ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014
http://vodhotnews.com
មន្ត្រីក្រសួងសុខាភិបាល ឲ្យដឹងថា ជម្ងឺកញ្ជ្រឹល និងស្អូចនៅកម្ពុជា មានការថយចុះយ៉ាងខ្លាំងនៅចុងឆ្នាំ២០១៣ នេះ ដោយសារមានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល ក្នុងការផ្តល់ថ្នាំបង្ការជម្ងឺនេះគ្រប់គ្រាន់ និងទាន់ពេលវេលា។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីជោគជ័យនៃយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹល និងស្អូច នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា នៅសណ្ឋាគារ Sunway។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសសន៍ថា នេះជាជោគជ័យដ៏ធំធេង ដែលគ្រប់ខេត្តក្នុងប្រទេស សម្រេចបានផ្តល់ថ្នាំបង្ការលើសពី ៩៥ភាគរយនៃកុមារដែលបានព្រៀងទុក។ លោក ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់នាំ បុត្រធីតា មកទទួលថ្នាំបង្ការតាមរយៈការផ្តល់ថ្នាំបង្ការជាប្រចាំ។
ប្រធានអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារ៉ែន (Dr. Pieter Van Maaren) ថ្លែងក្នុងសន្និសីទនេះ តាមរយៈការបកប្រែថា ជោគជ័យនៃយុទ្ធនាការផ្តល់ថ្នាំបន្ថែមបង្ការជម្ងឺកញ្ជ្រឹល ស្អូច បាននាំមកនូវគុណប្រយោជន៍ជាច្រើនដល់កុមារកម្ពុជា ដោយកុមារទាំងនោះ នឹងមានភាពស៊ាំខ្ពស់ សម្រាប់ការពារជម្ងឺកញ្ជ្រឹល ស្អូច និងកាត់បន្ថយអត្រាឆ្លងពីកំណើត ដែលមានផលប៉ះពាល់រយៈពេលវែងមកលើទារក។ លោក បន្ថែមថា យុទ្ធនាការបង្ការជម្ងឺកញ្ជ្រឹល បានជួយដល់កុមារកម្ពុជាពង្រឹងបន្ថែមទៀតនូវគោលដៅបំបាត់ជម្ងឺកញ្ជ្រឹល។
ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា លោក ស្រី អាណា ផ្លាវ័រ (Ana Plowers) មានប្រសាសន៍ថា កិច្ចសហការដើម្បីឲ្យកុមារ ទទួលបានការការពារជម្ងឺពីមានសារៈសំខាន់ សម្រាប់សហគមន៍ជនបទដាច់ស្រយាល រួមទាំងជនជាតិភាគតិច និងប្រជាជនចល័ត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល ប្រកាសផ្តល់ថ្នាំបង្ការជម្ងឺកញ្ជ្រឹល និងស្អូចដល់កុមារ ដែលមានអាយុ ចាប់ពី ៩ខែដល់ ១៥ឆ្នាំ ចំនួន ៤,៥លាននាក់ តាមរយៈយុទ្ធនាការ ដែលបានអនុវត្តចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៣ ដែលនេះជាជោគជ័យនៃយុទ្ធនាការធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារកុមារ ជៀសផុតពីជម្ងឺកញ្ជ្រឹលនិងស្អូច៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ចុចអានបទវិភាគ៖ សម រង្ស៊ី គួរយកលីវ ប៉ាង ធ្វើជាគំរូបើមានឆន្ទៈចងផ្តួលរបបផ្តាច់ការ ហ៊ុន សែន និង អាណានិគមយួនកុម្មុយនិស្តឈ្លានពាននៅប្រទេសខ្មែរ។
ចុចអានលោក សម រង្សី កំពុងវង្វេងងាកទៅរកចិនកុម្មុយនិស្ត ដូចហ៊ុន សែន កំពុងគាំទ្រចិន និងយួនកុម្មុយនិស្តដែរ