ពាណិជ្ជកម្មនិងការវិនិយោគរបស់ថៃ នៅប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំងពេលបច្ចុប្បន្ន។ ភាគច្រើនអាជីវកម្មរបស់ពាណិជ្ជករថៃ គឺនៅលើគ្រឿងសំអាង ការកែរក្សាសម្ផស្ស សម្ភារៈផ្ទះបាយ និងចំណីអាហារ។ ប៉ុន្តែអ្នកវិនិយោគិននិងពាណិជ្ជករថៃ បានអះអាងថា ឧបសគ្គចម្បងចំពោះការរកស៊ីរបស់គេនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺការរឹតបន្តឹងពន្ធគយនិងការធ្វើបាតុកម្ម។
ដោយ អាន ស៊ីថាវ
2014-01-29
RFA

២៩-មករា-២០១៤៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ថាត់ឆះយ៉ុត ផាក់ឌី (Touchayoot Pakdi) RFA/An Sithav
ពាណិជ្ជករថៃ បានអះអាងនៅថ្ងៃទី២៩ មករា ថា ចាប់តាំងពីប្រទេសកម្ពុជា បានបើកចំហសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់គេបានកើនឡើងគួរឲ្យកត់សម្គាល់នៅប្រទេសកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិនេះ បានបង្កើតការងារ ចំណូលពន្ធគយ និងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនខ្ពស់រៀងរាល់ឆ្នាំ។
អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា អ្នកស្រី ជីវ៉ាណាន់ វង់មង្គល (Jiranan Wongmonkol) មានប្រសាសន៍នៅថ្ងៃទី២៩ មករា ថា ទោះបីជាប្រទេសទាំងពីរបានរងឥទ្ធិពលពីវិបត្តិនយោបាយ ប៉ុន្តែទំហំពាណិជ្ជកម្មដែលប្រទេសថៃ នាំចូលមកកម្ពុជា បានកើនឡើង សមាមាត្រនឹងទឹកប្រាក់ចំនួនជាង ៤ពាន់លានដុល្លារអាមេរិកប្រចាំឆ្នាំ២០១៣។
អ្នកស្រីបញ្ជាក់ថា ប្រទេសទំនិញដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនគឺជាប្រភេទកសិផល ប៉ុន្តែប្រទេសថៃ នាំចូលមកកម្ពុជាវិញ គឺជាផលិតផលគ្រឿងសំអាង ការថែរក្សាសម្ផស្ស និងចំណីអាហារ៖ «ប្រទេសនីមួយៗ តែងតែមានបញ្ហាខាងវិបត្តិនយោបាយដូចគ្នា ប៉ុន្តែខ្ញុំយល់ថា ទំនាក់ទំនងខាងពាណិជ្ជកម្មនេះធ្វើដោយធម្មតា អត់មានពាក់ព័ន្ធខាងនយោបាយទេ»។
បន្ថែមលើនេះ ប្រទេសទាំងពីរតែងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគតាមរយៈ ការតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្មទំនិញដែលធ្វើឡើងរៀងរាល់ឆ្នាំដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ទោះបីជាទំហំពាណិជ្ជកម្មរវាងថៃនិងកម្ពុជា បានកើនឡើង ប៉ុន្តែពាណិជ្ជករថៃ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា បានអះអាងថា បានរងផលប៉ះពាល់ពីកំណែទម្រង់មូលដ្ឋានសេដ្ឋកិច្ច និងភាពជាប់គាំងនយោបាយ ដែលមិនអាចរកដំណោះស្រាយនាពេលបច្ចុប្បន្ន។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ថាត់ឆះយ៉ុត ផាក់ឌី (Touchayoot Pakdi) មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ពាណិជ្ជករ និងអ្នកវិនិយោគថៃនៅកម្ពុជា គឺបញ្ហាការរឹតបន្តឹងពន្ធគយដែល ក្រសួងសេដ្ឋកិច្ចនិងក្រសួងពាណិជ្ជកម្ម បានប្រការធ្វើកំណែទម្រង់ស្ថាប័នរបស់ខ្លួន។ ម៉្យាងវិញទៀត ការធ្វើបាតុកម្មកន្លងមកក៏បានក្លាយជាបញ្ហារបស់អ្នកវិនិយោគថៃ នៅកម្ពុជា ខ្វះធនធានមនុស្សដែលមិនអាចផ្គត់ផ្គង់ទំនិញទាន់តាមតម្រូវការរបស់អតិថិជនជាដើម។
លោក ថាត់ឆះយ៉ុត ផាក់ឌី៖ «អ្នកធុរកិច្ចថៃ ដែលមករកស៊ីនៅកម្ពុជា បច្ចុប្បន្ន ជួបប្រទះបញ្ហាពន្ធ។ ហើយរឿងទីពីរ គឺបញ្ហាកម្លាំងពលកម្ម ដោយសារតែកម្ពុជា មានបញ្ហារឿងបាតុកម្ម គឺធ្វើឲ្យអ្នកផលិតពិបាកក្នុងការរកកម្មករដើម្បីផលិតទំនិញឲ្យទាន់នឹងអ្នកកុម្ម៉ង់ទិញ ដែលបានកំណត់»។
បន្ថែមលើនេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានពន្យល់ថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល គឺជាការទឹកចិត្តគាំទ្រដល់អ្នកវិនិយោគនិងពាណិជ្ជកម្មកាន់តែច្រើនរវាងប្រទេសកម្ពុជា។ លោកបញ្ជាក់ទៀតថា ការចាប់ដៃគូរពាណិជ្ជកម្ម ឬការវិនិយោគរវាងប្រទេសជិតខាងគឺប្រសើរជាងធ្វើពាណិជ្ជកម្មនៅទីឆ្ងាយ។
ទោះជាយ៉ាងណាក៏ដោយវិស័យឯកជននិងអ្នកវិនិយោគបរទេសដែលប្រកបអាជីវកម្មត្រឹមត្រូវនៅកម្ពុជាវិញ បានរិះគន់ថា បញ្ហាចម្បងដែលរាំងស្ទះដល់ការធ្វើអាជីវកម្មនិងវិនិយោគរបស់ពួកគេ រួមមានអំពើពុករលួយ និងរបបការិយាធិបតេយ្យគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- អ្នកវិនិយោគ៖ នយោបាយជាប់គាំងរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
- ទំនាក់ទំនងនិងការវិនិយោគរបស់វៀតណាមនៅកម្ពុជា
- អន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់ខាងអសន្តិសុខនិងគ្មានសុវត្ថិភាពស្បៀង
- មូលហេតុធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់រៀលថ្មីបន្ថែម
- វិស័យឯកជនប្រតិកម្មចំពោះភាពជាប់គាំងនយោបាយ
- អ្នកវិនិយោគបរទេសព្រមានដកខ្លួនចេញពីកម្ពុជា
- វិស័យរោងចក្រកាត់ដេរមិនដំណើរការ១ថ្ងៃអាចបាត់ចំណូលប្រមាណ១៧លានដុល្លារ
- ម្ចាស់រថយន្តដឹកស្រូវទៅលក់នៅវៀតណាមនៅតែបន្តស្វែងរកយុត្តិធម៌
Too bad mother fucker…..stop your conspiracy corrupted !!!….fuck you Thailand??!