Friday, 24 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ខេត្តកែប : ធ្លាប់តែឃើញសត្វមេអំបៅហិចហើរនៅវាលព្រៃព្រឹក្សាធម្មជាតិ ជាមួយការចោលសម្រស់ចម្រុះពណ៌ដ៏គួរឲ្យទាក់ភ្នែកតែមិនអាច ចាប់វាបាន ប៉ុន្តែពេលនេះលោកអ្នកមិនត្រឹមគយគន់វាដោយសប្បាយភ្នែកនោះទេ នោះក៏អាចចាប់វាមកប្រឡែងលេងបានផងដែរ គ្រាដែលលោកអ្នកធ្វើដំណើរទៅដល់ទីក្រុងកែប។ នៅទីនោះមានសួនមេអំបៅមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។
ស្ថិតនៅទីរួមក្រុងកែប ខាងជើងវិមានឯករាជ្យចូលតាមផ្លូវលំប្រមាណជាង១គីឡូម៉ែត្រទៅ ដល់ជើងភ្នំ នោះយើងនឹងឃើញស្លាកយីហោមួយផុសនៅក្នុងព្រៃធម្មជាតិ ដែលសរសេរថា «សួនមេអំបៅ» ខេត្តកែប។
លោក អេក ជាអ្នកឯកទេសចិញ្ចឹមសត្វមេអំបៅជនជាតិខ្មែរ និងជាអ្នកគ្រប់គ្រងទីនោះបានឲ្យដឹងថា៖ «សួនមេអំបៅចាប់កំណើតនៅក្នុងព្រៃធម្មជាតិក្រុងកែបនេះជាង ពីរឆ្នាំហើយ ក្រោមគំនិតអ្នកស្ថាបនិកជនជាតិអាមេរិកាំងវ័យ៨០ឆ្នាំ ឈ្មោះ Mr Chrork ។ បន្ទាប់មកគាត់បានបញ្ជូនឲ្យខ្ញុំទៅរៀនជំនាញចិញ្ចឹម និងបង្កាត់ពូជសត្វមេអំបៅពីអ្នកឯកទេសជនជាតិបរទេស»។
យោងតាមអ្នកគ្រប់គ្រងរូបនេះ ការស្រាវជ្រាវរបស់ជនជាតិអូស្ត្រាលី ប្រភេទសត្វមេអំបៅមានច្រើនណាស់ ដល់ទៅ៤០០ប្រភេទឯណោះ។
បន្តែ លោក អេក ក៏បានសារភាពផងដែរថា៖ «សម្រាប់សួនមេអំបៅរបស់ខ្ញុំនេះ ខ្ញុំនៅមិនមានសមត្ថភាពស្វែងរកពូជសត្វមេអំបៅបានច្រើននៅឡើយទេ ព្រោះថា ពេលខ្លះយើងរកវាមកបង្កាត់ពូជបានហើយ តែយើងមិនអាចស្វែងរករុក្ខជាតិដែលជាចំណីដង្កូវមេអំបៅបាន»។
ពេលនេះក្នុងសួនរបស់លោក អេក មានប្រភេទមេអំបៅតែប្រមាណជាង១០ប្រភេទប៉ុណ្ណោះ តែក៏មានភ្ញៀវមកពីគ្រប់ទិសទី និងគ្រប់ជាតិសាសន៍ចូលទស្សនាច្រើនផងដែរ។
ប៉ុន្តែលោកបញ្ជាក់ផងដែរថា៖ «ខ្មែរយើងមិនសូវជាមានចំណាប់អារម្មណ៍មកមើល និងចាប់សត្វមេអំបៅក្នុងសួនលោកទេ បើទោះជាដឹងហើយថានៅទីនេះ ចូលទស្សនាមិនអស់ប្រាក់ក៏ដោយ ភាគច្រើនមានភ្ញៀវជនជាតិបរទេស គេមកច្រើនមិនថាយ៉ាងណាទេ គឺមករាល់ថ្ងៃ»។
លោក បានអះអាងទៀតថា៖ «ថៅកែខ្ញុំជនជាតិអាមេរិក Mr chrork មិនបានស្វែងរកប្រាក់ចំណេញមួយរយមួយរៀលឡើយ បើទោះជាគាត់ត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារក្នុងការបង្កើតវា ឡើងក៏ដោយ ដោយគាត់បានប្រាប់ខ្ញុំ និងភ្ញៀវដែលបានមកចូលទស្សនាថា គឺលោកមានគំនិតចង់អភិរក្សសត្វមេអំបៅនេះ ហើយស្រុកខ្មែរទើបតែមានសួនមេអំបៅនៅក្រុងកែបនេះមួយទេ»។
ជាមួយនឹងសក្តានុពលទេសចរធម្មជាតិដ៏សម្បូរបែប ក្រុងកែបដូចជាឆ្នេរសមុទ្រ ដីកោះ និងរមណីយដ្ឋានធម្មជាតិ និងកែច្នៃនានានោះ សួនមេអំបៅ ក៏ក្លាយជាគោលដៅទេសចរដ៏ទាក់ទាញផងដែរ។ សួនមេអំបៅនេះមានការពេញនិយមពីអ្នកទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃដែលមកទស្សនា និងរត់ប្រឡែងលេងដេញចាប់មេអំពៅរាប់ពាន់ក្បាលដែលហិចហើរក្នុងសួន នោះ។
លោក អេក លើកឡើងថា ឥឡូវនេះសូម្បីទេសចរក្នុងស្រុកទាំងបរទេសក៏ចាប់អារម្មណ៍ ព្រោះថា ពីមុនយើងធ្លាប់តែស្គាល់មេអំបៅនៅខាងក្រៅ យើងមិនដែលបានមើលឃើញមេអំបៅច្រើនហើយវានៅសួនអ៊ីចឹង ហើយយើងមិនអាចលេងជាមួយវាបាន។
លោក បានឲ្យដឹងទៀតថា៖ «ប៉ុន្តែសត្វមេអំបៅនៅក្នុងសួននេះគឺយើងអាចលេងជាមួយវាបាន យើងក៏អាចចាប់វាបាន ព្រោះយើងចិញ្ចឹមវារាល់ថ្ងៃ វាមិនខ្លាចមនុស្សទេ»។
សួនមេអំបៅធម្មជាតិនេះត្រូវបានហ៊ុមព័ទ្ធ ដោយសំណាញ់ក្រឡាល្អិតដើម្បីការពារសត្វស្លាបផ្សេងៗកុំឲ្យសម្លាប់ ដង្កូវ និងមេអំបៅ។
អ្នកឯកទេសបង្កាត់ពូជមេអំបៅ រូបនេះបានពន្យល់ថា៖ «មុនក្លាយជាមេអំបៅដ៏ស្រស់ស្អាតនោះ វាត្រូវឆ្លងកាត់បីដំណាក់កាល គឺដំបូងវាកើតមកពីពង រួចវាចេញទៅជាដង្កូវស៊ីឈើ។ បន្ទាប់មកដង្កូវនោះក៏ក្លាយជាដុកឌឿវិញ និងឈប់ស៊ីស្លឹកឈើ។ ពេលនោះយើងយកវាទៅបិទនឹងមែកឈើ ឬកន្លែងភ្ញាស់ក្នុងបន្ទប់ភ្ញាស់នោះរយៈពេលពីរទៅបីថ្ងៃ ទើបវាកើតចេញជាសត្វមេអំបៅ»។
ជាមួយគ្នានោះលោក អេក ក៏លើកឡើងពីផលពិបាកបង្កាត់ពូជដង្កូវ ដើម្បីឲ្យក្លាយជាមេអំបៅផងដែរ ដោយលោករៀបរាប់ថា កាលពីបង្កើតសួនភ្លាម មួយថ្ងៃលោកអាចភ្ញាស់ពីដុកឌឿបាន១០០ក្បាល តែពេលនេះមួយថ្ងៃអាចបង្កើតបានតែ២០ទៅ៣០មេអំបៅ ព្រោះថា រដូវនេះលោកពិបាករករុក្ខជាតិដែលជាចំណីរបស់ដង្កូវមេអំបៅ ទាំងនោះណាស់៕



បើខ្ញុំៗទៅត្រឡោកបែកជាជាងទៅមើលមេអំបៅ មើលមុខផ្ទះយកមិនអស់….។
Strongly support the project and thanks for the creat such good preservation project. I will visit the place once I got a chance to visit Kep next time. I will alway help promote this to my client to visit in the future. Well done.
It is part of the tropical insects conservation and it would help to promote awareness in the echo system where majority of people are under educated of the natural sciences. In America, according to scientific studies, monarch butterflies migrated south from Canada all the way to Mexico every year right before the climate change, this long journey stretched thousands of miles accross the three nations before reaching their destination. Summer is the butterflies breeding season, and the favorite food for their offspring, caterpillars are milk plants. Those plants are also available in some parts of Cambodia.