វិទ្យុសម្បុកឃ្មុំនៅតែមិនអាចទទួលបានការអនុញ្ញាតឲ្យបើកស្ថានីយវិទ្យុផ្សាយបន្ត ដែលហៅថា រ៉ឺឡេ (Relay) នៅតាមខេត្តនានា និងសុំបើកប៉ុស្តិ៍ទូរទស្សន៍សម្បុកឃ្មុំពីក្រសួងព័ត៌មានបានទេ។ ហេតុនេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ប្រកាសដឹកនាំធ្វើបាតុកម្មអហិង្សា ដើម្បីឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុនេះទទួលបានរឺឡេបន្ថែម និងមានប៉ុស្តិ៍ទូរទស្សន៍។
ដោយ អ៊ុក សាវបូរី
2014-01-24
RFA

លោក ម៉ម សូណង់ដូ និងសហការី ធ្វើសន្និសីទកាសែតនាការិយាល័យវិទ្យុសម្បុកឃ្មុំ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ RFA/Ouk Savborey
ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ថា លោកដឹកនាំធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២៧ ខែមករា បើសិនសាលារាជធានីភ្នំពេញអនុញ្ញាត។
លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជំនួប១ម៉ោងរវាងរូបលោក និងអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ប៊ុត ប៊ូវុធ កាលពីថ្ងៃព្រហស្បតិ៍ នៅតែមិនអាចសុំបង្កើនកម្រិតការផ្សាយ ឬហ្វ្រេកង់វិទ្យុលើស ១០គីឡូវ៉ាត់ និងហ្វ្រេកង់ទូរទស្សន៍សម្បុកឃ្មុំដូចការស្នើសុំ។
លោកថានឹងគោរពតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ ប៉ុន្តែបើមិនអនុញ្ញាតឲ្យគាត់ដឹកនាំបាតុកម្ម ដោយសារបញ្ហាណាមួយនោះ លោកព្រមានថា ប្រជាពលរដ្ឋរាប់លាននាក់ជាអ្នកស្តាប់វិទ្យុនឹងធ្វើបាតុកម្មជំនួសអោយរូបលោក៖ «ប៉ុនបើសិនជាសាលាក្រុងភ្នំពេញ គាត់មិនអនុញ្ញាតទេ ខ្ញុំក៏មិនដកខ្លួនដែរ ប៉ុន្តែពេលនោះ គឺប្រជាពលរដ្ឋរាប់លាននាក់ គាត់ដើរតួនាទីក្រោកឈរឡើង ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់សិទ្ធិវិទ្យុសម្បុកឃ្មុំធ្វើរឺឡេ និងហ្រ្វេកង់សម្រាប់ទូរទស្សន៍»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបសួរព័ត៌មានបន្ថែមបានទេ នៅថ្ងៃទី២៤ ខែមករា។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើលិខិតមួយច្បាប់ជម្រាប លោកស្រី ឌិន ផាណារ៉ា ប្រធានស្តីទីវិទ្យុសម្បុកឃ្មុំ ថាក្រសួងព័ត៌មាន មានការសោកស្ដាយដោយពុំសល់ហ្រ្វេកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍សម្រាប់ផ្តល់ជូនតាមការស្នើសុំទេ។
កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកកាសែតថា វិទ្យុសម្បុកឃ្មុំបានជំពាក់ប្រាក់សោតទស្សន៍ច្រើនរយលានរៀល។ ប៉ុន្តែ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំអះអាងថា មិនបានជំពាក់ប្រាក់សោតទស្សន៍ទេ ព្រោះច្បាប់សោតទស្សន៍មិនទាន់មាននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ លោកបានសុំឲ្យក្រសួងព័ត៌មាន បញ្ចុះតម្លៃសេវាកម្មសោតទស្សន៍ប្រចាំឆ្នាំពី ៧លានរៀល មកត្រឹម ១លានរៀល។
លោក ម៉ម សូណង់ដូ៖ «សព្វថ្ងៃវិទ្យុសម្បុកឃ្មុំ បង់ថ្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំសម្រាប់ស្ថានីយវិទ្យុផ្សាយសំឡេង ១០គីឡូវ៉ាត់ចំនួនមួយគ្រឿងទៅក្រសួងប្រៃសណីយ៍ គឺតម្លៃ ១.០០០ដុល្លារ។ ហើយបង់ថ្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំសម្រាប់ដំណើរការវិទ្យុ បញ្ជូនទិន្នន័យ គឺតម្លៃ ១.១២០ដុល្លាររាល់ឆ្នាំ។ ហើយទាក់ទងទៅនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីដែលខ្ញុំចំណាយ និងចំណូល ខ្ញុំបានបង់ ១០% ថែមទៀតទៅក្រសួងសេដ្ឋកិច្ច។ ដូច្នេះ ខ្ញុំគឺជាមនុស្សមួយគោរពច្បាប់ ហើយក៏មិនចង់ជំពាក់លុយជំពាក់កាក់ទេ។ ប៉ុន្តែ បើទាក់ទងទៅរឿងសោតទស្សន៍ គឺអត់ទាន់មានច្បាប់ផង ហើយបើសិនខ្ញុំបង់សោតទស្សន៍ហ្នឹង តើខ្ញុំមានសិទ្ធិធ្វើអ្វីខ្លះ? ហើយសព្វថ្ងៃ អត់មានសិទ្ធិធ្វើអ្វីទាំងអស់»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនទាន់អាចឆ្លើយបំភ្លឺបានការសុំធ្វើបាតុកម្មអហិង្សារបស់ លោក ម៉ម សូណង់ដូ នៅថ្ងៃទី២៧ ខែមករា ខាងមុខទេ។
វិទ្យុសម្បុកឃ្មុំចាប់ផ្ដើមការផ្សាយនៅឆ្នាំ១៩៩៦ ក្នុងនាមក្រុមហ៊ុន ម៉ម សូណង់ដូ។ នៅខែមីនា ឆ្នាំ២០០៥ ប្រធានវិទ្យុសម្បុកឃ្មុំ បានស្នើសុំក្រសួងព័ត៌មាន ដំឡើងកម្លាំងផ្សាយបន្តនៅខេត្តនានា ដោយរក្សាកម្ពស់រលកអាកាស អែហ្វ.អិម ១០៥ (FM 105 MHz) ដដែល។
ប៉ុន្តែ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតបថាមិនទាន់មានច្បាប់សោតទស្សន៍ (Broadcasting Law) ដើម្បីបែងចែកវិទ្យុរដ្ឋ ពាណិជ្ជកម្ម សហគមន៍ វិទ្យុសាសនា និងស្ថានីយវិទ្យុផ្សាយបន្តនៅឡើយ។
នៅខែមីនា ឆ្នាំ២០០៦ ប្រធានវិទ្យុសម្បុកឃ្មុំក៏បានស្នើសុំម្តងទៀត គឺសុំផ្សាយបន្តទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ចាម និងខេត្តក្រចេះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតបវិញថា ក្រសួងព័ត៌មាន បានចេញលិខិតលេខ ១២១/០៥ ព.ម ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ ស្ដីពីការផ្អាកបើកធ្វើអាជីវកម្មវិទ្យុ ទូរទស្សន៍ ផ្សាយបន្តទៅតាមខេត្តក្រុង។ ដូច្នេះ សំណើសុំរបស់ប្រធានវិទ្យុសម្បុកឃ្មុំ ក្រសួងព័ត៌មាន នឹងសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាមុនសិន។
នៅខែមិថុនា ឆ្នាំ២០១០ ប្រធានវិទ្យុសម្បុកឃ្មុំ ស្នើសុំហ្វ្រេកង់ទូរទស្សន៍សម្បុកឃ្មុំ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ច្រានចោលសំណើនោះ ដោយសំអាងគ្មានសល់ហ្វ្រេកង់។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ប្រធានវិទ្យុសម្បុកឃ្មុំ បានស្នើសុំជាថ្មីទៀត សុំហ្វេ្រកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មាន ច្រានចោលដូចការស្នើសុំនៅលើកមុនៗដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនឹងឡើងការពាររបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
- សង្គមស៊ីវិលបន្តដាក់ញត្តិជូនទូតបរទេសស្នើអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ២៣នាក់
- តំណាងសហជីព៨ត្រូវឆ្មាំគុកនៅកំពង់ចាមមិនឲ្យចូលជួបជនជាប់ចោទ២៣នាក់
- CCHR៖ រដ្ឋាភិបាលគំរាមមិនឲ្យបញ្ចាំងកុនឯកសារ តើនរណាសម្លាប់ ជា វិជ្ជា
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការទៅលើមេដឹកនាំសហជីពកម្មករបើមានៈធ្វើបាតុកម្ម
- រដ្ឋាភិបាលនៅតែមិនអនុញ្ញាតឲ្យវិទ្យុសម្បុកឃុំពង្រីករលកធាតុអាកាសនិងបើកទូរទស្សន៍
- សង្គមស៊ីវិលហែក្បួនដាក់ញត្តិតាមស្ថានទូតនៅភ្នំពេញ
- មេសហជីពត្រៀមដឹកនាំកម្មករ១ម៉ឺននាក់ធ្វើកូដកម្មនៅថ្ងៃ២៦ មករា
- សហគមន៍ខ្មែរក្រោមខកចិត្តចំពោះកម្ពុជាបដិសេធសំណើសុំអន្តរាគមន៍ទៅវៀតណាម
តា កញ្ចាស់ ខៀវ កញ្ញារិទ្ធ ចង់ធ្វើដូច របប ខ្មោច ប៉ុល ពត មានសម្លេងផ្សាយតែម្ខាង ស្រួល កុហក
និយាយ បោកប្រាស់ ប្រជាពលរដ្ឋខ្មែរ !
I love you.
In the radical communist regime, only the state runned media is allowed in public broadcasting. They would never accept any harsh criticism from an independent station.
Inadequate frequency is just a conspiracy to boost up oppression against the pro-opposition media.
Any proposals from Beehive Radio Station is always ended up with refusal from ministry of information. In this situation, they must wait until the change of government is taking place.