួន​មក​ហ្ម​ង"។

ប្រធាន​គណៈកម្មការ​ រៀប​ចំ​ការបោះឆ្នោត​ឃុំ​ពាមរក៌ លោក អ៊ុង ឆ​វីរៈ ទទួលស្គាល់ថា ពិតជា​មាន​ការរារាំង​មិន​ឲ្យ​​ជន​ជាតិ​វៀតណាម ចូល​ទៅ​បោះ​ឆ្នោត​​​នៅក្នុង​មណ្ឌល​បាទី ពិតមែន ហើយ​មូលហេតុ​ដែល​លោក​ទៅ​ប្រកាស​ឲ្យ​​ចូល​បោះ​បាន​វិញ​នោះ គឺ​ដោយសារ​ច្បាប់បោះឆ្នោត​គេ​អនុញ្ញាត​ឲ្យ​បោះ​សម្រាប់​​លិខិតបញ្ជាក់​ ទម្រង់​១០/១៨ ​ឆ្នាំ​២០១២​ ៖ "បាទ​មាន​ពិតមែន ខ្ញុំ​បាន​ឲ្យ​​ពត៌មាន​ទៅ​ថា បើសិនជា​នៅ​ចន្លោះ​ឆ្នាំ​២០១១ មកដល់​ឆ្នាំ​២០១៣​នឹង​គេ​បោះ​បាន​​ហើយ ព្រោះ​ខ្ញុំ​ទៅ​ប្រមូល​លិខិត​បញ្ជាក់​អត្តសញ្ញាណ​​នឹង​នៅ​ស្មៀន​ឃុំ​គេ បាន​បូក​តួលេខ​នឹង​ពី​ឆ្នាំ ២០១១​មក​មែន"​។

​អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា លិខិតបញ្ជាក់​ទម្រង់​ ១០/១៨ ឆ្នាំ​២០១២​នោះ គជប បាន​ប្រកាស​ជា​សាធារណៈ មិន​អនុញ្ញាត​​​ឲ្យ​យក​លិខិត​​បញ្ជាក់​នេះ​ ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៥​បានឡើយ​។ លោក​បញ្ជាក់ថា អ្នក​ដែល​អនុញ្ញាត​​ចូល​ទៅ​បោះ​ឆ្នោត​​ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ ច្បាប់​ ៖ "​នៅ​ឆ្នាំ​២០១២​បោះឆ្នោត​ឃុំ គឺ​យើង​បាន​ចេញ​ទម្រង់​​ថ្មី​ជំនួស​ទម្រង់​​១០/១៨ ហើយ​ទម្រង់​​១០/១៨​នេះ​ជា​ទូទៅ​​យើង​មិន​អនុញ្ញាត​​ឲ្យ​បោះ​ឆ្នោត​ទេ តាំងពី​បោះឆ្នោត​ឃុំ​មក យើង​ឈប់​ឲ្យប្រើ​ទម្រង់​​១០/១៨ ហើយ​រហូត​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៣ យើង​ប្រកាស​​ជា​ផ្លូវការ​ថា ទំរង់​១០/១៨ គឺ​យើង​ឈប់​ប្រើប្រាស់​​ហើយ ក្នុងករណី​គាត់​កាន់ របស់​នេះ​មក​​បោះ គេ​អនុញ្ញាត​​ឲ្យ​បោះឆ្នោត  អ្នក​អនុញ្ញាត​​ឲ្យ​ខុស​ច្បាប់​​ហើយ​"​។​

​នាយក​ប្រតិបត្តិ​ របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការ​រាំង​អ្នក​ដទៃ​មិនឲ្យ​ចូល​ទៅ​បោះ​ឆ្នោត​ជា​អំពើ​ខុសច្បាប់​។ ប៉ុន្តែ​លោក​បញ្ជាក់ថា បើ​ការ​រាំង​នោះ​ក្នុង​គោលបំណង មិនឲ្យ​មាន​ភាពមិនប្រក្រ​តី​មួយ​កើតឡើង មិន​មាន​ទោស​ធ្ងន់ធ្ងរ​ទេ​ ៖ "​វា​អាច​ដែរ​ប្រសិនបើ​រឿង​នឹង​ធ្វើ​ទៅ​​វា​ចេះតែ​ជ្រុល​ទៅៗ វា​អាច​ជា​ការ​ដែល​គេ​អត់​អាច​អត់​អោនឲ្យ​​បាន​ដែរ នៅក្នុង​ច្បាប់​រារាំង​គឺថា​មាន​ទោស ប៉ុន្តែ​​ដោយ​សារ​គាត់​រារាំង​គោលបំណង​គាត់​កុំឲ្យ​មាន​បញ្ហា​ ភាពមិនប្រក្រតី​មួយ​កើតឡើង ដោយសារ​គាត់​សង្ស័យថា អ្នក​ដែល​អត់​មាន​សិទ្ធិ​បោះឆ្នោត​នឹង​​មក​បោះ​នៅ​ការិយាល័យ​ពួកគាត់​កំពុង​ តាមឃ្លាំមើល ការរារាំង​នឹង​របៀប​នឹង​គេ​មិន​សូវ​​ជា​ដាក់ទោស​ប៉ុន្មាន​ទេ ដោយសារ​គាត់​បំណង​ក្នុង​ការ​មិន​ឲ្យ​​មាន​​បញ្ហា​កើតឡើង​នៅក្នុង​ ការបោះឆ្នោត​ហ្នឹង​ ជា​ពិសេស​រឿង​ភាពមិនប្រក្រតី​ហ្នឹង​ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ សកម្មភាព​ហ្នឹង​​គឹ​មិន​ស្របទៅនឹង​ច្បាប់​​បោះ​ឆ្នោត​​ទេ ច្បាប់បោះឆ្នោត​គេ​អត់ឲ្យ​​រារាំង​អ្នក​បោះឆ្នោត​ទេ​ណា៎"។​

​ សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា (​និចហ្វិច​) លោក ហង្ស ពុទ្ធា លើកឡើងថា មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​រារាំង​ជន​ប្លែក​មុខ មិនឲ្យ​ចូល​ទៅ​បោះឆ្នោត ដោយសារតែ​ពួកគេ​មិន​ជឿ​ទុកចិត្ត មន្ត្រី គជប ទើប​ធ្វើឲ្យ​ពួក​គេ​សម្រេច​ធ្វើ​បែប​នេះ ដើម្បី​ការពារ​សន្លឹកឆ្នោត​របស់​ខ្លួន ​៖ "​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​យើង​ឃើញថា ការចេញមុខ​រារាំងរ​បស់​ពលរដ្ឋ​ដែល​មិនមែនជា គ​.​ជ​.​ប អាច​ជា​ការ​ខុស​និតិ​វិធី  ប៉ុន្តែ​ប្រហែលជា​ពី​មុន​មក ពួកគាត់​មាន​ការ​ថប់​​អា​រម្ម​ណ៌ ឬ​កង្វល់ ស្តីពី​​បញ្ហា​នេះ ​ពួកគាត់​គ្មាន​ជំនឿ​ទៅលើ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ឬ​ក៏​អាជ្ញាធរ​ដែល​រារាំង​បាទ​ចំណុច​នេះ អញ្ចឹង​​ហើយ​ការ​បង្ហាញ​នៅ​សកម្មភាព​រារាំង​​របស់​ពួកគាត់ គឺជា​ការការពារ​សិទ្ធិ​នយោបាយ សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់ ហើយ​នឹង​ការពារ​ទឹកដី​របស់​គាត់"។

ការប្រើ​ហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​ដោយសារតែ​ការហាមឃាត់​ជន​ប្លែក​មុខ​មិន​ឲ្យ​បោះឆ្នោត​

នៅ ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង យុវជន ហែម កុសល បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់ នាំគ្នា​ទៅ​ឃាត់ ជន​ប្លែក​មុខ និង​​​ជនជាតិ​វៀតណាម​​ជាង​១០០​នាក់ មិនឲ្យ​ចូល​​ទៅ​បោះឆ្នោត​។ លោក​បញ្ជាក់ថា ខណៈ​​រារាំង ក៏​មាន​សមត្ថកិច្ច​ប្រមាណ​៤​នាក់ បាន​ប្រើ​ហិង្សា​ទៅ​លើ​យុវជន​​ម្នាក់​នៅ​ភូមិ​ក្រូច បន្ទាប់​មក​បញ្ជូនទៅ​ស្នងការ​ខេត្ត ដើម្បី​ធ្វើ​ការសាកសួរ​ ៖ "​ដល់​ពេល​ម៉ា​សន្ទុះ​​ក្រោយ​មាន​ប៉ូលិស មាន​ទា​ហ៊ាន អាវុធហត្ថ មក​៣-៤​ឡាន ហើយ​ក៏​ខឹង​ពួក ខ្ញុំ​ហ្នឹង​មិន​អោយ​ពួក​នឹង​បោះឆ្នោត ក៏​ចាប់​ម្នាក់​នៅ​ភូមិ​ក្រូច ចាប់​គាត់​បោះ​ដាក់​ឡាន​ហើយ​យកទៅ​ដាក់​ឯ​ខេត្ត គាត់​ឈ្មោះ ជា ជៀន គាត់​អ្នក​រារាំង​មិន​ឲ្យ​​អ្នក​ប្លែក​មុខ​បោះឆ្នោត​"។​

​ អធិការ​ស្រុក​កញ្ជៀ​ច លោក ចាន់ ណា​រិទ្ធិ  បាន​លើកឡើង​ថា​នៅ​ថ្ងៃ​បោះឆ្នោត ពិតជា​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​៦០​នាក់ ចុះ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​​ឃុំ​ក្តឿង​រាយ​មែន ដោយសារ​ពលរដ្ឋ​បាន​ឃាត់​ក្រុមការងារ​គណបក្ស​​ប្រជាជន​កម្ពុជា មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​។ លោក​អះអាង​ថា សមត្ថកិច្ច​ទាំងនោះ​មិនបាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ឡើយ ​៖ "យើង​ហៅ​គាត់​ចេញ​មក​មែន តែ​អត់​មាន​ការឃាត់ខ្លួន អត់​មាន​ការឃុំខ្លួន​ទេ មាន​ការបញ្ជូន​ទៅ​​ស្នងការ​ខេត្ត​ទេ​លោកពូ  អត់​មាន​ផង អត់​មាន​ធ្វើ​បែបបទ​ដើម្បី​បញ្ជូន​ផង ខ្ញុំ​អត់​ដឹង​ទេ​រឿង​នឹង ខ្ញុំ​ដូច អត់​មាន​ពត៌មាន​នឹង​ទេ ព្រោះ​ខ្ញុំ​នៅក្នុង​ហ្នឹង​រហូត ក្រែងលោ​នៅ​ខាងក្រៅ​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ច្បាស់ ថា​វា​អត់​មាន ខ្ញុំ​អះអាង​អញ្ចឹងហើយ​ ​ចំពោះ​ខ្ញុំ ខ្ញុំ​ថា​អត់​មាន​ចាប់​វ៉ៃខ្នោះ​ដាក់​ឡាន​អីចឹង អត់​មាន​ទេ"។​

យុវជន ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ជា សុខ​ជៀន បានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​១០០​នាក់ ក្នុងនោះ​មាន​៤​នាក់ បាន​ប្រើ​​ហិង្សា​ទៅ​លើ​គាត់ មុន​បញ្ជូន​គាត់​ទៅ​ស្នងការ​ខេត្ត​​ព្រៃវែង ​៖ "មាន​ការចាប់​មែន សាក្សី​មាន​ម៉ា​ឃុំ​ក្តឿង​រាយ​បង​ឯង​​ទៅ​សួរ​ពី​ណា​ក៏​ដឹង​ដែ​របង វា​ផ្ទុយ​ស្រឡះ​​នឹង​ការពិត​ដែល​បង​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​អត់​មាន​នឹង ប៉ុន្តែ​គេ​មាន​ប្រើ​ហឹង្សា​ទេ គាត់​ប្រើ​បង​គាត់​ប្រើ​តិចតួច​ដែរ គាត់​សង្កត់​ក្បាល​ខ្ញុំ​ទៅ​ក្រោម​ជើង​​គាត់ រួច​ហើយ​គាត់​ខ្លេ​ខ្ញុំ​ជាប់​ហើយ គាត់​រក​កាច់​ដៃ​កាច់​អី​ខ្ញុំ​ទៀត យកទៅ​ដាក់​ខ្នោះ​ខ្ញុំ​នៅ​ឃុំ​ក្តឿង​រាយ សាលាឃុំ​នៅ​ប្រមាណ​១០​នាទី​ទៀតហ៎ ដាក់​ខ្នោះ​ខ្ញុំ​ចោល​ទៀតហ៎ គេ​ដាក់​ខ្នោះ​បង​រហូត​ទៅ​ដល់​ខេត្ត​ហ្មង​ឬ​មួយ​ម៉េច  អត់​ទេ​ដាក់​ទៅ​ដល់​សាលា​ក្តឿង​រាយ អា​សាលាឃុំ​ក្តឿង​រាយ​នឹង​គេ​ដាក់​ខ្ញុំ​នៅ​នឹង​បង រួច​បាន​គេ​បញ្ជូន​ខ្ញុំ​ទៅ​ស្នាក់​ការ ស្នងការ​ទៀត"។​

អ្នកស្រី  យន់ ហៃ ដែល​ត្រូវជា​ម្តាយ ជនរងគ្រោះ​រូបនោះ សម្តែង​ការខកចិត្ត ចំពោះ​សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ​ខ្លួនឯង តែ​បែ​ជា​វាយ​ធ្វើ​បាប នឹង​ចាប់​កូនប្រុស​របស់​គាត់​បញ្ចូល​ទៅ​ក្នុង​ឡាន​។ អ្នកស្រី​បន្ត​ថា ចំណែក​ជន​បរទេស និង​ជន​ប្លែក​មុខ ដែល​មក​បោះឆ្នោត នៅលើ​ទឹកដី​ខ្មែរ បែរ​​​ជា​​​អាជ្ញាធរ​ធ្វើ​មិនឃើញ​ទៅវិញ​។​

នាយក ​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា ពន្យល់ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សមត្ថកិច្ច មិន​​អាច​ប្រើ​អំពើហិង្សា​លើ ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ទេ​។ លោក​បញ្ជាក់ថា បើ​មាន​ការប្រើ​ហិង្សា អ្នកប្រព្រឹត្ត និង​មាន​ទោស​ព្រហ្មទណ្ឌ​ ៖ "ហើយ​​រឿង​វ៉ៃ​រឿង​​អី​ហ្នឹង អា​ហ្នឹង​​រឿង​ខុសច្បាប់​ហើយ ព្រោះ​គេ​មិន​អោយ​វ៉ៃ គេ​អោយ​ដោះស្រាយ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គេ​មិន​អោយ​មាន​ការធ្វើ​ទារុណ​កម្ម​ទេ ដាក់​ទៅលើ​ជនសង្ស័យ​ទេ អា​នឹង​វា​រឿង​មួយ​ផ្សេង​នៅ​ខាង​​ព្រហ្មទណ្ឌ ខាង​សិទ្ធិ​មនុស្ស​អី​ផ្សេង​ទៀត​ណា៎"​។

ទាក់ទង​នឹង​ករណី​អំពើហិង្សា​នេះ អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍​ដូចនេះ​ថា ៖ "ជា​ទូទៅ​ក្នុង​សង្គម ការប្រើ​អំពើហឹង្សា​វាខុស មិនបាច់​និយាយ​​ទៅ​ក្នុង​ការបោះឆ្នោត​បាន​ទេ"។

ជន​ប្លែក​មុខ​ដែល​ដឹក​មក​ពី​កន្លែង​ផ្សេង​ត្រូវបាន​សម្រួល​ឲ្យបាន​បោះឆ្នោត​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន និង​មន្ត្រី​SEC

ពលរដ្ឋ ​​នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង កញ្ញា បឿ ស៊ីណា រំលឹក​ព្រិត្តិការណ៍កាល​ពី​ថ្ងៃ​បោះឆ្នោតថា នៅពេល​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​គេ​ដឹងថា មិន​មែន​​ជា​សកម្មជន​រ​បស់​​គណបក្ស​កាន់​អំណាច ពេល​ចូល​ទៅ​បោះឆ្នោត​មន្ត្រី​ក្នុង​ការិយាល័យ​ខ្លះ ពិនិត្យ​មើល​ឯកសារ​យ៉ាង​តឹង​តែង មិន​ដូច​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម ដែល​ទំនងជា​បោះ​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​ ​៖ "ខ្ញុំ​ទៅ​គេ​អត់​ចង់ឲ្យ​​ខ្ញុំ​បោះ​ណា ខ្ញុំ​មាន​ប្រដាប់​​ប្រដា​ខ្ញុំ​ត្រឹម​ត្រូវ​​គេ ទាល់​តា​ពិនិត្យមើល​២-៣ នាក់​បាន​គេ​ឲ្យ​​ខ្ញុំ​ចូល​បោះ ប៉ិន​ខ្ញុំ​មើល​ឈ្មោះ​ខ្ញុំ​នៅ​ក្តារខៀន​ខ្ញុំ​មាន​ហើយ​ឈ្មោះ​ខ្ញុំ វៀតណាម​ដូច​គ្មាន​ឃើញ​ពិនិត្យ​ផង​កាល​ខ្ញុំ​មក​ទាន់​នឹង​៣​នាក់​ណោះ គ្មាន​ឃើញ​​ពិនិត្យ​ទេ ដាក់ចូល​តម្រង់​ទៅ​ហ្ម​ង"។

​ពលរដ្ឋ​ ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ឲ្យដឹងថា នៅ​ពេល​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ចូល​ទៅ​បោះឆ្នោត នៅ​ការិយាល័យ​១១៥៨​ឃុំ​ក្តឿង​រាយ ពេល​​នោះ​មន្ត្រី​មូលដ្ឋាន​ខ្លះ ជួយ សម្រួល​ឲ្យ​ពួក​ទាំងនោះ​បាន​ចូល​ទៅ​បោះឆ្នោត​។ លោក​ហៅ​ទង្វើ​នោះ​ថា លំ​ម្អៀ​ង និង​ប្រកាន់​បក្សពួក​ ​៖ "​ច្រើន​ជន​ជាតិ​​វៀត​​ណា​ម​​តា​ហ្ម​ង ម្នាក់​ដែល​ខ្ញុំ​យកជាការបាន​ប្រាកដ​មែន​ទែន ហៅ​ប្រធានភូមិ​ទៅ សួរ​សម្ភាសន៍​ហ្នឹង​​ទៀត ប្រធាន​ភូមិ​គេ​ថា​គេ​ស្គាល់ ចុះបើ​ស្គាល់​​នៅ​ត្រង់​ណា​បើ​ប្រជាពលរដ្ឋ​អត់​មាន ស្គាល់​​អី​ម៉ា​តិច​អី​ផង​នឹង ប្រធាន​ភូមិ​គាត់​ថា គាត់​នឹង​នៅ​ចារ​ជ្រំ តែ​អា​ឡូ​វ​បើ​នៅ​ចារ​ជ្រំ អា​ឡូ​វ​ប្រជាពលរដ្ឋ​នៅ​​ចារ​ជ្រំ​ជូន​ដំណើរ​ទៅ ចង់ដឹង​ផ្ទះ​គាត់ ដល់​ពេល​ចេញ​ដំណើរ​ម​ក​នឹង​គាត់​ហួស​ទៅ​លិច ណោះ​​ទៀត​​ទៅ​ដល់​ល្ងើ​ន​ណោះ​ទៀត បាទ​ចាប់​អុកឡុក​ដក​តឹង​សោ​ម៉ូតូ​ពួក​ខ្ញុំ​នឹង ម្នាក់​ទៀត​ពួក​ហ្នឹង"។

​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កញ្ជ្រៀច លោក យ៉ាន់ ហ៊​ន់ កត់សំគាល់ថា នៅ​ការិយាល័យ​ស្វាយ​រមៀត មាន​មន្ត្រី​ខ្លះ​ឃុបឃិត​គ្នា រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទៅ​បោះឆ្នោត​មុន​ម៉ោង​កំណត់​របស់​ច្បាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ទៀតផង​ ​៖ "គេ​ចាត់តាំង​ឲ្យ​​​មក​នៅ​​ការិយាល័យ​ហ្នឹង ការិយាល័យ​លេខ​ប៉ុន្មាន​? លេខ​០៣១៣ ០៣១៤ ០៣១៥ ១៣៣៦ គ​.​ជ​.​ប នេះ​​នឹង​ថា​ម៉ោង​៧​បានចាប់ផ្តើម​បោះ ហើយ​ដល់​ម៉ោង​​៦​កន្លះ​បោះ ដល់​ពេល​បោះ​នឹងមាន​យួន អា​នឹង​វា វា​ខុស​ហើយ"។

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា ការដាក់បន្ទុក​លើ​មន្ត្រី​រៀបចំ​ការ​បោះ​​ឆ្នោត​មិន​ទំនង​ទេ​។ លោក​បញ្ជាក់​ថា ភាពមិនប្រក្រតី​កើតឡើង ដោយសារ​អាជ្ញាធរ​មូលដ្ឋាន ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ និង​ចុះឈ្មោះ​ក្នុង​បញ្ជី​​បម្រើ​ឲ្យ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ ​៖ "អាច​មន្ត្រី​ហ្នឹង ​ការិយាល័យ​បោះឆ្នោត ជួនកាល​គាត់​មាន​ការលំបាក​​ដែរ បើ​គេ​មាន​ឯកសារ​អី គ្រប់គ្រាន់​អីអញ្ចឹង​ហា៎ ចឹង​ហើយ​មិន​អាច​ចោទ ថា​គាត់​លម្អៀង តែ​ម្តង​បាន​ទេ ប៉ិន​វា​បញ្ហា​ប្រព័ន្ធទាំងមូល ហើយ​យើង​បានធ្វើឲ្យ​មាន​បញ្ហា​ភាព​មិន​ប្រក្រតី​ហ្នឹង​ កើត​ឡើង ដោយសារ​មាន​ការចុះ​ឈ្មោះ​ឲ្យ​​ពួកគេ​មិន​ត្រឹមត្រូវ ឬក៏​ការ​ចេញ​លិខិត​​បញ្ជាក់​​អត្ត​សញ្ញាណ ដំណើរ​ការបោះឆ្នោត​នឹង​មិន​ត្រឹមត្រូវ នាំ​ឲ្យ​​កើត​ឡើង​នូវ​បញ្ហា"។

​លោក គល់ បញ្ញា ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​កាត់បន្ថយ​ទំនាស់​នៅក្នុង​ការបោះឆ្នោត ត្រូវ​ដូរ​ប្រព័ន្ធ​បោះឆ្នោត ធ្វើ​វិសោវនកម្ម​បញ្ជី​បោះឆ្នោត ហើយ​អ្នក​​​​​បោះឆ្នោត​ត្រូវ​មាន​អត្តសញ្ញាណ​​តែមួយ អ្នក​គ្រប់គ្រង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​ធ្វើឲ្យ​តម្លាភាព​ជាដើម​ ៖ "អ្នកបោះឆ្នោត​ម្នាក់ ត្រូវមាន អត្តសញ្ញាណ តែ​មួយ មិន​អាច​ឲ្យ​មាន​២-៣ ឬ​ក៏ហ្វ៉ាត់​ទៅ​លើក្រាយ តា​មួយ ហើយ​ផ្នែក​គ្រប់គ្រង គុណភាព បញ្ជី​ឈ្មោះ​បោះឆ្នោត​នឹង ធ្វើ​ម៉េច​កុំអោយ​មាន​ការ​ខុស​ឈ្មោះ​ខុស​អី គេ​ត្រូវ​មាន​អត្តសញ្ញាណ​បញ្ជាក់​ផ្សេងៗ ដូច​ជា ​រូប​ថត ដូចជា ​លេខ​កូដ​អី​ផ្សេងៗ លេខ​កូដ​អ​ត្ត​សញ្ញាណ​បណ្ណ័​អី​ផ្សេងៗ ហើយ​ត្រូវ​មាន​បណ្ណ័​បោះ​ឆ្នោតឲ្យ​​គេ ប្រហែល​ជា​អាវយឺត​យើង​ធ្វើចឹង បាន​គេ​អាច​ជួយ​ដោះស្រាយ​ទំនាស់​​ទាំងអស់​នឹង​បាន​ច្រើន ហើយ​ប្រព័ន្ធ​​ចុះឈ្មោះ​បោះ​ឆ្នោត​ត្រូវ​​គិត​ឡើង​វិញ​ថា​តើ អ្នក​ណា​ត្រូវ​មាន​តួនាទី​​​ចុះឈ្មោះ​បោះឆ្នោត​នឹង ចុះ​របៀប​​ម៉េច ដើម្បីឲ្យ​បាន​មាន​តម្លាភាព"។

​ឃុំ​ក្តឿង​រាយ គឺ​ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​៨​នៃ​ស្រុក​កញ្ជ្រៀច​។ ឃុំ​ក្តឿង​រាយ​មាន​មណ្ឌល​បោះឆ្នោត​ទាំងអស់​ចំនួន​៥ មាន​ការិយាល័យ​បោះឆ្នោត​សរុប​​ចំនួន​៣៤​។ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន ៩៧១៨​នាក់ ប៉ុន្តែ​សំរាប់​សន្លឹកឆ្នោត​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​មាន​ចំនួន​​តែ ៧២៥១​សន្លឹក និង​សន្លឹកឆ្នោត​មិនបានការ​ចំនួន​៤៦​សន្លឹក​ប៉ុណ្ណោះ​។ តាមរយៈ​តួលេខ​នេះ​ បាន​បញ្ជាក់ថា ចំនួន​សន្លឹកឆ្នោត​ដែល​បាន​បាត់​មាន​​ចំនួន ២៤២១​សន្លឹក​។​

នៅក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មិន​បាន​ទៅ​បោះឆ្នោ មាន​ប្រមាណ​១៣៣៨​នាក់​។​

អនុសាសន៍​

នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក មេធាវី សុក សំអឿន បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​បញ្ជៀ​ស​កុំឲ្យ​មាន​ភាពមិនប្រក្រ​តី នៃ​ការបោះឆ្នោត​ទៅ​អាណត្តិ​ក្រោយៗ​ទៀត​គឺ​៖

គជប ត្រូវ​ផ្តល់​បញ្ជី​ឈ្មោះ​បោះឆ្នោត ឲ្យ​ភ្នាក់ងារ​នៃ​គណបក្ស​ទាំងសងខាង​នៅតាម​ឃុំ​និមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន​ឈ្មោះ​អ្នកបោះឆ្នោត​។​

ច្បាប់បោះឆ្នោត​ត្រូវធ្វើ​វិសោធនកម្ម ត្រង់ចំណុច តើ​ភាព​មិន​ប្រក្រតី​បែបណា ក្នុង​កម្រិត​ណា​ដែល​តម្រូវឲ្យ​មោឃភាព​ការបោះឆ្នោត​ក្នុងករណី​ដែល​មាន​ ភាពមិនប្រក្រ​តី​នៅក្នុង​ការិយាល័យ​នោះ ហើយ​ត្រូវតម្រូវ​ឲ្យមាន​ការ​បោះឆ្នោត​ជាថ្មី​។​

​នៅក្នុង​ច្បាប់​បោះឆ្នោត គួរតែ​ពិចារណា​ដាក់បញ្ចូល​ទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើ​បទ​ល្មើស​មួយចំនួន​។

ដាក់បញ្ចូល​ទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើ​បទ​ល្មើស​មួយចំនួន​៕​

សរសេរមកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "ព័ត៌មានស៊ើប​អង្កេត៖ ការដឹកជញ្ជូនជនប្លែកមុខ និងជនបរទេស ទៅបោះឆ្នោត​"

  1. Chenda says:

    ការបោះឆ្នោតលើកក្រោយ គួរតែដាក់កាមេរ៉ានៅតាមច្រកទ្វារការិយាល័យបោះឆ្នោត ដើម្បីជាប្រព័ន្ធត្រួតពិនិត្យតាមដានអ្នកចូលបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតឲ្យមាន ភាពត្រឹមត្រូវ ហើយអ្នកសង្កេតការណ៍គ្រប់ភាគីពាក់ព័ន្ធត្រូវអនុញ្ញាតឲ្យចូលរួមក្នុងប្រព័ន្ធ ត្រួតពីនិត្យនេះ ក្នុងគោលបំណងធានានូវភាពយុត្តិធម៌ក្នុងដំណើរការបោះឆ្នោតជូនប្រជាពលរដ្ឋ ។

  2. La Rosa says:

    In my commune, they shipped the young soldiers by trucks and cars to vote at the voting boots. Most of them voted for the CNRP and the commanders were very upset!!!

  3. តើមានភស្តុតាងទេពួកអា ណាត សុភាព, សំពៅ ពិសិទ្ធិ និង អ៊ឹង ប៊ុន​ថន​ ?

  4. ប្រជាពលរដ្ឋ says:

    。 សមត្ថកិច្ច ខ្លះ ក្បត់ ជាតិ , មិនជួយ ទប់ស្កាត់ ជនបរទេស យួន កុំ អោយ បោះឆ្នោត ! បែរ

    ជា ធ្វើបាប គំរាម កំហែង ប្រជាពលរដ្ឋខ្មែរ របស់ ខ្លួនអែង ទៅ វិញ !

    。 អ្នកដែល ដឹងថា, មនុស្ស នឹង ជាជនជាតិ យួន ហើយនៅតែ អោយ ចូល បោះឆ្នោត ទៀត , គឺ

    ជាជនក្បត់ជាតិ ខ្មែរ ក្បត់ ខ្មែរ ជាសត្វ តិរិច្ឆាន !

  5. eclipse says:

    នៅមាន មួយបែបទៀត។ ក្នុងរដូវបោះឆ្នោត គ ជ ប បានជ្រើសរើសពួកចារកម្មជនជាតិយួនបង្កប់

    យូរឆ្នាំចេះស្ទាត់ភាសាខ្មែរ ឱ្យចូលធ្វើមន្ត្រីគ្រប់គ្រងការបោះឆ្នោត នៅតាមការិយាល័យមួយចំនួន។

    អាចបង្ហាញភស្តុតាងជូនបាន។