ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
បណ្តុំអង្គការសង្គមស៊ីវិល និងសហជីពចំនួន៥ ហៅការបង្ក្រាប និងការចាប់ខ្លួនមនុស្ស ១០នាក់ ដោយកម្លាំងយោធា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការរួមរបស់បណ្តុំអង្គការសង្គមស៊ីវិល និងសហជីពចំនួន៥ ក្នុងនោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា បណ្តាញយុវជនកម្ពុជា សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានសរសេរថា ចំណាត់ការបង្ក្រាបដោយហិង្សាទៅពីសំណាក់ទាហានឆត្រយោង៩១១របស់រដ្ឋាភិបាល ទៅលើបាតុករជាព្រះសង្ឃ និងសកម្មជនសហជីព បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ និងឈានទៅដល់ការចាប់ខ្លួនមនុស្ស១៥អង្គ/នាក់នោះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបង្ហាញនូវចរិតសម្លាប់មនុស្សដោយចេតនា។
សេចក្តីថ្លែងការណ៍ដដែលបន្តដោយអំពាវនាវដល់រដ្ឋាភិបាល ចាត់វិធានការចាប់ខ្លួនទាហានដៃដល់ដែលបង្ក្រាបសកម្មសហជីពយកទៅផ្តន្ទាទោសតាមច្បាប់ និងអំពាវនាវឲ្យមានការដោះលែងអ្នកដែលចាប់ខ្លួនទាំង ១០នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ បើមិនដូច្នេះទេ តំណាងកម្មករនិយោជិត សហព័ន្ធសហជីព សមាគម សហគមន៍ នឹងបន្តធ្វើការតវ៉ារហូតមានដំណោះស្រាយ និងជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ១៦០ដុល្លារ ដើម្បីឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..