IRI៖ «​ប្រទេស​ត្រូវការ​ការ​ផ្លាស់​ប្តូរ​» ជា​កត្តា​សំខាន់​បំផុត​សម្រាប់​អ្នក​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

​របាយការណ៍​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ (IRI) រកឃើញថា កត្តា​ដែល​ពលរដ្ឋ​សម្រេចចិត្ត​ក្នុង​ការជ្រើសរើស​គណបក្ស​ណា​មួយ​ដឹកនាំ​ប្រទេស នៅពេល​ទៅ​បោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ គឺ​ការ​ការចង់​ផ្លាស់ប្តូរ​ប្រទេស​។​

​របាយការណ៍​សិក្សា​មួយ​របស់​IRI ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨​ខែតុលា ដល់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​ការបោះឆ្នោត ក្នុង​ចំណោម​មនុស្ស​២០០០​នាក់ ដែល​មកពី​២៤​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ដែល​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​។​

​របាយការណ៍​បង្ហាញ​ថា កត្តា​ដែល​ជា​ចំណុច​សំខាន់​បំផុត​នៅ​ពេល​សម្រេច​ចិត្ត​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួ​យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ប្រទេស​ត្រូវការ​ការផ្លាស់ប្តូរ ដែល​មាន​ទៅ​ដល់​៤៦​ភាគរយ​។ កត្តា​ទី​២ គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​រហូត​មកដល់ពេលនេះ ដែល​មាន​ទៅ​ដល់​៤១​ភាគរយ កត្តា​ទី​៣ គឺ​ស្នាដៃ​របស់​គណបក្ស ដែលមាន​៣៩​ភាគរយ កត្តា​ទី​៤ គឺ​មេដឹកនាំ​គណបក្ស មាន​៣៥​ភាគរយ កត្តា​ទី​៥ គឺ​ការសន្យា​ពេល​យុទ្ធនាការ​បោះឆ្នោត ដែលមាន​៣០​ភាគរយ កត្តា​ផ្សេងៗ​ទៀត​។​

​របាយការណ៍​ស្ទង់​មតិ​ថ្មី​មួយ​នេះ ក៏​បាន​បង្ហាញថា កម្ពុជា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ដើរ​លើ​ផ្លូវខុស​កើនឡើង​ដល់​៤៣% ខណៈ​ការដើរ​លើ​ផ្លូវ​ត្រូវ​ថយ​មក​ត្រឹម​៥៥%​វិញ​។​បញ្ហា​អំពើ​ពុករលួយ និង​បក្ខពួក​និយម ដែល​ធ្វើឲ្យ​ប្រជាជន​គិតថា ប្រទេស​កម្ពុជា ដើរ​លើ​ផ្លូវខុស​។​

​របាយការណ៍​ស្ទង់​មតិ បង្ហាញថា ការស្ទង់មតិ នៅ​ខែ​មករា​ឆ្នាំ​២០១៣ រកឃើញថា អ្នក​ដែល​គិតថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ មាន​ចំនួន ៧៩% ប៉ុន្តែ​ការស្ទង់មតិ​នៅ​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៣​ដដែល​នេះ ពោល​ក្រោយ​ការបោះ​ឆ្នោត​រួច រកឃើញថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ បាន​ថយ​មក​ត្រឹម​៥៥%​វិញ​។​

​របាយការណ៍ IRI បញ្ជាក់ថា នេះ​ជា​ដំណាក់កាល​មួយ​ដែល​មាន​ការគាំទ្រ​យ៉ាងខ្លាំង ជំរុញ​ឲ្យ​កែទម្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​កាលពី​អាណត្តិ​ទី​៤ ក្រោយ​ការបោះឆ្នោត រកឃើញថា ៨២% យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​៩០​អាសនៈ​។ រីឯ​ការដើរ​លើ​ផ្លូវខុស​មានតែ​១៧%​។ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលនោះ បាន​ទទួលស្គាល់​ការស្ទង់មតិ​របស់ IRI នេះ​។​
​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ IRI រកឃើញថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ បាន​ថយ​មក​ត្រឹម​៥៥%​វិញ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​៦៨​អាសនៈ ៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "IRI៖ «​ប្រទេស​ត្រូវការ​ការ​ផ្លាស់​ប្តូរ​» ជា​កត្តា​សំខាន់​បំផុត​សម្រាប់​អ្នក​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​"

  1. lyseanteur says:

    ចាំមើល ការស្រាវជ្រាវរបស់ IRI លើកនេះ សម្តេច គាំទ្រដែរទេ។ កាលពី ការស្រាវជ្រាវរបស់ IRI លើកមុនសម្តេចគាំទ្រពេញទំហឹងហ្មង ពីព្រោះគេនៅពេញចិត្តរដ្ឋាភិបាល។

  2. សេក វិទូ says:

    សម្តេចមិនល្ងង់ទេ បើសិនស្រាវជ្រាវ​ទៅឃើញថាល្អនោះសម្តេចគាំទ្រ បើសិនស្រាវជ្រាវទៅមិនល្អ នោះសម្តេចមិនគាំទ្រទេ មិនចាំបាច់ឆ្ងល់ទេ។