Wednesday, 01 January 2014
សំ សច្ចារ
ភ្នំពេញ ប៉ុស្តិ៍
អ៊ីទ័រ និយាយថា “បង្វឹកទ័ពរាប់ឆ្នាំ រង់ចាំធ្វើសង្គ្រាមតែមួយលើក” តែពេលនេះឆ្នាំ ២០១៣ វាបានកក្រើកឡើងវិញម្តងទៀតហើយ! តែមិននៅក្នុងប្រទេស ចិន ទេគឺនៅប្រទេស កម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆាវ) ព្រមទាំងលោក សម រង្ស៊ី (លាវ) និងលោក កឹម សុខា (ស៊ុន) កំពុងរៀបក្បួន។
ក្បួនថ្មី ដែល ឆាវ ប្រើគឺ បិទទ្វារក្នុងក្រុង មិនប្រយុទ្ធ មិនចរចា រង់ចាំពេលវេលាឲ្យទ័ពវ៉ៃក្រុង លាវ និង ស៊ុន អស់កម្លាំង អស់ស្បៀង ដើម្បីទ្រទ្រង់ទ័ព នោះពិតជាពិបាកថា លោកនាយក រដ្ឋមន្ត្រីនឹងចាញ់ណាស់ ពីព្រោះ ឆាវ អាចវ៉ៃមួយដង្ហើមបើមិនឈ្នះគឺចរចា មានប្រៀបនៅក្នុងក្បួនទ័ពនិងក្បួនយុទ្ធសាស្រ្ត។ ចំណែក លាវ និង ស៊ុន ក៏កំពុងធ្វើរឿងមួយផងដែរ “មិនវ៉ៃក្រុងខ្លាំង ខ្លាចបាក់កម្លាំង ទុកច្បាំងផ្តាច់ព្រ័ត្រ”។
ក្នុងន័យនេះ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងលេងក្បាច់មួយឱ្យទ័ពវ៉ៃក្រុងតិចៗ អស់ស្បៀងក៏តិច របួសក៏តិច តែវាបានបង្កប់នូវការរៀបក្បួនទ័ពមួយដ៏ចម្លែករបស់ទីប្រឹក្សាពួកគេនោះគឺ “បង្វឹកកុំឱ្យខ្លាចច្បាំង កុំឲ្យខ្លាចវ៉ៃក្រុង និងចេះពីរបៀបវ៉ៃក្រុង យុទ្ធសាស្រ្តការពារ ដកថយ គ្រប់ពេលវ៉ៃក្រុង អស់ស្បៀងផ្គត់ផ្គង់”។
ពាក្យក្រុមអ្នកធ្វើសឹក ពោលថា “ទាំងមេទ័ព ទាំងកូនទ័ពច្បាំងច្រើនក្នុងសង្គ្រាមសុទ្ធតែ កាន់តែធ្វើឱ្យរឹងមាំមិនថា ទឹកចិត្ត យុទ្ធសាស្រ្ត ក្បួនទ័ព ការពារ ដកថយ និងវ៉ៃក្រុង”។ កាន់តែវ៉ៃ កាន់តែចេះ កាន់តែខ្លាំង រង់ចាំ ៥ ឆ្នាំ ទ័ពថ្មីនឹងកើន ទ័ពចាស់នឹងក្លាយជាគំរូទ័ពថ្មី ទ័ពខ្លះនឹងក្លាយជាមេទ័ព មេក្រុមទ័ព ពេលនោះច្បាំងពិតជាខ្លាំង ដែលនោះគឺក្រុមបាតុករ។ តែប្រហែលជាពេលនេះ ម៉ោងនេះមេទ័ពបក្សប្រឆាំងគ្មានក្បួន ឬមិនទាន់រៀបក្បួននៅឡើយទេ តាមការគិតជាជំហានដំបូង ខ្ញុំកំពុងគិតថា មេបក្សប្រឆាំងគ្រាន់តែចង់ប្រមូលទ័ពឱ្យបានច្រើនដើម្បីបន្លាច ឆាវ “ធ្វើក្បួនទ័ពចេញឱ្យអស់ពីបន្ទាយ រៀបក្បួនទ័ពឱ្យធំដើម្បីឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ញាក់សាច់” បន្ទាប់មក បង្វឹកក្បួនឱ្យស្ទាត់ចេះស្តាប់បញ្ជា យល់ពីក្បួនឱ្យច្បាស់ទើបជំហានក្រោយ លោក សម រង្ស៊ី (លាវ) នឹងរៀបក្បួន ដាក់មេទ័ពទទួលតំណែងកិច្ចការ ហើយលោក កឹម សុខា (ស៊ុន) នឹងបម្រុងស្បៀងវ៉ៃក្រុងកាន់តែច្បាស់ បើទោះបីជា ស៊ុន និង លាវ មិនចង់ ក៏ទ័ពចង់ ហើយបើមេទ័ពដកថយ កូនទ័ពនឹងសម្លាប់មេទ័ពចោលជាក់ជាមិនខាន នោះហើយទើបលោក កឹម សុខា និយាយក្នុងវិទ្យុអន្តរជាតិខ្លះថា “យើងធ្វើតាមរាស្រ្ត រាស្រ្តចង់ធ្វើអី យើងធ្វើតាម”។
រង់ចាំមើលថា តើ លាវ ប៉ី ប្រមូលទ័ព ស៊ុន ឈាន មានស្បៀង អាចវ៉ៃបែកបន្ទាយ ឆាវៗ ទេក្នុងរយ:ពេល ២ ខែ ឬគ្រាន់តែចង់បង្វឹកទ័ពខ្លួន ចាំចម្បាំង ៥ឆ្នាំ ក្រោយ ឬក៏ ឆាវ អាចទ្រាំដល់រដូវក្តៅ ទ័ព លាវ ប៉ី ទ្រាំមិនបាន ហើយអស់កម្លាំង និងគ្មានស្បៀង ចាំ ឆាវ បើកទ្វារក្រុងវ៉ៃមួយដង្ហើមដើម្បីឈ្នះ បើមិនឈ្នះក៏អាចមានសម្ពាធលើការចរចា ឬយ៉ាងណានោះ សូមរង់ចាំតាមដានមើល។
អ្នកប្រយុទ្ធក្នុងចម្បាំង ពិតជាស្អប់បំផុតគឺច្បាំងដើម្បីតែច្បាំង មិនឈ្នះ មិនចាញ់ បានត្រឹមអស់ស្បៀង អស់កម្លាំង ទ័ពឥតប្រយោជន៍ បំបាក់ទឹកចិត្តទ័ព និងបន្លាយពេលកាន់តែយូរទៅៗ។ “ចិត្តមនុស្សអាចចាំបានគ្រប់ពេលទោះយូរប៉ុនណាក៏ដោយ តែអាយុជីវិតនៅរស់មិនអាចចាំរហូតបានទេ” នោះជាអ្វីដែល ឆាវៗ ច្បាំងមិនរង់ចាំឱកាស។
សរុបមកវិញ ជំហានក្រោយបន្ទាប់របស់ លាវ ប៉ី និង ស៊ុន ឈាន មុនពេលអស់ស្បៀង មុនពេលរដូវក្តៅ (បក្សប្រឆាំង) ក្នុងពេលរដូវរងា លាយឡំនឹងភ្លៀងរលឹមនេះ ពួកគេនឹងត្រូវច្បាំងឱ្យខ្លាំង លឿនរហ័ស ជាលើកចុងក្រោយដើម្បីបានឈ្នះ បើមិនឈ្នះមានតែដកទ័ពថយ ត្រៀមស្បៀង ត្រៀមអាវុធ បង្វឹកទ័ព រៀបក្បួនចាំច្បាំង ៥ ឆ្នាំក្រោយ។ សេចក្តីសង្ឃឹមចុងក្រោយរបស់បក្សប្រឆាំងមានតែប៉ុណ្ណឹងដែលជាជម្រើសចុងក្រោយ ហើយវាក៏ជាផ្លូវមាត់ជ្រោះចុងក្រោយ មិនអាចថយក្រោយ មិនអាចលោតជ្រោះ ព្រោះស្តាយការខំប្រឹងជាង ២០ឆ្នាំ។
ទាំង ឆាវៗ និងមេទ័ពខ្លួន (បក្សប្រជាជន) នឹងមិនខ្វល់ពីការជេរក្រៅក្រុង របស់ទ័ពបក្សប្រឆាំងនោះទេ ព្រោះថា ឆាវៗ មានរាជសារស្តេច មានអាវុធ មានទ័ព មានរបងថ្មីការពារក្រុងយ៉ាងក្រាស់ ហើយរង់ចាំទ័ពបក្ស ប្រឆាំង លាវ និង ស៊ុន ត្រូវក្តៅ ត្រូវខ្យល់ នឹងក្លាយជាដង្កូវឈឺពេញបន្ទាយនោះពិតជាឈ្នះយ៉ាងធូរដោយគ្រាន់ តែវ៉ៃមួយដង្ហើមឬឱ្យផ្លូវដើរមួយដល់មេទ័ពទាំង ២ វ៉ៃក្រុង តែ ឆាវ ក៏ដឹងដែរថា មុនពេលអស់ស្បៀង មុនពេលទ័ព លាវ ស៊ុន ក្លាយជាដង្កូវឈឺនោះ ពួកគេនឹងសម្រុកវ៉ៃបន្ទាយ ជាលើកចុងក្រោយ “ដែលនោះហើយជាទីលាននៃសង្គ្រាមពិត ដែលចារក្នុងប្រវត្តិសាស្រ្តរាប់ពាន់តំណ”។ តើ ឆាវ ទប់ជាប់ទេ? ឬ ស៊ុន និង លាវ ប្រឹងក្នុងដង្ហើមចុងក្រោយនេះ វ៉ៃបន្ទាយ ឆាវ បានទេ? “គឺមានតែទេវតាទេទើបដឹង”៕
និស្សិតកូនគ្រូបង្រៀន នៅខេត្ត ស្វាយរៀង សំ សច្ចារ
It’s a very good political analizing. This article reflexes the situation in Cambodia.
All we need to do is to wait and see what’s next! Only the chess players would make the move
If they see the weak points of their opponents.
You are Aresome teacher!
ស្វាគមន៏ បើមិនធ្វើដូច្នេះគេមិនដោះស្រាយឲ្យយោះងទេ។
គេស៊ីតែគ្នាគរ រាជការប្រាក់ខែតិចតួចចង់តិចជាងកម្មករផងអ្នកខ្លះ។