រដ្ឋាភិបាល​មិន​ទាន់​ចាត់​ទុក​លទ្ធផល​ស្ទង់​មតិ​របស់​IRI​ត្រឹមត្រូវ​ឥត​ខ្ចោះ​នោះ​ទេ

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI) បាន​រក​ឃើញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​នោះ​បាន​ធ្លាក់​ចុះ។ របាយការណ៍​ស្ទង់​មតិ​ពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​សុទិដ្ឋិនិយម ចំពោះ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន។

ដោយ យាង សុជាមេត្តា
2014-01-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

របាយការណ៍ IRI ៦១០
២៥-មករា-២០១៤៖ របាយការណ៍​នៃ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI)។ IRI Report

មន្ត្រី​រដ្ឋាភិបាល​ថា ពួក​គេ​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​សិក្សា​នេះ​ទេ ហើយ​ថា លទ្ធផល​នៃ​ការ​សិក្សា​ជា​ព័ត៌មាន​មួយ ដែល​រដ្ឋាភិបាល​អាច​យក​មក​ពិចារណា ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​ដល់​ប្រជាពលរដ្ឋ។

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន អាយ.អ.អាយ កាល​ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​មួយ​ចំនួន មាន​ដូច​ជា ការ​ពេញ​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​លើ​គណបក្ស​នយោបាយ ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ និង​ការ​ចូល​រួម​បោះ​ឆ្នោត​ជាដើម។

ប្រជាពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​សាកសួរ​ក្នុង​ការ​ស្ទង់​មតិ​នេះ មិន​មាន​រាប់​បញ្ចូល​ពលរដ្ឋ​ដែល​ជា​សមាជិក ឬ​ដែល​មាន​សមាជិក​ក្នុង​គ្រួសារ​ជា​អ្នក​យក​ព័ត៌មាន ជា​សមាជិក​គណបក្ស​នយោបាយ ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ ស្រុក ខេត្ត ជា​សមាជិក​រដ្ឋសភា ជា​បុគ្គលិក​មន្ត្រី​រាជការ ជា​បុគ្គលិក​នៃ​ភ្នាក់ងារ​ទីផ្សារ ឬ​ស្ថាប័ន​ទំនាក់​ទំនង​សាធារណៈ ឬ​ជា​បុគ្គលិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ណា​មួយ​ឡើយ។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ទស្សនៈ​ពលរដ្ឋ​ដែល​គិត​ថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នោះ​បាន​ធ្លាក់​ចុះ ពោល គឺ​បាន​ធ្លាក់​ពី ៧៩% ក្នុង​ការ​ស្ទង់​មតិ​នៅ​ដើម​ឆ្នាំ​២០១៣ មក​នៅ​ត្រឹម ៥៥%។ ហើយ​នេះ គឺ​ជា​ការ​ធ្លាក់​យ៉ាង​គំហុក បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្ទង់​មតិ​ចាប់​ពី​ឆ្នាំ​២០០៦ មក។

ការ​ស្ទង់​មតិ​របស់ អាយ.អ.អាយ កន្លង​មក បាន​បង្ហាញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​លើ​ផ្លូវ​ត្រូវ បាន​កើន​ឡើង​ជា​លំដាប់​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ២០០៨ តែ​ធ្លាក់​ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ រួច​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១៣។ តែ​សម្រាប់​ការ​ស្ទង់​មតិ​នៅ​ចុង​ឆ្នាំ​២០១៣ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែ​ម្តង។

មូលហេតុ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​គិត​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នោះ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ស្ពាន ថ្នល់ សាលា​រៀន មន្ទីរពេទ្យ វត្ត​អារាម និង​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្រៅ​ពី​នោះ នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត ដូច​ជា ប្រទេស​មាន​សុខ​សន្តិភាព ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​កំណើន​ក្រុមហ៊ុន​ឯកជន និង​រោងចក្រ​សហគ្រាស​ជាដើម។

ចំណែក​ពលរដ្ឋ​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ខុស​វិញ មក​ពី​ពួក​គេ​គិត​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ ខ្សែ​រយៈ បក្ខពួក​និយម ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់ តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ទាប ខណៈ​ដែល​ទំនិញ​លើ​ទីផ្សារ​ខ្ពស់ និង​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​ណា លទ្ធផល​ស្ទង់​មតិ​សរុប​បង្ហាញ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​គិត​ថា បញ្ហា​សំខាន់​បំផុត​ដែល​សង្គម​កម្ពុជា កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បំពុល​បរិស្ថាន ទន្លេ ស្ទឹង បឹងបួ បញ្ហា​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ បញ្ហា​អស្ថិរភាព​នយោបាយ ឬ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ អំពើ​ពុក​រលួយ ជម្លោះ​ព្រំដែន និង​ការ​កំណត់​ព្រំដែន។

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​ភាគ​ច្រើន ក៏​បាន​គាំទ្រ​ដែរ​ថា ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​ប្រជាធិបតេយ្យ​សេរី និង​យុត្តិធម៌ ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​មួយ​នេះ ត្រូវ​តែ​យុត្តិធម៌ និង​ឯករាជ្យ ពលរដ្ឋ​ត្រូវ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ផ្សាយ​សកម្មភាព​របស់​ខ្លួន​លើ​វិទ្យុ និង​ទូរទស្សន៍ ហើយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ឯករាជ្យ និង​ត្រូវ​ធ្វើ​ការ​កែលំអ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

លើស​ពី​នេះ ពលរដ្ឋ​ថា​កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ផ្សេង​ទៀត ដែល​ជំរុញ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​មួយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ​គឺ​ប្រទេស​កម្ពុជា ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក៏​ចង់​ឲ្យ​មេ​ភូមិ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ផ្ទាល់​ដោយ​ប្រជាពលរដ្ឋ​ផង​ដែរ។

ចំពោះ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា ការ​ការពារ​កម្មករ និង​កសិករ ការ​ការពារ​សិទ្ធិ​មនុស្ស ការ​ការពារ​កុំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ ការ​ការពារ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រជាពលរដ្ឋ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​បាន​ខណៈ​ពលរដ្ឋ​ភាគ​ច្រើន គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមត្ថភាព​បង្កើត​ការងារ និង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​វិស័យ​អប់រំ​រីក​ចម្រើន​បាន។ ប៉ុន្តែ ពលរដ្ឋ​ភាគ​ច្រើន​គិត​ថា គណបក្ស​នយោបាយ​ដែល​តម្កល់​ប្រយោជន៍​រាស្ត្រ​ធំ​ជាង​ប្រយោជន៍​បក្ស​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ មករា ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​លទ្ធផល​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ អាយ.អ.អាយ ឡើយ។ លោក​ថា ការ​សិក្សា​របស់ អាយ.អ.អាយ គឺ​ឆ្លើយ​តប​ទន្ទឹម​គ្នា​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ កំពុង​ធ្វើ នឹង​បន្ត​ធ្វើ​ទៅ​ថ្ងៃ​ខាង​មុខ។ តែ​ទោះ​យ៉ាង​ណា លោក​ថា​រដ្ឋាភិបាល​មិន​ទាន់​ចាត់​ទុក​ថា លទ្ធផល​ស្ទង់​មតិ​នេះ​ត្រឹមត្រូវ​ឥត​ខ្ចោះ​នោះ​ទេ។

លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ជា​របាយការណ៍​របស់ អាយ.អ.អាយ ហ្នឹង ជា​ព័ត៌មាន​មួយ​ដែល​យើង​យក​មក​ពិចារណា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ យើង​មាន​ទិសដៅ​ថា យើង​បាន​ធ្វើ​ត្រឹមត្រូវ​រួច​ហើយ ប៉ុន្តែ​ការ​លើក​ឡើង​របស់ អាយ.អ.អាយ គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​ទៀត​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​ផ្តល់​សេវា ឆ្លើយ​តប​ដល់​មហាជន​របស់​យើង ប្រជាជន​របស់​យើង​នោះ គឺ​សេវាកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព ហើយ​និង​គុណភាព​ដែល​យើង​ត្រូវ​ឆ្លើយ»

ទាក់ទង​នឹង​លទ្ធផល​ស្ទង់​មតិ​ដែល​ថា កត្តា​សំខាន់​បំផុត​មួយ​ដែល​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ​មួយ គឺ​កម្ពុជា ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​នោះ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា តាម​ពិត​កម្ពុជា បាន​ផ្លាស់​ប្ដូរ​រួច​ហើយ។

លោក ផៃ ស៊ីផាន៖ «ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​បច្ចុប្បន្ន យើង​បាន​ធ្វើ​ហើយ​តាម​រយៈ​ការ​បោះ​ឆ្នោត យើង​ធ្វើ​តាម​រយៈ​អ្វី​ដែល​ជា​ឆន្ទៈ​រួម​របស់​យើង​កាល​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​សភា​នយោបាយ ដែល​ជា​សភា​ធម្មនុញ្ញ​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ហើយ​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​ចង់​បាន​ហ្នឹង យើង​ចង់​បាន​ទៅ​តាម​មតិ​អ្នក​ណា មតិ​ភាគ​ច្រើន​ដែល​គេ​ថា​គេ​ត្រូវ​ការ​ទទួល​ស្គាល់​ថ្នាក់​ដឹក​នាំ គឺ​មគ្គទេសក៍​របស់​សម្ដេច​តេជោ ហើយ​សម្ដេច​តេជោ​ឆ្លើយ​តប​ទៅ​វិញ​នៅ​ក្នុង​កំណែ​ទម្រង់ ដើម្បី​ឲ្យ​មាន​បរិយាកាស​ហើយ​និង​ការ​អភិវឌ្ឍ​រក​វឌ្ឍនភាព​រឹត​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង»

ការ​បញ្ចេញ​លទ្ធផល​ស្ទង់​មតិ​របស់​វិទ្យាស្ថាន អាយ.អ.អាយ នៅ​ពេល​នេះ ធ្លាក់​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ការ​វាយ​បង្ក្រាប​ការ​ប្រព្រឹត្ត​អមនុស្សធម៌​ដោយ​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ពលរដ្ឋ ការ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​ទប់ទល់​នឹង​ក្រុម​ប្រឆាំង និង​បញ្ហា​សង្គម​ច្រើន​ផ្សេង​ទៀត​រាប់​មិន​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

10 Responses to "រដ្ឋាភិបាល​មិន​ទាន់​ចាត់​ទុក​លទ្ធផល​ស្ទង់​មតិ​របស់​IRI​ត្រឹមត្រូវ​ឥត​ខ្ចោះ​នោះ​ទេ"

  1. Trem Truv says:

    សូមអង្គការ IRI រៀបសំនួរលើកក្រោយឲ្យបានត្រឹមត្រូវជាងគេនេះ ។ អ្នកណាក៏ឆ្លើយថាត្រូវដែរ នៅពេលដែលសួរថា តើការសាងសង់ផ្លូវស្ពាន ថ្នល់ មន្ទីរពេទ្យ ត្រូវឬខុសនោះ ? មានតែមនុស្សមិនដឹងអ្វីសោះទេដែលឆ្លើយថាខុសនោះ ។ សូមIRI សួរមើល ថា
    ១).តើរដ្ឋាភិបាលដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ហើយខ្ចីប្រាក់ពីបរទេស មកកសាងស្ពានផ្នល់ មន្ទីរពេទ្យនិងគំរោងនានាអស់១លានដុល្លារ តែចុះបញ្ញីថាអស់១០០លានដុល្លារ រួចយកប្រាក់ទាំងនោះទៅចែកគ្នាចាយទិញឡានវិឡា តែពេលសងគេវិញបែជាដាក់ពន្ធលើប្រាក់ខែមន្រ្តីបុគ្គលិកទៅវិញ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ២). សួរមើលប៉ូលីស និងកងកំលាំងប្រដាប់អាវុធដែលបានទទួលប្រាក់ខែពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលមានតួនាទីការពារបូរណភាពទឹកដីនិងសណ្តាប់ធ្នាប់សង្គម បែជាមកបាច់សំឡាប់ប្រជាពលរដ្ធទៅវិញ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៣). រដ្ឋាភិបាលខ្ចីប្រាក់ពីបរទេសដូចជាវៀតណាម ចិនជាដើមដែលមានការប្រាក់ទាប ហើយគ្មានលក្ខខណ្ឌអ្វីសោះ ជាធ្នូរទៅវិញឲ្យដីសម្បទានទៅប្រទេសទាំងនោះវិញ គេយករ៉ែមាស អលុយមីញូម បុកស៊ីត មានតម្លៃលើសប្រាក់កំចីទាំងនោះជាច្រើនពាន់ដង ហើយគ្មានអ្នកត្រួតពិនិត្យ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៤). សាសនាព្រះពុទ្ធជាសាសនារបស់ប្រជាពលរដ្ឋតាំងពីរាប់ពាន់ឆ្នាំមកហើយ តែឲ្យពួកពាលដែលបង្កើតដោយក្រុមទំនឹងទៅបាញ់សំឡាប់គ្មានត្រាប្រណី សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៥). តាមក្រួសួងនានា ឨពុកជារដ្ឋមន្រ្តី កុនចៅរបស់ខ្លួនដែលទើបតែចេញពីសាលាមិនទាន់ដឹងអីផង ក្មេងទាំងបទពិសោធន៍ ក្មេងទាំងអាយុ ក្មេងទាំងចាត់ការងារក្នុងក្រសួង តែបែត្រូវបានតែងតាំងចាប់ប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការសួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៦). មន្រ្តីជិតស្និទ្ធនឹងរដ្ឋមន្រី្តរបស់ក្រសួងខ្លាញ់ៗមានលុយច្រើនកប់ពពក ចាយមិនអស់ តែំមន្រ្តីធម្មតាបានប្រាក់ចាយមិនគ្រប់ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៧)រដ្ឋឲ្យដីសម្បទានទៅក្រុមហ៊ុនបរទេស គេកាប់ឈើមានតម្លៃអស់ នៅសល់ប៉ុនៗមួយអោប ប្រជាពលរដ្ឋសុំមកកែច្ណៃធ្វើសង្ហារឹម ឬផ្ទះសំបែង បែជាមិនឲ្យ តែបែជាចាក់ប្រេងហើយដុតចោល សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៨) ប្រជាពលរដ្ឋបង្កបង្កើនផលកសិកម្មហើយ គ្មានទីផ្សារ មិនរកទីផ្សារឲ្យធ្វើឲ្យប្រជាពលខាតបង់ រត់ចោលផ្ទះសំបែងទៅធ្វើការនៅប្រទេសគេ ឲ្យជាតិគេមកនៅពេញស្រុកខ្មែរ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    ៩). នៅមានច្រើនទៀត សូមអង្ការនេះបន្ថែមសំនួរខាងលើនេះទៅក្នុងតារាងសំនួរបស់ខ្លួនពេលសួរលើកក្រោយ ។

  2. Pipal says:

    55% still good for CPP. People still support CPP.

  3. តាម៉ុក says:

    * មន្រ្តីជិតស្និទ្ធនឹងរដ្ឋមន្រី្តរបស់ក្រសួងខ្លាញ់ៗមានលុយច្រើនកប់ពពក ចាយមិនអស់ តែំមន្រ្តីធម្មតាបានប្រាក់ចាយមិនគ្រប់ សួរប្រជាជនទៅមើលថាត្រូវឬខុស?
    *តាមក្រួសួងនានា ឨពុកជារដ្ឋមន្រ្តី កុនចៅរបស់ខ្លួនដែលទើបតែចេញពីសាលាមិនទាន់ដឹងអីផង ក្មេងទាំងបទពិសោធន៍ ក្មេងទាំងអាយុ ក្មេងទាំងចាត់ការងារក្នុងក្រសួង តែបែត្រូវបានតែងតាំងចាប់ប្រធាននាយកដ្ឋាន។
    ———————————————————————————————————–
    សួរថា៖ដើរលើផ្លូវត្រូវឬក៍ខុស………?

  4. Banh Bev says:

    Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!

  5. Banh Bev says:

    Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!Long Live the January 7 Day!!!

  6. Banh Bev says:

    Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!Long Live H.E. Cheam Yeap, the Great PhD!!!

  7. Nary says:

    Do good get good do bad get bad .god will destroy bad people soon.that why iri know .they work for international .

  8. Anonymous says:

    The result of the assessment is perfect. Unfortunatelyt, the government never want to listen the real song. It is like IRI is trying to sing a song for cow. The animals never understand and recoginze it. They think that they will be able to rob the results of the election and declare that they are the winner easily.

  9. កម្មករ កសិករ says:

    . 26 មករា 2014 .et 9 : 39 am

    ,, លោក Trem Truv . និយាយ គឺ ជាការពិត សូម សរសើរ ឧត្តមគតិ ល្អ​​ ! !

  10. កម្មករ កសិករ says:

    លោក ផៃ ស៊ីផាន បើ គេលើកជើងបានគាត់ ពេញចិត្ត ! យ៉ាប់មែន មនុស្ស ហៃ អើៗៗៗៗៗៗ !