អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​៖​ ការបណ្តេញនិង​វាយ​ដណ្តើម​ម៉ាស៊ីន​ថត នៅ​ពេល​ចុះ​បង្ក្រាប​នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការរំលោភច្បាប់

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

កងសន្តិសុខខណ្ឌ និងប៉ូលីសស្លៀកពាក់ស៊ីវិល ចុះទៅរុះរើសំណង់នៅទីលានប្រជាធិបតេយ្យ (រូបភាពដោយ តាំង វីដា)

​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ការបណ្តេញ​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល ខណៈ​ចុះ​ទៅ​យក​ព័ត៌មាន​នៃ​ការបង្ក្រាប​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​សប្តាហ៍​មុន ជា​ការរំលោភ​សេរីភាព​អ្នកសារព័ត៌មាន និង​ច្បាប់​ជាតិ​។​

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ចាងហ្វាង​សារព័ត៌មាន​ព្រៃនគរ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អភិបាលខណ្ឌ​ដូនពេញ ឲ្យជួយ​យក​ម៉ាស៊ីន​ថត ដែល​កងសន្តិសុខ​ខណ្ឌ​នេះ ដណ្តើម​យក​ពី​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់ ឈ្មោះ លោក សឺ​ន ចែង​ចើន កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែ​មករា ខណៈ​អ្នកព័ត៌មាន​រូបនោះ ថត​សកម្មភាព​អាជ្ញាធរ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ទីលាន​ប្រជាធិតេយ្យ​។

លោក សឺ​ន ចែង​ចើន មានប្រសាសន៍ថា កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​បណ្តេញ​គាត់ ដោយ​ប្រើ​ដំបងឆក់​មក​ឆក់​គាត់ រួច​ដណ្តើម​យក​ម៉ាស៊ីន​ថត​(canon 600D) តម្លៃ​១១៥០​ដុល្លារ​ពី​គាត់​។ លោក​ថា រហូតមកដល់​ថ្ងៃ​អង្គារ​នេះ សមត្ថកិច្ច​មិន​ទាន់​សង​គាត់​នៅឡើយ​ទេ បើទោះជា​គាត់​បាន​តាម​សន្តិសុខ​នោះ​ដល់​សាលា​ខណ្ឌ និង​ប្តឹង​ដល់​អភិបាល​ខណ្ឌ​ក៏​ដោយ​។ លោក​បាន​ហៅ​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការរំលោភ​សិទ្ធិ​សេរីភាព ​របស់​គាត់​ក្នុង​នាម​ជា​អ្នកសារព័ត៌មាន​ ៖

​អភិបាលខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ បដិសេធ​អធិប្បាយ​។ ប្រធាន​សន្តិសុខ​ខណ្ឌ លោក គឹម វុត្ថា មានប្រសាសន៍ថា ក្រុម​សន្តិសុខ​របស់​លោក មិន​បាន​ដក​យក​ម៉ាស៊ីន​ថត​ពី​អ្នកសារព័ត៌មាន​នោះទេ តែ​អាច​ជា​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ​ផ្សេង​។ លោក​ថា ការ​ដែល​ឲ្យ​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ចេញពី​ទីលាន​ប្រជាធិតេយ្យ ដើម្បី​រក្សា​សុវត្ថិភាព​ពួក​គាត់​តែ​ប៉ុណ្ណោះ ​៖

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ មានប្រសាសន៍ថា នេះ​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​អ្នកសារព័ត៌មាន ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ​។ លោក​ថា អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ណាស់​ នៅពេល​មាន​ករណី​ផ្ទុះ​ហិង្សា ព្រោះ​ពួកគេ​ជា​សាក្សី​ដ៏​សំខាន់ និង​ជា​អ្នក​ចូល​រួមចំណែក​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​ ៖

​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​ របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​ហិង្សា​កន្លងមក បានឲ្យដឹងថា ក្រៅពី​ការដណ្តើមយក​ម៉ាស៊ីន​ថត មាន​អ្នកសារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និងអ្នក​សង្គ្រោះ​បឋម​ទាំង​ជាតិ និង​អន្តរជាតិ   ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​វាយ​ បណ្តេញចេញ​ពី​កន្លែងកើតហេតុ ​ហាម​មិនឲ្យ​ថតរូប បណ្តាល​ឲ្យ​អ្នក​ខ្លះ​មាន​របួសស្រាល​។ លោក​បាន​ហៅ​ទង្វើ​របស់​កម្លាំង​ប្រដាប់អាវុធ​ របស់​រដ្ឋាភិបាល​នេះ​ថា កំពុង​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ​៕

សូមសរសេរមកាន់អ្នកនាង ​ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

3 Responses to "អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​៖​ ការបណ្តេញនិង​វាយ​ដណ្តើម​ម៉ាស៊ីន​ថត នៅ​ពេល​ចុះ​បង្ក្រាប​នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការរំលោភច្បាប់"

  1. Anonymous says:

    គួរឲ្យអៀនខ្មាសបំផុតនូវរាល់ឈុតឆាកសមត្ថកិច្ចវាយដំច្រំធាក់បាញ់ប្រហារប្រជាជនខ្លួនអែងដូច
    សត្វធាតុដូចសត្រូវសួរពូជយ៉ាងយង់ឃ្នងបំផុតតែបែរជាមានបរទេសជាជាតិសាសន៏ដ៏ទៃជាអ្នកជួយ
    ឈឺឆ្អាលការពារខ្មែរទាំងនោះទៅវិញ។
    គួរឲ្យអាសូរបំផុតឈាមខ្មែរស្លូតត្រង់ដែលហូរក្រាលធរណី។អាសូរកម្មករខ្មែរដែលម្នាក់ៗមានរូបរាង
    ស្លេកស្លាំងស្គមស្គាំងរាងតូចៗដូចកូនក្មេងមានលក្ខណះកង្វះអាហាររូបត្តម្ភធ្ងន់ធ្ងរ។
    តើដល់ពេលណាទើបឈាមខ្មែររងគ្រោះឈប់ហូរទៀត??

  2. BaBaBoo says:

    The gangs in civilian clothes well trained only to destroy and these children of Angkar Leur had the same root styling adopt from Vietnam. The Khmer Krom history had evidences and they continue to practice violently over opposite group against Democracy.

  3. ប្រជាពលរដ្ឋ says:

    。សូម្បី តែ ឋានះ អភិបាលខណ្ឌ ក៏ ឃោរ ឃៅ ដាក់ ប្រជាពលរដ្ឋ អ្នក យក ពត៏មាន ស្លូត ត្រង់ ដែរ !

    。ដោយសារ អំណាច បន្តិចបន្តួច , អំពើ អមនុស្សធម៏ ក៏ ហ៊ាន ប្រព្រឹត្ត ដែរ !

    。ប្រទេស ខ្មែរ យើង អត់ មាន​ មនុស្ស ល្អ ដឹកនាំ មានសីលធម៏ ទេ ឬ ? ? ? ? ?