តុលាការ​សាលាដំបូង សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​លោក វន់ ពៅ និង​សកម្មជន​សហជីព៩នាក់ទៀត​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

តុលាការ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លោក ​វន់ ពៅ ​និង​សកម្មជន​សហជីព ៩​នាក់​ទៀត ដោយ​ចោទ​ប្រកាន់​​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

នៅក្នុង​សវនាការ​សាកសួរ​រយៈ​ពេល​ជាង​៤​ម៉ោង​មក​នេះ ចៅក្រម​ស៊ើបសួរ លោកស្រី សែម សត្កិ​កូឡា បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ទៅលើ​សកម្ម​ជន​​​សហជីព និង​សង្គម​ស៊ីវិល​​ទាំង​ ​១០​រូបនេះ នៅ​​ក្រោម​បទ​ចោទថា បង្ក​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ប៉ុន្តែ​ខណៈ​ដែល​សវនាការ​បាន​បញ្ចប់​នៅ​ម៉ោងជាង​១​រសៀល​នេះ មិនទាន់​មាន​ព័ត៌មាន​ថា ជនសង្ស័យ​ទាំង​១០​នាក់​នេះ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​នៅឡើយ​ទេ ស្របពេល​ដែល​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ បាន​ហ៊ុម​ព័ទ្ធ​តុលាការ ដោយ​ទាមទារ​ឲ្យមាន​ការដោះលែង​ជន​ទាំង​១០​នាក់​នេះ​ជាបន្ទាន់​។​

តែ​​សេចក្តីរាយការណ៍​បានឲ្យដឹងថា កងកម្លាំង​នគរបាល​​និង​កងរាជអាវុធហត្ថ​ជាច្រើន​រយ​នាក់ បាន​នឹង​កំពុង​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សូមជម្រាបថា មេធាវី​របស់​ជនសង្ស័យ​ទាំង​១០​នាក់​នោះ មាន​ចំនួន​៦​រូប ក្នុងនោះ​មាន​លោក ជួង ជូ​ងី មេធាវី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

ជន​ទាំង​១០​នាក់​នេះ ក្នុង​នោះមាន​ លោកវន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រ​ព័ន្ធ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​​សម្ព័ន្ធ​​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័ក្កិ ប្រជា​សហគមន៍​បឹងកក់ ​​និង​សកម្ម​ជន​សហជីព មួយចំនួន​ទៀត ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ដែល​​ពួកគេ​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​ទ័ព​ឆត្រ​យោង​៩១១ មុខ​រោងចក្រ​យ៉ាក​ជីន​។ ក្នុង​ហេតុការណ៍​នោះ​​​បាន​បណ្តាលឲ្យ​កម្មករ និង​ព្រះសង្ឃ​ជាច្រើន​អង្គ​/​នាក់​រងរបួស ហើយ​ព្រះសង្ឃ​ចំនួន ៥​អង្គ​ត្រូវបាន​ឃាត់​ព្រះកាយ​ជាង​១០​ម៉ោង ទើប​មាន​ការ​ដោះ​លែង​៕

សរសេរមក​កាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "តុលាការ​សាលាដំបូង សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​លោក វន់ ពៅ និង​សកម្មជន​សហជីព៩នាក់ទៀត​"

  1. Anonymous says:

    RELEASE THEM OR YOU STEP DOWN?

  2. កុលបុត្រ says:

    ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង