តំណាងក្រុមការងារអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បន្តចូលជួបពិភាក្សា និងដាក់ញត្តិជូនស្ថានទូតបរទេសប្រចាំកម្ពុជា និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដើម្បីស្នើឲ្យមានអន្តរាគមន៍ដោះលែងជនជាប់ឃុំទាំង ២៣នាក់ ដែលត្រូវកងកម្លាំងអាជ្ញាធររដ្ឋាភិបាល បង្ក្រាប និងចាប់ខ្លួនកាលពីដើមខែមករា។
ដោយ យាង សុជាមេត្តា
2014-01-24
RFA

តំណាងក្រុមការងារអង្គការសង្គមស៊ីវិល ចូលជួបមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សា និងដាក់ញត្តិស្នើឲ្យមានវិធានការដោះលែងមនុស្សជាប់ឃុំទាំង ២៣នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ RFA/Yeang Socheametta
ការដាក់ញត្តិរបស់ក្រុមការងារអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ មករា ធ្វើឡើងដោយមិនមានការដើរដង្ហែក្បួនដូចថ្ងៃទី២៣ មករា ឡើយ ប៉ុន្តែធ្វើឡើងតាមរយៈការស្នើសុំជួបដោយផ្ទាល់ ជាមួយមន្ត្រីស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា និងដាក់ញត្តិ។ មន្ត្រីមកពីអង្គការសង្គមស៊ីវិលចំនួន៧ ដែលតំណាងឲ្យក្រុមការងារអង្គការជាតិ និងអន្តរជាតិ ជិត ២០០ បានធ្វើកិច្ចការនេះ។
មន្ត្រីស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិ ដែលតំណាងឲ្យក្រុមការងារអង្គការសង្គមស៊ីវិលទាំង៧ បានចូលជួបពិភាក្សា និងដាក់ញត្តិនៅថ្ងៃទី២៤ មករា រួមមានស្ថានទូតប្រទេសឥណ្ឌា និងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ចំណែកស្ថានទូតសហភាពមីយ៉ាន់ម៉ា (Myanmar) មិនបានផ្តល់ឱកាសឲ្យតំណាងអង្គការសង្គមស៊ីវិលទាំងនោះ ចូលជួបពិភាក្សាឡើយ គ្រាន់តែបញ្ជូនតំណាងខ្មែរម្នាក់ឲ្យមកទទួលយកញត្តិនៅខាងក្រៅបរិវេណស្ថានទូត ប៉ុន្តែតំណាងក្រុមការងារអង្គការសង្គមស៊ីវិល មិនបានដាក់ញត្តិនៅពេលនោះទេ ព្រោះពួកគេចង់ជួបពិភាក្សាជាមុនសិន មុននឹងដាក់ញត្តិ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន ដែលដឹកនាំការងារដាក់ញត្តិនេះ។ លោកបានថ្លែងបន្ទាប់ពីជំនួបជាមួយមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថា ក្រុមការងារលោកបានស្នើឲ្យអង្គការសហប្រជាជាតិ ឆ្លើយតបចំពោះការទាមទារឲ្យមានការដោះលែងជាបន្ទាន់ ជនជាប់ឃុំទាំង ២៣នាក់ និងស្នើឲ្យស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ បង្កើតឲ្យមានយន្តការឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងការដោះស្រាយតម្រូវការរបស់កម្មករ ដែលទាមទារឲ្យមានការដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារសមស្រប។ លោកមានប្រសាសន៍ថា ការពិភាក្សានោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមួយដ៏ល្អ។
លោក សឿង សារឿន៖ «គាត់ឆ្លើយតបបានប្រសើរ ហើយគាត់បន្តការតាមដាន និងអន្តរាគមន៍តាមសេចក្តីថ្លែងការណ៍របស់ សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ហ្នឹង ហើយគាត់ប្ដេជ្ញាចិត្តថានឹងបន្តការតាមដាន ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវអនុសាសន៍របស់ សុរិយា ស៊ូប៊ែឌី ហ្នឹងទី១ ហើយទី២ គាត់នឹងបន្តឃ្លាំមើល ហើយនឹងធ្វើការជាមួយអង្គការសង្គមស៊ីវិល រដ្ឋាភិបាល ហើយអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យដោះលែងជនរងគ្រោះរបស់យើង ២៣នាក់ហ្នឹងឲ្យបានទាន់ពេលវេលា។ ហើយគាត់បានសន្យាថា នឹងខនវេ (Convey) ម៉ែសសេជ (Message) របស់យើងនេះទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យគាត់ចូលរួមអន្តរាគមន៍ពីខាងក្រៅផងដែរ»។
ចំណែកជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា វិញ លោក សឿង សារឿង បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតឥណ្ឌា នឹងបន្តជជែកជាមួយរដ្ឋាភិបាលកម្ពុជា អំពីព្រឹត្តិការណ៍ដែលបានកើតឡើង កាលពីដើមខែមករា និងចូលរួមជួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ។ លោកថា ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ស្វែងរកឱកាសជួបជជែកគ្នាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២២ ខែមករា ក្រុមការងារអង្គការសង្គមស៊ីវិល បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់កម្លាំងដ៏លើសលប់ និងយ៉ាងសាហាវ ការចាប់ខ្លួនដោយបំពាន ការសម្លាប់ និងការប្រព្រឹត្តយ៉ាងអមនុស្សធម៌ដោយអាជ្ញាធរកម្ពុជា។ អង្គការសង្គមស៊ីវិលទាំងអស់នេះ ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ជនជាប់ឃុំទាំង ២៣នាក់ ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីវែកមុខជនដែលទទួលខុសត្រូវលើអំពើហិង្សា និងត្រូវធានាឲ្យបានថា ជនប្រព្រឹត្តិនឹងត្រូវយកមកកាត់ទោសដោយគ្មានបង្អង់ និងត្រូវផ្តល់សំណងជូនអ្នករងរបួស និងគ្រួសារនៃអ្នកដែលត្រូវគេសម្លាប់ ត្រូវបញ្ឈប់ការប្រើអំពើហិង្សា និងកម្លាំងហួសហេតុ និងបញ្ឈប់ការចាប់ខ្លួនជនស៊ីវិលដោយបំពានជាដើម។
មកទល់ពេលនេះ ស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិ ដែលក្រុមការងារអង្គការសង្គមស៊ីវិល បានយកញត្តិទៅដាក់រួចហើយនោះ រួមមាន ស្ថានទូតអាមេរិក ចក្រភពអង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ ស៊ុយអែត កូរ៉េខាងត្បូង កូរ៉េខាងជើង អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឥណ្ឌា សហគមន៍អឺរ៉ុប អង្គការយូនីសេហ្វ (UNICEF) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងធនាគារពិភពលោក (World Bank)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងសហជីព៨ត្រូវឆ្មាំគុកនៅកំពង់ចាមមិនឲ្យចូលជួបជនជាប់ចោទ២៣នាក់
- CCHR៖ រដ្ឋាភិបាលគំរាមមិនឲ្យបញ្ចាំងកុនឯកសារ តើនរណាសម្លាប់ ជា វិជ្ជា
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការទៅលើមេដឹកនាំសហជីពកម្មករបើមានៈធ្វើបាតុកម្ម
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- ជនជាប់ចោទម្នាក់ក្នុងចំណោម២៣នាក់ត្រូវបានបញ្ជូនមកគុកមាត់ឃ្មង់
- រដ្ឋាភិបាលនៅតែមិនអនុញ្ញាតឲ្យវិទ្យុសម្បុកឃុំពង្រីករលកធាតុអាកាសនិងបើកទូរទស្សន៍
- សង្គមស៊ីវិលហែក្បួនដាក់ញត្តិតាមស្ថានទូតនៅភ្នំពេញ
- មេសហជីពត្រៀមដឹកនាំកម្មករ១ម៉ឺននាក់ធ្វើកូដកម្មនៅថ្ងៃ២៦ មករា
- សហគមន៍ខ្មែរក្រោមខកចិត្តចំពោះកម្ពុជាបដិសេធសំណើសុំអន្តរាគមន៍ទៅវៀតណាម
Knock Knock Knock………….Please I have some money…សង្គមស៊ីវិលបន្តដាក់ញត្តិ—ម៉ែហែងអី..ទៅសុំទានគេទេដឹង..