​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ឈប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ជាមួយ​បក្ស​នេះ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

អតីត​ប្រធាន​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច និង​ជាតិនិយម សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ប្រកាស​មិន​ជាប់ទាក់ទង​នឹង​គណបក្ស​ទាំង​ពីរ​នេះ​បន្ត​ទៀត​ឡើយ ខណៈ​គណបក្ស​ទាំងពីរ​នេះ​មិន​បាន​អាសនៈ ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ​។

​សេចក្តីថ្លែងការណ៍​របស់​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​ខែ​មករា ឲ្យដឹងថា ក្រោយពី​បាន​អាន​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ ខុទ្ទកាល័យ​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ ជម្រាប​មតិ​ជាតិ និង​អន្តរជាតិ​ថា សម្តេចក្រុមព្រះ គ្មាន​គោលការណ៍​គាំទ្រ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជាតិនិយម​ទេ ព្រោះថា ប្រជាពលរដ្ឋ​អ្នករាជានិយម អ្នក​សីហនុ​និយម អស់ជំនឿ​ហើយនឹង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ ដែល​ធ្លាប់​ក្បត់​នឹង​ព្រះអង្គ​។ ខុទ្ទកាល័យ អំពាវនាវ​ដល់​គណបក្ស​ទាំងពីរ កុំ​យក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​ច្រលូកច្រលំ​ នឹង​នយោបា​យ​ប្រជាភិថុតិ​។ សម្តេច​ក្រុមព្រះ ប្រកាសថា គណបក្ស​ជាតិ​និយម មិនមែន​ជា​គណបក្ស​ស​ម្តេច​ក្រុមព្រះ​ទៀត​ទេ​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា សម្តេចក្រុមព្រះ ក៏​មិន​មាន​ចេតនា​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ប្រជារាស្ត្រ អ្នករាជានិយម អ្នក​សីហនុ​និយម បាន​ទាត់ចោល​ទាំងស្រុង​នា​ការបោះឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៥​នេះឡើយ​។ ខុទ្ទកាល័យ ព្រមាន​ចំពោះ​បុគ្គល​ណា ដែល​យក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​ប្រើប្រាស់ ​ក្នុង​គោលបំណង​កេងចំណេញ​នយោបាយ នោះ​ខុទ្ទកាល័យ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។​

​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា ការប្រកាស​ជំហរ របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នកដឹកនាំ បក្ស​នេះ​ចង់បាន​។​

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច ថ្លែងថា មិន​ទាន់​ហួសពេល ដែល​គណបក្ស​ទាំង​បង​ប្អូន​គ្នា​នេះ​ត្រូវ​ស្តារ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ឡើងវិញ​ទេ។ លោក​បញ្ជាក់ថា សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ គួរ​ចូលរួម​ពង្រឹង​បក្ស​នេះ ​ឲ្យមាន​ប្រជាប្រិយភាព​ឡើងវិញ តាមរយៈ​ធ្វើ​ជា​ទីប្រឹក្សា​នៃ​បក្ស​នេះ​ទើប​ជា​ការល្អប្រសើរ​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម បានប្រកាស​ចងសម្ព័ន្ធ​ភាព​គ្នា មុន​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣ ទៅ​តាម​គំនិត​ផ្តួចផ្តើម​របស់​លោក ហ៊ុន សែន ប៉ុន្តែ​គណបក្ស​ដែល​ធ្លាប់​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​កាលពី​អាណត្តិ​ទី​១​នោះ មិន​បាន​អាសនៈ​ទៀតឡើយ នៅ​អាណត្តិ​ទី​៥​នេះ​៕

សូមសរសេរមកកាន់កញ្ញា ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com​

What Next?

Recent Articles

2 Responses to "​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ឈប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ជាមួយ​បក្ស​នេះ​​"

  1. ប្រជាពលរដ្ឋ says:

    〉。, បក្ស ហ្វុន ស៊ីនប៉ិច ធ្លាក់ប្រជាប្រិយ ដោយសារ ពុករលួយ ផង និង រណប ហ៊ុន សែន ផង !

  2. ង្វៀង ធីទ័រ says:

    វាល្មមដល់ថ្ងៃរលាយហើយ ដោយសារឈ្នះឆ្នោតហើយមិនចេះដឹកនាំ គិតតែពុករលួយ ស្រីញី អូន បង និងធ្វើជាអសយ៉ងអោយហុ៊ន សែន វាឥចឹងហើយ…!!!