ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
រយៈពេលច្រើនឆ្នាំមកហើយ ដែលពិធីការិនីស្រស់ស្អាត នាង តេង លក្ខិណា ត្រូវគេបិទជិតឈឹង ព្រោះតែការជាប់ឃ្លេរបស់ CTN និង MyTV។ ប៉ុន្តែនៅដើមឆ្នាំ២០១៤នេះ នាងបានប្រកាសថា ស្ថាប័នទាំងពីរនេះ បានដកចោលនូវអាជ្ញាសិកទាំងនោះហើយ ដើម្បីឲ្យនាងមានសិទ្ធិពេញទី ក្នុងការហោះហើរ ហើយមិនមានប៉ះពាល់ដល់ការងារចាស់របស់ខ្លួននោះ។
តេង លក្ខិណា និយាយថា ចាប់ពីពេលនេះតទៅ មេកើយរបស់នាងប្រចាំនៅ CTN និង My TV បានប្រកាសឈប់បិទសិទ្ធិបុគ្គលិក បូករួមទាំងរូបនាងផងដូចមុនទៀតហើយ បន្ទាប់ពីការដាក់សម្ពាធមិនឲ្យនាងទទួលឡើងឆាក និងសូម្បីតែការលេចមុខ ក្នុងឈុតសម្ដែងដែលចាក់នៅលើប៉ុស្ដិ៍ផ្សេង ត្រូវបានអនុវត្តិ អស់ច្រើនឆ្នាំ ចាប់តាំងពីនាងក្លាយជាពិធីការិនី របស់កម្មវិធី «A1 Concert»។ វិធានការនោះ បានធ្វើឲ្យនាងរបូតចោលទាំងស្រុង នូវឱកាសសម្ដែង និងភាពលេចធ្លោរ ដែលជាប្រភពចំណូលដ៏ធំ ដែលមានស្រាប់តតាំងពីមុនពេលនាងក្លាយជាពិធីការិនីផ្ដាច់មុខ របស់CTN។ បើទោះជាឱកាសថតស្ពតធំៗ ពិសេសគឺស្ពតខោទ្រនាប់ស៊ានលានជាមួយ លោកខេមរៈ សិរីមន្ត នាពេលចុងក្រោយនៅតែរុញឲ្យនាងមិនថមថយប្រជាប្រិយភាព ក៏សន្ទុះ និងកេរ្តិ៍ឈ្មោះដែលទទួលបាន ហាក់នៅនឹងថ្កល់ លូតត្រួយបែកមេឃសាខាតិច ហើយបណ្ដាលឲ្យតារាស្រករក្រោយ ដើរទៅមុខស្ទុះបានលឿនជាង។ ធៀបនឹងរយៈពេលមុន នាងបានផ្ដល់ឱកាសឲ្យតារាសម្ដែងរួមជំនាន់ និងក្រោយជំនាន់ច្រើនណាស់ ក្លាយជាទីផ្សារឡើងកូដ ព្រោះតែជាប់សម្ពាធរបស់ CTN និងMy TV ដែលចេញអាជ្ញាសិក មិនឲ្យនាងបង្ហាញមុខញឹកញាប់ព្រោះខ្លាចសាប និងមិនឲ្យនាងចេញមុខនៅប៉ុស្ដិ៍ ដែលដើមចមនៃការពង្រឹងភាពលេចធ្លោរនោះ។
តេង លក្ខិណា និយាយថា ចាប់ពីពេលនេះទៅ CTN បានអនុញ្ញាតិឲ្យនាងអាចឡើងឆាក ទូរទស្សន៍ផ្សេងៗបានហើយ។ ក្នុងនោះមិនត្រឹមតែឡើងច្រៀង ឬធ្វើសម្ភាសន៍ពីការងារថ្មីៗប៉ុណ្ណោះទេ សូម្បីតែការសម្ដែងរឿង ក៏នាងអាចទទួលបានដូចគ្នា ឲ្យការបង្ហាញមុខនោះ មិនទាក់ទងនឹង អាជីពពិធីការិនី ប្រចាំឲ្យស្ថាប័នផ្សេង។ នាងមានអារម្មណ៍សោកស្ដាយ ដែលមួយរយៈមុន បានច្រានចោលរាល់ការទាក់ទងទាំងអស់របស់ផលិតករទូរទស្សន៍ទាំងឡាយ។ ជាក់ស្ដែងផលិតកម្មចំនួន២ ក៏បានខកបំណងចំពោះខ្សែរឿងរបស់ខ្លួនដូចគ្នា បន្ទាប់ពីបានទាក់ទងយកនាងសម្ដែងជាតួឯក ត្រូវរ៉ូវគ្នារួចរាល់ហើយ ប៉ុន្តែបែរជាដោះដូរតួសម្ដែងភ្លាមៗ ព្រោះតែខ្សែរឿងនោះ ដេញថ្លៃដាក់បញ្ចាំងនៅប៉ុស្ដិ៍ CTN និង My TV មិនបាន។ កន្លងមក តេង លក្ខិណា បាត់បង់ឱកាសលេចធ្លោរច្រើនណាស់ បើគិតទាំងវេទិកាដើរម៉ូដទ្រង់ទ្រាយធំ និងការប្រគំតន្ត្រីខេត្តក្រុង ដែលទិញម៉ោងផ្សាយផ្ទាល់ ឬចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ផ្សេងផង។
(កញ្ញា តេង លក្ខិណា និង លោក អ៊ិត សេដ្ឋា ពិធីករប្រចាំស្ថានីយ៍ទរទស្សន៍ស៊ីធីអិន/វង្ស សុម៉ាលីន)
តារាដែលផ្ដើមភាពល្បីល្បាញពីការសម្ដែងរូបនេះ និយាយថា កាលពីមុន CTN ពិតជាហាមមិនឲ្យបុគ្គលិករបស់ខ្លួនចេញមុខប្រសេចប្រសាចនៅលើកញ្ចក់ទូរទស្សន៍ផ្សេង។ ប៉ុន្តែដោយសាររំហូរចូលនៃពិធីករ និងពិធីការិនីចំណូលថ្មី ក្រោយៗ គេទទួលបានសិទ្ធិមិនចុះកុងត្រា ហើយអាច ចេញមុខបានគ្រប់ប៉ុស្ដិ៍ទាំងឡើងច្រៀង ទាំងក្នុងកិច្ចសម្ភាសន៍ ទាំងកម្មវិធីទិញម៉ោង ទើបអាជ្ញាសិកហាមប្រាមទាំងនោះត្រូវដកចេញ។ ក្នុងពេលដ៏ខ្លី នាងបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ផ្សេង ដើម្បីឲ្យមានការភ្ញាក់ផ្អើល ដែលហោចណាស់ ក៏ក្នុងកម្មវិធីសំណេះសំណាលណាមួយដែរ បើទោះជានាងមិនពូកែច្រៀង។
ប្រភពពីអ្នកគ្រប់គ្រងនៅCTN ប្រាប់ថា បំរាមនោះបានកំណត់ឲ្យដកចេញប្រមាណកន្លះឆ្នាំហើយ ទើបពិធីករខ្លះដូចជាលោក ឡាយអិន លោកសាយ រតនៈ (ពិធីកររាត្រីកម្សាន្ត) និងថន លក្ខិណាជាដើម មានឱកាសបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ផ្សេង។ លោកអះអាងថា ការមិនចេញមុខរបស់ពិធីករពិធីការិនីផ្សេងទៀត បូករួមទាំងតេង លក្ខិណា ផង ប្រហែលមកពីពួកគេមិនចង់ទាន់ឡើងឆាកផ្សេងប៉ុណ្ណោះ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Look cute and nice chest. So nice boobs , too.
Do you want marry me Leakhena?