​ជនរងគ្រោះ​៧​នាក់ គ្រោង​បឹ្តង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ប្រើ​ហិង្សា​លើ​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

ទិដ្ឋភាព ដែលកម្លាំងសមត្ថកិច្ចបំបែកបាតុករស្នើសុំពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅមុខក្រសួងព័ត៌មាន (រូបភាព ឡាយ សាមាន)

​ពលរដ្ឋ​ចំនួន​៧​នាក់ ដែល​រងរបួស​នៅ​ក្នុង​ការបង្ក្រាប​ដោយ​ហិង្សា​នៅ​មុខ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គ្រោង​ដាក់​ពាក្យ​ប្តឹង​អភិបាលរង​សាលាខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ ពី​បទ​បង្ក​របួសស្នាម​។​

​អ្នករត់​ម៉ូតូឌុប លោក យឿន សុខ​នី ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ដោយសារ​ការវាយដំ​ដោយ លោក សុខ ពេញវុ​ធ បាន​ប្រាប់ ​VOD ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅពេលដែល​លោក​ឈប់​ម៉ូតូ​រងចាំ​ដឹក​ភ្ញៀវ ក្បែរ​ក្រសួង​ព័ត៌មាន ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ បាន​ដង្ហែ​ក្បួន និង​តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន​នោះ ស្រាប់តែ​លោក សុខ ពេញវុ​ធ និង​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ជា​ច្រើន​នាក់ បាន​បង្ក្រាប​ទៅលើ​ក្រុមបាតុករ​ទាំងនោះ និង​បាន​វាយ​លោក​ចំ​ខ្នង​៣​ដំបង ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​៣​កន្លែង និង​បែក​មុខ​មួយ​កន្លែង​ដេរ​៤​ថ្នេរ​។ លោក​បន្តថា លោក​រួម​នឹង​ជនរងគ្រោះ​៦​នាក់​ផ្សេង​ទៀត នឹង​ប្តឹង​លោក សុខ ពេញវុ​ធ លើ​ករណី​ការប្រើ​ហិង្សា​នេះ​។

​ជនរងគ្រោះ​មួយ​រូប​ទៀត ឈ្មោះ ហង្ស រី​ហ្គែ​ន ដែល​រង​ការបង្ក្រាប​ពី​អាជ្ញាធរ បណ្តាលឲ្យ​រង​របួស​ជើង និង​ពុល​គ្រាប់​បែកផ្សែង​ដែរនោះ បានឲ្យ​ដឹង​ដែរថា លោក​មាន​គម្រោង​ដាក់​ពាក្យបណ្តឹង​ប្តឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពី​បទ​ប្រើ​ហិង្សា​នោះ​ដែរ ប៉ុន្តែ​រូបលោក​មិនទាន់​អាច​បញ្ជាក់​ថា នឹង​ប្តឹង​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ ដោយ​លោក​រងចាំ​ការពិភាក្សា​តាម​ផ្លូវច្បាប់ ជាមួយ​ជនរងគ្រោះ​ផ្សេងទៀត និង​មេធាវី ជាមុនសិន ទើប​សម្រេច​តាម​ក្រោយ​។

VOD បាន​ព្យាយាម​ទាក់ទង​នឹង​ទៅ​លោក សុខ ពេញវុ​ធ អភិបាលរង​សាលាខណ្ឌ​ដូនពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ តែ​ទូរស័ព្ទ​របស់​លោក​ត្រូវបាន​ភរិយា​របស់​លោក​ទទួល និង​យក​ទៅ​ឲ្យ​លោក តែ​ត្រូវបាន​លោក​បដិសេធ​អត្ថាធិប្បាយ ដោយ​ឆ្លើយថា​លោក​ជា​អង្គរក្ស​ទៅវិញ​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រើ​កងកម្លាំង​សន្តិសុខ​វាយដំ​ លើ​ប្រជាពលរដ្ឋ​បែប​នេះ​ជា​ការខុសច្បាប់ ហើយ​ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើ​អំពើហិង្សា​នេះ​។

​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​៥០០​នាក់ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​ បាញ់​ទៅលើ​ក្រុម​បាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន​។ ការបង្ក្រាប​នោះ ធ្វើឡើង​នៅពេល​ដែល​ក្រុម​បាតុករ​ប្រមាណ ៣០០០​នាក់ ដែល​មាន​ការចូលរួម​ពី​លោក ​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ បាន​ហែ​ក្បួន​ចេញពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សម្បុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត​៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

One Response to "​ជនរងគ្រោះ​៧​នាក់ គ្រោង​បឹ្តង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ប្រើ​ហិង្សា​លើ​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន​"

  1. Rak says:

    តើអាជ្ញធរប្រៀបដូចជាឪពុកម្តាយ ឬ ជាចៅវាយនាយ ឬជាជនប្តាច់ការ ឬជាឃាតករ ? ប្រសិនបើមិនមែនជាឪពុកម្តាយទេ វាមិនខខុសអ្វីពីមនុស្សដែលចូលចិត្តប្រើច្បាប់ព្រៃនោះទេ ។
    បើដូច្នោះមែនតើចាំបាច់អីមានច្បាប់ធ្វើអ្វី បើច្បាប់សំរាប់ការពារតែពួកមានអំណាចដូចនេះ រីឯប្រជាជនចាំតែរងនូវអំពើដែលពួកអាជ្ញាធរបានធ្វើមកលើខ្លួន ។ ពួកអាជ្ញាធរធ្វើអ្វីក៏មិនដែលខុសដែរ តែបើប្រជាពលរដ្ឋេវិញចាំមើលពួកគាត់ធ្វើអោយមើល នេះឬយុត្តិធម៌ ???????????????????