ដោយ ជិន ជេដ្ឋា
2014-02-11
RFA

សកម្មភាពពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចុះឃាត់គ្រឿងចក្រឈូសឆាយដី នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៤។ RFA/Chin Chetha
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាំគ្នាឡោមព័ទ្ធគ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ រតនា វិសាល ដើម្បីឲ្យបញ្ឈប់ការឈូសឆាយប៉ះពាល់លើដីរបស់ពួកគាត់ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ តំណាងក្រុមហ៊ុន ព្រមានប្ដឹងប្រជាពលរដ្ឋចំនួន ៣នាក់ទៅតុលាការ ទាក់ទងទៅនឹងសកម្មភាពរារាំងគ្រឿងចក្រមិនឲ្យឈូសឆាយនេះ។
គ្រឿងចក្រចំនួន ៤គ្រឿងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ រតនា វិសាល ដែលកំពុងធ្វើសកម្មភាពឈូសឆាយនៅចំណុចត្រពាំងសំរែ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត បានបញ្ឈប់សកម្មភាពរបស់ខ្លួនភ្លាមៗ បន្ទាប់ពីអ្នកភូមិផ្ទុះកំហឹងជាមួយនឹងមេការគ្រឿងចក្រ និងតំណាងក្រុមហ៊ុននេះ។ ក្រុមប្រជាពលរដ្ឋទាមទារឲ្យផ្អាកសកម្មភាពឈូសឆាយជាបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយបញ្ចប់បញ្ហាជូនពលរដ្ឋចំនួន ៦៣គ្រួសារ ដែលអះអាងថា ខ្លួននៅមិនទាន់ក្រុមហ៊ុនដោះស្រាយឲ្យនៅឡើយ។
ប្រជាពលរដ្ឋម្នាក់ អ្នកស្រី រស់ សាំង មានប្រសាសន៍ថា អ្នកស្រីមានដីស្រែ និងចម្ការចំនួន ៥ហិកតារ នៅចំណុចត្រពាំងសំរែ នេះ ក៏ប៉ុន្តែបច្ចុប្បន្នគ្រឿងចក្ររបស់ក្រុមហ៊ុនបានឈូសឆាយវាតទីប៉ះចូលក្នុងដីរបស់អ្នកស្រីជាងបីហិកតារហើយ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនច្រើនជាងគេ គឺមកពីឃុំអន្លង់ត្នោត និងឃុំមួយចំនួនទៀត ដូចជាឃុំក្បាលត្រាច និងឃុំស្នាអន្សា ជាដើម៖ «ចង់បានដីវិញ រកតែខ្ញុំនិយាយមិនទាន់ ខ្ញុំអត់មានសំណូមពរអីទេ។ ខ្ញុំគ្រាន់តែចង់បានដីមកវិញទេ បើយករបស់ខ្ញុំអស់អ៊ីចឹង ចុះខ្ញុំបានអី។ ដាំស្វាយដាំអី កាប់ចម្ការធ្វើស្រែអីហ្នឹង ឥឡូវវាបាត់វាបែនអស់ហើយ»។
សកម្មភាពរារាំងគ្រឿងចក្រនេះកាន់តែមានភាពតានតឹងខ្លាំង បន្ទាប់ពីមេការក្រុមហ៊ុនបញ្ជាឲ្យគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយបន្ត ក៏ប៉ុន្តែត្រូវក្រុមប្រជាពលរដ្ឋហាមឃាត់ ហើយគំរាមថានឹងមានអំពើហិង្សាកើតឡើង ប្រសិនបើនៅតែជម្នះនោះ។ ក្រោយមក គ្រឿងចក្រត្រូវបានផ្អាក ហើយក្រុមប្រជាពលរដ្ឋងាកមកហាមឃាត់ និងបើកគោយន្តទៅឡោមព័ទ្ធរថយន្តធ្វើដំណើររបស់មេការក្រុមហ៊ុន លោក អួន ងួន ដោយទាមទារលោកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយនៅតំបន់នោះទៀត។
ឆ្លើយតបនឹងបញ្ហានេះ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ រតនា វិសាល លោក អួន ងួន មានប្រសាសន៍យ៉ាងខ្លីថា ខាងក្រុមហ៊ុននឹងមិនអាចបញ្ឈប់គ្រឿងចក្របណ្ដោះអាសន្នបានឡើយ ពីព្រោះបញ្ហាដីធ្លីនេះ ក្រុមហ៊ុនបានដោះដូរដី និងវាស់វែងជូនប្រជាពលរដ្ឋចប់សព្វគ្រប់ហើយ ក្រោយពីបទបញ្ហាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «គាត់នៅតែទាមទារយកដីព្រៃហ្នឹង ហើយមុខនៅតែដដែលៗហ្នឹង ខ្លះបានមួយប្លង់ ហើយមកទាមទារទៀតអ៊ីចឹង អត់ទេបាទ អ៊ីចឹងខ្ញុំធ្វើនេះ គឺខ្ញុំទុកឲ្យអស់ហើយអ្នកដែលមានប្លង់រឹង។ បើមានប្លង់រឹងទាំងអស់ ខ្ញុំទុកឲ្យ អ៊ីចឹងខ្ញុំពន្យារយូរមកហើយ តែនេះក្រុមហ៊ុនត្រូវការធ្វើហើយខែនេះ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងស្រុកក្រគរ លោក សុខ ឃន បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុន ត្រូវបានដោះស្រាយចប់អស់ហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែទាមទារដីបន្ថែមទៀត។ ទោះជាយ៉ាងណា លោកនឹងពិនិត្យដោះស្រាយបញ្ហានេះបន្តទៅទៀត៖ «ខ្ញុំសង្ឃឹមថាមានដំណោះស្រាយ ក៏ប៉ុន្ដែបើសិនជាពួកគាត់មកច្រើនប្រមូលផ្ដុំអ៊ីចេះ ធ្វើការអត់កើតទេ។ អ៊ីចឹង ទាមទារតំណាងរបស់ពួកគាត់មកនិយាយសិន នៅលើក្រដាសស្នាមដែលគាត់មាន ៦៣គ្រួសារនេះ»។
នៅថ្ងៃដដែលនេះដែរ ក្រុមប្រជាពលរដ្ឋបានបន្តការតវ៉ារបស់ខ្លួនទៅដល់មុខសាលាស្រុកក្រគរ ហើយបានរសាយទៅវិញនៅម៉ោងប្រហែលជា ២កន្លះ បន្ទាប់ពីអាជ្ញាធរស្រុកទទួលយកលិខិតភ្ជាប់ស្នាមមេដៃប្រជាពលរដ្ឋ ហើយសន្យាថានឹងពិភាក្សាដោះស្រាយបញ្ហានៅថ្ងៃទី១២ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិល៖ ក្រុមហ៊ុនទទួលបានដីសម្បទាននៅកោះកុងមិនគោរពច្បាប់កម្ពុជា
- ពលរដ្ឋបន្ទាយមានជ័យស្នើឲ្យអាជ្ញាធរពិចារណាគម្រោងដោះដូរដីឲ្យក្រុមហ៊ុន
- អន្តរជាតិជំរុញឲ្យធនាគារពិភពលោកដោះស្រាយវិបត្តិដីធ្លីនៅខេត្តរតនគិរី
- ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅខេត្តពោធិ៍សាត់បារម្ភពីសុវត្ថិភាព
- ពលរដ្ឋនៅមណ្ឌលគិរីប្រឈមមុខជាមួយបុគ្គលិកក្រុមហ៊ុនក្នុងរឿងជម្លោះដី
- ពលរដ្ឋនៅសង្កាត់ជ្រោយចង្វារបារម្ភបាត់បង់ផ្ទះដោយសារការបូមខ្សាច់
- អតីតអ្នកដីក្រហមរំឭកព្រឹត្តិការណ៍នៃការបណ្ដេញចេញកាលពី៥ឆ្នាំមុន
- សម្ភាសមន្ត្រីសិទ្ធិមនុស្សស្ដីពីជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង
- របាយការណ៍៖ ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងស្ដារផ្លូវដែកមានជីវភាពកាន់តែក្រលំបាក
រដ្ឋាភិបាលគណបក្សប្រជាជន គួរតែកែគោលនយោបាយខ្លួន ដោយត្រូវយកពន្ធលើដីកសិកម្មទៅ ទើបអាចកាត់បន្ថយ ឬលុបបំបាត់ទំនាស់ដីធ្លី។ បើមិនដូចនេះទេ រឿងនេះនឹងក្លាយជាអាវុធដ៏សាហាវមួយធ្វើឲ្យគណបក្សប្រជាជន ត្រូវទទួលការវាយប្រហារពីពួកក្រុមឆ្កឹះឆ្កៀល និងចិត្តលោភលន់របស់មនុស្ស។ រឿងមានច្រើនណាស់ ដែលគេអាចប្រឌិត ដើម្បីវាយប្រហារ។
ខ្ញុំនិយាយនេះ មិនមែនដើម្បីវាយប្រហាររដ្ឋាភិបាល ទេ តែនិយាយដើម្បីល្អ។
រឿងវាគ្រាន់តែថា រាល់សេចក្តីសម្រេចណាមួយរបស់រាជរដ្ឋាភិបាល ពិតជានឹងត្រូវទទួលការវាយប្រហារពីក្រុមឱកាសនិយម ជាពុំខាន។ ពិតណាស់ ប្រសិនបើរដ្ឋាភិបាលចេញច្បាប់យកពន្ធដីកសិកម្មនោះ នោះក្រុមទាំនោះនឹងចាប់ផ្តើមវាយប្រហារ និងញុះញង់ឲ្យកសិករតវាប្រឆាំង ជាពុំខាន។
តែរឿងដែលល្អពីការយកពន្ធ គឺទី១) លុបបំបាត់ភាពអនាធិបតេយ្យនៃការដណ្តើមដី ទី២) រដ្ឋាភិបាលនឹងមានចំណូលពីដីធ្លី។
ជាសរុប គឺរដ្ឋាភិបាល គួរតែធ្វើរឿងនេះ។
វិធីដោះស្រាយ គឺ ត្រូវផ្តល់អាទិភាពសម្រាប់ គ្រួសារមួយមានសមាជិកប៉ុន្មាននាក់ ត្រូវទទួលបានដីទំហំប៉ុណ្ណា ដែលត្រូវលើកលែងពន្ធ។
បោះពុំដូចនេះទេ រឿងនេះ នឹងក្លាយជាវិបត្តិធំណាស់។
កុំភ្លេចថា តេជោសែនធ្លាប់និយាយកាលពីឆ្នាំ ២០០៥ ដោយសំដែងពីការព្រួយបារម្ភ ថាអាចមានបដិវត្តដីធ្លី។ ដូច្នេះហើយទើបនៅឆ្នាំ ២០១២ តេជោសែន បានខិតខំដោះស្រាយរឿងនេះ ជាមួយនឹងការទទួលស្គាល់ការកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាជនលើដី ដោយការរានបំផ្លាញព្រៃ ព្រមទាំងបានចេញបណ្ណកម្មសិទ្ធិឲ្យទៀតផង។ តែបើធ្វើដូចនេះ គឺដោះមិនចប់ទេ ដោះរហូតដល់តេជោចុះពីតំណេង ក៏ដោះមិនចប់ដែរ។ ផ្ទុយទៅវិញតេជោនឹងចុកឈាម ដោយសារតែ គេមិនទទួលស្គាល់ពីការខិតខំរបស់តេជោ ថាដើម្បីប្រយោជន៍របស់គេ។