ក្រុម​ពហុ​វិស័យ ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​​អាជ្ញាធរ​​ខេត្ត​​សៀម​រាប ដោះ​ស្រាយ​បញ្ហា​មួយចំនួន​

ដោយ៖​ បូ សា​វី និង​ អ៊ឹង ប៊ុនថន​​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014, ម៉ោង 03:44 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ការ​ដង្ហែក្បួន​របស់​​ក្រុម​ពហុវិស័យ​នៅ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០១​មក​រា​ (រូបថត បូ សាវី)

ក្រុម​ពហុ​វិស័យ ដែល​មាន​សមាជិក អ្នក​រត់​ម៉ូតូ​កង់​បី ម៉ូតូឌុប កម្មករ​គ្រប់​វិស័យ និង​ប្រជា​សហគមន៍​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដង្ហែ​ក្បួន​ធ្វើ​បាតុក​កម្ម ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ចប់​​គម្រោង​រថយន្ដ​​ប្រើ​​ថាមពល​​អគ្គិសនី ដឹក​ភ្ញៀវ​ទេសចរ​​នៅ​តបន់​អង្គរ ដំឡើង​​ប្រាក់​បៀវត្សរ៍​មន្ដ្រី​រាជកា​រ ដំឡើង​ប្រាក់​ឈ្នួល​​កម្មករ​គ្រប់​វិស័យ ដោះស្រាយ​ទំនាស់​ដីធ្លី និង​បញ្ចុះតម្លៃ​ប្រេងសាំង​ជាដើម​។

ក្បួន​ដង្ហែ​ដែល​មាន​អ្នកចូលរួម​ប្រហែល​១០០០​នាក់ និង​ម៉ូតូ​កង់​បី ជិត​៥០០ បាន​ចេញ​ពី​បុរី​ប្រិមប្រិយ៏ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ឆ្ពោះទៅ​តាម​បណ្ដា​​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​ទេសចរណ៏​​នេះ និង​បន្ដ​ប្រមូលផ្ដុំ នៅខាងមុខ​ក្រុមហ៊ុន​រថយន្ដ​ប្រើ​ថាមពល​​អគ្គិសនី និង​ខាង​មុខ​សាលា​ខេត្ដ ដើម្បី​យក​ញត្តិ​ដាក់​ជូន​អាជ្ញាធរ ដោះស្រាយ​។

ក្រុមបាតុករ ដែល​ភាគច្រើន​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ បាន​ស្រែក​តាម​ឧបករណ៏​បំពង​សំឡេង ដោយ​ពួកគេ​ទាមទារ ឲ្យ​ដក​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​រថយន្ដ​​ប្រើ​ថាមពល​អគ្គិសនី ដោយ​អះអាង​ថា រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​បរទេស ធ្វើវិ​និយោគ​នៅ​កម្ពុជា​បែបនេះ ធ្វើឲ្យ​ប៉ះពាល់​មុខរបរ​ប្រចាំ​ថ្ងៃ​រប​ស់​ពលរដ្ឋ​​ខ្មែរ​​ ​៖ "ពី​ថ្ងៃ​នេះ​ទៅ សូម​អ្នក​ឯង​បញ្ឈប់​ជា​បន្ទាន់នូវ​ការ​ប្រើប្រាស់​រថយន្ត​ដែល​ធន់​ធ្ងន់ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំដាច់​អាជីព យើង​ដឹង​ហើយ​ទីផ្សារ​សេរី ប៉ុន្តែ​ទីផ្សារ​សេរីមិន​មែន​បណ្តាច់​អាជីព​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​ ម្ចាស់​ប្រទេស ​ដែល​ជា​ម្ចាស់​អង្គរ​វត្ត​​នោះ​ទេ​ មែន​ទេ? រួបរួម​គ្នា​ដើម្បី​ជីវ​ភាព​រស់​នៅរបស់​យើង​មែន​ទេ? ប្រមូល​កម្លាំង​សាម​គ្គី​ប្រជា​ពលរដ្ឋ​ខ្មែរ រួប​រួម​គ្នា​​លក្ខ​ខណ្ឌ​ការ​ងារ​របស់​យើង"។

បណ្តាញ​សហគមន៍​ដីធ្លី និង​កម្មករ លើក​បដា​តវ៉ារឿង​ដីធ្លី និង​ទាម​ទារ​ប្រាក់​ខែ (រូបថត បូ សាវី)

ដោយឡែក​ក្រុម​កម្មករ និង​បណ្ដាញ​សហគមន៍​ដីធ្លី ចំនួន​៤​ទៀត ពួក​គេ​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ដ ដោះស្រាយ​បញ្ហា​ដីធ្លី និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់ ព្រមទាំង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​គ្រប់​វិស័យ​ឲ្យបាន ១៦០​ដុល្លារ ដំឡើង​ប្រាក់ខែ​មន្ដ្រីរាជការ​១​លាន​រៀល រក​ទីផ្សារ​ស្រូវ​ឲ្យបាន​១៥០០​​រៀល​​ក្នុង​មួយ​គីឡូក្រាម និង​បញ្ចុះតម្លៃ​សាំង​ត្រឹម​៤០០០​រៀល​ ​៖ "ភូមិ​ត្បាញ​​ខាង​កើត ទាមទារ​កម្ម​សិទ្ធិ​ដី​សម្រាប់​ ១៦៨​គ្រួសារ ទីបី សហ​គមន៍​ត្បាញខាង​លិច​ ទាម​ទារ​ដី​៤២៧​ហិចតា​សម្រាប់​ ១០៥​គ្រួសារ​។ បង​ប្អូន​ទាំង​អស់​គ្នា យើង​ទាម​ទារឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​សាំង​ជា​បន្ទាន់ ជយោ!​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជយោ​! ប្រជា​ពលរដ្ឋ​ខ្មែរ​ដ៏​អង់​អាច​ក្លា​ហាន"។

ទោះជា​យ៉ាងណា ក្រុមបាតុករ បាន​រំសាយ​ទៅវិញ​នៅ​ម៉ោងជាង​១២​ថ្ងៃ​ត្រង់នេះ ដោយសារ​មាន​តំណាង​អាជ្ញាធរ​ខេត្ដ​សៀមរាប ចេញ​មក​ទទួលយក​ញត្ដិ ដោយ​ពុំ​មាន​ការប៉ះទង្គិច​ណាមួយ​ជាមួយ​កំលាំង​សមត្ថកិច្ច ឡើយ​ដោយ​គ្រាន់តែ​រារាំង​មិនឲ្យ​បាតុករ​ចូល​ដល់​ស្នាក់ការ​ក្រុម​ហ៊ុន​រថយន្ដ​ប្រើ​អគ្គិសនី និង​ចូល​សាលា​ខេត្ដ​។

លោក សុខ ថុល នាយករង រដ្ឋបាល​សាលា​ខេត្ដ​សៀមរាប ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ថា លោក​នឹង​យក​ញត្ដិ​ទាំងនោះ​ដាក់ជូន​អភិបាលខេត្ដ ​៖ "សុំ​ការ​សំណូម​ពរ​អី គឺ​ថា​ដាក់​ញត្តិ​មក​ ខ្ញុំនឹង​ទទួល​ហើយ​និង​រាយ​ការណ៍​ជូន​ឯកឧត្តម​អភិបាល​ដើម្បី​ដោះស្រាយ​ជូន"។

ទោះជា​យ៉ាងណា ប្រធាន​សាខាសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខេត្ដ​សៀមរាប លោក ផឹង សាម៉េធ ដែល​ដឹកនាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម ព្រមាន​ថា នឹង​ដឹកនាំ​បាតុករ ធ្វើបាតុកម្ម​បន្ដទៀត​នៅ​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរណ៏ បើសិន​មិនមាន​ដំណោះស្រាយ​។ ពហុ​វិស័យ​ដែល​ដឹក​នាំ​បាតុកម្ម​នៅ​ក្រុង​ទេសចរណ៍​នៅ​ថ្ងៃ​ពុធ​នេះ រួមមាន សមាគម ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​​សេវាកម្ម​កម្ពុជា សហព័ន្ធ​​សហជីព កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា និង​បណ្ដាញ​សហគម​ន៏​ដីធ្លី​ចំនួន​៤​ផ្សេងទៀត ៕

សរសេរមក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com​

What Next?

Recent Articles

2 Responses to "ក្រុម​ពហុ​វិស័យ ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​​អាជ្ញាធរ​​ខេត្ត​​សៀម​រាប ដោះ​ស្រាយ​បញ្ហា​មួយចំនួន​"

  1. Terminator III says:

    There will be no peace without liberty and justice. As I have said, political turmoil is unavoidable as long as reasonable resolution has not been taken into consideration by the stubborn leaders in the oppressive government. Oppositions rally, garment workers protest, homes eviction victims protest, teachers association is threatening strike demanding higher wages and now, motor taxi drivers are protesting against tourism industry for the impact on their business due to higher cost of gasoline and the loss of clients resulted from the larger competative shuttle companies operating in and around the prosperous tourists resort in Siem Reap.

  2. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    ស្វាគមន៏ បើមិនធ្វើដូច្នេះគេមិនដោះស្រាយឲ្យយោះងទេ។
    គេស៊ីតែគ្នាគរ រាជការប្រាក់ខែតិចតួចចង់តិចជាងកម្មករផងអ្នកខ្លះ។