បក្ស​ប្រជាជន​ចោទ​បក្ស​ប្រឆាំង​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ

គណបក្ស​ប្រជាជន​កម្ពុជា ចោទ​បក្ស​ប្រឆាំង​ថា បាន​បង្ក​ការ​ចលាចល និង​ភាព​វឹកវរ​ក្នុង​សង្គម នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សន្ទរកថា​រយៈពេល​ជិត ១​ម៉ោង ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​៣៥ ថ្ងៃ​៧ មករា ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន បាន​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​ប្ដេជ្ញា​ការពារ​សមិទ្ធផល ៧ មករា និង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន។

ដោយ វណ្ណ វិចារ
2014-01-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហេង សំរិន ៦១០
ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ថ្លែង​ក្នុង​ពិធី​ខួប​ទី​៣៥ នៃ​ទិវា​ជ័យ​ជម្នះ ៧ មករា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៤។ RFA/Vann Vichar

ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច បញ្ជាក់​ជំហរ​ចង់​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង ប៉ុន្តែ​គណបក្ស​មួយ​នេះ​ប្ដេជ្ញា​ថា នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​បាន​បំបែក​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង បួន​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ក្រាប​កុបកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដោយ​បាញ់​មនុស្ស​ចំនួន ៤​នាក់​ឲ្យ​ស្លាប់ និង​របួស​ជាង ៣០​នាក់។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា សកម្មភាព​ប្រទូសរ៉ាយ​ទាំង​ឡាយ គឺ​បង្ក​ឡើង​ដោយ​បក្ស​ប្រឆាំង។ ហើយ​ទង្វើ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​មិន​ពេញ​ចិត្ត។ លោក​បន្ទោស​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង ជា​ការ​មួល​បង្កាច់​លើ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥។

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ទង្វើ​មួយ​ចំនួន​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ រួម​មាន ការ​ធ្វើ​បាតុកម្ម កូដកម្ម និង​ការ​ទាមទារ​នានា ការ​ស្នើ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ការ​ស្រែក​បង្ខំ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង រួម​ទាំង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​សហគមន៍​អន្តរជាតិ បញ្ឈប់​ការ​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា ជាដើម។ ក្រៅ​ពី​ការ​លើក​ឡើង​ពី​បញ្ហា​ទំនាស់​នយោបាយ លោក ហេង សំរិន ក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​វៀតណាម ដែល​បាន​ផ្ដួល​រំលំ​របប ប៉ុល ពត ដែរ។

ទោះ​ជា​បែប​ណា​ក្តី សង្គម​ស៊ីវិល និង​ភាគី​អន្តរជាតិ​មួយ​ចំនួន មិន​បាន​គាំទ្រ​ទង្វើ​រដ្ឋាភិបាល​ក្នុង​បុព្វហេតុ​ការពារ​សមិទ្ធផល ៧ មករា ដោយ​ប្រើ​វិធី​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ច្បាប់​នោះ​ទេ។ សង្គម​ស៊ីវិល និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ បាន​ថ្កោលទោស​លើ​ទង្វើ​មួយ​ចំនួន ដូច​ជា ការ​បាញ់​សម្លាប់​កម្មករ ៤​នាក់​នៅ​ផ្លូវ​វ៉េងស្រេង ការ​បង្ក្រាប​កម្មករ​តវ៉ា​នៅ​រោងចក្រ អែស.អិល (SL) ការ​បង្ក្រាប​ពលរដ្ឋ​ដែល​តវ៉ា​រឿង​អាជ្ញាធរ​បិទ​ផ្លូវ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ការ​បោស​សម្អាត​កម្មករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។ លើស​ពី​នេះ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ កោះ​ហៅ​មេ​បក្ស​ប្រឆាំង និង​តំណាង​សហជីព ក៏​ត្រូវ​រង​ការ​រិះគន់​ពី​ភាគី​អន្តរជាតិ និង​សង្គម​ស៊ីវិល ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ហេតុផល​នយោបាយ​ដែរ។

ចំណែក​ឯ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា នេះ ក៏​បាន​ថ្លែង​ថ្កោលទោស​ចំពោះ​ទង្វើ​រដ្ឋាភិបាល​ដែរ។ ហើយ​គណបក្ស​នេះ​ក៏​គ្រោង​ប្ដឹង​អ្នក​កាន់​អំណាច​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៀត​ផង។

នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥ នៃ​ថ្ងៃ​ទី​៧ ខែ​មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត ឬ​អ្នក​គាំទ្រ​ឡើយ។ ដោយ​លោក​បាន​ដើរ​ចាប់​ដៃ និង​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ចូល​រួម​ពិធី​ប៉ុណ្ណោះ។

ការ​រៀប​ចំ​ពិធី​ឆ្នាំ​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រមូល​ពលរដ្ឋ​ពី​គ្រប់​ខណ្ឌ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​បាន​រៀប​ចំ​អាហារ​ពេល​ព្រឹក ព្រម​ទាំង​មាន​ឡាន​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​មក​ផង។ ក្នុង​ពិធី​នោះ ក៏​មាន​វត្តមាន​ទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ភាគ​ច្រើន​ជា​ប្រទេស​កុម្មុយនីស្ត និង​សមាជិក​អាស៊ាន។ គេ​មិន​ឃើញ​មាន​វត្តមាន​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​ទើប​តែ​ថ្កោលទោស​រដ្ឋាភិបាល ក្នុង​ការ​បណ្ដេញ​បាញ់​សម្លាប់​កម្មករ និង​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "បក្ស​ប្រជាជន​ចោទ​បក្ស​ប្រឆាំង​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ"

  1. Pingpong says:

    ១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
    ២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
    ៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
    ៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!

  2. CHEA says:

    HAS HAS HAHAHAHAHAHAHA YOU KIDING ME CNRP ACCUSES TO CPP DEMOCRACY IN CAMBODIA .WHY DON YOU SAY CNRP ACCUSE COMMUNIST HOCHIMIN IN CAMBODIA . DO NOT LY TO ALL CAMBODIAN YOU ARE SELLING CAMBODIA TO YOU BOOS VEITNAME.TELL ME THE TRUE HOW MANY SQUARE KILOMITTERS DID YOU GIVEN CAMBODIA LAND TO VEITNAM YOU IDIOT. PEACE TO ALL CAMBODIAN