​ម​ន្រី្ត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមគ្រួសារ នឹង​ចុះ​ជួប​អ្នក​ឃុំ​ខ្លួន​ទាំង​២៣​នាក់​នៅ​ខែ​កុម្ភៈ​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃព្រហស្បតិ៍ ទី30 ខែមករា ឆ្នាំ2014
http://vodhotnews.com

ពន្ធនាគារត្រពាំងផ្លុង ដែលជាកន្លែងឃុំខ្លួនមនុស្សទាំង២៣ (រូបភាពដោយ ញឹម សុខន)

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​នាំ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ ទៅសួរសុខទុក្ខ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក ​វ​ន់ ពៅ និង​អ្នក​ជាប់​ឃុំ ២២​នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ត្រពាំងផ្លុង​នៅ​ថ្ងៃ​ទី៤ ​ខែកុម្ភៈ​ខាង​មុខ​នេះ​។​

​សាលា​ដំបូង​បាន​បដិសេធ​សំណើ​របស់​លោក​ យឹម សុវណ្ណ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ហើយ ​ប៉ុន្តែនៅ​ដើម​សប្ដាហ៍​នេះ បេក្ខជន​ជាប់ឆ្នោត​មណ្ឌល​ភ្នំពេញ នៃ​គណបក្ស​នេះ លោក សុន ឆ័យ បាន​ដាក់​លិខិត​មួយទៀត ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ ​កេង ដើម្បី​សុំ​សុំ​ចូល​ជួប​អ្នក​ជាប់​ឃុំ ២៣​នាក់ នៅ​ត្រពាំងផ្លុង​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ។​
​លោក សុន ឆ័យ ប្រាប់VODថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​២០​រូប នឹង​ដឹកនាំ​ក្រុមគ្រួសារ​អ្នក​ជាប់​មួយចំនួន ចុះ​ជួប​សួរសុខទុក្ខ អ្នក​ទាំង​២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន នៅ​ត្រពាំងផ្លុង​ខេត្ត​កំពង់ចាម ដើម្បី​ផ្តល់​ថ្នាំ​ព្យាបាល ស្បៀង និង​ថវិកា មួយចំនួន​ជូន​ពួកគាត់​។

​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង ​មិនអាច​ទាក់ទង​បានទេ​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ​លោក គុយ ប៊ុនសន មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​លើ​បញ្ហា​នេះ​ទេ តែ​លោក​ថា អ្នក​ដែល​អាច​ចូល​សួរសុខទុក្ខ​បាន មានតែ​សាច់ញាតិ​ក្រុមគ្រួសារ ឪពុកម្តាយ និង​កូន​តែប៉ុណ្ណោះ​។

​កាលពី​ថ្ងៃ​ទី២៤ ខែ​មករា លិខិត​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ អះអាងថា ការ​មិន​ឲ្យ​ជួបជន​ជាប់ឃុំ ឈ្មោះ វ​ន់ ពៅ ព្រោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​របស់​ស្ថាប័ន​តុលាការ ដូចនេះ​ក្រៅពី​គ្រួសារ និង​មេធាវី​របស់​ជន​ជាប់​ឃុំ​មិន​អាច​អនុញ្ញាតឲ្យ​ចូល​ជួប​ឡើយ​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​យល់ថា តាម​ច្បាប់​ប្រជាពលរដ្ឋ​ធម្មតា​អ្នក​ស្គាល់គ្នា អាច​ចូល​សួរសុខទុក្ខ អ្នក​ជាប់​ឃុំ​បាន ជា​ពិសេស​អ្នក​តំណាងរាស្ត្រ​។ លោកចាត់ទុកថា ការ​ហាម​មិន​ឲ្យ​អ្នក​ផ្សេង​ចូលជួប​សួរសុខទុក្ខ​នេះ​ ជា​រឿង​នយោបាយ​។

កន្លងទៅនេះ មហាអំណាច​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​អង្គការ​សង្គម​ស៊ីវិល​ជិត​២០០ បាន​បើក​យុទ្ធនាការ​ដង្ហែ​ដាក់​ញ្ញតិ​ទៅ​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំង​២៣​នាក់​ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ​៕​

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​ម​ន្រី្ត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមគ្រួសារ នឹង​ចុះ​ជួប​អ្នក​ឃុំ​ខ្លួន​ទាំង​២៣​នាក់​នៅ​ខែ​កុម្ភៈ​"