ដោយ៖ បូ សាវី
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ក្រុមអ្នកបូមខ្សាច់អនាធិបតេយ្យ ក្នុងស្ទឹងសៀមរាប ក្នុងតំបន់ស្រុកបន្ទាយស្រី ដោយពួកគេអះអាងថា ធ្វើឲ្យបាក់ច្រាំងស្ទឹង និងប៉ះពាល់ការរស់នៅរបស់ពួកគាត់។
ពលរដ្ឋនៅនៅភូមិ ព្រៃ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី លោក ចាន់ សំណាង ប្រាប់VOD នៅថ្ងៃនេះថា ក្រុមថៅកែដែលមានមុខរបរបូមខ្សាច់ នៅស្រុកបន្ទាយស្រី បានដាក់ម៉ាស៊ីនបូមខ្សាច់ជាច្រើនគ្រឿង នៅក្នុងស្ទឹងសៀមរាប ក្នុងស្រុកបន្ទាយស្រី យ៉ាងអនាធិបតេយ្យជាច្រើនថ្ងៃមកហើយ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរឡើយ។ លោកថា ការបូមខ្សាច់ដោយម៉ាស៊ីននោះ ធ្វើឲ្យទឹកស្ទឹងល្អក់ បាក់មាត់ស្ទឹងជាច្រើនកន្លែង ៖ "បូមខ្សាច់នឹងវារលុះស្ទឹង រលុះធំចង់ប្រហែលទន្លេហើយ អាហ្នឹងគេបុកតាមច្រាំងៗ គេមានអាប្រដាប់គេ គេចាក់ទៅឃើញចំណុចខ្សាច់ច្រើនគេបូមអញ្ចឹងតាម៉ង"។
អ្នកភូមិមួយរូបទៀត លោក ឈិន សុជាតិ ឲ្យដឹងថា ថៅកែទាំងនោះ បានដាក់ម៉ាស៊ីនបូមខ្សាច់ធំៗ ចំនួន៤គ្រឿង ដែលធ្វើឲ្យបាក់ដីមាត់ស្ទឹងប្រវែងពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ។ លោកថា អ្នកភូមិបានស្នើសុំការអន្ដរាគមន៍ពីអាជ្ញាធរឃុំ ឲ្យក្រុមអ្នកបូមខ្សាច់នោះ ដកម៉ាស៊ីនបូមចេញ ប៉ុន្ដែមិនមាន ប្រសិទ្ធិភាព។ លោក ស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ករណីនេះ ដើម្បីទុកជាប្រយោជន៍រួម ៖ "បាទបាទទាមទារឲ្យម៉ាស៊ីនចេញពីស្ទឹង ព្រោះអានេះអាចយូរធ្វើឲ្យខូចមាត់ស្ទឹងបង ទាមទារអោយចេញពីស្ទឹង សូម្បីតែខុសពីផ្លូវក៏ដោយ អាជិតផ្លូវក៏ឲ្យដក អាក្រៅពីផ្លូវក៏ឲ្យដក ឲ្យតែនៅក្នុងស្ទឹងបង"។
VODមិនអាចទាក់ទង មេឃុំខ្នារសណ្ដាយ លោក ឆន គី និងអភិបាលស្រុកបន្ទាយស្រី លោក សូរ សុន បានទេ ។ ប៉ុន្ដែប្រធានក្រុមប្រឹក្សាស្រុក លោក ថាប់ សារ៉ន មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននោះឡើយទេ ប៉ុន្ដែលោកសន្យាថា នឹងចុះទប់ស្កាត់តាមសំណូមពរពីអ្នកភូមិ ៖ "បាទខ្ញុំអរគុណ អរគុណណាស់ ដែលផ្ដល់ព័ត៌មានឲ្យខ្ញុំ ខ្ញុំនឹងចាត់វិធានការនៅពេលនេះ ឬពេលព្រឹកស្អែក ខ្ញុំចាត់ចែងឲ្យបានជោកជ័យ ខ្ញុំកំពុងនឹងស៊ើសួរ និងតាមដានព័ត៌មាននេះ បើសិនមានបញ្ហានៅតាមដងស្ទឹង"។
បើតាមពលរដ្ឋឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកភូមិប្រមាណជាង២០នាក់ បានទៅតវ៉ានៅសាលាឃុំ ដើម្បីឲ្យមេឃុំខ្នារសណ្ដាយ លោក ឆន គី ជួយអន្ដរគរាគមន៍ ដកម៉ាស៊ីនបូមខ្សាច់ចំនួន៤គ្រឿងចេញពីតំបន់នោះ ប៉ុន្ដែមិនទាន់មានការឆ្លើយតបទេ។
ទឹកស្ទឹងសៀមរាប ហូរឆ្លងកាត់ស្រុកចំនួន២និងក្រុងមួយ មានស្រុកបន្ទាយស្រី ស្រុកនគរធំនិងក្រុងសៀមរាប ដែលមានមនុស្សរាប់សែននាក់ប្រើប្រាស់ទឹកស្ទឹងសៀមរាបនោះ៕
សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
Please send the letter to the governor of Siem Reap as soon as possible, he will solve this issue for you.