កម្មករ​បន្ត​តវ៉ា​រហូត​ដល់​ឆ្នាំ​២០១៤​ទោះ​បី​ជា​មិន​មាន​ដំណោះស្រាយ

គង់ សុឋានរិទ្ធ
01 មករា 2014
វីអូអេខ្មែរ

កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើបាតុកម្ម ​តែត្រូវ​កម្លាំង​ប៉ូលិស​បំបែក​។ ក្រុម​​កម្មករ​បាន​តវ៉ា​​​ទាម​ទារ​​​ប្រាក់​សោហ៊ុយ​សង​ជំងឺ​ចិត្ត។

ភ្នំពេញ —
កម្មករ​រោងចក្រ​ជាច្រើន​ពាន់​នាក់​បាន​បន្តធ្វើ​បាតុកម្មនៅ​ពីមុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅថ្ងៃ​អង្គារ​នេះ​បើ​ទោះ​បី​ជា​មិនមាន​ការចរចា​អំពី​ការដំឡើង​ប្រាក់ខែ​ក៏ដោយ។

នេះ​ជា​បាតុកម្ម​ឈាន​ដល់​ថ្ងៃ​ទី​បី​ហើយ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​របស់​ក្រុមកម្មករ​រោងចក្រ។​ប៉ុន្តែ​រហូត​មកដល់​ថ្ងៃ​នេះ​នៅ​តែ​មិនមាន​ដំណោះ​ស្រាយនៅ​ឡើយ​ទេ។

​ក្រុម​កម្មករ​ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយថ្មើជើង​រហូត​ដល់​ដប់​គីឡូ​ម៉ែត្រ​ឬច្រើន​ជាងនេះបាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចាប់តាំងពី​ព្រឹក​ដោយ​មានលើក​បដា​តូចៗ​ទាមទារ​ការដំឡើង​ប្រាក់ខែ​របស់​ខ្លួន។​

មហាវិថី​សហព័ន្ធ​រុស្ស៊ី​ដែល​ឆ្លងកាត់​មុខ​ក្រសួង​នេះ​ត្រូវ​បិទ​ដោយ​ការ​ធ្វើ​បាតុកម្ម​នេះ។​

កងកម្លាំង​បង្រ្កាប​បាតុកម្ម​របស់​រដ្ឋាភិបាល​ដែល​ប្រដាប់​ដោយ​ដំបង​និង​ខែល​បាន​ប៉ុនប៉ង​បង្រ្កាប​ក្រុមបាតុករ​កាលពី​ព្រឹកមិញ​ប៉ុន្តែ​បាន​ដក​ថយទៅ​វិញ​នា​ពេល​ក្រោយ​មក​នៅ​ពេល​ដែល​ក្រុម​កម្មករមិន​ព្រម​បញ្ឈប់​ការ​តវ៉ា​របស់​ខ្លួន។

គ្មាន​មន្ត្រី​ផ្លូវការ​ណាម្នាក់​ពី​ក្រសួង​ការងារ​ចេញ​មក​ជួប​ចរចា​ជាមួយ​ក្រុម​កម្មករ​នោះ​ទេ​ក្រោយ​ពី​ក្រសួង​នេះ​បាន​បើក​ការចរចា​អំពី​ការដំឡើង​ប្រាក់ខែ​កម្មករ​ជាមួយ​តំណាង​សហជីព​ចំនួន​ប្រាំមួយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​និង​នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ។​ប៉ុន្តែ​ការចរចា​មិន​បាន​ឈាន​ដល់​ការសម្រេច​ណា​មួយ​នោះ​ទេ។

កម្មករ​បាន​រំសាយ​ក្បួន​បាតុកម្ម​វិញ​នៅ​វេលា​ម៉ោង​ពីរ​រសៀល​ដោយ​កំណត់​ការធ្វើ​បាតុកម្ម​នៅ​តាម​តំបន់​រោងចក្រ​រៀងៗ​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ខែមករា ​ឆ្នាំ​២០១៤។

អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជាបានថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​មុន​នឹង​ប្រកាស​រំសាយ។

អ្នកស្រី​និយាយថា៖ «ដើម្បី​ក្រពះ​របស់​ពួក​យើង ​យើងទាំងអស់​គ្នា​ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម។​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​បន្ត​រួប​រួម​គ្នា​តទៅ​មុខ​ទៀត។​យើង​មិន​ចប់​ត្រឹម​នេះ​ទេ»។

​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​រោងចក្រ​ក្រោយ​ពី​ពួកគេ​មិន​ទទួល​យក​ការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​ពួក​គេឲ្យ​ដល់​ចំនួន​៩៥​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៤​នេះ ។​ ហើយ​រដ្ឋាភិបាល​សន្យា​ថា​នឹង​បន្ត​ឲ្យ​មាន​ការដំឡើង​ប្រាក់​ខែ​ដល់​កម្មករឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ទាល់​តែ​ចាំ​ដល់ឆ្នាំ​២០១៨។​ ប៉ុន្តែ​កម្មករនិង​ក្រុម​សហជីពទាមទារ​ការដំឡើង​ប្រាក់ឈ្នួល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៤​នេះ​ដោយយោង​លើ​កម្រិត​អតិ​ផរណា​នៃ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​បង្ក​ការ​លំបាក​សម្រាប់​ការ​រស់​នៅ​របស់​ពួកគេ។

​លោក រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ប្រាប់​ដល់​កម្មករ​ថា៖ «ថ្ងៃទី​២ (មករា) ​យើង​នៅ​បន្ត​ធ្វើ​ទ្រង់​ទ្រាយ​ធំ​ដដែល​ប៉ុន្តែ​នៅ​តាម​តំបន់​និង​តាម​រោង​ចក្រ​និមួយៗ។​ហើយ​កម្មករ​មិន​បាក់ទឹកចិត្ត​ទេ​ពីព្រោះ​កម្មករ​យល់​ច្បាស់​ហើយ។​ការដែល​អូស​បន្លាយ​ពេល​វេលា​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ​កាន់​តែ​ក្តៅ​ក្រហាយ»។

មន្ត្រី​នៃ​សមាគម​រោងចក្រ​កាត់ដេរនៅ​កម្ពុជា​ដែល​ហៅ​កាត់ថា​GMAC ​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅថ្ងៃ​អង្គារ​នេះ​GMAC ​បញ្ជាក់ថា​ស្ថាន​ភាព​នៅ​តែ​អាក្រក់​សម្រាប់​ក្រុម​កម្មករ​ដោយសារ​តែមាន​ការ​បង្ខំ​ឲ្យ​កម្មករ​ដទៃ​ទៀត​ចេញធ្វើ​បាតុកម្ម​ហើយ​GMAC ​បាន​ចោទ​ប្រកាន់​ថា​ការដឹកនាំ​បាតុកម្ម​របស់​ក្រុម​សហជីព​មាន​ចរិក​នយោបាយ​និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​ពួកគេ។

ទោះជា​យ៉ាងណា​ក្រុម​បាតុករ​បាន​ប្រកាសក្នុង​អំឡុងពេល​កំពុង​ធ្វើបាតុកម្ម​ថា​ពួកគេ​មកចូលរួម​ធ្វើ​បាតុកម្ម​ដោយ​មិនមាន​ការបង្ខិត​បង្ខំ​នោះ​ទេ។

លោកអំ សំអាត ​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​តាម​ឃ្លាំ​មើល​ការធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​មាន​ប្រសាសន៍​ថា​ការ​ចាត់វិធានការ​ណា​មួយ​លើ​មេដឹកនាំ​សហជីព​ប្រៀប​ដូចជា​ការយក​សាំង​ទៅ​ដាក់​លើ​ភ្លើងហើយ​ក្រុម​កម្មករ​នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។

​កាលពី​ថ្ងៃ​ច័ន្ទ​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ឲ្យ​កម្មករ​និង​ថៅ​កែ​រោងចក្រ​ចាប់​ផ្តើម​ធ្វើការ​ឡើង​វិញ​នៅថ្ងៃ​ទី​២​ខែមករា​ហើយ​ការកំណត់​ប្រាក់ឈ្នួល​ដល់កម្មករ​គឺ​ត្រូវ​យក​តាម​សេចក្តី​សម្រេចរបស់​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃទី​២៤​ខែធ្នូ។​គណៈកម្មការ​នេះ​បាន​កំណត់​ដំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ត្រឹម​៩៥​ដុល្លារ​ក្នុង​មួយខែ។


បន្ថែម​ពីនោះ​ក្រសួង​ការងារ​ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការរំខាន​ណា​មួយ​ដល់​រោង​ចក្រ​និង​ដល់​កម្មករ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

3 Responses to "កម្មករ​បន្ត​តវ៉ា​រហូត​ដល់​ឆ្នាំ​២០១៤​ទោះ​បី​ជា​មិន​មាន​ដំណោះស្រាយ"

  1. La Rosa says:

    $160 per month is so LOW when the cost of living is so HIGH!!! The politicians and the corrupted ministers should think that if these workers are your own childre! Do not care of YOURSELVES, not the others!!! GOD will know. Cambodia is No longer a Communist state, please do not use a communist style to govern!!!

  2. ប្រជាពលរដ្ឋ says:

    。,សូម ប៉ូលីស ប៉េអ៊ឹម កុំ ឆោត ល្ងង់ ទៅបំរើ បុគ្គល ទៀត ​ ត្រូវ ជួយ ប្រជាពលរដ្ឋ កម្មករ

    ការពារ សន្តិសុខ អោយពួកគាត់ ! ( « ធ្វើផ្តេសផ្តាស់ ប្រយ័ត្ន រង គ្រោះ ជំនួស គេ ! ») !

    。,ចំណែក ប្រជាពលរដ្ឋ កម្មករ ក៏ ត្រូវ គោរព ប៉ូលីស ប៉េអ៊ឹម កុំ ធ្វើ អ្វី ផ្តេសផ្តាស់ ដាក់គាត់ បើ

    គាត់ មិនធ្វើ អី យើង នោះ !