Page​ ធំៗ​២​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដែល​គាំទ្រ​កម្មវិធី​នយោបាយ​បក្ស​ប្រឆាំង​គេច​មិន​ផុត​ពី​ការ​ប៉ះទង្គិច​គ្នា​ឬ​ ?

Posts by DTN7
January 4, 2014

​កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​គេ​ស្គាល់​ថា​ ជា​យុវតី​ចូលរួម​ចំណែក​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សកម្ម​ និង​ក៏​ជា​ម្ចាស់​ Page​ ដ៏​ធំ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ម្នាក់​ដែរ​នោះ​ មាន​ Post​ នូវ​អត្ថបទ​ខ្លី​មួយ​ តែ​មាន​បង្កប់ន័យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ និង​ភ្ញាក់ផ្អើល​ផង​នៅ​ក្នុង​ Page​ របស់​នាង​ ដែល​មាន​ខ្លឹមសារ​ថា​ "​សំណូមពរ​ចុង​ក្រោយ​ I​ Love​ Cambodia​ Hot​ News​ សូម​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ បើ​អ្នក​នៅ​តែ​រំខាន​ខ្ញុំ​ទៀត​ ប្អូន​លែង​អត់ធ្មត់​ហើយ​ ។​ ឧបសគ្គ​ណា​ដែល​មក​រារាំង​ផ្លូវ​សង្គ្រោះ​ជាតិ​ ខ្ញុំ​នឹង​យក​ជីវិត​របស់ខ្ញុំ​ទៅ​កម្ទេច​វា​ចោល​ដោយ​អហិង្សា​ ។​ "​ ។

​យោង​តាម​ខ្លឹមសារ​អត្ថបទ​ដ៏​ខ្លី​ តែ​មាន​ន័យ​គ្រប់គ្រាន់​ដែល​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ Post​ នៅ​ក្នុង​ Page​ របស់​នាង​ដូច្នេះ​ គឺ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ រវាង​រូប​កញ្ញា​ដែល​ជា​ម្ចាស់​ Page​ មួយ​មាន​ចំនួន​ Like​ Page​ ស្មើនឹង​ 110K​ ចាប់ផ្តើម​មានការ​ប៉ះទង្គិច​ជាមួយ​ម្ចាស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ដែល​មាន​ចំនួន​ Like​ Page​ ស្មើនឹង​ 274K​ ទើប​ធ្វើ​ឲ្យ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ធ្វើ​សំណូមពរ​ចុង​ក្រោយ​ កុំ​ឲ្យ​ Page​ I​ Love​ Cambodia​ Hot​ News​ តាម​រំខាន​នាង​ទៀត​ ហើយ​គួរតែ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​វិញ​ ។​

​ក្រុម​អ្នកលេង​ Facebook​ បាន​កត់សម្គាល់​ឃើញ​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​អតីត​ជា​ Admin​ របស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ និង​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ II​ មាន​បញ្ហា​ថ្នាំងថ្នាក់​ជាមួយនឹង​ក្រុមការងារ​របស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ដែល​ជា​ Page​ ដ៏​ធំ​មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ នៅ​កម្ពុជា​ ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សកម្ម​ ទើប​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​សម្រេចចិត្ត​បង្កើត​ Page​ ផ្ទាល់ខ្លួន​មួយទៀត​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​អ្នក​ Like​ Page​ ចំនួន​ 110K​ ហើយៗ​ Page​ របស់​កញ្ញា​ក៏​នៅ​តែ​បន្តសកម្មភាព​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​និយាយ​ឲ្យ​ខ្លី​ស្រួល​ស្តាប់​ថា​ ធ្វើ​សកម្មភាព​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​យ៉ាង​សកម្ម​ដដែល​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​រកាំរកូស​ខ្លះ​រវាង​ម្ចាស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ និង​កញ្ញា​ ធី​ សុវណ្ណ​ថា​ នោះ​ គឺ​ត្រូវ​បាន​ក្រុមការងារ​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ផ្តោតអារម្មណ៍​ និង​ចោទប្រកាន់​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ មានការ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ម្ចាស់​ Page​ ដ៏​ធំ​មួយទៀត​ឈ្មោះ​ Phe​ Sovannarith​ មាន​អ្នក​ Like​ Page​ ចំនួន​159K​ និង​អតីត​ជា​អ្នកគាំទ្រ​កម្មវិធី​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​សកម្ម​ ប៉ុន្តែ​ការ​សង្ស័យ​ទៅ​នឹង​ការ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​កញ្ញា​ ធី​ សុវណ្ណ​ថា​ ក្តី​ និង​លោក​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ ក្តី​ ធ្វើការ​បដិសេធ​ ដោយ​កញ្ញា​ ធី​ សុវណ្ណ​ថា​ បកស្រាយ​ថា​ ផ្តល់​ឱកាស​ឲ្យ​លោក​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ បាន​កែ​លម្អ​ខ្លួន​ ដើម្បី​ចូលរួម​ចំណែក​បម្រើ​ប្រទេស​ជាតិ​តាម​ឆន្ទៈ​រៀងខ្លួន​ និង​ក្រោយមក​ លោក​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ ក៏​បាន​ចូលខ្លួន​មក​បម្រើ​ក្នុង​សកម្មភាព​នៃ​ចលនា​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សកម្ម​ផង​ដែរ​ ដោយ​លោក​បាន​អះអាង​ថា​ ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​មិន​ទាន់​អាច​ដឹង​ឲ្យ​បាន​ពិតប្រាកដ​ថា​ តើ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ទទួល​រង​ការ​រំខាន​អ្វីខ្លះ​ពី​សំណាក់​ម្ចាស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ដែល​ជា​ Page​ មាន​សកម្មភាព​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​នោះ​ ?​ ឬ​ក្នុង​សាច់​រឿង​នេះ​នៅ​មាន​អាថ៌​កំបាំង​អ្វី​ទៀត​ ក៏​គេ​មិន​ទាន់​អាច​ដឹង​បាន​ច្បាស់លាស់​នៅឡើយ​ ។​

​តើ​ Page​ ធំៗ​ទាំង​២​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ដែល​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្សប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ នឹង​គេច​មិន​ផុត​ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​ទឹក​ចុង​ក្រោយ​ ឬ​យ៉ាងណា​ ?​ ៕​

Thy-Sovantha-04-01
I-Love-Cambodia-Hot-News
Thy-Sovantha-01-04
Phe-Sovannarith-04-01


What Next?

Recent Articles

One Response to "Page​ ធំៗ​២​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដែល​គាំទ្រ​កម្មវិធី​នយោបាយ​បក្ស​ប្រឆាំង​គេច​មិន​ផុត​ពី​ការ​ប៉ះទង្គិច​គ្នា​ឬ​ ?"

  1. K says:

    My girl…?