តើ​ប្រិយ​មិត្ត​អាស៊ីសេរី​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​អ្វី​ខ្លះ​នៅ​ឆ្នាំ​២០១៣?

នៅ​ឆ្នាំ​២០១៣ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​ឡើង។ ព្រឹត្តិការណ៍​ខ្លះ​មាន​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ច្រើន រី​ឯ​ព្រឹត្តិការណ៍​ខ្លះ​ទៀត ប្រជាពលរដ្ឋ​គ្រាន់​តែ​តាម​ដាន​ពេល​ដែល​កើត​ឡើង ហើយ​ក៏​បំភ្លេច​ចោល​ក្រោយ​ពេល​ស្ដាប់​ឬ​អាន​រួច។

ដោយ យាង សុជាមេត្តា
2014-01-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈាង វុន សុន ឆ័យ
លោក ឈាង វុន (ឆ្វេង) និង​លោក សុន ឆ័យ ក្នុង​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៣។ RFA

សម្រាប់​ពលរដ្ឋ​ខ្លះ​ទៀត ពួកគេ​មិន​ត្រឹម​តែ​តាម​ដាន​ស្ដាប់ ឬ​ក៏​អាន​ព្រឹត្តិការណ៍​ទាំង​នោះ​ទេ តែ​ថែម​ទាំង​បាន​ចំណាយ​ពេល​វេលា​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន និង​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ ឲ្យ​អ្នក​ដទៃ​បាន​អាន ឬ​ស្ដាប់​ទៀត​ផង។

តើ​ប្រិយ​មិត្ត​អ្នក​ស្ដាប់​និង​អាន​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ឆ្នាំ​២០១៣ បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​អ្វី​ខ្លះ?

ព្រឹត្តិការណ៍​ដែល​ប្រិយមិត្ត​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ចាប់​អារម្មណ៍​ខ្លាំង​ដំបូង​គេ​នោះ គឺ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ក្នុង​នោះ​រួម​មាន​ព័ត៌មាន​អំពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​កម្ពុជា​នឹង​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ព័ត៌មាន​ពី​អង្គការ​ខុមហ្វ្រែល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បាន​ព្រមាន​ថា ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា គឺ​នឹង​បង្ក​ឲ្យ​កម្ពុជា ផ្ទុះ​សង្គ្រាម​ផ្ទៃ​ក្នុង និង​បង្ក​ឲ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ទៀត​ថា ប្រសិន​បើ​លោក​ចាញ់​ឆ្នោត​មែន​នោះ លោក​នឹង​មិន​ឲ្យ​គេ​ចាប់​ខ្លួន​លោក​យក​ទៅ​កាត់​ទោស​ស្រួលៗ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កាល​នោះ​នៅ​ក្រៅ​បរទេស​នៅ​ឡើយ បាន​ថ្លែង​ថា លោក​នឹង​ចាប់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ពេល​បច្ចុប្បន្ន​ទាំង​អស់​យក​ទៅ​កាត់​ទោស នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ឆ្នោត។

ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដែល​មាន​អ្នក​ស្ដាប់​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ​នោះ គឺ​ការ​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​កាល​ពី​ខែ​កញ្ញា ចំ​ថ្ងៃ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​មក​ទល់​ពេល​នេះ ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ឡើយ។

រឿង​បោះ​ឆ្នោត​ដដែល​នេះ តែ​ទាក់ទង​នឹង​ការ​អំពាវ​នាវ​របស់​អង្គការ​ខុមហ្រ្វែល ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​ឡើង​វិញ។ ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ បាន​រក​ឃើញ​ ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។ ការ​អំពាវនាវ​នេះ ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទាមទារ​រដ្ឋាភិបាល​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

ចំពោះ​រឿង​នយោបាយ​វិញ ដំណើរ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ព្រឹត្តិការណ៍​ដែល​ប្រិយមិត្ត​ចាប់​អារម្មណ៍​ច្រើន។ លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ខែ​កក្កដា បន្ទាប់​ពី​បាន​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​ជាង ៤​ឆ្នាំ​រួច​មក និង​បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​ប្រទាន​ការ​លើក​លែង​ទោស​ឲ្យ​លោក​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​សរុប ១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម ខេត្ត​ស្វាយរៀង។

បញ្ហា​នយោបាយ​នេះ​ដដែល តែ​ទាក់ទង​នឹង​រឿង​រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈរដ្ឋមន្ត្រី ដែល​គេ​យល់​ថា មាន​ក្បាល​ធំ​ជាង​ខ្លួន។ អត្ថបទ​ព័ត៌មាន​បាន​សរសេរ​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ក្បាល​ធំ ប៉ុន្តែ​មាន​មាឌ​តូច។ អាច​និយាយ​ម៉្យាង​ទៀត​ថា កម្ពុជា​តូច​មែន​ពិត​តែ​សម្បូរ​ទៅ​ដោយ​អ្នក​ដឹកនាំ​ដែល​មិន​សូវ​ឃើញ​ចូល​និវត្តន៍​សោះ បើ​ទោះ​ជា​ដល់​អាយុ​ហើយ​ក្តី។

អត្ថបទ​ដដែល​បន្ត​ថា ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០១៣ នេះ កាន់​តែ​រីក​ធំ​ឡើងៗ។ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ ដែល​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា ឆ្ងាយ​នោះ គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​សមាជិក​ច្រើន​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ងាយ​ណាស់។

ងាក​មក​មើល​ព្រឹត្តិការណ៍​សង្គម​វិញ​ម្ដង ព្រឹត្តិការណ៍​ដែល​មាន​ប្រិយមិត្ត​ចូល​រួម​បញ្ចេញ​ទស្សនៈ​ច្រើន មាន​ដូច​ជា​ព័ត៌មាន​ទាក់ទង​នឹង​និស្សិត​ខ្មែរ​មួយ​ក្រុម ស្នើ​ឲ្យ​លុប​ចោល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ត្រូវ​បាន​និស្សិត​ខ្មែរ​មួយ​ក្រុម​ចូល​រួម​ក្នុង​សិក្ខា​សាលា​មួយ​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​ក្រោក​ឡើង​លើក​បដា​តវ៉ា មិន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​នៅ​កម្ពុជា។ ក្រុម​និស្សិត​ទាំង​អស់​នោះ បាន​ចោទ​ប្រកាន់​លោក ស៊ូប៊ែឌី ថា​បាន​សរសេរ​របាយការណ៍​អវិជ្ជមាន​អំពី​កម្ពុជា។

ព្រឹត្តិការណ៍​សង្គម​មួយ​ទៀត​ដែល​មាន​គេ​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ​នោះ គឺ​ករណី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch= HRW) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​លោក ជាម យៀប នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ថា លោក ជាម យៀប អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។ ក្រៅ​ពី​នេះ ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​កាត់​ដេរ ១៦០​ដុល្លារ ក្នុង​មួយ​ខែ ក៏​ត្រូវ​បាន​ប្រិយមិត្ត​ចូល​រួម​បញ្ចេញ​ទស្សនៈ​ជា​ច្រើន។

ក្រឡេក​មក​មើល​ទំនាក់ទំនង​ការបរទេស​វិញ ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។ ទស្សនកិច្ច​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យ៉ុង និង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ចុះ​ចេញ​ពី​តំណែង។ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​វៀតណាម​ពេល​នេះ ត្រូវ​បាន​ពួក​ប្រឆាំង​គិត​ថា ដើម្បី​ស្វែង​រក​គំនិត​ពី​មេដឹកនាំ​វៀតណាម។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សុន្ទរកថា​ជា​ភាសា​វៀតណាម រំលឹក​ពី​អនុស្សាវរីយ៍​របស់​លោក​ជាមួយ​អតីត​កង​ទ័ព​វៀតណាម ទៀត​ផង។

បើ​ទោះ​ជា​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​ព្រឹត្តិការណ៍​នយោបាយ ការ​បោះ​ឆ្នោត និង​ព្រឹត្តិការណ៍​សង្គម​ក្តៅៗ ដែល​បាន​កើត​ឡើង​ជា​ហូរហែ​ក្តី បញ្ហា​ក្ដីក្ដាំ​ប្រាសាទ​ព្រះវិហារ​ ក៏​នៅ​តែ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែល​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​រួម​បង្ហាញ​ទស្សនៈ និង​ចែក​រំលែក​ចំណេះ​ដឹង​របស់​ពួកគេ។

បែរ​មក​មើល​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី វិញ​ម្ដង។ ក្នុង​ឆ្នាំ​២០១៣ វេទិកា​អ្នក​ស្តាប់​ដែល​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ពិភាក្សា​លើ​ប្រធានបទ​ស្ដីពី​នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត។

កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ស្ដីពី​នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៣ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ជា​វាគ្មិន និង​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ អ្នក​នយោបាយ​ទាំង​ពីរ​បាន​ព្យាយាម​វែកញែក​រក​ត្រូវ​រៀងៗ​ខ្លួន​អំពី ថា​តើ​ការ​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​សភា​គ្មាន​សុពលភាព​ឬ​ទេ? លោក ឈាន វុន នៅ​ពេល​នោះ​បាន​បក​ស្រាយ​ថា ការ​មិន​ចូល​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​មែន​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បើក​សភា និង​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ទេ។

លោក ឈាង វុន៖ «សូម​ជម្រាប​ថា ករណី​របៀប​នេះ យើង​បាន​ឆ្លង​កាត់​រួច​ហើយ​នៅ​ក្នុង​សភា​អាណត្តិ​ទី​៤ ហើយ​រឿង​ដដែល​នេះ គឺ​លើក​មក​ដាក់​លើ​តុ​ម្តង​ទៀត​អាណត្តិ​ទី​៥​នេះ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ព្រោះ​ថា យើង​ខាត​ពេល​វេលា​ច្រើន​ណាស់។ ខ្ញុំ​បង្ហាញ​រូបថត​តែ​ខ្លី​ទេ ប្រសិន​បើ​អាច​ថត​បាន ខ្ញុំ​សូម​កោត​សរសើរ ថា​គួរ​យក​ទៅ​ផ្សាយ​ដែរ នេះ​ជា​រូបថត​ដែល​ប្រកាស​សភា​អាណត្តិ​ទី​៤ នេះ អាណត្តិ​ទី​៤ ឯកឧត្តម សម រង្ស៊ី គាត់​អង្គុយ​នេះ អាវ​ខ្មៅ ឯកឧត្តម សុន ឆ័យ គាត់​អង្គុយ​នេះ ហើយ​សុទ្ធ​តែ​សមាជិក​គណបក្ស សម រង្ស៊ី ហើយ​ឯកឧត្ដម ហូរ វ៉ាន់ អង្គុយ​នេះ បាន​សេចក្ដី​ថា​ម៉េច? បាន​សេចក្ដី​ថា បញ្ហា​នេះ​បាន​កើត​ឡើង​រួច​ហើយ ហើយ​គេ​បាន​ដោះស្រាយ​រួច​ហើយ អាណត្តិ​ទី​៤ បាន​ជិត​ចប់​ទៀត​ហើយ អ៊ីចឹង​យើង​សួរ​ថា រាំង​ស្ទះ​ទេ? ថា​អត់​ទេ ព្រោះ​នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ អ្នក​ចូល​រួម​ប្រជុំ​មាន​តែ ១១៩​នាក់​ទេ ព្រោះ​សមាជិក​សភា​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ៣​រូប មិន​បាន​ចូល​រួម​ប្រជុំ​ទេ ហើយ​សមាជិក​សភា​ម្នាក់​ទៀត​ឈឺ​ថ្កាត់ ហើយ​បើ​យើង​លើក​ថា ទាល់តែ ១២០​រូប​ទើប​បាន​ដំណើរការ បាន​សេចក្ដី​ថា សភា​អាណត្តិ​ទី​៤​ហ្នឹង​ខុស​ទាំង​អស់​តែម្ដង ដើរ​លែង​កើត»

តែ​សម្រាប់​លោក សុន ឆ័យ វិញ។ លោក​បាន​បក​ស្រាយ​ថា ជា​គោលការណ៍​ដំណើរ​ការ​រដ្ឋ​សភា​ក្តី និង​ដំណើរ​អ្វី​ផ្សេង​ទៀត​ដែល​រដ្ឋ​សភា​ធ្វើ​សេចក្ដី​សម្រេច​ក្តី គឺ​មិន​អាច​ជៀស​ផុត​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ៖ «មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋ​សភា​មាន​សមាជិក​របស់​ខ្លួន​យ៉ាង​តិច ១២០​រូប ហើយ​ករណី​ហ្នឹង​វា​មាន​បញ្ហា​កន្លង​ទៅ ទើប​បាន​ជា​មាន​ការ​សួរ​នាំ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០០៣​ហ្នឹង ក៏​បាន​ធ្វើ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ​បាន​ពន្យល់​មក​រដ្ឋ​សភា​វិញ​យ៉ាង​ច្បាស់ អា​នេះ​យើង​និយាយ​អំពី​ការ​គោរព​ច្បាប់ ការ​អនុវត្ត​ច្បាប់ ឬ​ការ​បំពាន​ច្បាប់។ រឿង​វា ២​ខុស​គ្នា បើ​យើង​និយាយ​អំពី​ការ​គោរព​ច្បាប់ វា​មាន​នីតិវិធី​វា​បែប​ហ្នឹង ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ចែង​អ៊ីចឹង។ គាត់​ពន្យល់​មក​វិញ​ថា យោង​ទៅ​តាម​មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ គឺ​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា រដ្ឋ​សភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាង​តិច ទើប​អាច​បង្កើត​សភា​ក្នុង​នីតិកាល​នីមួយៗ​បាន»

ការ​ពិភាក្សា​ចេះ​តែ​បន្ត​ខ្វែង​គំនិត​គ្នា ហើយ​វាគ្មិន​ទាំង​ពីរ​ក៏​ចេះ​តឹង​សរសៃ​ក​ដាក់​គ្នា ព្រម​ទាំង​និយាយ​ដឺដង​ដាក់​គ្នា​ទៀត​ផង។ ក្រោយ​ការ​បកស្រាយ​របស់​លោក សុន ឆ័យ អ្នក​សម្របសម្រួល​បាន​អាន​ច្បាប់​ទាក់ទង​ចំនួន ដែល​សមាជិក​សភា​សរុប​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ដំបូង តែ​អាន​មិន​ទាន់​ចប់​សព្វ​គ្រប់​ផង ស្រាប់​តែ​លោក ឈាង វុន បាន​សុំ​ពេល​ដើម្បី​បកស្រាយ​ម្តង។

បន្ទាប់​មក​ទៀត នៅ​ពេល​អ្នក​សម្របសម្រួល​និយាយ​អំពី​នីតិវិធី​ទាក់ទង​ក្ដីក្ដាំ​ប្រាសាទ​ព្រះវិហារ ដែល​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​សុំ​បក​ស្រាយ​ភាព​មន្ទិល​សង្ស័យ​សាលក្រម​ឆ្នាំ​១៩៦២ ដើម្បី​ប្រៀបធៀប​ទៅ​នឹង​បញ្ហា​កំពុង​ពិភាក្សា លោក ឈាង វុន ក៏​បាន​តវ៉ា​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



What Next?

Recent Articles

11 Responses to "តើ​ប្រិយ​មិត្ត​អាស៊ីសេរី​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​អ្វី​ខ្លះ​នៅ​ឆ្នាំ​២០១៣?"

  1. ពុទ្ធទំនាយ says:

    គំនិតខ្ញុំ ខ្ញុំចង់ឱ្យមានការជជែកជាវេទិកាបែបនេះ រវាងលោកសុនឆៃ និងលោកឈាងវុន ជាបន្តទៀត ព្រោះជាពីភាក្សារវាងអ្នកទាំងពីរពិតជាមានន័យមែន ធ្វើឱ្យមហាជនចង់តាមដានណាស់

  2. eclipse says:

    ចំពោះគំនិតខ្ញុំវិញ ខ្ញុំថា បើចង់ត្រូវរូវគ្នាគឺត្រូវយល់ស្របជាមួយគ្នា ក្នុងពេលចរចានៅក្នុងគ្រាដំបូងពី

    រឿងជជែកគ្នាអំពីមុខតំណែង ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ កាលចរចាមុននោះ ខាងបក្ស

    ប្រជាជន មើលស្រាល យល់ស្មានខុស នឹកស្មានមិនដល់ថា ខាងបក្សសង្គ្រោះជាតិមានសមត្ថភាព

    និងធនធានដល់ម្លឹង។ ឥឡូវនេះ ខាងបក្សសង្គ្រោះជាតិ ដឹកនាំជ្រុលដំណើរមកដល់ដំណាក់កាល

    ពេលនេះទៅហើយ។ បើសិនជាចង់ ត្រឡប់បកទៅក្រោយវិញនោះ ប្រជាបាតុករដ៏ច្រើននឹងខឹង

    សម្បាយ៉ាងខ្លាំង ពីព្រោះពួកគេយល់ថា លោក សម រង្ស៊ី ជាមេដឹកនាំចង់បានអំណាច និងផល

    ប្រយោជន៏ផ្ទាល់ខ្លួន។ ដូច្នេះការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាមានតែផ្លូវ

    សន្តិវិធី តែមួយគត់ គឺការបោះឆ្នោតជាថ្មីសារឡើងវិញ តែប៉ុណ្ណោះ។

  3. Hi says:

    ខ្ញុំសូមសរសេរជាភាសារខ្មែរ ប្រសិនបើមានលទ្ធិភាព និងអាចមេលឃើញអំពីទស្សនៈលោកមកពីគណៈបក្សប្រជាជន និងលោកមកពីគណបក្សCNRP មួយណាល្អជាង៕ សូមអរគុណ

  4. eclipse says:

    ជាទស្សនៈខ្មែរចង់បានការស្រឡាញ់ រួបរួមគ្នា តែត្រូវប្រកាន់ជំហរ មនោគមន៏វិជ្ជា បស្ចិមប្រទេស

    តែមួយគត់។ កុម្មុយនិស្ត វាធ្វើឱ្យខូច ខាតបង់ ជាតិខ្មែរច្រើនពេក។

  5. ។។ says:

    ប្រជាធិបតេយ្យ​នៅពេលដែលពលរដ្ឋភ្លើដូចសព្វថ្ងៃ ក៏វាអត់បានការដែរ។ព្រោះប្រជាធិបតេយ្យគឺពលរដ្ឋជា
    អ្នកដឹកនាំ​ប្រទេសតាមរយៈការបោះឆ្នោតរើសអ្នកតំណាង។ដោយសារ
    តែប្រជាពលរដ្ឋភ្លើ ធ្វើឲ្យគាត់រើសអ្នកនយោបាយល្អអត់បាន។ដូចមនុស្ស
    ​ដែលអត់ស្គាល់សត្វគោ គេឲ្យក្របីក៏គាត់យកដែរ។

  6. a says:

    រឿងឈាងវុនឆ្កួទ

  7. ប្រជាពលរដ្ឋ says:

    តំណាងរាស្ត្រ មាន ពីរ ប្រភេទ = ១ = បំរើ ប្រជាពលរដ្ឋ ចេះ អាណិតអាសូរ ជួយ ប្រជាពលរដ្ឋ !

    = ២ = បំរើ ខ្លួនអែង មិនខ្វល់ ជួយ អ្នកណា ! ខ្វាក់ ភ្នែក !

  8. Chourn says:

    គឺឈុតឆាកដូចនៅក្នុងរូបថតខាងលើហ្នឹងហើយដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះ ព្រោះកាលណោះ លោកឈាងវុន ហាក់ចង់ស្ទះទ្រូងនិយាយមិនចេញ ឮសូរតែអឺសៗ ហើយលាបពណ៌ដាក់លោក សុនឆ័យថា បានជាគាត់ថាលោកសុនឆ័យថាមានចរិកសាហាវដូចភ្នងនៅក្នុងសភានោះព្រោះតែ លោកសុនឆ័យនិយាយឲ្យក្តរទៅឈាងវុន តែលោកសុនឆ័យនិយាយថាគាត់មិនបានិយាយឲ្យក្តរ ទៅលោកឈាងវុននោះទេកាលណោះគឺមានបញ្ជាំងតាមទូរទស្សន៍ផងគឺអត់ឮនិងឃើញថាឲ្យក្តរ ឲ្យអីនោះផង ដូច្នេះលោកឈាងវុននិយាយបន្លើសលោកសុនឆ័យទាំងបំពាន។

  9. CHEA says:

    OH GOD WHY DO I HAVE TO SEE THIS FACE AGAIN. THIS GUY WAS PART OF AN EVIL THAT MAKE THIS COUNTRY SUFFERING.WHY MOST OF CPP GOV HAVING THIS KIND OF GUY IN THEIR PARTY THAT RIGHT CAMBODIAN CALL IT AN EVIL PARTY.I DO NOT UNDERSTAND WHY Mr HUN SEN GOV CPP CAN NOT SEE SOMETHING WRONG IN THEIR RULLING. AND TRYING TO SOLVE THE PROBLEM BE FOR IT GET WORSE.CAN YOU IMAGAINE IF YOU MAKE $85 A MONTH HOW DO YOU CALCULATE IT. OK IT’S SO EZY 1st TAKE YOUR INCOME AND MINUSE LIVING EXPENSE AND YOU WILL SEE CAN YOU MAKE YOUR LIVING.GET Mr HUN SEN TO ANSWER THIS QUESTION .THE WAY I KNEW EVERY THING IS THE MASSIVE PROBLEM IN THE WHOLE COUNTRY.IT NOT GOING TO BE THAT EZY FOR ANY NEW LEADER THAT WILL TAKEOVER AND MAKE THIS COUNTRY IN A REAL DEMOCRACY WAY.PEACE FOR ALL CAMBODIAN AND HAPPY NEW YEAR

  10. CHEA says:

    ONE MORE CAMBODIAN COMMUNITY IN THE WORLD WOULTLIKE TO HAVE THE LEADERS .Mr HUN SEN CPP AND SAMRANSY CNRP COME TO PUPLICE DEBATE BY BROADCASE ON TV AND RADIO ALL OVER CAMBODIA.TRYING TO FINE THE WAY OUT OF THIS POLITICAL DIFERENCES AND MAKING PEACE FOR THIS NATION.IF THEY ARE THE REAL 24K GOLD THEY WILL NOT FAD WHITE FIRE. THANK YOU

  11. ក្រសួងពាណិជ្ជកម្ម says:

    ខ្ញុំចង់សួរឈាង វុនបន្តិចដូចជាចាកប្រធានហើយមើលទៅសុំទោស។

    ” តើអែកអ៊ុតដំឈាង វុន រត់ការ ឲ្យក្មួយស្រីនៅក្រសួអពាណិជ្ជកម្មឡើងធ្វើប្រធាននាយកដ្ឋានជំនួសលោកវ៉ា រ៉ុតសាន(លោកនឹងចូលនិវត្តឆ្នាំក្រោយ) បានហើយឬនៅ???”

    បើបានមែនក្រសួងពាណីជ្ជកម្មនឹងរំជួយផែនដីហើយ លោកស៊ុន ចាន់ថុលនឹងឈឺក្បាលដោយសារនាងនោះមិនខាន ចារិកដូចឈាង វុនបេះបីទ !!!!!!!!!!!!