ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
បណ្តាអង្គការសង្គមស៊ីវិលជាង១៨០ស្ថាប័ន នៅថ្ងៃសុក្រនេះ បន្តដាក់ញត្តិនៅតាមស្ថានទូតបរទេសប្រចាំនៅកម្ពុជាចំនួន ៣ទៀត ទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះលែងសកម្មជនទាំង២៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តកម្មការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិ មានប្រសាសន៍ប្រាប់ VOD នៅរសៀលថ្ងៃសុក្រនេះថា នៅម៉ោង១០:៣០នាទីព្រឹកនេះ អង្គការសង្គមស៊ីវិលប្រមាណជា១០ស្ថាប័ន តំណាងឲ្យអង្គការជាង១៨០ផ្សេងទៀត បានបន្តដាក់ញត្តិនៅស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន៣ទៀត មានស្ថានទូតឥណ្ឌា មីយ៉ាន់ម៉ា និងសិង្ហបុរី ដើម្បីជម្រាបពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានអាជ្ញាធរបង្ក្រាបដោយហិង្សា និងចាប់ឃុំសកម្មជន នាពេលកន្លងទៅថ្មីៗនេះ។ លោកបន្តថា ក្នុងចំណោមស្ថានទូតទាំងបី គឺស្ថានទូតឥណ្ឌា បានស្វាគមន៍ និងអនុញ្ញាតឲ្យចូលជួប ប៉ុន្តែមិនទាន់មានការឆ្លើយតបថាយ៉ាងណាទេ ចំណែកស្ថានទូតមីយ៉ាន់ម៉ា និងសិង្ហបុរី ពុំមានមន្ត្រីតំណាងទូតចេញមកទទួលញតិ្តនោះទេ ។
កាលពីថ្ងៃទី២៣ ខែមករា ម្សិលមិញនេះ អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ប្រមាណ១០០នាក់ មកពី ១៨៤ស្ថាប័ន បានបើកយុទ្ធនាការដង្ហែញត្តិដាក់ទៅស្ថានទូតចំនួន ៧ រួមមាន ស្ថានទូតស៊ុយអែត អាឡឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ថៃ និងម៉ាឡេស៊ី ដើម្បីដាក់ញត្តិបង្ហាញទៅកាន់សហគមន៍អន្តរជាតិទាំងនោះថា រដ្ឋាភិបាលតំណាងឲ្យប្រជាពលរដ្ឋ បានកំពុងរំលោភសិទ្ធិមនុស្ស តាមរយៈប្រព័ន្ធតុលាការ និងស្នើឲ្យមន្ត្រីទូតជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ដោះលែងអ្នកជាប់ឃុំទាំង២៣នាក់៕
សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
សង្គមស៊ីវិលបន្តដាក់ញត្តិ….ម៉ែហែងអី….fuck off
ដាក់ញាតិទូទាំងពិភពលោកទៀតក៏រដ្ឋាភិបាលឯកបក្សមិនឈឺក្បាលដែរ។