ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមអ្នកប្រកបរបរដឹកដំឡូងមី ពីសៀមរាប ទៅលក់នៅស្រុកម៉ាល័យ ខេត្ដបន្ទាយមានជ័យ ត្អូញត្អែរ ពីបញ្ហាសមត្ថកិច្ច នគរបាលចរាចរមួយចំនួន នៅស្រុកវ៉ារិន និងស្រុកអង្គរជុំ ខេត្ដសៀមរាប ដាក់កុងត្រូលពេលយប់ ដើម្បីទារលុយពីពួកគេ ក្នុងមួយរថយន្ដជិត១០ម៉ឺនរៀល។
ពលរដ្ឋមួយរូប នៅខេត្ដបន្ទាយមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់VOD នៅព្រឹកថ្ងៃសុក្រនេះថា សមត្ថកិច្ចចរាចរ ស្រុកវ៉ារិន និងស្រុកអង្គរជុំ បានដាក់កុងត្រូលជជុះពេលយប់ សម្លុតទារលុយពីអ្នកដឹកដំឡូងមី ក្នុងមួយរថយន្ដ៦ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យដឹកឆ្លងកាត់ផ្លូវស្រុកនោះ។ លោកបន្ដថា សមត្ថកិច្ចទាំងនោះ គំរាមមិនឲ្យពួកគាត់រាយការណ៍ទៅស្ថាប័នណាមួយឡើយ។ លោកថា បើសមត្ថកិច្ច ឲ្យបង់តិចតិចតួចពួកគាត់មិនថាអីឡើយ «ខាងវ៉ារិន ស្រែណូយ ម្សិលមិញកាក់ឡានខ្ញុំ ទារ១៥$ ប៉ូលីសចរាចរណ៍ទារសុទ្ធតែ ១៥$ ហើយមិនឲ្យគេដើរតាមផ្លូវហ្នឹង ចុះប្រជាជនដែលធ្វើដំឡូងបានហ្នឹង ឲ្យគ្នាយកទៅលក់ឯណា បើមិនឲ្យពួកខ្ញុំចេញតាមផ្លូវហ្នឹង។ ឲ្យត្រឹម ២០០០០៛ មិនយកទេ ដើរចេញ»។
ពលរដ្ឋមួយរូបទៀត លោក ញ៉ក់ ណូ ឲ្យដឹងស្រដៀងគ្នាថា ពួកគាត់បានដឹកដំឡូងមី ទៅលក់នៅទាល់ដែនថៃនោះ ត្រូវបង់លុយច្រើនកន្លែង ដូចជានៅស្រុកទាំងពីរនេះ បង់ចំនួនពីរកន្លែង និងនៅកន្លែងថ្លឹងរថយន្ដជាដើម។ លោកអំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិនិត្យ និងចាត់វិធានការលើមន្ដ្រីសមត្ថកិច្ចទាំងនោះ ដើម្បីជាការព្រមានទៅមន្ដ្រីផ្សេងទៀត និងដើម្បីជួយដល់ជីវភាពពលរដ្ឋ «សុំសំនូមពរឲ្យរដ្ឋាភិបាលជួយមើល ដោះស្រាយផងរាល់ចំនុចនេះ។ គ្មានយ៉ាប់អ្នកណាទេ គឺយ៉ាប់តែប្រជាជនយើងនេះឯង សុំឲ្យគាត់ជួយគ្រប់គ្រងឲ្យច្បាស់លើសពីនេះ»។
ករណីនេះ អធិការនគរបាល ស្រុកវ៉ារិន លោក ណុប សារ៉ាក់ មានប្រសាសន៍បដិសេធថា ការលើកឡើងរបស់ពលរដ្ឋ ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់សមត្ថកិច្ច។ ដោយលោកស្នើឲ្យ VOD ប្រាប់ពីលេខទូរស័ព្ទ និងអ្នករាយការណ៍ មកសមត្ថកិច្ច ដើម្បីងាយស្រួលចាត់វិធានការលើមន្ដ្រីនោះ «រឿងអញ្ចឹង ជារឿងអយុត្តិធម៌សម្រាប់កងកម្លាំងសម្រាប់ពួកខ្ញុំ ចង់ដឹងថា តើមន្ត្រីនោះឈ្មោះអ្វី ទី១ ដែលគាត់ធ្វើនោះនៅចំនុចណា។ ហើយទី២ ប្រជាពលរដ្ឋដែលតេទៅបងនោះទូរស័ព្ទប៉ុន្មាន ខ្ញុំមិនឲ្យមន្ត្រីខ្ញុំដឹងទេ ខ្ញុំនឹងលួចទំនាក់ទំនងសួរនាំគាត់ដោយខ្លួនឯង ដើម្បីធ្វើការកែតម្រូវ និងកែសម្រួលគ្នា»។
ចំណែកអភិបាលស្រុកអង្គរជុំ លោក រ័ត្ន ជុំ ថ្លែងថា ផ្លូវបែកចេញពីផ្លូវជាតិលេខ៦៧ ដល់ផ្លូវជាតិលេខ៦ ដែល ឆ្លងកាត់ ស្រុកវ៉ារិន និងស្រុកអង្គរជុំនោះ មិនអនុញ្ញាតឲ្យរថយន្ដដឹកលើសពី១៥តោនឡើយ។ ប៉ុន្ដែ ករណីនេះ ពលរដ្ឋរិះគន់ថា ផ្លូវមួយខ្សែនោះ ត្រូវបានរថយន្ដក្រុមហ៊ុន ហួត ម៉េងរីតា និង ក្រុមហ៊ុន សុខ សំណាង ដឹកឈើ រាប់សិបតោនឆ្លងកាត់ស្ទើររាល់ថ្ងៃ។
កាលពីចុងឆ្នាំ២០១៣ ក្រុមអ្នករត់តាក់ស៊ី ដឹកផ្លែឈើ និងត្រីសាច់ ពីសៀមរាប ទៅបន្ទាយមានជ័យ ប្រមាណជាង៣០នាក់ បានផ្ទុះការតវ៉ា ដោយបិទផ្លូវជាតិលេខ៦ ស្ថិតនៅឃុំសរសរស្ដម្ភ ស្រុកពួករយៈពេលជិត២ម៉ោង ប្រឆាំងនិងប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមួយរូប បានបើកឡានដេញ ទារលុយ និងប្រើហឹង្សា ព្រមទាំងដកកំភ្លើងភ្ជង់ បន្ទាប់ពីពួកគាត់មិនបង់លុយ៥ពាន់រៀលឲ្យមន្ដ្រីនោះ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
ការទាមទារឲ្យមានការផ្លាស់ប្តូរវាកើតមានឡើង នៅពេលដែលសង្គមពោរពេញដោយភាពអយុត្តិធម៌ អ្នកដឹកនាំអសមត្ថភាព គ្មានការទទួលខុសត្រូវ ។
បើចង់បំបាត់អំពើពុករលួយ អំពើអយុត្តិធម៌ គេគួរតែក្រោកឡើង ហើយវាយវាឲ្យដួលរលំ
បើអ្នករង់ចាំឲ្យវារលត់ទៅដោយឯងៗ វាពិបាកណាស់ វាជាជំងឺញៀនម្យ៉ាង ដែរពិបាកនឹង ព្យាបាលបំផុត។