វិភាគ​៖ ​តើ​មេដឹកនាំ​សហជីព​​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម​ទាមទារ​​ដំឡើង​ប្រាក់​ឈ្នូល​អាច​​នឹង​​ត្រូវ​​ចាប់​ខ្លួន​ឬ​ទេ​?​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ការតវ៉ារបស់កម្ម​ករនៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ពេល​កន្លង​មក (រូបថត ញឹម សុខន)

កម្មករ​នៅ​រាជធានី​ភ្នំពេញ  និង​នៅតាម​បណ្តា​ខេត្ត​នានា ចាប់ផ្តើម​ធ្វើ​បាតុកម្ម កូដកម្ម ក្នុង​​គោលបំណង​ដូច​គ្នា​​តែ​មួយ ​គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ការធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ ដែល​មិន​ធ្លាប់​មាន​របស់​កម្មករ​​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ការងារ​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ដំឡើង​​ប្រាក់​ឈ្នូល​ក​ម្មករ​ពី​៨០​ទៅ​៩៥​ដុល្លារ តែ​កម្មករ​អះអាង​ថា ចំនួន​នោះ​មិន​អាច​ធ្វើឲ្យ​ពួកគេ​អាច​រស់នៅ​បាន​សមរម្យ​ទេ​ គឺ​ពួក​គេ​ទាម​ទារ​ដំឡើង​ដល់​១៦០​ដុល្លារ​។​

កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នានា​​ នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ស្វាយ​រៀង​​ជា​ដើម បាន​ចាប់ផ្តើម​ធ្វើ​បាតុកម្ម កូដកម្ម ដោយ​មិន​​បំពេញ​ការងារ ប្រមូល​ផ្តុំ​នៅ​មុខ​រោងចក្រ និង​មាន​ការបិទផ្លូវ​ជាច្រើន​កន្លែង​ទៀត​។​

​របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បង្ហាញថា កម្មករ​ទូទាំងប្រទេស មាន​​ប្រមាណ​​៧០​ម៉ឺន​នាក់ កំពុង​​ធ្វើការ​នៅ​រោងចក្រ​ចំនួន​៧៩៥​។​

​ឆ្លើយតប​និង ហេតុការណ៍​បាតុកម្ម​នេះ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់ទុកថា បាតុកម្ម កូដកម្ម​ទាំងនោះ​ដោយសារ​មាន​ការ​ញុះ​ញង់ និង​ការបំភិតបំភ័យ របស់​មន្ត្រី​សហជីព នាំឲ្យ​ខាតបង់​ផលប្រយោជន៍​​កម្មករ ផលប្រយោជន៍​ក្រុមហ៊ុន ក៏ដូចជា​ផល​ប្រយោជន៍​ជាតិ​ទាំងមូល​។
​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​ធ្នូ ក្រសួង​ការងារ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមាន​ចាត់​​វិធាន​ការ​តាម​ផ្លូវច្បាប់​ ចំពោះ​ជន​ដែល​បន្តសកម្មភាព​ញុះញង់ បង្ក​ការ​រំខាន​​ដល់​​កម្មករ​​និយោជិត និង​​រោង​ចក្រ​​សហគ្រាស ដោយ​​ស្នើ​ឲ្យ​​កម្មករ​​ចូល​​ធ្វើការ​វិញ​។​

សេចក្តីជូនដំណឹង​នោះ ​ឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ មក​​សហជីព​​ចំនួន​៥ និង​សមាគម​មួយ កំពុង​ញុះញង់​ដឹកនាំ​កម្មករ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​។ សេចក្តីជូនដំណឹង​ដដែល ​បន្ថែមថា ក្នុង​សកម្មភាព​បាតុកម្ម​នេះ មាន​ការគំរាម​កំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការ​ងារ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដែល​ធ្វើឲ្យ​ប៉ះពាល់​​យ៉ាងខ្លាំង​ដល់​ផលប្រយោ​ជន៍​កម្មករ និង​សេដ្ឋកិច្ច​ជាតិ​។​

​សហជីព​និង​សមាគម​ទាំង​៦​នោះ រួម​មាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​​ចក្រ​កម្ពុជា ​របស់​​លោក ជា មុន្នី ទី​៣ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ទី​៤ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទី​៥ សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​​ លោក​ស្រី ម៉ម ញឹម និង​ទី​៦ សហព័ន្ធ​សហជីព​កម្ពុជា របស់​លោកស្រី យ៉ាង សោ​ភ័ណ្ឌ​។​

មេធាវី និង​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក នី ចរិយា​ ពន្យល់ថា ការឃោសនា​ញុះញង់​សំដៅលើ​ការ​ឃោសនា​អូស​ទាញ​​ឲ្យ​​ប្រព្រឹត្តបទ​ឧក្រិដ្ឋ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។ តែ​លោក​ នី ចរិយា​ បញ្ជាក់ថា ការ​ដែល​សហជីព​ឃោសនា ដើម្បី​ឲ្យ​កម្មករ ចូលរួម​តវ៉ា​ទាមទារ​ប្រាក់​ឈ្នូល​សមរម្យ​​នោះ លោក​ពិនិត្យ​មិនឃើញ​មាន​ធាតុ​ផ្សំ ពាក់ព័ន្ធ​នឹង​​បទ​ញុះញង់​ទេ៖​

​ប្រធាន​សហ​ភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​​ឯករាជ្យ​ លោក រ៉ុង ឈុន លើក​ថា លោក​មិន​រា​ថយ​ចំពោះ​សកម្មភាព​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម​ទេ បើ​ទោះ​ជា​មាន​ការព្រមាន​ពី​ក្រសួង​ក៏​ដោយ​។ លោក​បន្តថា លោក​ធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ ដូច្នេះ​កម្មករ​មិន​បណ្តោយ​ឲ្យ​សមត្ថ​កិច្ច​​ចា​ប់​លោក​ឃុំ​នោះ​ទេ​។​

​ចំណែក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក ជា មុន្នី ក៏​នៅតែ​ប្រកាន់​ជំហរ​បន្ត​ដឹកនាំ​ធ្វើបាតុកម្ម​ដែរ​។ លោក​បន្តថា មាន​សហជីព និង​កម្មករ​ដែល​ហ៊ាន​ចេញ មុខ​តវ៉ា​រង​ការបាញ់សម្លាប់ និង​រង​ការធ្វើ​ទារុណកម្ម​ជា​បន្តបន្ទាប់​ហើយ​ថា លោក​មិន​ខ្លាច​ចេញមុខ​តវ៉ា​ទេ​។​ តើ​ការ​បង្ហាញ​​ជំហរ​​របស់​​មន្ត្រី​សហជីព មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ការងារ គឺ​ជា​ទង្វើ​ខុសច្បាប់​ដែល​អាច​ប្រឈម​និង​ការចាប់ខ្លួន​ដែរឬទេ​?

ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ លោក សុក សំអឿន លើកឡើងថា ប្រសិន​សហជីព​ធ្វើ​ខុសច្បាប់​នោះ​ត្រូវ​ចាត់វិធានការ​ភ្លាម តែ​លោក​ថា​ករណី​​ព្រមាន​​នោះ​​មិន​​បង្ហាញ​ពី​សកម្មភាព​ខុសច្បាប់​របស់​មន្ត្រី​សហជីព​ទេ​ ៖

លោក នី ចរិយា យល់ឃើញថា  ប្រសិនបើ​សមត្ថកិច្ច​​សម្រេច​ចាប់ខ្លួន​មន្ត្រី​សហជីព ដើម្បី​ដោះស្រាយ​បញ្ហា​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​នោះ គឺ​មិន​អាច​ដោះស្រាយ​បាន​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​បញ្ហា​នៅក្នុង​សង្គម​កាន់តែ​រាលដាល​ជាង​មុន ៖

​ក្រោយ​ពី​ការប្រជុំ​សម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​​អំពី​ប្រាក់​ឈ្នូល កាលពី​ថ្ងៃ​ទី ២៤​ខែ​ធ្នូ កម្មករ​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់​ទាំង​ការ​ធ្វើ​ឡើង​ដោយ​ក្រុម​កម្មករ​សុទ្ធ និង​ការតវ៉ា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ផ្លូវ​សំខាន់ៗ​មួយចំនួន ​ដែល​កម្មករ​បាន​បិទ​រួមមាន ផ្លូវ​សហព័ន្ធ​រុស្ស៊ី ផ្លូវជាតិ​លេខ​៤ ផ្លូវ​ជាតិ​​​លេខ​២ ផ្លូវជាតិ​លេខ​៦​។ មន្ត្រី​សហជីព​ដែល​ចេញ​មុខ​​ដឹកនាំ​កម្មករ តវ៉ា បាន​ប្រកាស​ជំហ​រថា នឹង​នៅតែ​បន្ត​ទាមទារ​ប្រាក់​ឈ្នូលក​ម្មករ​ឲ្យបាន​១៦០​​​ដុល្លារ បើ​ទោះ​ជា​រង​​ការ​ព្រមាន​ពី​មន្ត្រី​រដ្ឋាភិបាល​ក៏​ដោយ​៕

សរសេរ​មក​កាន់​ លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "វិភាគ​៖ ​តើ​មេដឹកនាំ​សហជីព​​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម​ទាមទារ​​ដំឡើង​ប្រាក់​ឈ្នូល​អាច​​នឹង​​ត្រូវ​​ចាប់​ខ្លួន​ឬ​ទេ​?​"

  1. samsung laptop says:

    it democracy – by law, yes must arrest them …

  2. CHEA says:

    MY ANSWER IS NO HOW DO YOU KHNOW DEMOCRACY.I’M LIVING IN DEMORACY COUNTRIES I NEVER SEEN THEY CAPTURE ANY LABOR UNION TO JAIL. ALL I KNEW THEY ARE NIGOCIATE UNTIL THE PROBLEM IS SOLVE.THEY THE RIGHT TO GO ON STRAIGHT WHEN THEY THING IT IS NO FARE.ONLY COMMUNIST THEY WILL ARREST THEM .PEACE FOR ALL CAMBODIAN AND A HAPPY NEW YEAR

  3. Anonymous says:

    លុយមធ្យោបាយបោកប្រាស់ល្បិចបំបែកបំបាក់ការគំរាមដោយប្រពន្ធ័តុលាការអាច់ករាជ្យអស់ន័យ
    និងបរាជយ័ទាំងស្រុងសំរាប់អណត្តិទី៥នេះ។នៅសល់អា៥០ជាងកាណុងប្រហែលអាចទៅរួចតែត្រូវ
    ផ្សងព្រេងការជាប់់ទោសនៅICC?ពិតហើយការរួបរួមគ្នាជាបាច់គឺចាំបាច់បំផុត។
    ចង្កឹះមួយបាច់គេកាច់មិនបាក់!!