មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ​ចោទ​ប៉ូលិស​ក្រុង​បាវិត​ថា​បិទ​សិទ្ធិ​សេរីភាព​ដើរ​ហើរ

មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អះអាង​ថា ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ដាក់​ពង្រាយ​កម្លាំង​ឃ្លាំ​មើល​ក្បែរ​ស្នាក់​ការ​សម្ពន្ធ​ចលនា​កម្មករ ដើម្បី​តាម​ដាន​សកម្មភាព និង​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ក្រុង។

ដោយ ហ៊ុំ ចំរើន
2014-01-07
RFA

ប៉ូលិស​ក្រុង​បាវិត ៦១០
សកម្មភាព​របស់​អាជ្ញាធរ​ប៉ូលិស​ប្រចាំ​ការ​នៅ​ក្បែរ​ស្នាក់​ការ​របស់​សម្ពន្ធ​ចលនា​កម្មករ នៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៤។ RFA/Hum Chamroeun

មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ​រៀប​រាប់​បញ្ជាក់ ដោយ​ចាត់​ទុក​សកម្មភាព​តាម​ដាន​របស់​អាជ្ញាធរ​ប៉ូលិស​មក​លើ​ខ្លួន ថា​ជា​សកម្មភាព​បំភិត​បំភ័យ និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ​ប្រចាំ​នៅ​ក្រុង​បាវិត លោក ជា ឧត្ដម ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ មករា ថា អាជ្ញាធរ​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ដាក់​ពង្រាយ​កម្លាំង​តាម​ដាន​សកម្មភាព​របស់​របស់​ខ្លួន ជាពិសេស​តាម​ដាន​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​ម្ដង។ លោក ជា ឧត្ដម បញ្ជាក់​បន្ថែម​ថា កន្លង​មក​អាជ្ញាធរ​ប៉ូលិស​ពុំ​ធ្លាប់​មាន​សកម្មភាព​តាម​ដាន​មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ ដូច​ពេល​នេះ​ឡើយ។ ប៉ុន្តែ បញ្ហា​ប៉ូលិស​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​ពួក​គេ កើត​មាន​ក្រោយ​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​កម្មករ​នៅ​រាជធានី​ភ្នំពេញ។

លោក ជា ឧត្ដម៖ «មាន​សមត្ថកិច្ច​ពី​មុខ​ផង​ពី​ក្រោយ​ផង ត្រូវ​បាន​គាត់​ឃាត់​ខ្ញុំ គាត់​ថា​ឲ្យ​ខ្ញុំ​ឈប់ ខ្ញុំ​ឈប់​ហើយ​ខ្ញុំ​បាន​បើក​មួក​បើក​អី ខ្ញុំ​សួរ​គាត់។ បញ្ហា​អី​អ៊ំ​ឲ្យ​ខ្ញុំ​ឈប់​មែន គាត់​ថា​ហ្នឹង​ហើយ​ឈប់ តែ​ឥឡូវ​ទៅ​តាម​គាត់​ទៅ​តាម​គាត់ ទៅ​ដល់​មុខ​ប៉ុស្តិ៍​ហ្នឹង ខ្ញុំ​សួរ​ឲ្យ​ខ្ញុំ​ចូល​ប៉ុស្តិ៍​ដែរ​អត់ គាត់​ថា​អត់​អី​ទេ​ទៅ​ចុះ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ទៅ​ហ្នឹង​មាន​សកម្មភាព​តាម​ខ្ញុំ​ពី​មុខ​ពី​ក្រោយ​រហូត។ ពី​ម្សិលមិញ គាត់​ចូល​ដល់​អុបហ្វីស (Office) ហ្នឹង មាន​អ្នក​នៅ​ខាង​នេះ​ខាង​នោះ ហើយ​មាន​អ្នក​ចូល​ទៅ​ខាង​ក្រោយ​អុបហ្វីស​ខ្ញុំ តែ​ខ្ញុំ​សួរ​ទៅ​អត់​ស្ដី​រក​ខ្ញុំ​ទាំងអស់។ អ៊ីចឹង​បញ្ជាក់​ថា​ប្រហែល​ជា​គាត់​តាម​ដាន​ខ្ញុំ​គ្រប់​សកម្មភាព​ហើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អធិការ​ក្រុង​បាវិត គឺ​លោក កែវ គង់ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ មករា ដោយ​បញ្ជាក់​ថា​ជាប់​រវល់​ប្រជុំ។

ប៉ុន្តែ មន្ត្រី​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ដែល​ប្រចាំ​ការ​ក្បែរ​ស្នាក់​ការ​សម្ពន្ធ​ចលនា​កម្មករ នៅ​ក្រុង​បាវិត បាន​ថ្លែង​ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា អាជ្ញាធរ​ប៉ូលិស​ពង្រាយ​កម្លាំង​ប្រចាំ​ការ​ដើម្បី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​ពុំ​មាន​ចេតនា​ឃ្លាំ​មើល​សកម្មភាព​របស់​មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន ដែល​បាន​ចុះ​អង្កេត​ដល់​ស្នាក់​ការ​របស់​សម្ពន្ធ​ចលនា​កម្មករ និង​កន្លែង​កម្លាំង​ឈរ​ជើង​របស់​អាជ្ញាធរ​ប៉ូលិស លោក​បញ្ជាក់​ថា សកម្មភាព​របស់​អាជ្ញាធរ​ប៉ូលិស​អាច​ជា​ចេតនា​មួយ ដើម្បី​ទប់ស្កាត់​ការពារ​មិន​ឲ្យ​មន្ត្រី​សហជីព​ញុះញង់​កម្មករ​ធ្វើ​បាតុកម្ម។ ដោយសារ​កន្លង​មក ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ គឺ​មាន​មុខ​មន្ត្រី​សហជីព​ចូល​រួម​ជា​ប្រចាំ។ តែ​យ៉ាង​ណា លោក នុត ប៊ូពិណារ័ត្ន បាន​ចាត់​ទុក​សកម្មភាព​នៃ​ការ​តាម​ដាន​របស់​អាជ្ញាធរ​ប៉ូលិស​លើ​មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ នៅ​ក្រុង​បាវិត នេះ​ថា ជា​ការ​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​មនុស្ស។

លោក នុត ប៊ូពិណារ័ត្ន៖ «ការ​ធ្វើ​បែប​នេះ គឺ​ហាក់​បី​ដូច​រំលោភ​ទៅ​លើ​សិទ្ធិ​បុគ្គល​របស់​គាត់ ដែល​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​មាន​សិទ្ធិ​ទៅ​ណា។ ហើយ​ច្បាប់​មិន​ត្រូវ​មាន​ការ​តាម​ដាន​ពី​ម្នាក់​ឡើយ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់។ ជួន​កាល​បើ​គាត់​ធ្វើ​ចរាចរ​ទៅ​ណា​ក៏ដោយ អ៊ីចឹង​បើ​សមត្ថកិច្ច​ធ្វើ​ការ​តាម​ដាន​គាត់​បែប​ហ្នឹង ហើយ​គាត់​ក្នុង​នាម​គាត់​ជា​តំណាង​សហជីព​មួយ​ក្នុង​ក្រុង​បាវិត ផង អ៊ីចឹង​ធ្វើ​ឲ្យ​គាត់​អ្នក​ដែល​ត្រូវ​គេ​តាម​ដាន​ហ្នឹង មាន​ការ​ភិត​ភ័យ មាន​ការ​បារម្ភ​ពី​សុវត្ថិភាព»

មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​តាម​ដាន​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​គ្មាន​កំហុស​ដោយ​គ្មាន​បង្គាប់​បញ្ជា​ពី​តុលាការ​ដូច​នេះ នឹង​កាន់​តែ​ធ្វើ​ឲ្យ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "មន្ត្រី​សម្ពន្ធ​ចលនា​កម្មករ​ចោទ​ប៉ូលិស​ក្រុង​បាវិត​ថា​បិទ​សិទ្ធិ​សេរីភាព​ដើរ​ហើរ"

  1. Pingpong says:

    ១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
    ២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
    ៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
    ៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!