ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​លោក​ ម៉ម សូណង់ដូ ពិភាក្សា​ពី​រឿង​រី​ឡេ និង​ហ្វ្រេ​កង់ តែ​លោក​សុំ​លើក​ពេល​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ជួប​ពិភាក្សា​ពី​ការដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត (Relay) និង​ហ្វ្រេ​កង់​វិទ្យុ​សម្រាប់​បង្កើត​ទូរទស្សន៍ នៅ​ថ្ងៃសុក្រ ​ទី​១៧​ខែ​មករានេះ ប៉ុន្តែ​ត្រូវបាន​លោក ម៉ម សូណង់ដូ សុំ​លើក​ពេល​ណាត់ជួប​។​

​អ្នកស្រី ហួន ផាន​ណា​រី ជំនួយការ​ផ្ទាល់​លោក ​ម៉ម សូណង់ដូ មានប្រសាសន៍​ប្រាប់​ វី​អូ​ឌី​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា កាលពី​ថ្ងៃ​ម្សិលមិញ អ្នកស្រី​បាន​ទទួល​លិខិត​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​សុំ​ជួប​លោក ​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ថ្ងៃ​ទី​១៧ ​ខែ​មករា ទាក់ទង​នឹង​ការស្នើ​សុំ​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត និង​ហ្វ្រេ​កង់បង្កើត​ទូរទស្សន៍​សម្រាប់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​។ អ្នកស្រី​បន្ត​ថា ពេលនេះ លោក ​ម៉ម សូណង់ដូ កំពុងស្ថិត​នៅ​ក្រៅប្រទេស មិន​អាច​ទៅ​ជួប​តាម​ការស្នើសុំ​នោះទេ​។ អ្នកស្រី​ថា ជា​ការឆ្លើយតប លោក ​ម៉ម សូណង់ដូ ស្នើ​សុំ​លោក​ ខៀវ កាញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើក​ពេល​ណាត់ជួប ទៅ​ថ្ងៃ​ទី​២៤ ​ខែ​មករា​វិញ ខណៈ​ដែល​លោក​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៣ ​ខែ​មករា​។​

​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មករា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​ជូន​ប្រធាន​ស្តីទី​វិទ្យុ​សំបុក​ឃ្មុំ លោកស្រី ឌិន ផា​ណា ឲ្យដឹងថា ក្រសួង​មិន​អាច​ផ្តល់​ហ្វ្រេ​កង់​វិទ្យុ និង​ហ្រេ្វ​កង់​ទូរទស្សន៍ ទៅតាម​សំណើ​របស់​លោកស្រី​បាន​ទេ ព្រោះតែ​ហ្វ្រេ​កង់​ពុំ​មាន​នៅ​សល់​។ ការបដិសេធ​ផ្តល់​ប្រេកង់​ឲ្យ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz លោក ម៉ម សូណង់ដូ ជា​ការឆ្លើយតប​នឹង​ការសុំ​ដំ​ទ្បើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ត ទៅ​តាម​បណ្តា​ខេត្ត​នានា និង​សុំ​ហ្វ្រេ​កង់​សម្រាប់​បង្កើត​ទូរទស្សន៍​។ ហើយ​កាលពី​ចុងឆ្នាំ​២០១៣ កន្លង​ទៅនេះ នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម ដោយ​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ជូន​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ជា​ទូរទស្សន៍​នេះដែរ​៕

អត្ថបទទាក់ទង៖

ក្រសួង​ព័ត៌មាន បដិសេធ​សំណើ​សុំ​ហ្វ្រេ​កង់​ទូរទស្សន៍ និង​វិទ្យុ​បន្ត​តាម​ខេត្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​​

លោក ម៉ម សូណង់ដូ ប្រកាស​ធ្វើ​បាតុកម្ម នៅ​ចុង​ខែ​មករា ដើម្បី​ទាមទារ​ហ្វ្រេ​កង់​ទូរទស្សន៍​ពី​ក្រសួង​ព័ត៌មាន​​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ ជា​យុទ្ធសាស្ត្រ​កុំ​ឲ្យ​ក្រសួង​ទារលុយ​​

សូមសរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vechika@gmail.com

What Next?

Recent Articles

One Response to "ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​លោក​ ម៉ម សូណង់ដូ ពិភាក្សា​ពី​រឿង​រី​ឡេ និង​ហ្វ្រេ​កង់ តែ​លោក​សុំ​លើក​ពេល​"

  1. david Jame says:

    ក្រសួងមួយនេះមិនគួរធ្វើថោកទាបទេ!!! បក្សប្រជាជនមានទូរទស្សច្រើនមិនបានផ្សាយការពិតទេ។ ចូលចិត្តលាក់លាមខ្លាំងណាស។ ហេតុអ្វីខ្លាចទីភ្លឺ បើខ្លួនថារាស្រ្តស្រឡាញ់ខ្លួននោះ!

    សុំកុំធ្វើថោក បើកសិទ្ធិអោយគេទៅ។​

    ប្រទេសមួយនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បក្សប្រជាជនទេ។

    លោកបានដឹងរាស្រ្តស្ទើទាំងអស់បានដឹងក្រយៅរបស់អស់លោកទេ។

    សុំកុំបន្តធ្វើថោកទាប បើកអោយគេប្រគួតប្រជែងដោយសេរី លើមូលដ្ឋានច្បាប់ស្មើភាពគ្នា!!

    អស់លោកបានដឹងថា ពលរដ្ឋភាគច្រើនមិនបោះឆ្នោតអោយអស់លោកដោយសារអ្វី គឺ ដោយសារការលាក់លាម ការលាក់បាំង ការមិនដោះស្រាយបញ្ហា!! អស់លោកយកលេសនេះ លេសនោះ។ នេះហើយដែលថា ថោកទាប!