ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
តំណាងរាស្ត្រសហគមន៍អឺរ៉ុប សម្តែងការសោកស្តាយចំពោះកម្មវិធីអនុគ្រោះពន្ធនាំចូលផលិតផលស្ករសពីប្រទេសកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ខណៈដែលកម្មវិធីនេះ មិនបានផ្តល់អត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ហើយបែរជាបង្កផលប៉ះពាល់ទៅលើដីធ្លីរបស់ពួកគាត់ទៅវិញ។
នៅក្នុងសន្និសីទកាសែត អំពីយុទ្ធនាការលុបបំបាត់ស្ករប្រឡាក់ឈាម នៅព្រឹកថ្ងៃសុក្រនេះតំណាងរាស្ត្រសហគមន៍អឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន មានប្រសាសន៍ថា តាមរយៈការស៊ើបអង្កេតរបស់សហគមន៍អឺរ៉ុប បង្ហាញថា ក្រុមហ៊ុនកសិឧស្សាហកម្មមួយចំនួន នៅខេត្តកោះកុង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច សម្រាប់ដាំដើមអំពៅនោះ បានដាំដុសលើសកំណត់ព្រំដីដែលរដ្ឋាភិបាលផ្តល់ឲ្យ ហើយបានរំលោភយកដីធ្លីប្រជាសហគមន៍ដែលនៅក្នុងតំបន់នោះ។ លោកបន្តថា លោកមានការសោកស្តាយចំពោះលទ្ធផលនៃការស៊ើបអង្កេតនេះ ខណៈដែលរកឃើញថា ក្រុមហ៊ុនកសិឧស្សាហកម្ម ដែលបានទទួលផលប្រយោជន៍ ពីគោលនយោបាយពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប បានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តផ្ទុយគោលបំណងរបស់កម្មវិធីសហគមន៍អឺរ៉ុប។
លោក ប៉ាទ្រីក ទីរ៉ូឡែន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍នេះ ដោយលោកបានធ្វើទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ កន្លែងដែលមានការបណ្ដេញចេញដោយបង្ខំ ដោយក្រុមហ៊ុនស្ករអំពៅ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនលីយ៉ុងផាត់ តំណាងអង្គការសង្គមស៊ីវិល បេសកជនសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងសមាជិកគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោកមិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីរដ្ឋាភិបាលនោះទេ។
កាលពីចុងឆ្នាំ២០១២ សភាសហគមន៍អឺរ៉ុបបានអនុមត្តិសេចក្ដីសម្រេចមួយ អំពាវនាវឲ្យគណៈកម្មាធិការសហគមន៍អឺរ៉ុប ធ្វើការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលកាន់តែរីកធំឡើងៗ ដោយការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍កសិឧស្សាហកម្ម ដែលនាំទំនិញកសិកម្មទៅសហគមន៍អឺរ៉ុប៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ស្កប្រលាក់ឈាម ជាឈ្មោះសមណាស់នឹងក្រុមហ៊ុនជិះជាន់រាស្រ្ត របស់តំណាងរាស្រ្តសហមគន៍អឺរ៉ុបបានដាក់ឲ។
ជយោអុងយ៉ា លីយុងផាត!!!ជយោ!ជយោ!
Cambodian people asking European
please don’t buy any blood sugar
from Lee Yongpath company no more.
តំណាងរាស្ត្រសហគមន៍អឺរ៉ុប ពិតជាមានឧត្តមគតិខ្ពស់មែនទែន
បានចំណាយពេលវេលាដ៍មានតម្លៃ តាមដាននៃផលប៉ះពាល់
របស់ប្រជាជនកម្ពុជា ដែលទទួលរងភាពអយុត្តិធម៏ពីក្រុមហ៊ុន
មួយចំនួនដែលរំលោភយកដីប្រជាជន ។
រដ្ឋសភាអឺរ៉ុបនៅឆ្ងាយពីប្រទេសកម្ពុជា ប៉ុន្តែបែជាមើលឃើញច្បាស់លាស់
ពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា ជាងរដ្ឋសភាបក្សកាន់អំណាចសព្វថ្ងៃ
ដែលរស់នៅក្នុងស្រុក ក្នុងប្រទេសជាមួយប្រជាជនកម្ពុជាទៅវិញ
សុំសរសើរ សុំសរសើរ ដោយស្មោះ ចេញពីចិត្ត !