ជនជាតិ​គួ​យ នៅ​ខេត្ត​ព្រះវិហារទាមទារឲ្យ​ក្រុមហ៊ុន​ចិនដកចេញ​ពី​ដី​សហគមន៍​

ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

អាជ្ញាធរ មកសម្របសម្រួល ដល់ទីតាំងដែលបងប្អូនជនជាតិគួយ ធ្វើការបោះជំរុំតវ៉ានឹងក្រុមហ៊ុនចិនដែលឈូសឆាយដីរបស់ពួកគាត់

អាជ្ញាធរ មកសម្របសម្រួល ដល់ទីតាំងដែលបងប្អូនជនជាតិគួយ ធ្វើការបោះជំរុំតវ៉ានឹងក្រុមហ៊ុនចិនដែលឈូសឆាយដីរបស់ពួកគាត់

​ប្រជា​សហគមន៍​ជនជាតិ​គួ​យ ប្រមាណ​ជាង​២០០​នាក់ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ ទាមទារ​ឲ្យ អាជ្ញាធរ ដក​អាជ្ញា​ប័នរបស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡានហ្វេ​ង ចេញពី​តំបន់​ដែល​ពួកគេ​រស់នៅ ដោយសារតែ ក្រុមហ៊ុន​នេះ យក​គ្រឿងចក្រ​ឈូសឆាយ ប៉ះពាល់​ដី​សហគមន៍​ដែល​ច្បាប់​ការពារ​។​

​សមាជិក​សហគមន៍​ដីធ្លី ឃុំ​ប្រមេរ អ្នកស្រី ទេព ពឹម ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រជា​សហគមន៍​ជាង​២០០​នាក់ បាន​បោះជំរុំ​ជាច្រើន​ថ្ងៃ​ហើយ ដើម្បី​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡានហ្វេ​ង ដែល​បាន​យក​គ្រឿងចក្រ​ឈូសឆាយ ប៉ះពាល់​ដី​សហគមន៍​ជនជាតិ​គួ​យ និង​ដើម្បី​ឲ្យ​អាជ្ញាធ​រដក​ក្រុមហ៊ុន​នោះ​ចេញពី​តំបន់​នោះ។ អ្នកស្រី​បន្ដ​ថា អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្ដែ​ពួកគាត់​មិន​ព្រម ដោយ​អាជ្ញាធរ​សន្យា​រក​ដំណោះស្រាយ​មិនមាន​ភាពច្បាស់លាស់​ ​៖

​ប្រជា​សហគមន៍ មួយ​រូប​ទៀត អ្នកស្រី សឹង សាំ ឲ្យដឹងថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច តាម​ឃ្លាំ​មើល​ពី​សកម្មភាព​ពួកគេ​ដែល​បោះជំរុំ​តវ៉ា​នោះ ហើយ​បាន​តាម​ចាប់​ពលរដ្ឋ​ពីរ​នាក់​ផងដែរ​។ អ្នកស្រី​បន្ដ​ថា ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេ​ង បាន​បន្ដ​ឈូសឆាយ​ដី​ព្រៃ ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ ដើម​ជ័រ​ច្បោះ និង​ប្រឡាយ​បឹងបួរ​ជាច្រើន​ទៀត ដែល​ពួកគាត់​បាន​កាន់កាប់​តាំងពី​ដូនតា​មក​នោះ​ ​៖

​ករណីនេះ តំណាងក្រុមហ៊ុន អ៊ីហេង ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ឡានហ្វេ​ង និង​រ៉ូយ​ហ្វេង លោក អ៊ី ហេង ឲ្យដឹងថា នៅពេល​អាជ្ញាធរ មូលដ្ឋាន និង​ថ្នាក់​ខេត្ដ បាន​វាស់វែង​ឲ្យ​ក្រុមហ៊ុន​ចិន​ឈូសឆាយ​នោះ ពលរដ្ឋ​មិន​បាន​ហាមឃាត់​ឡើយ ប៉ុន្ដែ​នៅពេលដែល​ក្រុមហ៊ុន​រៀបចំ​ដាំ​អំពៅ​ហើយ​ទើប​មក​រារាំង​។ លោក​ថា ការទាមទារ​ចង់ឲ្យ​ក្រុមហ៊ុន​ដក​ចេញ​នោះ លោក​បាន​បង្វែ​សំណួរ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ លោក ពឹង ទ្រី​ដា។​

VOD មិនអាច​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ព្រះវិហារ លោក ពឹង ទ្រី​ដា និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ លោក ​សេង សារី  ដែល​ចុះ​ដោះស្រាយ​ជាមួយ​ប្រជា​សហគមន៍ នៅ​ឃុំ​ប្រមេរ​ នោះបានទេ ដោយ​លោក​បិទ​ទូរស័ព្ទ​ទៅវិញ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ប្រាប់​ស្ថាប័ន​។​

​អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ អំពាវនាវ​ឲ្យ​អាជ្ញាធរ បញ្ឈប់​គ្រឿងចក្រ​ក្រុមហ៊ុន និង​ដោះស្រាយ​ជូន​ពួកគាត់ ជាបន្ទាន់ ដើម្បី​ជៀសវាង​មាន​អំពើ​ហិង្សា​កើតឡើង​។​

​គួរបញ្ជាក់​ថា ការប្រមូលផ្ដុំ​គ្នា​បោះជំរុំ ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈូសឆាយ​ដី​ព្រៃ របស់​សហគមន៍​ជនជាតិ​គួ​យ​នោះ  មាន​រយៈ​៧​ថ្ងៃ​ហើយ រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​មករា​នេះ ហើយក៏​បាន​ឃាត់ខ្លួន​អ្នកចូលរួម​បោះជំរុំ​ចំនួន​៥​នាក់ មាន​ព្រះសង្ឃ​ពីរ​អង្គ និង​សកម្មជន​សិទ្ធិមនុស្ស បីនាក់ និង​តាម​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​នោះ​ពីរ​នាក់​បន្ដទៀត៕

សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ​ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "ជនជាតិ​គួ​យ នៅ​ខេត្ត​ព្រះវិហារទាមទារឲ្យ​ក្រុមហ៊ុន​ចិនដកចេញ​ពី​ដី​សហគមន៍​"

  1. គ្មានអន្តោប្រវេសទេ says:

    តីប្រពន្ធ​​ជនជាតិវៀតណាម​ប្រវាយប្រតប់គ្នាបង្កការភ្ញាក់​​ផ្អើល​
    ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០១៤ ម៉ោង ១៤:០៥

    ប្តីប្រពន្ធ​​ជនជាតិវៀតណាម​ប្រវាយប្រតប់គ្នាបង្កការភ្ញាក់​​ផ្អើល​

    កោះសន្តិភាព

    ប្តីប្រពន្ធ​​ជនជាតិវៀតណាម​ប្រវាយប្រតប់គ្នាបង្កការភ្ញាក់​​ផ្អើល​

    រាជធានីភ្នំពេញ ៖ ​​២នាក់ប្តីប្រពន្ធជា​ជន​ជាតិ​វៀតណាម​បាន​ឈ្លោះប្រកែក​រហូត​ដល់​ប្រវាយប្រតប់​​គ្នា បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាមផ្លូវជាច្រើន​នាក់នាំគ្នារោមមើល​ ​កាលពី​វេលាថ្ងៃត្រង់​ថ្ងៃទី​៧ មករា ២០១៤ នេះ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

    ទោះជាយ៉ាងណា​ គេនៅពុំទាន់​ដឹង​មូល​ហេតុ​នៃ​ការ​មានជម្លោះនេះទេ ក្នុងនោះ​គេ​ឃើញ​មានបុរសជា​ជនជាតិស៊ី​ង​ហ្គាពួរ​ម្នាក់​ផង​ដែរ ហើយ​ត្រូវ​បានគេឃើញ​​បុរស​ជាប្តីព្យាយាម​​ចាប់​ស្ត្រី​​ជាប្រពន្ធ​​ដាក់​ក្នុ​ងរថយន្ត​ឡិច​ស៊ីស​ពណ៌​ឈាម​ជ្រូក​ ដែលមាន​ស្លាកលេខ​២Z ៦៨៦៨ ។ ​

    ដោយឃើញ​ហេតុការណ៍បែបនេះ សមត្ថកិច្ច​បាន​ធ្វើការឃាត់​ខ្លួន​ជនទាំង​៣នាក់​នេះទៅប៉ុស្តិ៍ទំនប់ទឹក ​ដើម្បីធ្វើការ​សាក​សួរ​ ​។

  2. បរិមី ព្រ:វិហារ says:

    អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាំបាច់ ត្រូវដោះស្រាយនិងដាក់បញ្ហាទាំងអស់នៅលើតុជូនប្រជាពលរដ្ឋដោយតម្លាភាព ការវិនិយោគក្នុងតំបន់របស់ពួកគាត់ត្រូវអប់រំ និងផ្សព្វផ្សាយពួកគាត់យល់ និងត្រូវជំរុញផលប្រយោជន៍ឱយបានច្រើនបំផុតជូនពួកគាត់ ។ ក្រុមហ៊ុនចិន ថៃ យួន អាមេរិក អូស្ត្រាលី មិនសំខាន់ទេ សំខាន់ភាពត្រឹមត្រូវគោរពច្បាប់វិនិយោគ ដូចយើងត្រូវការពារផលប្រយោជាន៍ក្រុមហ៊ុន ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនយើង ?!