ការអនុម័តគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជា បានកើនឡើងរហូតដល់ ១០០គម្រោង ដែលសមាមាត្រនឹងទឹកប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារអាមេរិកនៅចន្លោះឆ្នាំ២០០៩ ដល់២០១៣។
ដោយ អាន ស៊ីថាវ
2014-01-16 (14:00)
RFA

២៥-ធ្នូ-២០១២៖ រោងចក្រផលិតជីកសិកម្មអន្តរជាតិផ្កាយ៥ របស់វៀតណាម នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ RFA
ប្រទេសវៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់ទីបី ដែលបានបង្កើតការងារ និងចំណូលពន្ធដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែការប្រកបអាជីវកម្មនិងវិនិយោគរបស់វៀតណាម ហាក់មានភាពមិនស្មោះត្រង់ និងរួមគ្នាផ្ដាច់មុខរវាងពាណិជ្ជករកម្ពុជា។
ចាប់តាំងពីប្រទេសកម្ពុជា បានបើកចំហសេដ្ឋកិច្ចចំនួនអ្នកវិនិយោគ និងពាណិជ្ជករបរទេសជាច្រើនបានចូលមកបណ្ដាក់ទុន។ ក្នុងចំណោមប្រទេសទាំង ១០ នៅអាស៊ាន វៀតណាមជាប្រទេសដែលវិនិយោគធំជាងគេនៅកម្ពុជា។ ការវិនិយោគ និងធ្វើពាណិជ្ជកម្មរបស់វៀតណាម មានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្រៅពីការវិនិយោគវិញ ចំនួនភ្ញៀវទេសចរវៀតណាមវិញ ក៏មានបរិមាណច្រើនជាងប្រទេសដទៃទៀតដែរ។
តំណាងខាងគណបក្សប្រឆាំងបានរិះគន់ការកើនឡើងក្រុមអ្នកវិនិយោគវៀតណាមនេះ មិនបានផ្ដល់ផលប្រយោជន៍ច្រើនរបស់កម្ពុជាឡើយ។ ការវិនិយោគវៀតណាម នៅកម្ពុជា ភាគច្រើនផ្ដោតលើវិស័យរុករករ៉ែ និងការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច។ ប៉ុន្តែការអះអាងរបស់រាជរដ្ឋាភិបាលវិញ បានបញ្ជាក់ថា ការវិនិយោគវៀតណាម បានបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា និងចំណូលពន្ធ។
ទោះបីជាមានការលើកឡើងផ្ទុយគ្នារវាងអ្នកនយោបាយ ប៉ុន្តែតំណាងខាងវិស័យឯកជនយល់ឃើញថា ការវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាម មានភាពមិនប្រក្រតី ឬពាណិជ្ជកម្មមិនធ្វើទៅតាមកិច្ចសន្យា។ ការសហការគ្នាលើការប្រកបអាជីវកម្មរបស់វៀតណាម និងកម្ពុជា ហាក់ទទួលផលចំណេញគួរឲ្យកត់សំគាល់នាពេលបច្ចុប្បន្ន ដោយការពាណិជ្ជកម្មនោះ ហាក់ដូចជាការរួមគ្នារកស៊ីផ្ដាច់មុខ។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ថា ភាគីរបស់កម្ពុជា និងវៀតណាម បានសហការគ្នាដោយបែងចែកការធ្វើពាណិជ្ជកម្មទៅតាមជំនាញនីមួយ៖ «ប៉ុន្តែគ្រាន់តែថា ទំនាក់ទំនងការរកស៊ីជាមួយវៀតណាម កម្ពុជាយើងមានច្រើនដែរ។ អ្នកខ្លះដាច់មុខនោះ អ្នកខ្លះទៀតដាច់មុខនេះ ពីក្រុមហ៊ុនជាមួយវៀតណាម ហើយគេធ្វើទៅហាក់ដូចជាបានកាក់កប របស់គេដែរ រកស៊ីទៅវិញទៅមក។ អ្នកខ្លះទទួលភារកិច្ចខាងជី អ្នកខ្លះទទួលភារកិច្ចខាងទឹកដោះគោ ឬក៏គ្រឿងផ្សេងៗ វាមានគ្រប់ជំពូកបើនិយាយទៅ»។
លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍បន្ថែមទៀតថា ការធ្វើពាណិជ្ជកម្ម ឬការវិនិយោគបរទេសនៅកម្ពុជា តិចតួចប៉ុណ្ណោះ ដែលបង្ហាញភាពមិនស្មោះត្រង់ ក្នុងនោះរួមមានប្រទេសវៀតណាម និងប្រទេសចិន។ ភាពមិនស្មោះត្រង់នោះ គឺពាណិជ្ជកម្មទំនិញមិនស្របទៅតាមកិច្ចសន្យារវាងភាគីកម្ពុជា និងប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាម នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងគិតត្រឹមឆ្នាំ២០១៣។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ប្រទេសវៀតណាម ជាអ្នកវិនិយោគសំខាន់ទីបីនៅកម្ពុជា បន្ទាប់ពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។
អំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់វៀតណាម ប្រមាណ ១០០គម្រោងដែលមានតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ប្រទេសវៀតណាម ភាគច្រើនផ្ដោតលើដំណាំកៅស៊ូ អង្ករ ថាមពល ធនាគារ និងវិស័យធានារ៉ាប់រងជាដើម។
ការកើនឡើងនេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានពន្យល់ថា គឺដោយសារតែទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ ដែលបានផ្ដល់ការទុកចិត្តគាំទ្រដល់ក្រុមហ៊ុនវៀតណាម បានល្អប្រសើរ។ បន្ថែមលើនេះ លោកបញ្ជាក់ទៀតថា ការចាប់ដៃគូពាណិជ្ជកម្ម ឬការវិនិយោគរវាងប្រទេសជិតខាង គឺប្រសើរជាងធ្វើពាណិជ្ជកម្មនៅទីឆ្ងាយ។
លោកឧកញ៉ា ងួន ម៉េងតិច៖ «ព្រោះយើងមិនអាចរកមិត្ត នៅស្រុកបារាំង នៅរុស្សី ចម្ងាយព្រះឥន្ទ មកជួយយើងទាន់អ្នកដែលនៅជិតខាងទេ។ ហើយខ្ញុំជឿថា រដ្ឋាភិបាលយើងក៏ជឿទៅតាមហ្នឹង ហើយបងប្អូនខ្មែរយើងអ្នករកស៊ី ក៏វាទៅតាមហ្នឹងដែរ។ មានតែអ្នកដែលអត់បានរកស៊ីទេ ដែលគាត់អត់បានគិតថា អ្នកជិតខាងយើង ជាមនុស្សដែលគាំទ្រយើងផ្ដល់សេចក្ដីសុខឲ្យយើង»។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមនិងកម្ពុជា បានបង្កើតឱកាសវិនិយោគនិងពាណិជ្ជកម្មនៅទសវត្សរ៍ចុងក្រោយនេះ ដោយបានបង្កើតសន្និសីទសម្រួលពាណិជ្ជកម្មដែលចូលពីថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ។
នៅដើមឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្ត្រីវៀតណាមនិងកម្ពុជា បានចូលរួមសន្និសីទពាណិជ្ជកម្មលើកទីបួននៅភ្នំពេញ ក្នុងនោះក៏បានចូលរួមសម្ពោធក្រុមហ៊ុនវៀតណាម មួយចំនួនដែរ។ បន្ថែមលើនេះ ប្រទេសវៀតណាម បានវិនិយោគទឹកប្រាក់ច្រើនពាន់លានដុល្លារទៀតលើការសាងសង់ផ្សាររោងចក្រផលិតជី ការកែច្នៃចំណីអាហារនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចបានពន្យល់ថា ការវិនិយោគនិងពាណិជ្ជកម្មបរទេសបានផ្ដល់ឲ្យកម្ពុជា ទាំងផលវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែសម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន គឺកម្ពុជាត្រូវការវិនិយោគនិងការសហការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក។ ប៉ុន្តែស្ថាប័នផ្ដល់ជំនួយអភិវឌ្ឍដល់កម្ពុជា បានរកឃើញថា ការទាក់ទាញអ្នកវិនិយោគនិងពាណិជ្ជករបរទេសហាក់នៅមានកម្រិត។
អនុប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា លោក ភីតធើ ប្រ៊ីមបល (Peter Brimble) បានអះអាងថា កម្ពុជាមានបញ្ហាប្រឈមជាច្រើនក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស។ ការវិនិយោគមួយចំនួនជាការវិនិយោគផ្ដាច់មុខ ឬរួមគ្នាផ្ដាច់មុខដោយការសហការគ្នារវាងអ្នកវិនិយោគបរទេសនឹងក្នុងស្រុក។
បន្ថែមលើនេះ វិស័យឯកជននិងអ្នកវិនិយោគបរទេសដែលប្រកបអាជីវកម្មត្រឹមត្រូវនៅកម្ពុជាវិញ បានរិះគន់ថា បញ្ហាចម្បងដែលរាំងស្ទះដល់ការធ្វើអាជីវកម្មនិងវិនិយោគរបស់ពួកគេនៅកម្ពុជា រួមមានអំពើពុករលួយ និងរបបការិយាធិបតេយ្យគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- អន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់ខាងអសន្តិសុខនិងគ្មានសុវត្ថិភាពស្បៀង
- មូលហេតុធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់រៀលថ្មីបន្ថែម
- វិស័យឯកជនប្រតិកម្មចំពោះភាពជាប់គាំងនយោបាយ
- អ្នកវិនិយោគបរទេសព្រមានដកខ្លួនចេញពីកម្ពុជា
- វិស័យរោងចក្រកាត់ដេរមិនដំណើរការ១ថ្ងៃអាចបាត់ចំណូលប្រមាណ១៧លានដុល្លារ
- ម្ចាស់រថយន្តដឹកស្រូវទៅលក់នៅវៀតណាមនៅតែបន្តស្វែងរកយុត្តិធម៌
- ពលរដ្ឋនៅតំបន់ប្រាសាទសម្បូរព្រៃគុកបារម្ភពីការបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ADB
- ម្ចាស់ក្រុមហ៊ុនទូរស័ព្ទទាំង៩សន្យាអនុវត្តការកំណត់ថ្លៃសេវាទូរស័ព្ទតាមរដ្ឋាភិបាល
- គម្រោងអភិវឌ្ឍន៍សហគមន៍ក្រីក្រនៅកំពង់ធំបានសម្រេច៦០ភាគរយ
នេះជាការចង់ក្តោបក្តាប់ស្រុកខ្មែរតាមរយៈសេដ្ឋកិច្ច គួរតែប្រយ័ត្នជានិច្ច ។ នេះជាយុទ្ធសាស្ត្រដែលវៀតណាមចង់លេបយកទឹកដីខ្មែរ។ ការចំណាយរាប់លានដុល្លាវិនិយោគ គឺដើម្បីជនជាតិវៀតណាមតែប៉ុណ្ណោះ។
យើងត្រូវមើលទាំងអស់គ្នា កម្ពុជា ជារបស់យើងទំាងអស់គ្នា ។
ប្រទេសខ្មែរសំណាងអាក្រក់ណាស់ដែលមានព្រំប្រទល់ជាប់និងយួន ជាមិត្តចោរហារយ
ដែលប្រវត្តតិសាស្ដ្រខ្មែរតែងតែកត់ត្រាទុកដល់កូនចៅ កុំអោយសែបគប់និងយួន តែខ្មែរតែងភ្លេចខ្លួន
សែបគប់និងយួនអស់ទឹកអស់ដី
I’M VERY HAPPY TO SEE SOME COMMENT THAT OUR NATION IS UNDERSTANDING ABOUT CAMBODIA HISTORY. THANK YOU AND PEACE FOR ALL CAMBODIAN
World Trade Organization (WTO) now under too invasion by Vietnam. Products made in Vietnam spread to Global every days. Another hand, Cambodia now become target of land field of Vietnam micro system of all sort of productions. The future of Cambodia citizens are being feed by their former enemy and dry born like a bulldog suck his own waste. What happen to Products Made in Cambodia seems unpredictable future.