ច្បាប់ការងារកម្ពុជា ពុំបានគ្របដណ្ដប់ក្រុមអ្នកធ្វើការបម្រើសេវាកម្មមួយចំនួន ដូចជា ក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀ ឬពីមុនគេស្គាល់ថា ក្រុមស្រីឡង់សេទេ។ ក្រុមនេះតែងតែទាមទារអោយនិយោជកកំណត់ប្រាក់ឈ្នួលអោយបានសមរម្យ និងដោះស្រាយបញ្ហាប្រឈមក្នុងពេលពួកគេធ្វើការ។
ដោយ សុជីវី
2014-01-10
RFA

១០-មករា-២០១៤៖ ទិដ្ឋភាពក្នុងរាជធានីភ្នំពេញនាពេលយប់ដែលសម្បូរទៅដោយផ្ទាំងផ្សព្វផ្សាយស្រាបៀស្អេកស្កះបានលេចឡើងប្រដេញគ្នាតាមដងផ្លូវដែលសម្បូរភោជនីយដ្ឋាន។ Youtube Screenshot
ករណីនេះ សហជីពដែលធ្វើការលើកស្ទួយសិទ្ធិកម្មករក្នុងវិស័យនេះ បានផលិតវីដេអូឯកសារថ្មីមួយ ដើម្បីបង្ហាញពីការលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀ ក្នុងបំណងជួយអោយពួកគេទទួលបានប្រាក់ខែខ្ពស់។
ខ្សែវីដេអូឯកសារខ្លីមួយមានចំណងជើងជាភាសាអង់គ្លេសថា ប៊ីហាញឌឹវេច្ឆ (Behind the wage) ត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ គឺជាផ្នែកមួយនៃយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលសម្រាប់ក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀ។
ខ្សែវីដេអូដែលមានរយៈពេលជាង ៩នាទី បានចាប់ផ្ដើមដោយការបង្ហាញទិដ្ឋភាពក្នុងរាជធានីភ្នំពេញ នាពេលយប់ប្រកបដោយភ្លើងចម្រុះពណ៌។ នៅមិនឆ្ងាយប៉ុន្មានពីអគារខ្ពស់ស្កឹមស្កៃកណ្ដាលក្រុង ផ្ទាំងផ្សព្វផ្សាយស្រាបៀស្អេកស្កះ បានលេចឡើងប្រដេញគ្នាតាមដងផ្លូវដែលសម្បូរភោជនីយដ្ឋានឋិតនៅ។ ទីនោះហើយដែលបានលាក់ទុកការលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀ គឺនៅពីក្រោយការងារ និងប្រាក់ខែរបស់ពួកគាត់។
ជាផលិតករ និងជាមន្ត្រីព័ត៌មាននៃសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ជួប សេរីរ័ត្ន មានប្រសាសន៍ថា គោលបំណងនៃការផលិតវីដេអូឯកសារនេះ គឺការបង្ហាញពីផលវិបាកនៃប្រាក់ឈ្នួលតិច និងតម្រូវការអោយមានការដំឡើងប្រាក់ឈ្នួល។
«សំឡេង»
ផលិតករបានរៀបរាប់ពីស្ត្រីជាអ្នកផ្សព្វផ្សាយស្រាបៀចំនួន ៤នាក់ និងជីវភាពរស់នៅរបស់ពួកគេ នៅពេលដែលប្រាក់ខែពុំសមាមាត្រនឹងតម្លៃទំនិញនៅតាមទីផ្សារ។ ភាគច្រើននៃស្ត្រីជាតួអង្គក្នុងខ្សែវីដេអូ គឺជាអ្នកផ្សព្វផ្សាយស្រាបៀដែលបានធ្វើការជាង ១០ឆ្នាំមកហើយ។
អ្នកស្រី គីង សុភាព ជាតួអង្គម្នាក់នៅក្នុងខ្សែវីដេអូបានលើកឡើងថា ជាងដប់ឆ្នាំហើយនាងទទួលបានប្រាក់ឈ្នួលចំនួន ៧១ដុល្លារ។ ប្រាក់ឈ្នួលនេះមិនត្រូវក្រុមហ៊ុនដំឡើងអោយឡើយ បើទោះបីជាទំនិញនៅលើទីផ្សារបន្តហក់ឡើងមិនឈប់។
«សំឡេង»
ស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀម្នាក់ទៀត អ្នកស្រី គង់ ស៊ីនួន មានប្រសាសន៍ថា ការលំបាកបានកើតឡើងនៅពេលដែលប្រាក់ខែតិច។
«សំឡេង»
អ្នកស្រី ស៊ីនួន បន្ថែមថា ជារៀងរាល់ខែគាត់ត្រូវបង់ថ្លៃឈ្នួលផ្ទះ ចំនួន ៥០ដុល្លារ នៅសេសសល់ពីនោះ គឺជាប្រាក់ផ្គត់ផ្គង់ចំណីអាហារ និងចំណាយផ្សេងៗចាំបាច់មួយចំនួនទៀត។ ដើម្បីផ្គត់ផ្គង់ជីវភាព ស៊ីនួន បាននាំកូនស្រីអោយមកធ្វើការជានារីផ្សព្វផ្សាយស្រាបៀដែរ។
«សំឡេង»
ក្រៅពីបង្ហាញការលំបាក ខ្សែវីដេអូនេះក៏បានបញ្ជាក់ថា ប្រាក់ឈ្នួលសមរម្យសម្រាប់ស្ត្រីក្នុងផ្នែកផ្សព្វផ្សាយស្រាបៀ គឺមិនខុសគ្នាពីកម្មករក្នុងវិស័យកាត់ដេរដែរ គឺចង់បានប្រាក់ឈ្នួលអោយដល់ ១៦០ដុល្លារក្នុងមួយខែ ដែលពួកគេគិតថា អាចទ្រទ្រង់ជីវភាពអោយស្របតាមតម្លៃទំនិញតាមទីផ្សារ។
អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកនាង អ៊ូ ទេពផល្លីន ដែលធ្លាប់ជាស្ត្រីផ្សព្វផ្សាយស្រាបៀដែរ មានប្រសាសន៍ថា ការគ្មានចំណេះដឹង និងជីវភាពក្រីក្រ បានរុញច្រាននារីខ្មែរជាច្រើនពាន់នាក់អោយក្លាយខ្លួនជានារីផ្សព្វផ្សាយស្រាបៀ។ នៅពេលធ្វើការ ពួកគេត្រូវទាក់ទាញភ្ញៀវអោយផឹកស្រាបៀ គឺពួកគេត្រូវស៊ូទ្រាំនឹងការប្រមាថ ការរើសអើង ការបៀតបៀន និងត្រូវបង្ខំចិត្តផឹកគ្រឿងស្រវឹង។
«សំឡេង»
បើតាមអ្នកនាង អ៊ូ ទេពផល្លីន មានក្រុមហ៊ុនលក់ស្រាបៀមួយចំនួនបានផ្ដល់ប្រាក់ឈ្នួលសមរម្យអោយស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀ ដែលអ្នកនាងគិតថា គួរក្រុមហ៊ុនដទៃទៀតយកតម្រាប់តាម។
កម្ពុជា នៅមិនទាន់មានក្របខ័ណ្ឌច្បាប់ណាមួយ ដែលនិយាយពីប្រាក់ឈ្នួល ឬប្រាក់ខែសម្រាប់ក្រុមស្ត្រីផ្សព្វផ្សាយឡើយ។ ស្ត្រីផ្សព្វផ្សាយស្រាបៀមួយចំនួននៅពុំទាន់មានប្រាក់ខែឡើយទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា មានប្រសាសន៍ថា ផ្នែកផ្សព្វផ្សាយស្រាបៀនៅកម្ពុជា កំពុងរង់ចាំអោយមានក្របខ័ណ្ឌច្បាប់ដែលអាចការពារពួកគេ និងជួយសម្រួលរាល់លក្ខខណ្ឌការងារដែលជាបញ្ហាប្រឈមទាំងឡាយ។
«សំឡេង»
រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ំ មាន មានប្រសាសន៍ថា ក្រសួងពុំដែលមើលរំលងចំពោះស្ថានភាពការងាររបស់ស្ត្រីផ្សព្វផ្សាយស្រាបៀឡើយ ប៉ុន្តែក្រសួងកំពុងដោះស្រាយបញ្ហាចាំបាច់មួយចំនួន។ ហេតុនេះ បញ្ហាដទៃទៀតនឹងដោះស្រាយជាដំណាក់កាលបន្តទៀត។ លោកបន្តថា ចំពោះបញ្ហាទាមទារដំឡើងប្រាក់ឈ្នួល គឺត្រូវផ្អែកទៅលើស្ថានភាពមុខជំនួញរបស់ក្រុមហ៊ុនលក់ស្រាបៀ។
«សំឡេង»
របាយការណ៍មួយរបស់អង្គការឃែរ (CARE) កាលពីឆ្នាំ២០១១ បានអោយដឹងថា ស្ត្រីដែលប្រកបរបរផ្សព្វផ្សាយស្រាបៀមានប្រមាណ ៤ពាន់នាក់។ មកដល់ពេលនេះ តាមការសង្កេតរបស់អង្គការសមាគមមិនមែនរដ្ឋាភិបាល ឃើញថា ចំនួនស្ត្រីប្រកបរបរផ្សព្វផ្សាយស្រាបៀបានកើនឡើង ក៏ប៉ុន្តែពុំមានតួលេខជាក់លាក់ឡើយ ហើយភាគច្រើននៃអ្នកចូលធ្វើការថ្មី គឺជាអ្នកធ្វើការដោយមិនជាប់លាប់។
ទាក់ទិននឹងខ្សែវីដេអូឯកសារនិយាយប្រាក់ឈ្នួលគោលសម្រាប់ស្ត្រីផ្សព្វផ្សាយស្រាបៀ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា នឹងផ្ញើជូនស្ថាប័នមួយចំនួន រួមមានក្រុមហ៊ុនលក់ស្រាបៀ ស្ថានទូតបណ្ដាប្រទេសពាក់ព័ន្ធ និងក្រុមអ្នកតស៊ូមតិការពារសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានទូតអូស្ត្រាលីបារម្ភពីការប៉ះទង្គិចដោយហិង្សានៅកម្ពុជា
- ជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារត្រពាំងផ្លុងស្នើសុំនៅក្រៅឃុំ
- ស្ត្រីផ្សព្វផ្សាយស្រាបៀស្នើសុំដំឡើងប្រាក់ឈ្នួលនិងដោះស្រាយបញ្ហាប្រឈម
- សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមានធ្វើបាតុកម្មឲ្យដោះលែងអ្នកជាប់ឃុំ២៣នាក់
- សហជីពតំណាងកម្មករអះអាងថានៅតែបន្តទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ
- ប្រទេសម្ចាស់ជំនួយមួយចំនួនបារម្ភពីការប្រើហិង្សាបង្ក្រាបកម្មករនៅកម្ពុជា
- ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបដិសេធថាមិនពាក់ព័ន្ធនឹងការបង្ក្រាបកម្មករ
- សមាគមមន្ត្រីរាជការប្រកាសឲ្យមន្ត្រីរាជការទាំងអស់ចូលរួមកូដកម្មដំឡើងប្រាក់ខែ
- ពន្ធនាគារត្រពាំងផ្លុងពង្រាយទាហានជិត១០០នាក់ខ្លាចមានបាតុកម្មក្នុងពន្ធនាគារ
ចេញពីអាពតមកមានតែខោមួយចង្កេះ មានតែជើង២ ឬកង់កញ្ចាស់!!!តែពេលនេះអ្នកមានលុយ មានមាសពេជ្រ មានវិឡា មានឡានទំនើប កូនចៅទៅរៀននៅសកលវិទ្យាល័យ តើអ្នកចង់បានអ្វីទៀត???លៅភមែនពួកប្រឆាំង!
ចុចអានបទវិភាគ៖ សម រង្ស៊ី គួរយកលីវ ប៉ាង ធ្វើជាគំរូបើមានឆន្ទៈចងផ្តួលរបបផ្តាច់ការ ហ៊ុន សែន និង អាណានិគមយួនកុម្មុយនិស្តឈ្លានពាននៅប្រទេសខ្មែរ។
ចុចអានលោក សម រង្សី កំពុងវង្វេងងាកទៅរកចិនកុម្មុយនិស្ត ដូចហ៊ុន សែន កំពុងគាំទ្រចិន និងយួនកុម្មុយនិស្តដែរ
បើប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានលុយឡានវីឡាហ៊ឺហាគ្រប់ៗគា្នដូចលោកបាញ់បេវថាមែនប្រហែលជាគ្មានអ្នកណារត់ចូលបក្សប្រឆាំងហើយចូលរួមធ្វើបាតុកម្មនាំតែហត់ឥតប្រយោជន៏ធ្វើអីទេ។
មកពីស៊ីមិនគ្រប់ចាយមិនគ្រាន់ហ្នឹងហើយបានជាវាកើតអារឿងចង់ដូរៗៗឥតឈប់ឥតឈរ។
យើងគិតថាបើប្រជាជនគាត់មានគំនិតចង់ដូរហើយគង់តែមានថ្ងៃណាមួយគាត់ដូរទាល់តែ
បានហ្នឹង។