​សាលាឧទ្ធរណ៍ មិន​បាន​បើក​សវនាការ​រឿងធ្វើ​បត្យាប័ន​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​កាលពីថ្ងៃទី៣១ខែធ្នូទេ​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សឺហ្គេ ប៉ូលុនស្គី(Sergei Polonsky)/រូបថតដោយ RIA Novosti

លោក សឺហ្គេ ប៉ូលុនស្គី(Sergei Polonsky)/រូបថតដោយ RIA Novosti

ប្រធាន​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ខ្លួន​បាន​លើក​ពេល​បើក​សវនាការ​សម្រាប់​រឿងក្តី​ធ្វើ​បត្យាប័ន​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី  (Sergei Polonsky) ដែល​រង​ការចោទប្រកាន់​ពី​បទ​បង្ក​របួសស្នាម​ទៅ​លើ​កម្មករ​នេសាទ​។

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី និង​មិត្ត​ភ័ក្ត្រ​ពីរ​នាក់​ទៀត ត្រូវបាន អាជ្ញាធរ កម្ពុជា​ចាប់ខ្លួន​ដោយ​រង​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ការ​ឃុំឃាំង​មនុស្ស​ខុសច្បាប់​លើ​កម្មករ​ខ្មែរ​៦​នាក់ ដោយ​ប្រើ​កាំបិត និង​បញ្ជា​ឲ្យ​ពួកគេ​លោត​ចេញ​ពី​ទូក ក្នុង​ខេត្ត​ព្រះសីហនុ​។ តែ​ក្រោយមក កម្មករ​ខ្មែរ​ទាំង​៦​នាក់​នោះ បាន​ដក​ពាក្យបណ្តឹង​លើ​ករណី​នេះ បន្ទាប់ពី​បាន​ទទួល​សំណង​រដ្ឋប្បវេណី​ចំនួន​២​ម៉ឺន​ដុល្លារ​។

​សាលាឧទ្ធរណ៍ គ្រោង​បើក​សវនាការ​លើ​ករណី​ធ្វើ​បត្យាប័ន​លើ​លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី តាម​សំណើ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​។​

​ប្រធាន​សាលាឧទ្ធរណ៍ លោក យូ ប៊ុន​ឡេង ប្រាប់​VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា សាលាឧទ្ធរណ៍ បាន​លើក​ពេល​រឿងក្តី​នេះ ដោយសារ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​ធុរកិច្ច​។​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​កំណត់​សម្រាប់​សវនាការ​លើក​ក្រោយ​បាន​នៅឡើយ​ទេ​។​

​លោក ប៉ូ​លុន​ស្គី ត្រូវ​តុលាការ​រុស្ស៊ី​ចោទប្រកាន់ថា បាន​បោះបង់ចោល​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​កំពុង​ជាប់បំណុល​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​បាន​រត់​មក​ជ្រកកោន​លើ​កោះ​ឯកជន​មួយ ក្នុង​ដែនទឹក​កម្ពុជា​៕

សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

What Next?

Recent Articles

One Response to "​សាលាឧទ្ធរណ៍ មិន​បាន​បើក​សវនាការ​រឿងធ្វើ​បត្យាប័ន​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​កាលពីថ្ងៃទី៣១ខែធ្នូទេ​"