​មន្ត្រី​សហរដ្ឋអាមេរិក​៖​ រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ប្រធាន​គណៈ​អភិបាល របស់​សហរដ្ឋអាមេរិក ច្រានចោល ការចោទប្រកាន់របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលថា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី ផ្សាយ​ព័ត៌មាន​ប្រឌិត ឬ​បំភ្លៃ​ព័ត៌មាន និង​អំពាវនាវ ឲ្យ​គោរព​តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

ប្រតិកម្ម​របស់​មន្ត្រី​អាមេរិក បាន​ធ្វើឡើង​បន្ទាប់​ពី​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​១០ រួមទាំង វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អាស៊ីសេរី ថាបាន​ផ្សាយ​លម្អៀង គាំទ្រ​គោលនយោបាយ​បក្សប្រឆាំង។​

​សេចក្តីថ្លែងការណ៍ របស់​គណៈ​អភិបាល​ការផ្សាយ (Broadcasting Board of Governors) របស់​សហរដ្ឋអាមេរិក លោក Jeffrey Shell ចេញផ្សាយ​ថ្ងៃ​ទី​៣០ ​ខែ​មករា ឆ្នាំ​២០១៤​បាន​បដិសេធ​ដាច់ខាត ​ចំពោះ​ការចោទប្រកាន់​ថា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA និង​វិទ្យុ​អាស៊ីសេរី ធ្វើការ​ប្រឌិត ឬបំភ្លៃ​ព័ត៌មាន ទាក់ទង​និង​របាយការណ៍​ដែល​ត្រូវ​ចេញ ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រីរ​បស់​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤។​

មន្ត្រីរូបនោះ ឲ្យដឹងទៀតថា ការអះអាង​របស់​ទីស្តីការ មិន​ផ្អែកលើ​ភស្តុតាង ថា​មាន​ការផ្សាយ​លម្អៀង​ទេ និង​បាន​ចាត់ទុក ការលើក​ឡើង​នោះ​ថា ជា​ការពង្រីក​និន្នាការ​នៃ​ការគំរាមកំហែង​ដ៏​គួរឲ្យ​បារម្ភ និង​ជា​ការប៉ុនប៉ង​ដើម្បី​បំភិតបំភ័យ​អ្នកយក​ព័ត៌មាន និង​យក​អ្នកសារព័ត៌មាន​ជា​មុខសញ្ញា និង​ជា​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​។

VOD ​មិនអាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទេ ដោយ​គ្មាន​អ្នក​លើក​ទូរ​ស័ព្ទ។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​ការពារ​ការលើក​ឡើងរបស់​រដ្ឋាភិ​បាល ដោយ​ចាត់ទុកថា ការ​លើកឡើង​នោះ​ក្នុង​គោលបំណង​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ នោះ បំពេញ​វិជ្ជាជីវៈ មិនមែន​ជា​រូបភាព​គំរាមកំហែង​ទេ។​

​លោក Jeffrey Shell កត់សម្គាល់ថា ការបង្ក្រាប​ចុងក្រោយ​បំផុត​ដោយ​ហិង្សា របស់​សមត្ថកិច្ច ទៅលើ​ក្រុម​បាតុករ ដោយ​រួមទាំង អ្នក​មិន​មែន​ជា​បាតុករ​ ដូចជា​អ្នកយក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នោះ ជា​សញ្ញា​ដ៏​គួរឲ្យ​បារម្ភ​ នៃ​ការកើនឡើង​ភាពតា​ន​តឹង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផលវិបាក​ពី​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​។​

​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ អះអាងថា មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​ប្រព័ន្វ​ផ្សព្វផ្សាយ​ណា ដែល ហ៊ាន​សរសេរ​រិះគន់​ពី​ភាពអវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ។ លោក​យល់ថា ព័ត៌មាន​ឯករាជ្យ បាន​ផ្តល់​ប្រយោជន៍​ច្រើន ដល់​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍន៍​ជាតិ ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Sean J. McIntosh  ក៏​ធ្លាប់បាន​ច្រាន​ចោល​ការចោទប្រកាន់ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះដែរ​។ លោក​បញ្ជាក់ថា វិទ្យុ VOA និង RFA  ដែល​អាមេរិក​ផ្តល់​លុយ​ឲ្យ​ដំណើរការ​នោះ គឺ​បំពេញ​បេសកកម្ម ពង្រីក​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ មិន​គាំទ្រ​គណបក្ស​ណាមួយ​ទេ​៕

អត្ថបទទាក់ទង ៖

គណៈរដ្ឋមន្ត្រី​៖​ វិទ្យុ​VOA និង ​RFA ជា​ឧបករណ៍​បម្រើ​គណបក្ស​សង្គ្រោះជាតិ​​

សូមសរសេរមកលោក​ ញឹម​ សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​មន្ត្រី​សហរដ្ឋអាមេរិក​៖​ រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​"

  1. ភូមិយើង says:

    Samdeth Hun Sen is number 10 in world , Long Live

  2. PNH says:

    cambodia people really need VOA , RFA, and Mam sonondo’s redio are fair , true information