ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមគ្រួសារជនរងគ្រោះដែលរងការបាញ់សម្លាប់នៅផ្លូវ វ៉េងស្រេង បណ្តាលឲ្យមនុស្សស្លាប់ យ៉ាងតិច ៤នាក់ និងរបួសប្រមាណ៤០នាក់ អំពាវនាវឲ្យអាជ្ញាធរ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ វែកមុខរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
លោក សួស សំអុល អាយុ ៥២ឆ្នាំ ឪពុករបស់សពលោក គឹម ផល្លីន នៅខេត្តកពង់ស្ពឺ ប្រាប់ VOD ថាកូនរបស់លោកធ្វើជាកម្មករនៅរោងចក្រ Clory ច្រើនឆ្នាំមកហើយ មិនមែនជាជនអានាធិបតេយ្យដូចអ្វីដែល អាជ្ញាធរបានចោទប្រកាន់នោះទេ។ លោកថា រដ្ឋាភិបាលត្រូវស្វែករកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដោយស្ថិតក្នុងការស៊ើបអង្កេតរបស់ប្រធានគណៈកម្មការស៊ើបអង្កេតរបស់រាជរដ្ឋាភិបាល លោក នេត សាវឿន និងអនុប្រធានលោក សៅ សុខា។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ករណីនេះ គឺអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការស្វែងរកការពិត ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ លោកស្រីយល់ថា កម្ពុជា ជាប្រទេសនីតិរដ្ឋ ដូច្នេះយុត្តិធម៌ ត្រូវមានសម្រាប់ជនរងគ្រោះ។
ប្រធានអង្គការក្រុមអ្នកច្បាប់កម្ពុជា លោក សុក សំអឿន ចាត់ទុកថានេះការអសមត្ថភាព និងជាការគេចវេសរបស់អាជ្ញាធរក្នុងការស្វែងរកជនល្មើស។
តាមរបាយការណ៍បានបង្ហាញថា ក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច ជាមួយកម្មករកាលពីថ្ងៃទី២ និងទី៣ ខែមករា បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៤នាក់ លោកគឹម ផល្លី កម្មកររោងចក្រ (Clory) លោក សំ រ៉ាវី កម្មកររោងចក្រ (New Minda) លោក យាន ឬទ្ធី កម្មកររោងចក្រ (សិន ចូវ) និង លោក ផេង កុសល កម្មកររោងចក្រ (Y tech) និងអ្នករងរបួសប្រមាណ ៤០នាក់ទៀត នៅពេលទាមទារប្រាក់ខែគោលអប្បបរមា ១៦០ដុល្លារក្នុងមួយខែ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
នៅស្រុកខ្មែរសព្វថ្ងៃនេះ គ្មានទេយុត្តិធម៍សំរាប់អ្នកទាន់ខ្សោយ អ្នកក្រីក្រ…ប្រសិនបើអាភ្នែកទោលនៅតែដឹកនាំប្រទេសជាដដែលនោះ។វាគ្មានសង្ឃឹមអីទេ បើយកចោរអោយទៅសើុបអង្កេតចោរដែរនោះ…!