វិភាគ​៖ ឧបសគ្គ​នៃ​ការចរចា​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក សម រង្ស៊ី (ឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ​(រូបភាពដោយ តាត ឧត្ដម)​

​មកដល់ពេលនេះ ការជាប់គាំង​នយោបាយ​ខ្មែរ​បាន​អូសបន្លាយ​អស់​រយៈពេល​៦​ខែ​មក​ហើយ​។ ក្នុងកំលុងពេល​ជាប់គាំង​នយោបាយ​នេះ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​បាន​ព្យាយាម​ដោះស្រាយ​វិវាទ​តាមរយៈ​តុ​ចរចា​ជា​ច្រើនលើក​ច្រើនសា​។​

​របៀបវារៈ​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​អ្នកតាមដាន​សភាពការ​ណ៍​នយោបាយ​បាន​ដឹងឮ​ទេ ទោះបីជា​មាន​ការទាមទា​រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការចរចា​នោះ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ក្ដី​។​

​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច យល់ថា ឧបសគ្គ​នៃ​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រាំ​ចំណុច ទី​១ អ្នកនយោបាយ​បែរខ្នង​ដាក់​គ្នា​មិន​ព្រម​រក​ដំណោះស្រាយ ទី​២ គណបក្ស​ទាំង​ពីរ​ប្រកាន់​ផ្លូវ​ផ្សេងគ្នា មិន​មាន​ចំណុចរួម គឺ​មួយ​ប្រកាន់​ឆ្វេង មួយ​ប្រកាន់​ស្ដាំ ទី​៣ អ្នកនយោបាយ​មិន​យក​ឆន្ទៈ​នយោបាយ​មក​ដោះ​ស្រាយ បែរ​ជា​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ជា​ហេតុ​ធ្វើឲ្យ​ស្ថានការ​តឹងតែង​ដូច​ពេល​បច្ចុប្បន្ន ទី​៤ គណបក្ស​ទាំង​ពីរ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រៀងៗ​ខ្លួន   ម្ខាង​អាង​កម្លាំង​ប្រជាជន ឯ​ម្ខាង​អាង​កម្លាំងប្រដាប់អាវុធ ដែលជា​ឧបករណ៍​របស់​រដ្ឋ និង​ចំណុច​ទី​៥ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការគាំទ្រ​ពី​អន្តរជាតិ ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ទៅលើ​គណបក្ស​ប្រជា​ជន​​កម្ពុជា ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួន​មាន​លុយ​សម្រាប់​ដេកស៊ី និង​សម្រាប់​បើក​ប្រាក់ខែ​។ លោក​បន្ថែមថា ការបកស្រាយ​រដ្ឋធម្មនុញ្ញ ក៏​ជា​ឧបសគ្គ​មួយ​ផង​ដែរ «បាទ​ចំណុច​មួយទៀត គឺ​គេ​អាង​ទៅលើ​រដ្ឋធម្មនុញ្ញ ម្នាក់ៗ​សុទ្ធតែ​បកស្រាយ​រដ្ឋធម្មនុញ្ញ​យ​ក​ត្រូវ​រៀងខ្លួន អា​ហ្នឹង​ហើយ​ដែល​ជា​រនាំង​ចង​នៃ​ប្រព័ន្ធ​ចរចា​មិនឲ្យ​ខិត​ជិត​គ្នា»​។​

​អ្នកវិភាគ​រូបនេះ​ក៏​សង្កត់ធ្ងន់​ផងដែរ​ថា របៀបវារៈ​នៃ​ការចរចា និង​ការមិនទុកចិត្ត​គ្នា ក៏​ជា​ឧបសគ្គ​ផងដែរ​។ លោក​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោ​ត និង​ការបោះឆ្នោត​ឡើងវិញ ឬ​បោះឆ្នោត​មុន​អាណត្តិ គឺជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួលយកបាន​។​

​អ្នកវិភាគ​បញ្ហា​សង្គម​លោក កែម ឡី យល់ថា ឧបសគ្គ​នៃ​ការចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​មាន​ប្រាំពីរ​ចំណុច ទី​១ ​ស្រុក​ខ្មែរ​គ្មាន​យន្តការ​ដោះស្រាយ​នយោបាយ​ពិតប្រា​ក​ដ ទី​២ អាកប្បកិរិយា​អ្នកនយោបាយ ប្រកាន់​តឹង​រៀងៗ​ខ្លួន គិត​ផលប្រយោជន៍​បក្ស ជាង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ទី​៣ គឺ​អាក្បកិរិយា​បុគ្គល ដែល​យក​ជម្លោះ​នយោ​បា​យ​ធ្វើ​ជា​ជម្លោះ​បុគ្គល ស្អប់​គ្នា​ទៅវិញទៅមក មិន​ចង់​ជួប​មុខ​គ្នា ទី​៤ ដោយសារ​យន្តការ​នៃ​ការដោះស្រាយ​នយោបាយ​ធ្វើ​របៀប​ជាក​ម្មុយ​នីស្ត មិន​ធ្វើ​តាម​របៀប​សេរី ប្រជាធិបតេយ្យ ទី​៥ គឺ​ការដោះស្រាយ​ដោយ​គ្មាន​តម្លាភាព មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​គ្មាន​អ្នកសម្របសម្រួល ទី​៦ គឺ​គណបក្ស​ទាំង​ពីរ​មិន​បាន​កំណត់​សួ​ចនាករ​ធំៗ​សំខាន់ៗ​សម្រា​ប់​​ជាតិ ធ្វើឲ្យ​ការជជែក​គ្នា​មិន​យកគំនិ​តទៅ​ជជែក បែរជា​យក​អារម្មណ៍​ទៅ​ជជែក​ទៅវិញ​។​

​លោក​កែម ឡី បញ្ជាក់ថា ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ​ «​ចំណុច​ទី​៧ យើង​ឃើញថា ការបោះឆ្នោត​យើង​មិន​មាន​តម្លាភាព មាន​ភាពស្មុគស្មាញ​ច្រើន​នីតិវិធី​អីហ្នឹង ធ្វើឲ្យ​គណបក្សកាន់អំណា​ចហ្នឹង មិន​ហ៊ាន​នឹង​លា​ត្រដាង​ការពិត មិន​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន ដែល​ជា​ព័ត៌មាន​ពិតប្រាកដ​សម្រាប់​សាធារណជន​។ អាហ្នឹង​ដែល​ជា​បរិយាកាស និង​ឧបសគ្គ​សំខាន់»​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ​និយាយ​ដោយ​ទទូច​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន​អ្នកគាំទ្រ​ច្រើន ហើយ​ឈ្នះ​ការបោះឆ្នោត​ដោយ​សុចរិត​មែន មិន​គួរ​​ច្រាន​ចោល​របៀបវារៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ធ្វើ​ការបោះឆ្នោត​ឡើងវិញ​នោះ​ទេ​។

​ថ្លែង​នៅក្នុង​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ស្រុក​ឈូក ខេត្ត​កំពត កាលពី​ថ្ងៃ​១៩ ខែ​មករា លោក​កឹម សុខា មានប្រសាសន៍ថា គណបក​សង្គ្រោះ​ជាតិ​នឹង​ចូលប្រជុំ​សភា បើ​មាន​សាក្សី​ដឹង​ឮ​ពី​ការសន្យា​ធ្វើ​កំណែទម្រង់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​«យើង​ថា ឥឡូវ​យើង​ចូល​សភា យើង​មិន​អត់​ចូល​ទេ ពីព្រោះ​ប្រជារាស្ត្រ​បោះឆ្នោត​ឲ្យ​យើង​ហើយ  មិន​មែន​ថា​យើង​បដិសេធ​មិន​ចូល​ទេ​សភា ប៉ុន្តែ​មុន​នឹង​ចូល យើង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ មាន​សាក្សី​ជា​អន្តរជាតិ មាន​ព្រះមហាក្សត្រ​ជា​អធិបតី​ដឹងឮ​ទាំងអស់គ្នា​ថា កែ​អី​ខ្លះ​សិន ធ្វើ​អី​ខ្លះ​សិន​។ បើ​ព្រមព្រៀងគ្នា​ហើយ បាន​យើង​ចូល​ទៅ​ធ្វើ»​។​

​ក្នុង​វេទិកា​សម្ពោធ​ជា​ផ្លូវការ ភូមិ​កុមារ អេស អូ អេស នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា លោក​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​អាជ្ញាកណ្ដាល របស់​លោក​ សុរិយា ស៊ូ​ប៊ែ​ឌី​ ចំនួន​ពីរដង ដោយ​សំអាង​ថា កម្ពុជា​មាន​ភាពចាស់ទុំ​ខាង​នយោបាយ ហើយ​អាច​ដោះស្រាយ​ដោយ​ខ្លួនឯងបាន​។ លោក​បញ្ជាក់ថា នៅពេលដែល​ការចរចា​រវាង​គណបក្ស​ទាំង​ពីរ​កាន់តែ​ខិត​ជិត​រកគ្នា នឹង​ថ្វាយ​ព្រះរាជតួនាទី​ជូន​ព្រះមហាក្សត្រ «ឥឡូវ​ព្រះមហាក្សត្រ​នឹង​ត្រូវ​ដើរ​ព្រះរាជ​តួនាទី​នៅ​ពេល​ណា ដែល​មាន​ការព្រមព្រៀង​ថ្វាយ​ព្រះមហា​-​ក្សត្រ​។ បើ​គម្លាត​ធំ​ពេក កុំអាល​អី»​។​

​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី និង​សភាពការណ៍​នយោបាយ​ជាក់ស្ដែង ដែល​គណបក្ស​ទាំង​ពីរ​នៅ​សម្ញែង​កម្លាំង​ដាក់​គ្នា​មិន​ព្រម​ចូល​តុ​ចរចា​ឡើយ បញ្ជាក់ថា លទ្ធភាព​ដែល​អាច​ត្រូវ​រូ​វ​គ្នា​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​មាន​គម្លាត​ធំធេង​នៅឡើយ​។ ក្រុមអ្នកវិភាគ​មើលឃើញថា ក្នុង​ស្ថានភាព​ដ៏​តានតឹង​ដូចនេះ ចាំបាច់​ឲ្យមាន​ការអន្ត​រាគ​មន៍ពី​ឥស្សរជន​ណា​មួយ ដែល​អាច​សម្រុះសម្រួល ហើយ​អាច​បញ្ចប់​ការជាប់គាំង​នយោបាយ​នេះ​បាន​៕

សូមសរសេរមកកាន់ លោក ណុល ដា​រ៉ា តាមរយៈ daranol@yahoo.com

What Next?

Recent Articles

10 Responses to "វិភាគ​៖ ឧបសគ្គ​នៃ​ការចរចា​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​"

  1. ស្រមោលលង្វែក says:

    រឿងវានៅត្រង់ថា CPP ជាចោរក្លាចស្រមោលខ្លួនឯង !

  2. កុនខ្មែរ says:

    ស្តេចធ្វើជាអាជ្ញាកណ្តាលបានថិតលើលោកហ៊ិនសែនជាអ្នកបញ្ជាមិនថិត
    នៅលើការសំរេចរបស់ស្តេចអង្គរនេះទេ។

  3. Banh Bev says:

    នរណាមានទ័ព និង អាវុធគ្រប់ប្រភេទ អ្នកហ្នឹងជាម្ចាស់!!!ហាសហាសហាហា!!!

  4. ក្រុមអ្នកវិភាគ​មើលឃើញថា ក្នុង​ស្ថានភាព​ដ៏​តានតឹង​ដូចនេះ ចាំបាច់​ឲ្យមាន​ការអន្ត​រាគ​មន៍ពី​

    ឥស្សរជន​ណា​មួយ ដែល​អាច​សម្រុះសម្រួល ហើយ​អាច​បញ្ចប់​ការជាប់គាំង​នយោបាយ​នេះ​បាន​៕
    ______________________________________

    លោកបណ្ឌិត សុខ ទូច និងលោក កែម ឡី សូមមេត្តាជួយវិភាគឲ្យចំអំពីវិបត្តិគម្លាត នៃការជាប់គាំង

    នយោបាយក្នុងប្រទេសកម្ពុជាដែលខ្ញុំយល់ឃើញថា ម្ខាងអាងកម្លាំងសេដ្ឋកិច្ច ( មិនមែនរៃអង្គាស)

    ឯម្ខាងទៀតអាងកម្លាំងប្រដាប់អាវុធ។ ខ្ញុំយល់ស្របទាំងអស់ទៅតាមការវិភាគ របស់លោកទាំង២៕

  5. Judge says:

    Anything can be explored with political WILL from both sides, working towards resolution of COMMON grounds. There will be plenty of stipulations regarding approaches to resolutions.
    CNRP is committed working towards CHANGE in ruling due to fear of land losses and undemocratic management of ruling CPP.
    The CPP still continues gripping on POWER for which needed to be contained, under the principles of democracy.
    It is indeed, principles and mechanism of democracy are relevant and applicable, to establish for COMMON grounds.
    It is not questionable that Cambodians are demanding for their RIGHTS respected and their actions are supported by many organizations , NGOS (DEMOCRATIC ELEMENTS) and International organizations including the UN.
    It is ignorant to express that the people and organizations are on the wrong side of DEMOCRACY.
    Constitution is a formal agreement of RGC, , countries of Peace Agreement 1991.
    It should be fully applicable to all Cambodians and ruling, including the HM the King.
    Respect obligations to tasks under CONSTITUTION is the right path to Peace.

    God bless Cambodia and her people.

    Sitting on the blame, it is not a solution.

  6. dxo says:

    ម្នាក់ៗចង់បានប្រៀបខាងនយោបាយរាងៗខ្លួនតែយើងសង្កេតឃើញថាគណបក្សសង្រ្គោះជាតិ
    គាត់ចង់បានប្រៀប២មួយគឺស្មើរតែបើបានឈ្នះគឺកាន់តែល្អ។តែខាងគណបក្សប្រជាជនវិញ
    គឺគាត់ទាមទារយកតែប្រៀបឈ្នះប៉ុណ្ណោះឯស្មើរគ្នាគាត់មិនចង់បានទេព្រោះគាត់គិតថាគាត់
    ពិតជាត្រូវលះបង់ធំពេកទៅឲ្យបក្សសង្រ្គោះជាតិ។អីច្ចឹងហើយទើបការចរចារកន្លងមកត្រូវជាប់
    គាំងមកពីបក្សប្រជាជនមិនហ៊ានលះបង់និងដាក់ខ្លួនឲ្យមកនៅស្មើគា្នជាមួយបក្សសង្រ្គោះជាតិ។
    ការដែលបក្សប្រជាជនលើកខ្លួនឯងខ្ពស់យ៉ាងនេះហើយទើបបណ្ដាលឲ្យបក្សសង្រ្គោះជាតិត្រូវខំ
    ប្រឹងធ្វើយ៉ាងណាដើម្បីឲ្យតំលៃខ្លួនឯងឡើងបានខ្ពស់ថែមទៀតតាមរយះធ្វើបាតុកម្មធំៗនិង
    សម្បូរបែបគឺបាននយ័ថាឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានផ្សេងៗដើម្បីយកប្រៀបនយោបាយ
    ងាយស្រួលធ្វើការចរចារជាមួយបក្សប្រជាជនឡើងវិញ។ឥឡូវនេះម្ខាងៗកំពុងនៅមានជំរើស
    ច្រើនរាងៗខ្លួនអីច្ចឹងពួកគេមិនទាន់ចង់ចរចារគា្នទេចាំមើលគេលេងអស់ក្បាច់សិនមើល។

  7. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  8. Sankongborom says:

    Pouvoir pouvoir et encore pouvoir. Qui aura raison de qui?

  9. ភ្នែកម្ខាង says:

    ម្នាក់ៗៗៗៗសុទ្ឋតែចង់ដេកកណ្តាលហាសហាសហាសហាសហាសហាសហាសហាសអស្ចារ្យណាស់

  10. Ratha says:

    មិនថានាពេលនេះឬពេលណាមួយក្នុងថ្ងៃអនាគត ចាំបាច់ត្រូវតែរួមតុចរចារគ្នាមិនខាន
    វាគ្មានច្រកណាដែលល្អប្រសើរនិងបានការជាងនេះទៀតឡើយ ចឹងហើយម៉េចមិនប្រញាប់
    រួមតុចរចារឲ្យបានឆាប់ទៅ!! ហាមាត់មានតែប្រជាជន មានតែជាតិមាតុភូមិ មានតែសុខដុមរមនា
    តែទង្វើសព្វថ្ងៃខុសស្លាស់ ។ ឯការប្រើប្រាស់កងកម្លាំងចូលបង្ក្រាបក្រុមបាតុករនោះគ្មានបានការទេ
    មានតែការបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ គួរបក្សទាំងពីរផ្លាស់ប្ដូរ
    គំនិតរៀងៗខ្លួនដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនផងចុះ។