ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ មិនបានទៅចូលជួបតំណាងក្រសួងព័ត៌មាន តាមការកោះអញ្ជើញឲ្យចូលជួបពិភាក្សាគ្នាពីការស្នើសុំអាជ្ញាប័ណ្ណទូរទស្សន៍ នៅថ្ងៃទី១៧ មករា នេះទេ ដោយសារលោកមានបេសកកម្មនៅក្រៅប្រទេស។
ដោយ ទីន ហ្សាការីយ៉ា
2014-01-17
RFA

ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ Photo: RFA
ក្រសួងព័ត៌មាន បានដាក់លិខិតកោះហៅ លោក ម៉ម សូណង់ដូ នៅបន្ទាប់ពីលោកបានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ប្រកាសធ្វើបាតុកម្មមួយសប្ដាហ៍ម្ដង ដើម្បីទាមទារសិទ្ធិបង្កើតស្ថានីយទូរទស្សន៍ និងសុំដំឡើងការផ្សាយបន្តតាមខេត្ត តែត្រូវបានក្រសួងបដិសេធកន្លងមក។
លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសបារាំង មកថា លោកបានដាក់លិខិតឆ្លើយតបទៅក្រសួងព័ត៌មាន វិញនៅថ្ងៃទី១៧ មករា សុំពន្យារពេលការជួបពិភាក្សាទៅចុងសប្ដាហ៍ក្រោយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន លោក ប៊ុត បូវុធ បានចេញលិខិតជូន លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ កាលពីថ្ងៃទី១៦ មករា ដើម្បីពិភាក្សាគ្នាអំពីការស្នើសុំអាជ្ញាប័ណ្ណទូរទស្សន៍ និងសុំបើកស្ថានីយផ្សាយបន្ត (Relay) នៅតាមខេត្ត នៅថ្ងៃទី១៧ មករា ម៉ោង ៩ព្រឹក។
ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ បានឲ្យដឹងថា នៅថ្ងៃទី១៧ មករា នេះ លោកបានឲ្យសហការីរបស់លោក ដាក់លិខិតជូន លោក ប៊ុត បូវុធ ដើម្បីសុំពន្យារពេលការជួបទៅរសៀលថ្ងៃទី២៣ មករា ខាងមុខ ម៉ោង ២ និង ៣០នាទី ពីព្រោះលោកវិលត្រឡប់ពីក្រៅប្រទេសមកដល់កម្ពុជា វិញ នៅព្រឹកថ្ងៃដដែលនោះ។ លោក ម៉ម សូណង់ដូ បញ្ជាក់ថា ការស្នើសុំអាជ្ញាប័ណ្ណទូរទស្សន៍នេះ គឺធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
«សំឡេង»
ក្រសួងព័ត៌មាន បានចេញលិខិតបដិសេធ កាលពីថ្ងៃទី១០ មករា ដែលចុះហត្ថលេខាដោយ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរតបទៅ អ្នកស្រី ឌិន ផាណារ៉ា ប្រធានស្ដីទីវិទ្យុសម្បុកឃ្មុំ អែហ្វ.អិម ១០៥ មេហ្គាហឺតស៍ (FM 105) ថា ក្រសួងព័ត៌មាន មានការសោកស្ដាយដោយពុំមានសល់ហ្វ្រកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍ សម្រាប់ផ្ដល់តាមការស្នើសុំរបស់អ្នកស្រីបានទេ។
ក្រោយពេលក្រសួងព័ត៌មាន បានចេញលិខិតបដិសេធ លោក ម៉ម សូណង់ដូ បានដាក់លិខិតជូនដំណឹងស្ដីពីការធ្វើបាតុកម្មមួយសប្ដាហ៍ម្ដង កាលពីថ្ងៃទី១៤ មករា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ដោយសារក្រសួងព័ត៌មាន ដាក់លិខិតកោះអញ្ជើញ លោក ម៉ម សូណង់ដូ នេះ ដូច្នេះសាលារាជធានីផ្អាកការពិភាក្សាអំពីការស្នើសុំធ្វើបាតុកម្មរបស់ លោក ម៉ម សូណង់ដូ នេះសិន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងកាលពីថ្ងៃទី១៥ មករា ថា ស្ថានីយវិទ្យុសម្បុកឃ្មុំរបស់ លោក ម៉ម សូណង់ដូ បានជំពាក់ថ្លៃអាជីវកម្មសោតទស្សន៍ប្រមាណ ៣០០ដុល្លារ គិតពីថ្ងៃបង្កើតមកទល់ពេលនេះ។ ដូច្នេះ ក្រសួងមិនអាចអនុញ្ញាតឲ្យអាជ្ញាប័ណ្ណបានទេ ម្យ៉ាងទៀតគ្មានសល់ហ្វ្រេកង់។
«សំឡេង»
ឆ្លើយតបនឹងការលើកឡើងនេះ លោក ម៉ម សូណង់ដូ អះអាងថា លោកគ្មានជំពាក់ថ្លៃអាជីវកម្មសោតទស្សន៍អ្វីទេ។ ហើយថ្លៃបង់ពន្ធប្រៃសនីយ៍ លោកបានបង់ជារៀងរាល់ឆ្នាំ។ លោក ម៉ម សូណង់ដូ បានលើកជាសំណួរថា បើសិនជាក្រសួងមិនមានហ្រេ្វកង់ មូលហេតុអ្វីបានជាស្ថានីយវិទ្យុ ទូរទស្សន៍ ដទៃទៀត ក្រសួងចេញអាជ្ញាប័ណ្ណជូន នៅខណៈដែលលោកបានស្នើសុំក្រសួងដូច្នេះនោះ?
«សំឡេង»
លោក ម៉ម សូណង់ដូ បានអះអាងថា លោកបានស្នើសុំទៅក្រសួងព័ត៌មាន ដើម្បីសុំដំឡើងការផ្សាយបន្តនៅតាមខេត្តមួយចំនួននេះ តាំងពីឆ្នាំ២០០៥ មក ប៉ុន្តែត្រូវបានក្រសួងបដិសេធរហូត។
របាយការណ៍បូកសរុបសន្និបាតរបស់ក្រសួងព័ត៌មាន ឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣ បានសរសេរថា នៅក្នុងឆ្នាំ២០១២ មានកាសែត ទស្សនាវដ្ដី ព្រឹត្តិបត្របោះពុម្ពជាភាសាខ្មែរចំនួនជាង ៦០០អង្គភាព មានវិទ្យុអែហ្វ.អិម ជាង ១០០អង្គភាព និងទូរទស្សន៍ជាតិ និងឯកជនជិត ២០ទៀត។
សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ជាគន្លឹះដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ពីព្រោះ សេរីភាពទាំងនេះបានជំរុញឲ្យមានការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ បើសិនជាគ្មានការគោរពដល់សេរីភាពនៃការបញ្ចេញមតិ ដែលរួមមានសិទ្ធិស្វែងរក ទទួលបាន និងចែករំលែកព័ត៌មាន ព្រមទាំងគំនិតទេនោះ មិនអាចអនុវត្តសិទ្ធិបោះឆ្នោតបានឡើយ ហើយការរំលោភសិទ្ធិមនុស្ស នឹងកើតមានយ៉ាងស្ងៀមស្ងាត់ ហើយក៏គ្មានមធ្យោបាយបកអាក្រាត ឬលាតត្រដាងអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ និងបញ្ហាអសមត្ថភាពរបស់រដ្ឋាភិបាលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍បឹងកក់ដាក់ញត្តិតាមស្ថានទូតសុំអន្តរាគមន៍ឲ្យដោះលែងមនុស្ស២៣នាក់
- លោក ស៊ូប៊ែឌី បារម្ភពីការប្រើពាក្យប្រឆាំងនឹងជនជាតិវៀតណាមនៅតាមសាធារណៈ
- សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលចំពោះការឃុំមនុស្ស២៣នាក់នៅឆ្ងាយពីភ្នំពេញ
- លោក ស៊ូប៊ែឌី គាំទ្រឲ្យកម្ពុជាបោះឆ្នោតឡើងវិញបើបក្សទាំងពីរឯកភាពគ្នា
- នាយករដ្ឋមន្ត្រីសុំលោក ស៊ូប៊ែឌី ជំរុញឲ្យបក្សប្រឆាំងចូលសភា
- ខ្មែរក្រោមស្នើឲ្យលោក ហ៊ុន សែន លើកបញ្ហារបស់ខ្លួនទៅពិភាក្សាជាមួយវៀតណាម
- អង្គការ៦៥ថ្កោលទោសការប្រើកម្លាំងបង្ក្រាបលើអ្នកតវ៉ា
- លោក ស៊ូប៊ែឌី សន្យាលើកសំណើរបស់សហជីពទៅពិភាក្សាជាមួយរដ្ឋាភិបាល
- សង្គមស៊ីវិលសុំឲ្យអ.ស.បស៊ើបអង្កេតករណីចាប់ព្រះសង្ឃខ្មែរក្រោម៥អង្គ
this old school guy keep making trouble to Khmer society, from time to time.,
—
instead, this guy owned taxes money to governments- he needs to pay back asap.,
ក្រសួងមួយនេះមិនគួរធ្វើថោកទាបទេ!!! បក្សប្រជាជនមានទូរទស្សច្រើនមិនបានផ្សាយការពិតទេ។ ចូលចិត្តលាក់លាមខ្លាំងណាស។ ហេតុអ្វីខ្លាចទីភ្លឺ បើខ្លួនថារាស្រ្តស្រឡាញ់ខ្លួននោះ!
សុំកុំធ្វើថោក បើកសិទ្ធិអោយគេទៅ។
ប្រទេសមួយនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បក្សប្រជាជនទេ។
លោកបានដឹងរាស្រ្តស្ទើទាំងអស់បានដឹងក្រយៅរបស់អស់លោកទេ។
សុំកុំបន្តធ្វើថោកទាប បើកអោយគេប្រគួតប្រជែងដោយសេរី លើមូលដ្ឋានច្បាប់ស្មើភាពគ្នា!!
អស់លោកបានដឹងថា ពលរដ្ឋភាគច្រើនមិនបោះឆ្នោតអោយអស់លោកដោយសារអ្វី គឺ ដោយសារការលាក់លាម ការលាក់បាំង ការមិនដោះស្រាយបញ្ហា!! អស់លោកយកលេសនេះ លេសនោះ។ នេះហើយដែលថា ថោកទាប!
មនុស្សមហាថោកក្លាយរដ្ឋមន្រ្តីក្រសួងត្របែរ