អ្នកឃ្លាំមើល៖ រដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយបញ្ហាសិទ្ធិតាមអនុសាសន៍របស់ UN​

ដោយ៖​ តាំង វីដា​
ថ្ងៃព្រហស្បតិ៍ ទី30 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ទិដ្ឋភាពកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយដើម្បីធ្វើការបំបែកជាប្រមូលផ្តុំ ឬបាតុកម្មនានានៅរាជធានីភ្នំពេញ (រូបភាពដោយ សាមាន)

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​ការប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ហួសហេតុ ការ​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ និង​ភាព​មិន​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ ជា​បញ្ហា​ចម្បង​ក្នុង​បច្ចុប្បន្នភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ បន្ទាប់ពី​ត្រូវ​បាន​លើកឡើង​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ជា​សាកល​ តាម​ពេលវេលា​កំណត់ (UPR)​។​

កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា ​ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក បានសម្រេច​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ១៣៨​ចំណុច ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមមាន​បញ្ហា​ការប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ហួសហេតុ ការ​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ និង​ភាព​មិន​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​ជាដើម​។​

​អ្នកគ្រប់គ្រង​បច្ចេកទេស ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស រួម​មាន​ការប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​លើ​បាតុករ ការ​ហាមប្រាម​ការប្រមូលផ្តុំ បញ្ចេញមតិ ការ​មិន​អាច​ទទួលបាន​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​យុត្តិធម៌ និង​បញ្ហា​ដីធ្លី គឺ​សុទ្ធ​ជា​ចំណុចរសើប ដែល​កិច្ច​ពិភាក្សា​នៃ UPR បានលើកឡើង ហើយ​រាជរដ្ឋាភិបាល គួរ​ចាត់វិធានការ​បន្ទាន់​។ លោក​ថា បើ​រាជរដ្ឋាភិបាល នៅតែ​មិន​មាន​ការកែប្រែ ឬ​ឆ្លើយតប​ជា​វិជ្ជមាន​នោះ ស្ថានភាព​ប្រទេស​កម្ពុជា នឹង​កាន់តែ​ដុនដាប​នៅលើ​ឆាក​អន្តរជាតិ ដោយសារ​តែ​អនុសាសន៍​កាន់តែ​កើនឡើង​ «​ប្រទេស​កម្ពុជា​យើង ឥឡូវ​យើង​កំពុងតែ​ជួប​វិបត្តិ អញ្ចឹង​ហើយ​បើ​យើង​មិន​កែ​ទេ ស្ថានភាព​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ សម្រាប់​យើង យើង​ចង់បាន​ប្រទេស​យើង​ឲ្យ​ជាប្រទេស​ប្រកាន់​លទ្ធិប្រជាធិប្បតេយ្យ សេរី​ពហុបក្ស ពិតប្រាកដ ក៏​មិន​ចង់​មាន​តែ​ក្នុង​រដ្ឋធម្មនុញ្ញ​ឬក៏​នៅលើ​ក្រដាស​នោះទេ​»​។​

នាយិកា​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ចក់ សុភាព យល់ថា ទង្វើ​ខុសឆ្គង​របស់​រាជរដ្ឋាភិបាល ដែល​កើតឡើង​ថ្មី​នេះ រួមមាន ការបង្ក្រាប​ដោយ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច មិន​មាន​អត្តសញ្ញាណ និង​ជំនាញ​ច្បាស់លាស់ ការឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​បំបាក់​ការតស៊ូ​របស់​ពលរដ្ឋ ក៏​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល គប្បី​ឆ្លើយតប​ជា​បន្ទាន់​ផង​ដែរ​ «​ជា​ពិសេស​ការចាប់ខ្លួន​របស់​បាតុករ ក្នុងនោះ​មាន​សកម្មជន​សិទ្ធិ​មនុស្ស​ផង​ដែរ​នោះ ហើយ​មាន​ការដាក់​និទណ្ឌភាព ការផ្តោត​ទៅលើ​សកម្មជន​សិទ្ធិ​មនុស្ស​ឬ​មួយ​ក៏​ពលរដ្ឋ នៅពេល​ដែល​គាត់​ចេញ​តវ៉ា គឺ​នៅតែ​ជា​បញ្ហា​»​។​

VOD មិនអាច​សុំ​ការឆ្លើយតប​ពី​ប្រធាន​គណៈ​កម្មាសិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង បានទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​លើក​។ សម្រាប់​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ដំណើរការ​វាយ​តម្លៃ​នេះ ជា​កិច្ចការងារ​អន្តររដ្ឋាភិបាល និង​ការចែករំលែក​បទពិសោធ​ន៍ ដើម្បី​បង្កើន​គុណភាព​ដល់​ការគោរព​សិទ្ធិមនុស្ស ក្នុងន័យនេះ ភាគី​នីមួយៗ​មាន​ឋានៈ​ស្មើគ្នា​។ លោក​ចាត់​ទុក ការកើនឡើង​នៃ​ចំនួន​អនុសាសន៍ មិនមែន​ជា​រឿង​អវិជ្ជមាន​ឡើយ ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ចាស់ទុំ និង​តម្រូវការ​សង្គម ឆ្លើយតប​នឹង​ស្ថានភាព​រីកចម្រើន​នាពេល​បច្ចុប្បន្ន​ «​ការជួបជុំ​គ្នា​នេះ គឺ​គ្មាន​អ្នកណា​ជា​នគរបាល គ្មាន​អ្នកណា​ជា​ចៅក្រម ក្នុង​ការវិនិច្ឆ័យ​ទៅលើ​តួ​នៃ​រដ្ឋាភិបាល​ណាមួយ​។ ថ្វី​ត្បិត​អង្គការសហប្រជាជាតិ ជា​អង្គការ​អន្តរ​រដ្ឋភិបាល ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ភាព​ជា​ដៃគូ​តែប៉ុណ្ណោះ ហើយ​អ្វី​ដែល​ជា​ការលើកឡើង ជា​ការសិក្សា ជាការ​សំនូមពរ របស់គេ អាច​ចែក​ទៅដល់​លទ្ធភាព​ដទៃទៀត តើ​យើង​អាចបំពេញ​ពីអ្វី​ដែល​ជា​កាតព្វកិច្ចរ​បស់​យើង ដែល​យើង​បាន​សច្ចា​ថា យើង​បាន​ចូលរួម​ទៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។​

​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ ហើយ​ត្រូវបាន​វាយតម្លៃ​ជា​ថ្មី កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤​នេះ ដោយ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​។ ការវាយតម្លៃ​ជាថ្មី​នេះ ត្រូវបាន​ក្រុម​ការងារ​អង្គ​សហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក បន្ថែម​អនុសាសន៍​ថ្មី​លើ​អនុសាសន៍​ចាស់​ចំនួន ៤៧​ទៀត ដែល​សរុប​មាន​ចំនួន ១៣៨​ចំណុច​៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ ​vida@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នកឃ្លាំមើល៖ រដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយបញ្ហាសិទ្ធិតាមអនុសាសន៍របស់ UN​"

  1. ម៉ែនសូក says:

    កាលទៅរៀន ទៅហត្ថលុតដំខ្លួនជាមួយពូ សៅ សុខា មេប៉េអឹមកងអាវុធហត្ថ
    ធ្លាប់ស្បថសច្ចាថា មករៀនមកហត្ថដើម្បីជួយជាតិ ជួយប្រជាជនឱ្យផុតទុក្ខលំបាក
    ដល់ពេលរៀនចប់ ក្បត់គ្រូបាអាចារ្យ មកធ្វើសត្វឆ្កែស្លៀកពាក់ឯកសណ្ឋានប៉េអឹម
    កងអាវុធហត្ថ ប៉ូលិសឆ្កួតជ្រូក ក្បត់ពាក្យសំបថខ្លួន ដេញវាយប្រជាជន លោកសង្ឃ
    លែងស្គាល់ខុសត្រូវ ស្ដាប់តេជោទមិឡ បង្អៅតាមចិត្ត ក្បត់ម៉ែក្បត់ឪ ក្បត់ដូនតា មីងមា
    បងប្អូន អុំក្មួយ សាច់សាលោហិត ដែលធ្លាប់តែអួតប្រាប់ថា មកធ្វើប៉ូលិស មកធ្វើកងអាវុធហត្ថ
    ដើម្បីជួយជាតិមាតុភូមិ និងប្រជាជនទន់ជ្រាយ ឥឡូវក្បត់ទាំងឯកសណ្ឋាន ដែលខ្លួន
    ស្លៀកពាក់ឱ្យប្រជាជនគោរព ជាប៉េអឹម ជាប៉ូលិស ជាកងទ័ពថែមទៀត មកដេញវាយ
    ដេញបាញ់ប្រជាជនទន់ជ្រាយ លោកសង្ឃ អ្នកកាសែត នៅឈរបាតុកម្មអហិង្សាស្ងៀមៗ
    មិនហ៊ានតបតនិងខ្លួនដែលមានឯកសណ្ឋានជាប៉េអឹម ប៉ូលិស កងទព័ ទៅវិញ
    ថោកទាបណាស់ៗ អាងតែប្រជាជនគោរពឯកសណ្ឋានខ្លួន ខំវាយសំពងគាត់តាមចិត្ត
    មិនជឿអត់ឯកសណ្ឋាន ប៉េអឹម ប៉ូលិស កងទ័ព សាកមើល បើមិនប្រជាជនវាយទ្រោមខ្លួន
    ដូចអាមួយទៅបន្លំខ្លួនកាលគ្រូៗបង្រៀនធ្វើបាតុកម្មកាលលើកមុនចឹង
    វាយអ្ហែងស្រាតខោស្រាតអាវទ្រោមខ្លួនតែឥឡូវហ្នឹង !!!
    ខ្ញុំរិះគន់នេះតែពួកប៉ូលិស ប៉េអឹមកងអាវុធហត្ថ កងទព័ ធ្វើខុសច្បាប់នៅក្នុងក្រុងទេ !
    ចំពោះកងទ័ព អស់លោកអ្នកមានគុណ នៅការពារព្រំដែនវាយខ្មាំងសត្រូវ ដេកហាលភ្លៀង
    ហាលមូស មិនបានធ្វើខុស ខ្ញុំសូមគោរពអស់ពីឌួងចិត្ត និងសូមជូនពរអស់លោកអ្នក
    មានសុខភាពល្អគ្រប់ៗគ្នា មានជ័យជំនះលើអស់ខ្មាំងសត្រូវឈ្លានពានគ្រប់ពេលវេលា !

  2. Anonymous says:

    Look at the BULL DOGs in uniform ( Chker Beze). It does not know anything, except biting and barking on the order of his boss. They are brave with honest Cambodia with empty hand.