ព្រៃ​ឈើ​ប្រមាណ​៣០​ហិកតារ​ថ្មី​ទៀត​ត្រូវ​គេ​កាប់​រាន​នៅ​រតនគិរី

ព្រៃឈើ​នៅ​សេសសល់​ពី​សកម្មភាព​កាប់​រាន​យក​ដី​នៅ​តំបន់​ភ្នំ​គន្ធី ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា កំពុង​ត្រូវ​បាន​គេ​ជួល​កម្មករ​កាប់​រាន​បន្ត​ទៀត ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ ឬ​លក់។ ក្រុម​សហគមន៍​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ព្រៃ​ខុស​ច្បាប់​នេះ។

ដោយ រដ្ឋា វិសាល
2014-01-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កាប់​ឈើ រតនគិរី ៦១០
ព្រៃ​ឈើ​នៅ​តំបន់​អូរស៊ិនលៃរ៍ នៅ​ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៣។ Adhoc Photo

ព្រៃ​ឈើ​ប្រមាណ ៣០​ហិកតារ​ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រំលំ​រួច​ហើយ​នៅ​តំបន់​ភ្នំ​គន្ធី ក្នុង​ឃុំ​ប៉ាតាង ស្រុក​លំផាត់។

កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​សហគមន៍​ភូមិ​ប៉ាតាង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​នោះ បាន​រាយការណ៍​ថា ដើម​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ដែល​នៅ​សេសសល់​ពី​ការ​កាប់​រាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ត្រូវ​បាន​កម្មករ​ស៊ី​ឈ្នួល​កាប់​រំលំ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

តំណាង​សហគមន៍ លោក ហ្សុន លិក ចោទ​ប្រកាន់​ទៅ​លើ​មេ​ភូមិ មេ​ឃុំ និង​ស្មៀន​ឃុំ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ​ដើម្បី​រាន​យក​ដី​លក់។ លោក​អះអាង​ថា កំពុង​​រក​កិច្ច​អន្តរាគមន៍​ទប់​ស្កាត់​ករណី​នេះ ពីព្រោះ​សហគមន៍​មិន​មាន​ជំនឿ​លើ​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​ក្នុង​ការ​ទប់​ស្កាត់​ករណី​នេះ​បាន​ទេ៖ «ខ្ញុំ​ប្រមូល​សហគមន៍​ខ្ញុំ​ទៅ​ទប់ស្កាត់ គ្រាន់តែ​ផ្អាក​មួយ​រយៈៗ ហើយ​គេ​ធ្វើ​ទៀត។ អ្នក​កាប់​ជា​អាជ្ញាធរ​ជួល​គេ​កាប់​ហ្នឹង​ហើយ​លក់​បន្តៗ អ៊ីចឹង​លក់​ឯកជន។ ខាង​ឃុំ​មាន​ឃាត់​ឯ​ណា បើ​ឃុំ​អ្នក​ធ្វើ​បាន​អ្នក​ណា​ឃាត់​ទៀត?»

មួយ​ភាគ​ធំ​នៃ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធី បាន​ក្លាយ​ជា​ដី​វាល​ក្រាល​ដោយ​គំនរ​ឈើ​ដែល​កាប់​រំលំ​​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។ ភ្នំ​គន្ធី ឋិត​ក្នុង​ទឹក​ដី​ឃុំ​ប៉ាតាង ស្រុក​លំផាត់ មាន​ទំហំ​ដី​ប្រមាណ​ជាង ១០០​ហិកតារ ជា​តំបន់​ព្រៃ​ឈើ​សហគមន៍​អភិរក្ស​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ។

កាល​ពី​ខែ​សីហា កន្លង​ទៅ ព្រៃ​ឈើ​នៅ​ភ្នំ​គន្ធី រង​ការ​កាប់​រាន​អស់​ប្រមាណ ២០​ហិកតារ​បន្ថែម​លើ​សកម្មភាព​កាប់​រាន​យក​ដី​អស់​ជាង ២០​ហិកតារ ដោយ​អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក ថោ សារ៉ន កាល​ពី​ឆ្នាំ​២០១០។ ប្រជា​សហគមន៍​អ្នក​អភិរក្ស​តំបន់​ព្រៃ​ឈើ​នោះ​ប្រតិកម្ម​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ទប់​ស្កាត់​ពី​សកម្មភាព​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ទាំង​អស់​នោះ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា មិន​អាច​ទាក់ទង​មេ​ភូមិ មេ​ឃុំ​ប៉ាតាង សុំ​បំភ្លឺ​សេចក្ដី​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​ស្មៀន​ឃុំ លោក ថោង គឹមឈុន មាន​ប្រសាសន៍​បដិសេធ​ថា ពាក្យ​ចោទ​របស់​សហគមន៍​គឺ​ជា​ការ​មិន​ពិត។

លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ដែល​មាន​ក្បាល​ដី​ជាប់​នឹង​ព្រៃ​នៅ​តំបន់​នោះ បាន​កាប់​ឆ្ការ​ព្រៃ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ៖ «ធ្វើ​តាម​គាត់ អ៊ីចឹង​តិច​ទៀត​ចាប់​ទាំង​គាត់​ដែរ ព្រោះ​ពួកគាត់​ក៏​ដី​ព្រៃ​នៅ​សល់​បន្តិចបន្តួច​ដែរ ហើយ​បើ​យើង​មិន​អនុគ្រោះ​ទេ ម៉ោង​នេះ​យើង​អភិវឌ្ឍន៍​ហើយ។ គាត់​ថា កាប់​ភ្នំៗ​ហ្នឹង​វា​ធ្ងន់ធ្ងរ»

ទាក់ទិន​សេចក្ដី​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន អះអាង​ថា លោក​មិន​ជឿ​ថា មន្ត្រី​មូលដ្ឋាន​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​មាន​ភស្តុតាង​ថា មន្ត្រី​មូលដ្ឋាន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នោះ​មែន លោក​នឹង​រៀបចំ​ពាក្យ​ប្ដឹង​មន្ត្រី​នោះ​តាម​ផ្លូវ​តុលាការ៖ «បើ​សិន​ជា​អ្នក​ហ្នឹង​ជា​អាជ្ញាធរ​ហើយ​កាន់​ច្បាប់​គេ​អនុវត្ត​របៀប​ហ្នឹង ខ្ញុំ​ត្រូវ​តែ​ប្ដឹង​ចូល​តុលាការ»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​លោក​ចុះ​អង្កេត​ករណី​នេះ។ លោក​បន្ត​ថា កន្លង​ទៅ​សកម្មភាព​កាប់​ព្រៃ​រាន​យក​ដី​នៅ​តំបន់​នោះ មន្ត្រី​ជំនាញ​បាន​ដក​ហូត​មួយ​ចំនួន​វិញ​ហើយ ប៉ុន្តែ​មិន​ឃើញ​ជន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ណា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រឿង​នេះ​ឡើយ។

លោក ឆាយ ធី៖ «សេចក្ដី​រាយការណ៍​របស់​សហគមន៍​ថា កាប់​រយៈពេល​កន្លង​មក​គឺ​ប្រហែល​ជា ៥០​ហិកតារ​ហើយ។ សមាគម​អាដហុក គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​កសាង​សំណុំ​រឿង​ហ្នឹង​បញ្ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ»

ទោះ​ជា​យ៉ាង​នេះ​ក្តី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន ថ្លែង​ថា សហគមន៍​ត្រូវ​ផ្ដល់​របាយការណ៍​បន្ទាន់​មក​ស្ថាប័ន​លោក​ដើម្បី​ចុះ​ពិនិត្យ​សេចក្ដី​រាយការណ៍​ពី​បទល្មើស​ព្រៃ​ឈើ​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ព្រៃ​ឈើ​ប្រមាណ​៣០​ហិកតារ​ថ្មី​ទៀត​ត្រូវ​គេ​កាប់​រាន​នៅ​រតនគិរី"

  1. CHEA says:

    did you see that Mr HUN SEN this is your stupid policy. are you happy to heir that international community said you are the strong man of CAMBODIA. you are crazy they just teasing you. they knew you are the stupid government in the world. one day they will go and squishing you out of that small hole. peace to all CAMBODIAN

  2. Khmer love Khmer says:

    i support you CHEA