គ្រូបង្រៀននៅតាមបណ្ដាស្រុកខ្លះនៃខេត្តឧត្តរមានជ័យ កំពុងងឿងឆ្ងល់ ហើយចោទសួរថា តើខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ជួបប្រទះបញ្ហាបើកប្រាក់ខែខ្វះ ដោយមន្ទីរអប់រំនិយាយថា សុំជំពាក់លោកគ្រូអ្នកគ្រូសិនដែរឬទេ? សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា គេបានស្រាវជ្រាវរួចហើយ គឺមិនមានខេត្តណាដែលមានបញ្ហាបើកប្រាក់ខែខ្វះដូចខេត្តឧត្តរមានជ័យ នោះទេ។
ដោយ ហង្ស សាវយុត
2014-01-01
RFA
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានព្រមានថា ការដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បើកប្រាក់ខែឱ្យគ្រូបង្រៀនមិនគ្រប់ចំនួននោះ គឺជារឿងខុសច្បាប់។
ក្រុមគ្រូបង្រៀនថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា នៅតាមបណ្ដាស្រុកជាច្រើនរបស់ខេត្តឧត្តរមានជ័យ កំពុងសម្ដែងការមិនសប្បាយចិត្តចំពោះការបើកប្រាក់ខែខ្វះចំនួន ២ខែផ្ទួនៗគ្នា នៅចុងឆ្នាំ២០១៣។
គ្រូបង្រៀននិយាយថា ជីវភាពជាគ្រូបង្រៀនដូចសព្វថ្ងៃមិនអាចចេញទៅប្រកបរបរអ្វីផ្សេងបាន ហើយសង្ឃឹមតែលើប្រាក់ខែមួយមុខ ក៏ប៉ុន្តែនៅពេលដែលបើកប្រាក់ខែមិនគ្រប់ចំនួនទៀត គឺកាន់តែធ្វើឱ្យពួកគេប្រឈមមុខនឹងការរស់នៅប្រចាំថ្ងៃជាច្រើន។
បុរសម្នាក់ គឺជាគ្រូបង្រៀននៅវិទ្យាល័យ ចុងកាល់ ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។ គាត់បានមានប្រសាសន៍ថា រូបគាត់ និងគ្រូបង្រៀនជាច្រើនទៀតមិនសប្បាយចិត្តចំពោះមន្ទីរអប់រំ យុវជន និងកីឡា ដែលបើកប្រាក់ខែឱ្យមិនគ្រប់ចំនួននោះទេ។ បុរសដដែលបានបញ្ជាក់ថា ការបើកប្រាក់សម្រាប់ខែវិច្ឆិកា គឺខ្វះចំនួន ១០ម៉ឺនរៀលក្នុងគ្រូបង្រៀនម្នាក់ៗ៖ «ខែវិច្ឆិកា លុយរបស់យើងមាន ៤៤ម៉ឺន ប៉ុន្តែដល់ពេលគេឱ្យយើង គេឱ្យតែ ៣៤ម៉ឺនរៀលទេ។ ខែធ្នូ នេះទៀត ឮថាជំពាក់ ១០ម៉ឺនរៀលទៀត ប៉ុន្តែមិនទាន់ដឹងថា គេជំពាក់មែន ឬក៏អត់ទេ? តាមពិតទៅ គ្រូបង្រៀនខេត្តឧត្តរមានជ័យ ដែលគេជំពាក់យើង ១០ម៉ឺនរៀលហ្នឹង គឺត្អូញត្អែរមិនសប្បាយចិត្ត ពីព្រោះអ្វីយើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ សង្ឃឹមលុយខែនោះ។ ដល់ពេលលុយខែតិច ហើយបើកយឺត ដល់ពេលបើកយឺត ហើយជំពាក់យើងទៀត ពិបាកមែនទែន។ មិនមែនគិតថា យើងជាគ្រូបង្រៀនទេ។ អ៊ីចឹង សួរថាខេត្តផ្សេងៗគេជំពាក់ដូចយើងដែរឬក៏អត់?»។
មិនមែនតែគ្រូបង្រៀននៅស្រុកចុងកាល់ ប៉ុណ្ណោះទេដែលសម្ដែងការមិនសប្បាយចិត្តចំពោះការបើកប្រាក់ខែខ្វះនេះ គឺក្រុមគ្រូបង្រៀននៅតាមស្រុកជាច្រើនទៀត ក៏សម្ដែងអារម្មណ៍ប្រហាក់ប្រហែលគ្នាដែរ។
គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ក្រុងសំរោង ក៏បានមានប្រសាសន៍ថា រូបគាត់បានចាកចេញពីស្រុកកំណើតឯខេត្តតាកែវ ទៅបង្រៀននៅខេត្តឧត្តរមានជ័យ ដោយត្រូវការចំណាយជាច្រើនលើការហូបចុកប្រចាំថ្ងៃ។ ក៏ប៉ុន្តែ នៅពេលដែលបើកប្រាក់ខែមិនគ្រប់ចំនួននេះ តើឱ្យគាត់មានប្រាក់ឯណាសម្រាប់ដោះស្រាយការរស់នៅប្រចាំថ្ងៃ?៖ «កាលពីខែវិច្ឆិកា គេគ្រាន់តែប្រាប់ថា ខ្វះលុយអីអ៊ីចឹង គេជំពាក់ ១០ម៉ឺនរៀល ថាបើកប្រាក់បៀវត្សខែធ្នូ នេះ គេទូទាត់សងវិញ។ ដល់ពេលបើកប្រាក់បៀវត្សខែ១២ នេះ គេសងមែនអា ១០ម៉ឺននោះ ប៉ុន្តែគេជំពាក់ខែថ្មី ឡើង ២២ម៉ឺន ៤ពាន់រៀល។ គេថា ចាំសងខែក្រោយ ហើយពួកខ្ញុំគ្រូៗខ្ញុំអត់សុខចិត្ត ព្រោះអ្វីពួកខ្ញុំគ្រូមកពីឆ្ងាយ ពឹងផ្អែកទៅលើប្រាក់បៀវត្សទាំងអស់។ យើងមិនអាចរកអ្វីបាន ហើយនៅពេលបើកប្រាក់បៀវត្សខ្វះអ៊ីចឹង ពួកខ្ញុំអត់មានលុយចាយទេ។ និយាយឱ្យត្រង់ លុយសម្រាប់ហូបបាយក្នុង ១ថ្ងៃជាង ១ម៉ឺនរៀល ហើយប្រាក់ខែរបស់ខ្ញុំបានតែជាង ៤០ម៉ឺនរៀលហ្នឹង។ ដល់ពេលបើកជំពាក់អ៊ីចឹង ខ្ញុំចាយយ៉ាងម៉េចគ្រប់ ខ្ញុំរកលុយហូបបាយមិនបានផង»។
ប្រភពពីសាលាបឋមសិក្សា ហ៊ុន សែន ក្នុងទីរួមស្រុកអន្លង់វែង បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ខែធ្នូ ក្រុមគ្រូបង្រៀនជាង ៣០នាក់ បានស្រុះស្រួលគ្នាមិនចុះហត្ថលេខាបើកប្រាក់ខែទេ ពីព្រោះតែប្រាក់សម្រាប់ខែធ្នូ ត្រូវគេជំពាក់ចំនួនជាង ២០ម៉ឺនរៀលទៀត។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ លោក អ៊ឹង បូរ៉ាត់ ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានថាយ៉ាងណានៅឡើយ។
ចំណែកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា គឺលោក កៅ ថាវរៈ បានបដិសេធមិនធ្វើការពន្យល់ជុំវិញរឿងបើកប្រាក់ខែឱ្យគ្រូបង្រៀនខ្វះនោះទេ ដោយលោកបញ្ជាក់ថា លោកមិនមែនជាអ្នកទទួលបន្ទុកផ្នែកនោះ៖ «សួរទៅលោកប្រធានណា! គាត់នឹងបំភ្លឺឱ្យ។ ខ្ញុំមិនសូវដឹង ពីព្រោះខ្ញុំមិនមែនអ្នកទទួលបន្ទុកខាងលុយកាក់ទេ»។
ក្រុមគ្រូបង្រៀននៅតាមបណ្ដាស្រុកជាច្រើន បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គួរតែពិនិត្យចំពោះមន្ទីរអប់រំ យុវជន និងកីឡា នៅខេត្តឧត្តរមានជ័យ ម្ដង ពីព្រោះគេដឹងថា បញ្ហាបើកប្រាក់ខែយឺតយ៉ាវតែងកើតមានជាញឹកញាប់ខុសពីខេត្តដទៃទៀត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានឱ្យដឹងថា តាមលោកស្រាវជ្រាវ គឺមិនមានខេត្តណាមានបញ្ហាបើកប្រាក់ខែគ្រូបង្រៀនខ្វះដូចខេត្តឧត្តរមានជ័យ ទេ៖ «យើងគិតថាការដែលធ្វើបែបនេះ វាគឺជារឿងមួយខុសច្បាប់ហើយ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នគ្រូបង្រៀននៅមានប្រាក់ខែតិចតួច គឺលោកមានគម្រោងនឹងដឹកនាំក្រុមគ្រូបង្រៀនធ្វើមហាកូដកម្មទូទាំងប្រទេស ដើម្បីទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនលោកគ្រូអ្នកគ្រូឱ្យបានយ៉ាងតិចបំផុតក៏ ១លានរៀល។ លោក រ៉ុង ឈុន បញ្ជាក់ថា មហាកូដកម្មរបស់គ្រូបង្រៀននៅទូទាំងប្រទេសនេះ អាចនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាគមគ្រូបង្រៀនព្រមានធ្វើកូដកម្មទាមទារប្រាក់ខែ១លានរៀល
- មន្ត្រីមន្ទីរការងារខេត្តបន្ទាយមានជ័យមួយចំនួនត្អូញពីការបើកប្រាក់ខែយឺត២ខែ
- ម្ចាស់រថយន្តដឹកស្រូវទៅលក់នៅវៀតណាមនៅតែបន្តស្វែងរកយុត្តិធម៌
- មន្ត្រីមន្ទីរកសិកម្មនិងពេទ្យសត្វខេត្តព្រះវិហាររងការចោទថាគាបសង្កត់អាជីវករឲ្យបង់លុយ
- អង្គភាពប្រឆាំងអំពើពុករលួយប្រកាសឲ្យមន្ត្រីប្រកាសទ្រព្យនិងបំណុល
- សមាគមគ្រូបង្រៀនដាក់ឯកសារស្ដីពីគោលនយោបាយអប់រំជូនរដ្ឋាភិបាល
- អ្នកភូមិនៅខេត្តកណ្ដាលផ្ដិតមេដៃទាមទារឲ្យដកមេភូមិ
- លោក ហ៊ុន សែន អនុញ្ញាតឲ្យជនពិការធ្វើគ្រូបង្រៀននៅឆ្នាំ២០១៤
- មន្ត្រីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងរងការរិះគន់ថាពុករលួយ
This is 21 century, and 2014. Really stupid.
It’s easy to find out the. Reason why they didn’t get full pay!