ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
អ្នកភូមិ១៨១គ្រួសារ នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ ប្ដឹងមេភូមិរបស់ខ្លួន ដោយចោទមេភូមិរូបនោះថា យកដីដែលអាជ្ញាធរឃុំ ចែកឲ្យពលរដ្ឋនោះទៅ លក់ឲ្យឈ្មួញ ។
តំណាងពលរដ្ឋ នៅភូមិកំញ៉ាត ឃុំទ្រាល លោក ឌៀប អ៊ន ប្រាប់VOD នៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី២៦ខែធ្នូនេះ លោកបានដាក់ពាក្យប្ដឹងមេភូមិឈ្មោះ រៀល រ៉ន ទៅសាលាស្រុកបារាយណ៏ ដើម្បីឲ្យអាជ្ញាធរដកហូតដីពី ទំហំ ៥៩ហិកតា និង៤០អា ដែលមេភូមិរូបនោះលក់ឲ្យឈ្មួញ យកប្រគល់ជូនពួកគាត់វិញ។ លោកបន្ដថា ដីស្រែទំហំ ៣៣៩ហិកតា ត្រូវបានអាជ្ញាធរឃុំទ្រាល ចែកឲ្យពលរដ្ឋ ១៨៥គ្រួសារ ប៉ុន្ដែនៅសល់ជិត៦០ហិកតា ត្រូវមេភូមិនោះ យកលក់ឲ្យឈ្មួញ ដោយមិនចែកឲ្យពួកគាត់គ្រប់ចំនួន ៖
តំណាងពលរដ្ឋមួយរូបទៀត លោក ញឹក រៀល ឲ្យដឹងថា ពួកគាត់ចង់ឲ្យអាជ្ញាធរជួយដោះស្រាយយកដីនោះ ប្រគល់ឲ្យពលរដ្ឋបង្កបង្កើនផលវិញបើទោះបីចែកគ្នាបានតិចតួចក្ដី។ លោកបន្ដថា មេភូមិដែលយកដីពលរដ្ឋលក់នោះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ លោកថា ពលរដ្ឋបានដាក់ពាក្យប្ដឹងជាច្រើនលើកហើយ ប៉ុន្ដែមិនមានដោះស្រាយ ៖
VODមិនអាចទាក់ទងមេភូមិកំញ៉ាត លោក រៀល រ៉ន ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបាននៅឡើយទេ។ ប៉ុន្ដែអភិបាលស្រុកបារាយណ៏ លោក ហាក់ ម៉ុងហួត មានប្រសាសន៍ថា លោកកំពុងពិនិត្យពាក្យបណ្ដឹងនោះហើយ ៖
ពលរដ្ឋឲ្យដឹងថា នៅឆ្នាំ២០០៧ អាជ្ញាធរឃុំទ្រាល ស្រុកបារាយណ៏ ខេត្ដកំពង់ធំ មានដីស្រែទំហំ៣៣៩ហិកតា បានចែកដីឲ្យពលរដ្ឋ១៨៥គ្រួសារ នៅតំបន់នោះ ក្នុងមួយគ្រួសារ១ហិកតា ៨៥អា ប៉ុន្ដែលោកមេភូមិ រៀល រ៉ន ចែកឲ្យតែ១ហិកតាកន្លះប៉ុណ្ណោះ ក្នុងមួយគ្រួសារ ដោយនៅសល់ដី៥៩ហិកតា៤០អា ទៀតត្រូវបានមេភូមិយកលក់ នៅឆ្នាំ២០០៨។ ពលរដ្ឋបន្ដថា ពួកគេបានដាក់ពាក្យប្ដឹងទល់អាជ្ញាធរឲ្យជួយដោះស្រាយ ៤ដងមកហើយ ប៉ុន្ដែអាជ្ញាធរមិនរកដំណោះស្រាយឡើយ ៕
សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
。。 មេភូមិ រៀល រ៉ន កំហូច ហ៊ាន កេងប្រវ័ញ យកដី ស្រែ របស់ ប្រជាពលរដ្ឋ ទៅលក់ !
ប្រជាពលរដ្ឋ ត្រូវ សាមគ្គីគ្នា ទាមទារ យក ដី ស្រែ មក វិញ អោយបាន ,。 កុំ ខ្លាច មេភូមិ អាក្រក់ !