អំពើ​ហិង្សា​លើ​កម្មករ​ត្រូវ​ថ្កោលទោស​ច្រើនឡើង​ពី​សហជីព​ជាតិ​ និង​អន្តរជាតិ

កម្មករ​រាប់​ពាន់​ ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០១៣។

សុខ ខេមរា
25 មករា 2014
វីអូអេខ្មែរ

វ៉ាស៊ីនតោន — ក្រុមអ្នក​បញ្ជា​ទិញ​ផលិត​ផល​កម្ពុជា​នានា​ និង​សម្ព័ន្ធ​ភាព​របស់​ពួក​គេ​ដែល​ជា​សហជីព​ដ៏​មាន​ឥទ្ធិពល​ធំៗ​នៅតែ​បន្តជំរុញឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​កម្មករ ​និង​ក្រុម​សហជីព​ដែល​តវ៉ា​ដោយ​អហិង្សា​ដើម្បី​ការ​ដំឡើង​ប្រាក់ខែ​គោល​ពី​៨០​ទៅ​១៦០​ដុល្លារ​ស.រ.អា. ហើយ​ដោះលែង​កម្មករ​ មន្ត្រី​សហជីព ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សរុប​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ ហើយ​វិលមក​រកតុ​ចរចា​វិញ។​ នេះបើ​តាម​លិខិត​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​និង​លិខិត​របស់​សហជីព​នៅ​ស.រ.អា. និង​ពិភព​លោក​ដែល​វីអូអេ​ទទួល​បាន​ជា​បន្ត​បន្ទាប់។​

អ្នកស្រី ​ខេធី ​ហ្វេនហ្គោល ​(Cathy ​Feingold)​ នាយិកា​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សហជីព​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះ ​AFL-CIO​ ដែល​មាន​សមាជិក​ជាង​ ១២​លាន​នាក់​ ហើយ​មាន​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​គឺជា​អ្នក​សរសេរ​លិខិត​ចំហ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ដើមខែ​មករា។​

លោកស្រី​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​បាញ់​សម្លាប់​កម្មករ​ បង្ក្រាប​ដោយ​ឃោរឃៅ​ទៅ​លើ​កម្មករ។​ ថ្លែងប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោកស្រី​ចាត់ ទុក​ថា​ នេះ​ជា​សកម្មភាព​មិន​អាច​ទទួល​យកបាន ​ដោយ​លោកស្រី​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។​

«ខ្ញុំ​គិត​ថា ​យើង​នឹង​បញ្ជូនសារ​ដ៏​ខ្លាំង​មួយ ប្រសិន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ពង្រឹង​សិទ្ធិ​ជាមូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធិភាព ​ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម​ហើយ​នឹង​ធ្វើឲ្យ​ប្រាកដ​ប្រជា​ថា​ កម្មករ​មាន​សុវត្ថិភាព ​គ្មានការ​គម្រាម​កំហែង​ពេលដែល​ពួកគេ​អនុវត្ត​សិទ្ធិ​ទាំងនោះ។​ ហើយ​បន្ទាប់​មកត្រូវ​លើក​ទឹកចិត្ត​ឲ្យមាន​ការ​វិល​ទៅ​រក​កិច្ចចរចា​វិញ។​ លោកអ្នក​ដឹងទេ​ការចរចា​រួម​គ្នា​គឺ​ជារឿង​ដែល​ក្រុម​កម្មករ​ ក្រុម​និយោជក ​អាច​អង្គុយ​ជាមួយ​គ្នា​ ពិភាក្សា​គ្នា​លើបញ្ហា​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ។​ រឿង​នេះ​ជា​ការ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា»។​

លោកស្រី​បាន​គម្រាម​ថា ​សារធ្ងន់ធ្ងរ​ជាង​នេះ​នឹង​ទៅដល់​រដ្ឋាភិបាល​អាមេរិកាំង​ រដ្ឋាភិបាល​ផ្សេងៗ​និង​ទៅកាន់​សហជីព​នានា​អំពី​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ កម្ពុជា។​

ក៏ដូច​ជា​ប្រតិកម្ម​ពីប្រទេស​ជាច្រើន​និង​ពី​អ្នក​បញ្ជា​ទិញធំៗ​ឯ​ទៀតដែរ​ សមាគម​ អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ចំនួន​៦​ក្នុង​ប្រទេស​អាមេរិក​និង​ ប្រទេស​កាណាដា​ឈ្មោះ​ AAFA,​ CafFov, ​NRF, ​RCC ​USFIA ​និង​ Rila ​បាន​ សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​សប្តាហ៍​នេះ​ដែរ​ថា៖

«ឧស្សហកម្ម​របស់​យើង​ប្តេជ្ញា​ធានា​ថា ​ផលិតផល​ទាំង​អស់​ដែល​ផលិតមាន ប្រភព​ដើម​និង​លក់​នោះ​គឺត្រូវ​ផលិត​តាម​ច្បាប់​និង​លក្ខខណ្ឌ​មនុស្ស​ធម៌។ ​ជាផ្នែក​មួយ​នៃការ​តាំងចិត្ត​នេះ​ យើង​ប្តេជ្ញា​ថា​ នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ សន្តិសុខ​កម្មករ​ក្នុង​ក្រុម​ហ៊ុន​ ដែល​ផ្គត់ផ្គង់​ទំនិញ​របស់​យើង។ ​លិខិត​ដដែល​នោះ​ បាន​ព្រមាន​ថា​ សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​មិនធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ ដេរ​កម្ពុជា​មាន​ស្ថិរភាព​និង​រឹងមាំផង​ និង​មិន​បាន​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​រឹងមាំ​ ជា​មួយ​នឹង​ក្រុម​អ្នក​បញ្ជា​ទិញ​ចំនួន​៩០​ភាគ​រយ​របស់​យើង​ក្នុង​ប្រទេស​អាមេរិក ​និង​ប្រទេស​កាណាដា​ផង​ទេ»។​

លោក​ជា មុនី្ន ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ថ្លែង​ ថា​ លិខិត​របស់​ក្រុម​អ្នក​បញ្ជា​ទិញ ​និង​សហជីព​បណ្តា​ប្រទេស​នានា​នេះ​ជា​ សម្ពាធ​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​ បើគេ​មើល​ពី​កិច្ចការ​បរទេស​វិញ។​

«ការ​ដាក់​សម្ពាធនេះ​ជាការ​ធ្វើឲ្យ​កម្ពុជា​ងាក​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ ​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិ។​ ហើយ​លោកហ៊ុន សែន​ ក្នុង​នាម​ជាអ្នក​ដឹកនាំ​ប្រទេស​មួយ​ពី មុន​មក​ សុំឲ្យ​គាត់​ធ្វើការ​ពិចារណា​ឡើង​វិញ។​ អ្វីដែល​យើង​អាច​ដោះស្រាយ​បា​ យើង​ដោះស្រាយ​ទៅ ​កុំឲ្យ​ស្ថាន​ការណ៍​ហ្នឹង​វា​ធ្ងន់ធ្ងរ​ទៅ​មុខ​ទៀត»។​

លោក​រំឭក​ថា​ នៅ​ជុំវិញ​ពិភព​លោក​យើង​មិន​ឃើញ​ថា ​មាន​ប្រទេស​ណា​ដូច​ជា​ កម្ពុជា​ទេ ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ពិភព​លោក។​ តែនៅ​កម្ពុជា ​អ្នកបញ្ជា​ទិញ​មានការ​ចាប់​អារម្មណ៍​ខ្លាំងណាស់​ចំពោះ​ការរលោភសិទ្ធិមនុស្ស ហើយ ដាក់​លក្ខខណ្ឌ។ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​មន្ត្រី​អ.ស.ប.​គឺ​លោក​សូរិយ៉ា ស៊ូប៊ែឌី ​(Surya Subedi) ​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចាប់អារម្មណ័​ចំពោះ​ការ​រំលោភ​សិទ្ធិកម្មករ ​និង​ការ​បង្ក្រាប​ដោយ​អំពើ​ឃោរឃៅ​ដែល​លោក​ជា មុនី​អះអាង​ថា​ ជាការ​តម្រូវឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ត្រូវ​ដោះស្រាយ​តាមការ​ចង់បាន​របស់​អន្តរជាតិ។

«ការ​ដែលគេ​ឲ្យលោក​ហ៊ុន សែន​ធ្វើការ​ពិចារណា​និង​សុំពេល​ពិភាក្សា​គឺគេ​ចង់ ជម្រាប​ទៅ​គាត់​ថា​ អ្វី​ដែល​គាត់ធ្វើ​កន្លង​មក​ហ្នឹង​គឺជា​ការ​ខុស​ធ្ងន់ធ្ងរ​ដែល​អ្នក​ បញ្ជា​ទិញ​មិន​ទទួល​យក​បាន​ ពីព្រោះ​សម្លៀក​បំពាក់​ដែល​គេប្រើ​នៅ​ក្នុង​ពិភព​ លោក​គឺ​ជា​សម្លៀក​បំពាក់​ស្អាត ​សម្លៀក​បំពាក់​ពោរពេញ​ទៅ​ដោយ​ក្តីញញឹម​ ទៅ​ដោយ​ការសង្ឃឹម។​ អញ្ចឹង​គេអត់​ចង់​ឃើញ​សម្លៀក​បំពាក់​ដែល​ជោគ​ជាំ​ទៅ​ ដោយ​ញើស​ហើយ​នឹង​ឈាម​របស់​អ្នក​ផលិត​ទេ»។​

ក្រុម​បាតុករ​កម្មករ​៥​នាក់​ត្រូវគេ​បាញ់​សម្លាប់​និង​របួស​៤០​នាក់​និង​ចាប់ខ្លួន​២៣​ នាក់​ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​សមរម្យ។ ​ពួកគេ​រង​ការ​បង្រ្កាប​ដោយ​អំពើ​ឃោរឃៅ​ដោយ​ក្រុមយោធា​និង​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី៣​ខែ​មករា។ ​រឿង​នេះ​បង្ក​ឲ្យមាន​ប្រតិកម្ម​ជា​អន្តរជាតិ​ដ៏ធ្ងន់ធ្ងរ​ឲ្យ​រដ្ឋាភិបាល​ ដោះស្រាយ​ជា​បន្ទាន់។​

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា ​ស៊ីខាវឌូ ​(CCAWDU)​ បាន​អះអាង​ថា​ រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ និង​បញ្ចប់​បញ្ហា​កម្មករ​នេះ​ ឲ្យបាន​សមរម្យ​តាម​ការ​ចង់​បាន​របស់​កម្មករ​ និង​ សហគមន៍​អន្តរជាតិ​ ដែល​បាន​បញ្ជាក់​ក្នុង​លិខិត​ចម្រុះ​គ្នា​នោះ។​

«ខ្ញុំគិត​ថា​ លិខិត​ដែល​ចេញ​ពី​អ្នក​បញ្ជា​ទិញទាំង​៣០​ហើយ​និង​សហជីព​ធំៗ​បី​នៅ​លើ​ពិភពលោក​ហ្នឹង​គឺជា​អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​ ហើយ​ដែល​អ្នក​ហ្នឹង​អាច​ឲ្យ​ ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ទាំងអស់​ហ្នឹង​ ​ផ្អាក​ការ​ទិញ​ ឬ​ទិញ​បន្ត​អី ​ជា​រឿង​លើ​អ្នក​ទាំង​ហ្នឹង​ហើយ។​ អញ្ចឹង​អាហ្នឹង​វាពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ថា​ តើ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ហ្នឹង​ ចាប់​ផ្តើម​អនុវត្ត​ ឬ​ក៏​ចាប់ផ្តើម​ធ្វើ​ការ​តាម​អ្វីដែល​ជា​សំណើ​របស់​ពួក​គេ​បាន​ត្រឹម​កម្រិត​ណា​ទេ»។​

លោក​ថ្លែង​ថា​ អ្វីដែល​លោក​ចង់​បាន​ពេល​នេះ​គឺ​ទី១​ យើង​ចង់​បាន​ការ​ដោះលែង​ កម្មករ​២៣​នាក់។​ ទី២ ​ដំណោះ​ស្រាយ​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​ដែល​អាច​ទទួល​ យកបាន។​ ទី៣​ ស៊ើប​អង្កេត​រក​មុខ​អ្នកដែល​បាន​បាញ់​កម្មករ​មក​ផ្តន្ទាទោស​ និង ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​គេ​ ហើយនឹង​បញ្ឈប់​បង្ក្រាប​ ដោយ​ហិង្សា​លើ​កម្មករ។​

លោក​ថ្លែង​ថា​ ការ​ខកខាន​ក្នុង​ការ​ដោះស្រាយ​មិន​អាច​បំពេញ​ចិត្ត​អ្នក​បញ្ជា​ទិញ​បាន​ទេ​ ហើយ​នេះ​ជា​ការ​បារម្ភ​ចំពោះ​អនាគត​នៃ​វិស័យ​កាត់ដេរ​កម្ពុជា។​ ​

«បើសិន​ជា​រដ្ឋាភិបាល​មិន​បាន​រក្សា​វិស័យ​ហ្នឹង​ឲ្យ​បាន​គង់វង្ស​ទេ​ ហើយ​ឲ្យ​គេ​ដក​ ការ​ទិញ​ទាំងអស់​ចេញ​ហ្នឹង​ មាន​ន័យ​ថា ​កម្មករ​ជិត​១​លាន​នាក់​នឹង​មាន​ការ​តវ៉ា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែខ្លាំង​ ហើយ​ដំណើរ​ការ​ អាជីវកម្ម​ ឬ​ក៏​ដំណើរការ​ឧស្សាហកម្ម​នៃ​ផ្នែក​ឧស្សាហ​កម្ម​កាត់​ដែរ​ហ្នឹង ​ពេល​នោះ​នឹង​មាន​បញ្ហា​មិន​អាច​រក​ចំណូល​បាន​ទៀត​ នោះហើយ​វានាំ​ឲ្យមាន​បញ្ហា​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា​ រាជ​រដ្ឋាភិបាល​យក​ចិត្ត​ ទុកដាក់​ក្នុង​ការ​ដោះស្រាយ​អំពី​បញ្ហា​កម្មករ​ និង​ក្រុមហ៊ុន។​ តែ​លោក​បាន​ចោទ​ ប្រកាន់​គណបក្ស​ជំទាស់​ថា​ ជា​អ្នក​បង្កើត​ហេតុការណ៍​នៃ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម​ កាល​ពីថ្ងៃ​ទី២​ទី​៣​ខែមករា។​

«យើង​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​គេ​យល់​អំពី​បញ្ហា​កម្ពុជា។ ​អ្នក​បង្កើត​សាច់រឿង​នេះ​ អ្នកណា​ជាអ្នក​បង្កើត? ​ចំណុច​ទី២​ យើង​ដឹង​ហើយ​ថា​ គណបក្ស​ប្រឆាំង​ ឬគណបក្ស​សង្គ្រោះ​ជាតិ​នេះ​ លោក​បាន​បង្កើត​ធ្វើ​ឲ្យ​វិស័យ​ កាត់ដេរ​ខាត​បង់​អស់​ថវិកា​២០០​លាន​ដុល្លារ​រួចស្រេច​មក​ហើយ។​ ហើយ​ការងារ​ នេះ​ជា​បន្ទុក​របស់​រដ្ឋ​រួច​ស្រេច។​ ហើយ​នេះ​ជា​បន្ទុក​របស់​រាជ​រដ្ឋាភិបាល»។​

លោក​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ឲ្យ​រឿង​នេះ​ដោះស្រាយ​ដោយ​លាយ​ឡំ​និង​ រឿង​នយោបាយ​ទេ។​

«ហើយ​យើង​មាន​អំណរ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​បញ្ជា​ទិញ​ដែល​ជា​ ដៃ​គូ​ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ ហើយ​ជាមួយ​នឹង​កម្មករ។​ វាមិនមែន​បាន​សេចក្តី​ថា​ រាជ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​រឿង​បញ្ហា​ប្រាក់​ខែ​គោល​របស់​កម្មករ​នោះ​ទេ​ តែ​ការ​ដោះស្រាយ​នេះ​ យើងចង់​បាន​របៀប​ជា​ដៃគូ​រវាង​រាជ​រដ្ឋាភិបាល​ជាអ្នក​សម្រប​សម្រួល​ជាមួយ​នឹង​កម្មករ​ ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ ដែល​ជា​អ្នក​ចុះ​កុងត្រា​ជាមួយ​អ្នក​ទិញ​នៅ​ខាង​ក្រៅ»។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ភីធ័រ តាន់កែវ​ (Peter Tan Keo)​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ពី​ក្រុង ​Boston ​ស.រ.អា.​ ​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​មិន​អាច​គេច​វេស​ពី​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ទេ​ តែត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​ដៃ​គូ​នានា​ក្នុង​ប្រទេស​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ បើ​ពុំ​ដូច្នោះ​ទេ​ ការ​វិនិយោគទុន​បរទេស​នឹង​ជៀសចេញ​ពី​កម្ពុជា​ ហើយ​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​កម្ពុជា។​

«តែខ្ញុំ​នឹង​បញ្ជាក់​បន្ថែម​ថា ​ការដាក់​សម្ពាធ​ថ្មីៗ​ដោយ​សហភាព​អឺរ៉ុប ​ស.រ.អា. និង អ្នក​បញ្ជា​ទិញ​សំខាន់ៗ​ រួម​នឹង​សហជីព​ផង​នោះ​គឺជាអ្វី​ដែល​មិន​ធ្លាប់​កើតមាន​ ពី​មុន​ទេ។​ វាជា​រឿង​ដ៏​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ក្រោយ​សម័យ​អ៊ុនតាក់​ដែល​គេ​ឃើញ​ថា ​មាន​ប្រតិកម្ម​យ៉ាង​មុតស្រួច​ពី​សហគមន៍​អន្តរជាតិ ​ដែល​តម្រង់​ទិស​ដៅ​លើ​ជំនួយ​និង​ការ​វិនិយោគ​នោះ។​ ប្រតិកម្មនេះ​ទំនង​ជា​បង្ហាញ​ថា​ សហគមន៍​អន្តរជាតិ​គាំទ្រ​ជា​ចំហ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​មិនមែន​ជា​រឿង​ចាំបាច់​ លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​តែ​ប៉ុណ្ណោះ​ទេ​ នៅពេល​ធ្វើកិច្ច​សហប្រតិ បត្តិការ​ផ្នែកការទូត​ក្នុង​ប្រទេស​កម្ពុជា​នោះ»។​

ក្រុមមន្ត្រី​សហជីព​ខ្លះ​បាន​រំឭកឲ្យ​ដឹង​ដែរ​ថា​ ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​គម្រូ​ ចំពោះ​លក្ខខណ្ឌ​ការងារ ​និង​សិទ្ធិ​សេរីភាព​កម្មករ​ជាច្រើន​ឆ្នាំដែរ​ ​ដែល​មិន​គួរ​ បណ្តោយ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ដូច្នេះទេ។​ វិស័យ​កាត់ដេរ​សម្លៀក​ បំពាក់​ជា​ជន្ទល់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​វិស័យ​ទាំង​បួន​ដែល​មាន​កម្រិត​នាំ​ចេញ​ដល់​ទៅ​ចំនួន​ជិត​៥.០០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ទី​ផ្សារ​ដ៏​ធំនោះ​គឺ​ប្រទេស​អាមេរិក​ និង​សហភាព​អឺរ៉ុប៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

4 Responses to "អំពើ​ហិង្សា​លើ​កម្មករ​ត្រូវ​ថ្កោលទោស​ច្រើនឡើង​ពី​សហជីព​ជាតិ​ និង​អន្តរជាតិ"

  1. កម្មករ កសិករ says:

    សមត្ថកិច្ច ដែលប្រើកំលាំងហួសហេតុ បាញ់សម្លាប់ កម្មករ កម្មការីនី ដែលគ្មានអាវុធ ធ្វើអោយស្លាប់

    និង របួសធ្ងន់ ត្រូវចាប់យកមក កាត់ទោស ដើម្បី ពង្រឹង ច្បាប់និតិរដ្ឋ នៅកម្ពុជា !

    ( ប្រទេសកម្ពុជា មិនមែនជា ប្រទេស ព្រៃផ្សៃ នៅលើពិភពលោក ទេ ! )

  2. CHEA says:

    How can we take that evil come to face the law . HUN SEN who control every thing in this country. he the one that committed genocide in CAMBODIA starting from 1975 until now. he killed a lot of CAMBODIAN people in the sage of his boos VEITNAME communist HOCHIMIN . as we all use to hear the word ANKA TNAKLEIR just few week ago I heart that word again. to me it is the same killer during POL POT regime. HUN SEN must go or HUN SEN must die that is the word all CAMBODIAN want to hear. so that CAMBODIAN can take back their country from HUN SEN boos. peace to all CAMBODIAN

  3. dxo says:

    បើអ្នកបញ្ជាទិញនិយាយថាប្រាក់ឈ្នួលកម្មករអាចដំឡើងខ្ពស់ជាងហ្នឹងបានទៀតអីច្ចឹង
    រដ្ខាភិបាលត្រូវតែជំរុញសមាគមរោងចក្រកាត់ដេរឲ្យពួកគាត់តំឡើងប្រាក់មូលដ្ឋានបន្ថែម
    ទៀតពីព្រោះអ្នកបញ្ជាទិញទំនិញគេដឹងច្បាស់ថាពួកថៅកែអស់ហ្នឹងនៅចំណេញច្រើនណាស់
    ឬមួយក៏មានមន្រ្តីរដ្ឋាភិបាលទទួលបានកំរៃពីការចំណេញនេះដែរបានជាចេះតែហាមឃាត់
    មិនឲ្យគេទាមទារឡើងប្រាក់ខែ?ព្រោះខ្លាចបាត់ចំណែករបស់ខ្លួន?ប្រហែលជាអីច្ចឹងហើយ
    បានជាខិតខំវាយដំច្រំធាក់កម្មករខ្លាំងយ៉ាងនេះ។
    នៅមានរឿងមួយទៀតគឺថាបើកម្មករខ្មែរយើងឡើងប្រាក់ឈ្នួលខ្ពស់ជាងកម្មករវៀតណាម
    ឬឡាវនឹងធ្វើឲ្យកម្មករប្រទេសទាំងពីរនេះច្បាស់ជាមិនសុខចិត្តទេពួកគេនឹងក្រោកឡើងបាតុកម្ម
    ទាមទារសុំឡើងប្រាក់ឈ្នួលតាមកម្មករខ្មែរដែរជាមិនខានដូច្នេះរដ្ឋាភិបាលប្រទេសទាំងពីរនេះ
    ជាពិសេសវៀតណាមពិតជាដាក់សម្ពាធមកលើរដ្ឋាភិបាលខ្មែរក្នុងរឿងប្រាក់ខែកម្មករជា
    មិនខានឬមួយបានដាក់សម្ពាធរួចហើយក៏មិនដឹង?។

  4. ការវិភាគ របស់លោក អ្នកដូចខាងលើ ធ្វើឲ្យនយោបាយអតីតពួកខ្មែរក្រហម កុម្មុយនិស្ត កាន់តែ

    ទាល់ប្រាជ្ញ ចាល់ផ្លូវ។ សូមអរគុណលោក។